ព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍នេះរួមមាន កម្ពុជានឹងបន្តស្វែងរកអន្តរាគមន៍ពីស្ថាប័នអន្តរជាតិក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងព័ត៌មានផ្សេងៗដទៃទៀត។
ទាហានខ្មែរអង្គុយជាមួយទាហានថៃនៅលើផ្លូវឆ្ពោះទៅវត្តមួយ នៅក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខេត្តព្រះវិហារ នាថ្ងៃទី ១៧ កក្កដា ២០០៨ ។
លោក ជា មករា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ៨ ដល់ ១៤ កញ្ញា ឆ្នាំ២០០៨។
កម្ពុជានឹងបន្តស្វែងរកអន្តរាគមន៍ពីស្ថាប័នអន្តរជាតិក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
មន្រ្តីរដ្ឋាភិបាលបានប្រកាសថា កម្ពុជានឹងចាប់ផ្តើមបន្តដើម្បីឲ្យមានកិច្ចអន្តរាគមន៍ពីស្ថាប័នអន្តរជាតិនានាក្នុងការដោះស្រាយបញ្ហាព្រំដែនដែលកើតមានជាមួយនឹងប្រទេសថៃ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ការសម្រេចចិត្តនេះបានធ្វើឡើងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីព្រឹកថ្ងៃសុក្រកន្លងទៅនេះ។
លោក ខៀវ កាញារីទ្ធ ក៏បានបញ្ជាក់ផងដែរថា ការធ្វើនេះគឺជាការឆ្លើយតបទៅនឹងសកម្មភាពរបស់ប្រទេសថៃដែលហាក់ដូចជាមិនមានចេតនាក្នុងការដោះស្រាយបញ្ហានោះ។
កម្ពុជាបញ្ជូនទាហានរាប់សិបនាក់ទៅកាន់តំបន់ប្រាសាទតាក្របី
មន្រ្តីយោធាខេត្តឧត្ដរមានជ័យបានឲ្យដឹងថា ទាហានខ្មែររាប់សិបនាក់ត្រូវបានបញ្ជូនទៅកាន់តំបន់ព្រំដែនខ្មែរ-ថៃ ប្រាសាទតាក្របី ដែលស្ថិតនៅក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិលហើយ ដើម្បីរារាំងកងទាហានឈុតខ្មៅថៃដែលកំពុងតែបញ្ជូនកម្លាំងជាបន្តបន្ទាប់ចូលកាន់កាប់ប្រាសាទលើទឹកដីខ្មែរជាថ្មីទៀតនោះ។
មេបញ្ជាការវរសេនាតូចលេខ៤២២ នៃកងយោធពលខេមរភូមិន្ទ គឺលោក ប៉ុល ថេន បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ថា កងទាហានខ្មែរជាច្រើនត្រូវបានដឹកតាមរថយន្តតាំងពីយប់ថ្ងៃពុធទៅកាន់ប្រាសាទតាក្របីនៅចន្លោះតំបន់ថ្មដូន ដែលកងទាហានថៃកំពុងតែចូលលុកលុយប្រាសាទតាក្របីនោះ ហើយកំពុងមានការប្រឈមមុខដាក់គ្នាដោយកងទ័ពយ៉ាងតឹងតែង។
តាមការអះអាងពីកងយោធាខ្មែរឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃព្រហស្បតិ៍ មានទាហានឈុតខ្មៅថៃប្រមាណ១៤០នាក់ហើយបានចូលមកកាន់កាប់តំបន់ប្រាសាទតាក្របីនៃទឹកដីខ្មែរ។
កងទាហានខ្មែរបានឲ្យដឹងថា កាលពីយប់ថ្ងៃពុធ វេលាម៉ោងប្រមាណជា៨ កងទាហានឈុតខ្មៅថៃប្រមាណ១២នាក់បានរុលចូលមកកាន់កាប់ប្រាសាទតាក្របីនៃទឹកដីខ្មែរមុនគេ។
ខ្មែរម្នាក់ដែលថៃបាញ់ឲ្យរបួសត្រូវបានរកឃើញវិញហើយ
មេបញ្ជាការរងយោធភូមិភាគ៥ ប្រចាំស្រុកសំឡូត ខេត្តបាត់ដំបង គឺលោកឧត្តមសេនីយ៍ត្រី ទុយ ប៊ុនលី បានថ្លែងថា ជនរងគ្រោះឈ្មោះ ម៉ន មឿត ដែលទាហានថៃបាញ់ឲ្យរបួស កាលពីថ្ងៃទី៥ កញ្ញា ហើយបានបាត់ខ្លួន១យប់១ថ្ងៃនោះ ត្រូវបានរកឃើញហើយ កាលពីវេលាម៉ោង៧យប់ថ្ងៃទី ៧ កញ្ញា។
ឧត្តមសេនីយ៍ត្រី ទុយ ប៊ុនលី បានបញ្ជាក់ថា លោក ម៉ន មឿត របួសចំស្មាខាងឆ្វេងនិងមានស្នាមឆូតលើពោះ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Emergency ក្នុងខេត្តបាត់ដំបង។
លោក ម៉ន មឿត អាយុ៣៧ឆ្នាំ និងបុរស៤នាក់ទៀតមានឈ្មោះ កង វាសនា, សេង ចាយ, អ៊ុក ប៉ោង និងឈ្មោះ ហេង សុជាតិ រស់នៅឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានទាហានឈុតខ្មៅថៃមួយក្រុមបាញ់ប្រហារ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៥ កញ្ញា ខណៈដែលពួកគេចូលទៅបោចវល្លិផ្តៅក្នុងទឹកដីថៃជាប់ព្រំប្រទល់ស្រុកសំឡូត។
កម្ពុជាគ្រោងបើកកិច្ចប្រជុំសភាអាណត្តិទី៤ នៅថ្ងៃ២៤ កញ្ញានេះ
មន្រ្តីពិធីការរដ្ឋសភារួមជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានអះអាងឲ្យដឹងថា រដ្ឋសភាថ្មីអាណត្តិទី៤កម្ពុជានឹងបើកសមយ័ប្រជុំលើកទីមួយរបស់ខ្លួន នៅថ្ងៃទី២៤ កញ្ញាខាងមុខនេះ ដោយមានព្រះមហាក្សត្រយាងជាអធិបតីក្នុងពិធីប្រជុំនោះ។
លោក ព្រំ វីរៈ ប្រធានការិយាល័យពិធីការរបស់ខុទ្ទកាល័យរដ្ឋសភាបានមានប្រសាសន៍នៅថ្ងៃទី៩ កញ្ញា ឲ្យដឹងថា ការរៀបចំប្រជុំនោះបានដំណើរការដោយមានយាងព្រះមហាក្សត្រជាព្រះអធិបតី និងមានការអញ្ជើញអង្គទូតបរទេសដែលមានស្ថានទូតនៅប្រទេសកម្ពុជា រួមជាមួយតំណាងអង្គការអន្តរជាតិ និងសមាជិកសភាថ្មីតាមការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន១២៣រូបចូលរួមផង។
លោក សុន ឆ័យ សមាជិកសភាមកពីគណបក្សសមរង្ស៊ីបានមានប្រសាសន៍ឲ្យដឹងថា មកទល់ពេលនេះគណបក្សសមរង្ស៊ីនៅតែប្រកាន់ជំហរមិនចូលរួមប្រជុំជាមួយសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ហើយថ្មីៗនេះបានសុំព្រះមហាក្សត្រស្បថដោយឡែកនៅថ្ងៃទី២៥ កញ្ញាទៀតផង តែមិនទាន់បានទទួលចម្លើយពីព្រះមហាក្សត្រនៅឡើយទេ។
បក្សសមរង្ស៊ីនិងបក្សសិទ្ធិមនុស្សបន្តធ្វើពហិការពិធីស្បថចូលកាន់តំណែង
គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សនៅតែបន្តប្តេជ្ញាចិត្តធ្វើពហិការពិធីធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងជាតំណាងរាស្រ្ត រួមជាមួយសមាជិកសភាពីគណបក្សប្រជាជនកម្ពុជានិងគណបក្សដទៃទៀត។
លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី និងលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សដែលខណៈនេះឋិតនៅឯប្រទេសបារាំង បានថ្លែងបញ្ជាក់ពីជំហររបស់ខ្លួន បដិសេធលទ្ធផលការបោះឆ្នោតសាកលថ្ងៃ២៧កក្កដាកន្លងមកនេះ ហើយការប្រកាសបដិសេធនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយដែលមានជនជាតិខ្មែរនៅក្នុងនិងជុំវិញក្រុងប៉ារីសចំនួនជាង១០០នាក់ចូលរួម។
កម្ពុជាពិចារណាជុំវិញបញ្ហាការបន្តអាណតិ្តការិយាល័យសិទ្ធិមនុស្សរបស់អ.ស.ប.
ប្រទេសកម្ពុជាកំពុងតែពិចារណានៅឡើយជុំវិញបញ្ហាថា តើខ្លួនគប្បីត្រូវបញ្ចប់ឬបន្តអាណត្តិរបស់ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សប្រចាំនៅក្នុងប្រទេសកម្ពុជាឬយ៉ាងណា និងបញ្ហាតំណាងពិសេសរបស់អគ្គលេខាធិការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គឺលោក យ៉ាស្ហ ហ្កាយ (Yash Ghai) ដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានទទួលស្វាគមន៍កន្លងមកនោះ។
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា ការសម្រេចចិត្តគឺគ្រោងនឹងធ្វើឡើងជាផ្លូវការក្រោយពេលដែលរដ្ឋាភិបាលថ្មីរបស់កម្ពុជានឹងត្រូវបង្កើតឡើងនាពេលខាងមុខនេះ។
ពលរដ្ឋនៅតំបន់បឹងកក់ជិត១០០នាក់នាំគ្នាមកតវ៉ានៅមុខសាលាក្រុង
ប្រជាពលរដ្ឋមួយក្រុមមានគ្នាប្រមាណជិត ១០០នាក់ ដែលរស់នៅលើដីគោកនៃតំបន់បឹងកក់ បាននាំគ្នាប្រមូលផ្ដុំនៅមុខសាលាក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃច័ន្ទ ទី៨ កញ្ញា ទាមទារឲ្យមានការផ្ដល់សំណងឲ្យបានសមស្របតាមតម្លៃទីផ្សារជុំវិញការយកដីរបស់ពួកគាត់ទៅអភិវឌ្ឍ។
ប្រជាពលរដ្ឋទាំងនោះដែលបាននាំគ្នាកាន់បដានិងរូបថតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានទាមទារឲ្យក្រុមហ៊ុនស៊ូកាគូ អ៊ីន សងសំណងចំពោះការជម្លៀសពួកគាត់ចេញពីលំនៅជាទឹកប្រាក់ពី ២.០០០ ទៅ ២.៥០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយទាមទារឲ្យអាជ្ញាធរក្រុងដោះស្រាយសំណងចំពោះពួកគាត់ដោយផ្អែកលើទីតាំងលំនៅឋានដែលមានអ្នកខ្លះរស់នៅលើទឹក អ្នកខ្លះរស់នៅមាត់ទឹក និងអ្នកខ្លះរស់នៅលើគោក។
អភិបាលរងក្រុងភ្នំពេញ លោក ម៉ាន់ ឈឿន បានមានប្រសាសន៍ថា អាជ្ញាធរក្រុងកំពុងតែរិះរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋ ហើយថា ខាងអាជ្ញាធរក្រុងនិងភាគីក្រុមហ៊ុនកំពុងតែពិនិត្យលម្អិតចំពោះសំណងនោះដោយខ្លាចក្រែងមានការឆបោក។
មូរ សុខហួរ ចូលទៅបំភ្លឺក្នុងតុលាការជុំវិញការប្ដឹងអគ្គលេខាធិការរងសាលាខេត្តកំពត
លោកស្រី មូរ សុខហួរ នៃគណបក្សសមរង្ស៊ីដែលទើបតែជាប់ឆ្នោតថ្មី កាលពីព្រឹកថ្ងៃអង្គារ ទី៩ កញ្ញា បានចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់តុលាការខេត្តកំពត ទាក់ទងនឹងបណ្ដឹងចោទប្រកាន់អគ្គលេខាធិការរងសាលាខេត្តកំពត ពីបទប៉ុនប៉ងមនុស្សឃាត បៀតបៀនកេរ្តិ៍ខ្មាស និងបង្ករបួសស្នាមដោយចេតនា នាអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងមណ្ឌលខេត្តកំពតនោះ។
ឆ្លើយតបទៅនឹងការចោទប្រកាន់នោះ លោក សាន់ ស្មាន់ អគ្គលេខាធិការរងសាលាខេត្តកំពត និងជាប្រធានច្រកទ្វារតន់ហន់ ភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច បានជំទាស់រាល់ពាក្យចោទប្រកាន់របស់លោកស្រី មូរ សុខហួរ ដោយបញ្ជាក់ថាជាការមិនពិត។
កម្ពុជា និង FAO គ្រោងធ្វើជំរឿនកសិកម្មលើកដំបូង
ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) មានគម្រោងរួមគ្នាធ្វើជំរឿនកសិកម្មមួយនៅប្រទេសកម្ពុជា ដើម្បីប្រមូលទិន្នន័យនានាទាក់ទងជាមួយការងារកសិកម្មនៅឆ្នាំ២០០៩ ដោយចំណាយប្រាក់ប្រមាណ៤លានដុល្លារអាមេរិក។
លោក អ៊ូម៉ា សាឡា អាម៉េត តំណាងអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ បានមានប្រសាសន៍កាលពីថ្ងៃទី១០ កញ្ញា ថា ការធ្វើជំរឿនកសិកម្មនៅកម្ពុជាមានសារប្រយោជន៍ណាស់ ព្រោះប្រទេសនេះមិនធ្លាប់មានស្ថិតិនិងជំរឿនវិស័យកសិកម្មមកពីមុនមកទេ ពិតមែនតែប្រទេសកម្ពុជាមានប្រជាពលរដ្ឋចំនួន៧០%ជាកសិករបំពេញការងារកសិកម្មនៅជនបទក៏ដោយ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ២៤ ដល់ ៣០ វិច្ឆិកា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ១៧ ដល់ ២៣ វិច្ឆិកា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ១០ ដល់ ១៦ វិច្ឆិកា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ៣-៩ វិច្ឆិកា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ២៧ តុលា ដល់ ២ វិច្ឆិកា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ២០ ដល់ ២៦ តុលា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ១៣ ដល់ ១៩ តុលា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ៦ ដល់ ១២ តុលា ២០០៨