លោក ជា មករា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ៧ ដល់ ១៣ កក្កដា ឆ្នាំ២០០៨ ។
អ្នកកាសែតមនសិការខ្មែរមួយរូបត្រូវឃាតករបាញ់សម្លាប់កណ្ដាលក្រុងភ្នំពេញ
អ្នកកាសែតមនសិការខ្មែរមួយរូប គឺលោក ឃឹម សំបូរ និងកូនប្រុសត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់នៅក្នុងទីក្រុងភ្នំពេញកាលពីល្ងាចថ្ងៃសុក្រ ទី១១ កក្កដាកន្លងទៅនេះ ។
លោក ឃឹម សំបូរ ដែលជាអ្នកកាសែតជើងចាស់មួយរូប អាយុ៤៧ឆ្នាំ ហើយត្រូវគេស្គាល់ក្រោមនាមប៉ាកកាថា «ដែនសុរិន្ទ» និង «សេរីកា» ហើយតែងតែសរសេរទិតៀនរដ្ឋាភិបាល ជាពិសេសលោកធ្លាប់ជាអ្នករិះគន់លោកនាយករដ្ឋមន្ត្រី ស្តីពីរដ្ឋប្រហារថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧នោះ ត្រូវបានជនមិនស្គាល់មុខមកតាមបាញ់នៅក្បែរស្តាតអូឡាំពិក ។
កូនប្រុសរបស់លោក ឃឹម សំបូរ ឈ្មោះ ខាត់ សារិនសុភាតា ដែលជានិស្សិតសាកលវិទ្យាល័យមួយរូប បានទទួលមរណភាពទៅហើយដោយគ្រូពេទ្យពុំអាចជួយសង្គ្រោះជីវិតបានទាន់ពេលវេលាពីមុខរបួសដែលត្រូវបាញ់ចំបេះដូងនោះ ។
ប្រាសាទព្រះវិហារខ្មែរត្រូវបានសម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតកិភណ្ឌពិភពលោក
ប្រាសាទព្រះវិហារខ្មែរត្រូវបានសម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតកិភណ្ឌពិភពលោក ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃរាត្រីថ្ងៃច័ន្ទ ទី៧ ខែកក្កដា ដើមសប្ដាហ៍នេះ ។
បន្ទាប់ពីប្រទេសកម្ពុជាទទួលជោគជ័យក្នុងការស្នើសុំដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនោះមក មានប្រជាពលរដ្ឋ សិស្ស និស្សិត រាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ហើយមានមនុស្សរាប់ពាន់នាក់នៅតាមខេត្តផ្សេងទៀត ក៏បានសម្ដែងសេចក្ដីអបអរចំពោះសេចក្ដីសម្រេចដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ ។
ទន្ទឹមនឹងនេះមានសេចក្តីរាយការណ៍មកថា ព្រះសង្ឃក្នុងទីវត្តអារាមមួយចំនួនក្នុងប្រទេសកម្ពុជាបានសូត្រធម៌និងទូងស្គរដើម្បីអបអរការដាក់បញ្ចូលនោះដែរ ។
ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងមេដឹកនាំរដ្ឋាភិបាលក៏បានសម្ដែងការអបអរចំពោះជ័យជម្នះរបស់កម្ពុជាក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ ។
អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលបានបង្ខំប្រទេសថៃឲ្យប្រគល់ប្រាសាទព្រះវិហារមកកម្ពុជាវិញ តាមផ្លូវតុលាការអន្តរជាតិបានមានព្រះរាជឱង្ការតាមរយៈមន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំង គឺលោក អ៊ុំ ដារាវុធ កាលពីថ្ងៃសុក្រ ទី១១ កក្កដា ថាលទ្ធផលជោគជ័យក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក គឺជាប់ទាក់ទងនឹងថ្ងៃដែលតុលាការក្រុងឡាអេកាត់ក្តីឲ្យថៃប្រគល់ប្រាសាទព្រះវិហារមកឲ្យកម្ពុជាវិញ ។
ទន្ទឹមនឹងនេះព្រះអង្គក៏បានសព្វព្រះទ័យយល់ព្រមឲ្យអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខែ្មរសាងសង់មន្ទីរពេទ្យខា្នតតូចមួយ សម្រាប់ថែរក្សាព្យាបាលសុខភាពប្រជាពលរដ្ឋខ្មែរនិងឆ្មាំការពារប្រាសាទព្រះវិហារនាពេលខាងមុខនេះដោយមិនយកកម្រៃអ្វីឡើយ ។
ថៃមួយក្រុមគំរាមថានឹងយកប្រាសាទព្រះវិហារក្នុងរយៈពេលមួយខែ
សារព័ត៌មានថៃមួយឈ្មោះ The Nation បានសរសេរថាក្រុមប្រជាពលរដ្ឋថៃមួយក្រុមដែលរស់នៅក្នុងខេត្តស៊ីសាកេត បានគំរាមថានឹងយកប្រាសាទព្រះវិហារក្នុងរយៈពេលមួយខែ ដើម្បីបង្ហាញពីកំហឹងរបស់ពួកគេចំពោះការដែលប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ ។
កាសែត The Nation បានសរសេរថាក្រុមប្រជាពលរដ្ឋដែលបានធ្វើការតវ៉ាជិតប្រាសាទព្រះវិហារកាលពីប៉ុន្មានសប្ដាហ៍មុន បានប្រកាសកាលពីថ្ងៃពុធ ទី៩ កក្កដា ថាពួកគេនឹងយកប្រាសាទព្រះវិហារ ប្រសិនណាបើអាជ្ញាធរមិននាំប្រជាពលរដ្ឋខ្មែរចេញពីលំនៅដែលតាំងលើតំបន់ជម្លោះនោះទេ ។
ព្រះមហាវីរក្សត្រសុំឲ្យប្រជារាស្ត្រថៃនិងខ្មែររក្សាមិត្តភាពនឹងគ្នា
ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បានមានព្រះរាជឱង្ការកាលពីថ្ងៃទី៩ ខែកក្កដា សុំឲ្យប្រជារាស្រ្តថៃនិងខ្មែររក្សាមិត្តភាពប្រទេសជិតខាង ដោយកុំយកបញ្ហាប្រាសាទព្រះវិហារធ្វើជាជម្លោះរវាងប្រជាជាតិទាំងពីរ ។
ព្រះមហាវីរក្សត្របានមានព្រះរាជឱង្ការក្នុងព្រះរាជសារថា ព្រះអង្គមានការសោកស្តាយដែលមានប្រជារាស្ត្រថៃខ្លះដែលយកបញ្ហាប្រាសាទព្រះវិហារមកបង្ករឿងជាមួយនឹងប្រជារាស្ត្រខ្មែរ ហើយព្រះអង្គក៏សុំឲ្យប្រជារាស្រ្តថៃនិងប្រជារាស្រ្តខ្មែរ ខិតខំកសាងមិត្តភាពនិងសហប្រតិបត្តិការជាជាងការយកបញ្ហាប្រាសាទព្រះវិហារមកបង្កជាបញ្ហានឹងគ្នានោះ ។
ព្រះមហាវីរក្សត្របានរំឮកថា ប្រាសាទព្រះវិហារដែលបានកសាងឡើងនៅមុនសតវត្សរ៍ទី១០ និងទី១១ ក្នុងសម័យចក្រភពខ្មែរដែលពេលនោះមិនមានបញ្ហាអ្វីទេដោយសារតែពេលនោះដីខ្មែរមានវិសាលភាពទូលំទូលាយ ។
កម្ពុជាចាត់វិធានការការពារសាក្សីដែលបានឃើញការសម្លាប់ខ្មែរ២រូបក្នុងទឹកដីថៃ
ប្រទេសកម្ពុជានឹងចាត់វិធានការការពារសាក្សីដែលបានឃើញការសម្លាប់ប្រជាពលរដ្ឋខ្មែរចំនួនពីររូបនៅក្នុងទឹកដីថៃកាលពីពេលថ្មីៗនេះ ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃអង្គារ ទី៨ កក្កដាកន្លងទៅថា សាក្សីពីរនាក់ដែលបានឃើញការបាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជានៅក្នុងទឹកដីថៃជាប់ព្រំប្រទល់នឹងខេត្តបន្ទាយមានជ័យ ត្រូវបាននាំយកទៅរក្សាសុវត្ថិភាពនៅឯស្ថានទូតខ្មែរប្រចាំប្រទេសថៃហើយ ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជារដ្ឋមន្ត្រីក្រសួងការបរទេស បានឲ្យដឹងថាការរក្សាទុកសាក្សីពីរនាក់នោះគឺដើម្បីសហការជាមួយនឹងភាគីថៃ ក្នុងការជាសាក្សីនៃការបាញ់ប្រហារនិងជួយអាជ្ញាធរថៃគូរគំនូរព្រាងកំណត់មុខសញ្ញាដែលបានធ្វើការបាញ់ប្រហារមកលើពលរដ្ឋកម្ពុជាកាលពីពេលថ្មីៗនេះ ។
មេដឹកនាំបក្សសមរង្ស៊ីបង្ហាញខ្លួននៅតុលាការក្រុងភ្នំពេញ
មេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី កាលពីថៃ្ងពុធ ទី៨ កក្កដាកន្លងទៅនេះ បានមកបង្ហាញខ្លួនដោយស្ម័គ្រចិត្តចំពោះមុខតុលាការក្រុងភ្នំពេញ ដើម្បីផ្តល់ចម្លើយនិងឯកសារភស្តុតាងនានាជូនតុលាការ នៅគ្រាដែលរូបលោកកំពុងតែរងការប្តឹងពីលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក្រោមបទបរិហារកេរ្តិ៍និងផ្សាយព័ត៌មានមិនពិត ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅខាងមុខតុលាការក្រុងភ្នំពេញក្រោយពីរូបលោកបានចូលក្នុងតុលាការរយៈពេលជាង១០នាទីនោះថា មន្រ្តីតុលាការក្រុងបានគេចខ្លួនមិនជួបជាមួយនឹងរូបលោកទ្បើយ ។
គ.ជ.ប.អំពាវនាវឲ្យបណ្ដាញសារព័ត៌មានផ្សព្វផ្សាយដោយមិនលម្អៀង
មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានធ្វើការអំពាវនាវកាលពីថ្ងៃទី១០ ខែកក្កដា ឲ្យបណ្តាញសារព័ត៌មានទាំងអស់ធ្វើការផ្សព្វផ្សាយដោយមិនលម្អៀង ឲ្យមានតុល្យភាព និងសមធម៌ផងដែរ ក្នុងយុទ្ធនាការឃោសនាដើម្បីឲ្យការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ ។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយនឹងតំណាងសារព័ត៌មាន វិទ្យុ និងទូរទស្សន៍ នៅឯទីស្នាក់ការគ.ជ.ប. លោក សុកុលៈ ទីប៉ោ ប្រធានគណៈកម្មការសម្របសម្រួលកម្មវិធីស្មើភាពរបស់គ.ជ.ប. បានឲ្យដឹងថាតាមការពិនិត្យឃើញក្នុងរយៈពេលកន្លងមកនេះ មានស្ថានីយវិទ្យុ និងទូរទស្សន៍ក្នុងស្រុកជាច្រើនបានធ្វើការផ្សព្វផ្សាយគាំទ្រគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ។
សាលាក្ដីខ្មែរក្រហមសម្រេចបន្តឃុំខ្លួន អៀង ធីរិទ្ធ
អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបខ្មែរក្រហម គឺលោកស្រី អៀង ធីរិទ្ធ ត្រូវអង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីថ្ងៃអង្គារ ទី៨ កក្កដា សម្រេចបន្តឃុំខ្លួនលោកស្រីតទៅទៀត ។
សូមជម្រាបថាសំណុំរឿងបណ្តឹងឧទ្ធរណ៍សុំនៅក្រៅឃុំរបស់លោកស្រី អៀង ធីរិទ្ធ ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបើកសវនាការជាសាធារណៈរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី២១ ខែឧសភាកន្លងទៅ ។
លោកស្រី អៀង ធីរិទ្ធ បានជាប់ឃុំបណ្ដោះអាសន្នជាមួយប្តីរបស់លោកស្រីគឺ លោក អៀង សារី ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបខ្មែរក្រហម ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៧មក ដោយលោកស្រីរងការចោទជាពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ៕
