សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៨ ដល់ ១៤ កញ្ញា ២០០៨

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួម​មាន កម្ពុជា​នឹង​បន្ត​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​អន្តរជាតិ​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។

0:00 / 0:00

លោក ជា មករា អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ៨ ដល់ ១៤ កញ្ញា ឆ្នាំ​២០០៨។

កម្ពុជា​នឹង​បន្ត​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​អន្តរជាតិ​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ

មន្រ្តី​រដ្ឋាភិបាល​បាន​ប្រកាសថា កម្ពុជា​នឹង​ចាប់ផ្តើម​បន្ត​ដើម្បី​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​អន្តរជាតិ​នានា​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​កើត​មាន​ជាមួយ​នឹង​ប្រទេស​ថៃ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ការសម្រេច​ចិត្ត​នេះ​បាន​ធ្វើឡើង​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​កន្លងទៅនេះ។

លោក ខៀវ កាញារីទ្ធ ក៏​បាន​បញ្ជាក់​ផងដែរ​ថា ការធ្វើ​នេះ​គឺ​ជា​ការឆ្លើយតប​ទៅ​នឹង​សកម្មភាព​របស់​ប្រទេស​ថៃ​ដែល​ហាក់​ដូច​ជា​មិន​មាន​ចេតនា​ក្នុង​ការដោះស្រាយ​បញ្ហា​នោះ។

កម្ពុជា​បញ្ជូន​ទាហាន​រាប់​សិប​នាក់​ទៅ​កាន់​តំបន់​ប្រាសាទ​តាក្របី

មន្រ្តី​យោធា​ខេត្ត​ឧត្ដរមានជ័យ​បាន​ឲ្យ​ដឹង​ថា ទាហាន​ខ្មែរ​រាប់​សិប​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​ព្រំដែន​ខ្មែរ​-​ថៃ ប្រាសាទ​តាក្របី ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល​ហើយ ដើម្បី​រារាំង​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ដែល​កំពុងតែ​បញ្ជូន​កម្លាំង​ជា​បន្តបន្ទាប់​ចូល​កាន់កាប់​ប្រាសាទ​លើ​ទឹក​ដី​ខ្មែរ​ជា​ថ្មី​ទៀត​នោះ។

មេបញ្ជាការ​វរសេនា​តូច​លេខ​៤២២ នៃ​កង​យោធពល​ខេមរភូមិន្ទ គឺ​លោក ប៉ុល ថេន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​កញ្ញា ថា កង​ទាហាន​ខ្មែរ​ជា​ច្រើន​ត្រូវ​បាន​ដឹក​តាម​រថយន្ត​តាំងពី​យប់​ថ្ងៃ​ពុធ​ទៅ​កាន់​ប្រាសាទ​តាក្របី​នៅ​ចន្លោះ​តំបន់​ថ្មដូន ដែល​កង​ទាហាន​ថៃ​កំពុងតែ​ចូល​លុកលុយ​ប្រាសាទ​តាក្របី​នោះ ហើយ​កំពុង​មាន​ការប្រឈមមុខ​ដាក់​គ្នា​ដោយ​កងទ័ព​យ៉ាង​តឹងតែង។

តាម​ការអះអាង​ពី​កង​យោធា​ខ្មែរ​ឲ្យ​ដឹង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ព្រហស្បតិ៍ មាន​ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រមាណ​១៤០​នាក់​ហើយ​បាន​ចូល​មក​កាន់កាប់​តំបន់​ប្រាសាទ​តាក្របី​នៃ​ទឹក​ដី​ខ្មែរ។

កង​ទាហាន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ពុធ វេលា​ម៉ោង​ប្រមាណ​ជា​៨ កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រមាណ​១២​នាក់​បាន​រុល​ចូល​មក​កាន់កាប់​ប្រាសាទ​តាក្របី​នៃ​ទឹក​ដី​ខ្មែរ​មុន​គេ។

ខ្មែរ​ម្នាក់​ដែល​ថៃ​បាញ់​ឲ្យ​របួស​ត្រូវ​បាន​រក​ឃើញ​វិញ​ហើយ

មេបញ្ជាការ​រង​យោធ​ភូមិភាគ​៥ ប្រចាំ​ស្រុក​សំឡូត ខេត្ត​បាត់​ដំបង គឺ​លោក​ឧត្តមសេនីយ៍​ត្រី ទុយ ប៊ុនលី បាន​ថ្លែង​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉ន មឿត ដែល​ទាហាន​ថៃ​បាញ់​ឲ្យ​របួស កាលពី​ថ្ងៃ​ទី​៥ កញ្ញា ហើយ​បាន​បាត់​ខ្លួន​១​យប់​១​ថ្ងៃ​នោះ ត្រូវ​បាន​រក​ឃើញ​ហើយ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី ៧ កញ្ញា។

ឧត្តម​សេនីយ៍​ត្រី ទុយ ប៊ុនលី បាន​បញ្ជាក់​ថា លោក ម៉ន មឿត របួស​ចំ​ស្មាខាង​ឆ្វេង​និង​មាន​ស្នាម​ឆូត​លើ​ពោះ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Emergency ក្នុង​ខេត្ត​បាត់ដំបង។

លោក ម៉ន មឿត អាយុ​៣៧​ឆ្នាំ និង​បុរស​៤​នាក់​ទៀត​មាន​ឈ្មោះ កង វាសនា, សេង ចាយ, អ៊ុក ប៉ោង និង​ឈ្មោះ ហេង សុជាតិ រស់​នៅ​ឃុំ​តាតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ​មួយ​ក្រុម​បាញ់​ប្រហារ កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ កញ្ញា ខណៈ​ដែល​ពួកគេ​ចូល​ទៅ​បោច​វល្លិ​ផ្តៅ​ក្នុង​ទឹក​ដី​ថៃ​ជាប់​ព្រំប្រទល់​ស្រុក​សំឡូត។

កម្ពុជា​គ្រោង​បើក​កិច្ចប្រជុំ​សភា​អាណត្តិ​ទី​៤ នៅ​ថ្ងៃ​២៤ កញ្ញា​នេះ

មន្រ្តី​ពិធីការ​រដ្ឋសភា​រួម​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ឲ្យ​ដឹង​ថា រដ្ឋសភា​ថ្មី​អាណត្តិ​ទី​៤​កម្ពុជា​នឹង​បើក​សមយ័​ប្រជុំ​លើក​ទី​មួយ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២៤ កញ្ញា​ខាង​មុខ​នេះ ដោយ​មាន​ព្រះមហាក្សត្រ​យាង​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​នោះ។

លោក ព្រំ វីរៈ ប្រធាន​ការិយាល័យ​ពិធីការ​របស់​ខុទ្ទកាល័យ​រដ្ឋសភា​បាន​មា​នប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ កញ្ញា ឲ្យ​ដឹង​ថា ការរៀបចំ​ប្រជុំ​នោះ​បាន​ដំណើរការ​ដោយ​មាន​យាង​ព្រះ​មហាក្សត្រ​ជា​ព្រះ​អធិបតី និង​មាន​ការអញ្ជើញ​អង្គទូត​បរទេស​ដែល​មាន​ស្ថានទូត​នៅ​ប្រទេស​កម្ពុជា រួម​ជាមួយ​តំណាង​អង្គការ​អន្តរជាតិ និង​សមាជិក​សភា​ថ្មី​តាម​ការប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចំនួន​១២៣​រូប​ចូលរួម​ផង។

លោក សុន ឆ័យ សមាជិក​សភា​មក​ពី​គណបក្ស​សមរង្ស៊ី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​គណបក្ស​សមរង្ស៊ី​នៅតែ​ប្រកាន់​ជំហរ​មិន​ចូលរួម​ប្រជុំ​ជាមួយ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ថ្មីៗ​នេះ​បាន​សុំ​ព្រះ​មហាក្សត្រ​ស្បថ​ដោយឡែក​នៅ​ថ្ងៃ​ទី​២៥ កញ្ញា​ទៀត​ផង តែ​មិន​ទាន់​បាន​ទទួល​ចម្លើយ​ពី​ព្រះ​មហាក្សត្រ​នៅ​ឡើយ​ទេ។

បក្ស​សមរង្ស៊ី​និង​បក្ស​សិទ្ធិ​មនុស្ស​បន្ត​ធ្វើ​ពហិការ​ពិធី​ស្បថ​ចូល​កាន់​តំណែង

គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ធ្វើ​ពហិការ​ពិធី​ធ្វើ​សច្ចា​ប្រណិធាន​មុន​ចូល​កាន់​តំណែង​ជា​តំណាងរាស្រ្ត រួម​ជាមួយ​សមាជិក​សភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ដទៃ​ទៀត។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម​រង្ស៊ី និង​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ខណៈ​នេះ​ឋិត​នៅ​ឯ​ប្រទេស​បារាំង បាន​ថ្លែង​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន បដិសេធ​លទ្ធផល​ការបោះឆ្នោត​សាកល​ថ្ងៃ​២៧​កក្កដា​កន្លង​មក​នេះ ហើយ​ការប្រកាស​បដិសេធ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​មាន​ជន​ជាតិ​ខ្មែរ​នៅ​ក្នុង​និង​ជុំវិញ​ក្រុង​ប៉ារីស​ចំនួន​ជាង​១០០​នាក់​ចូលរួម។

កម្ពុជា​ពិចារណា​ជុំវិញ​បញ្ហា​ការបន្ត​អាណតិ្ត​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.

ប្រទេស​កម្ពុជា​កំពុងតែ​ពិចារណា​នៅ​ឡើយ​ជុំវិញ​បញ្ហា​ថា តើ​ខ្លួន​គប្បី​ត្រូវ​បញ្ចប់​ឬ​បន្ត​អាណត្តិ​របស់​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឬ​យ៉ាង​ណា និង​បញ្ហា​តំណាង​ពិសេស​របស់​អគ្គលេខាធិការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​លោក យ៉ាស្ហ ហ្កាយ (Yash Ghai) ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មិន​បាន​ទទួល​ស្វាគមន៍​កន្លង​មក​នោះ។

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា ការសម្រេច​ចិត្ត​គឺ​គ្រោង​នឹង​ធ្វើ​ឡើង​ជា​ផ្លូវការ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​នឹង​ត្រូវ​បង្កើត​ឡើង​នា​ពេល​ខាង​មុខ​នេះ។

ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​ជិត​១០០​នាក់​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​សាលា​ក្រុង

ប្រជាពលរដ្ឋ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជិត ១០០​នាក់ ដែល​រស់នៅ​លើ​ដី​គោក​នៃ​តំបន់​បឹងកក់ បាន​នាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​មុខ​សាលាក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៨ កញ្ញា ទាមទារ​ឲ្យ​មាន​ការផ្ដល់​សំណង​ឲ្យ​បាន​សម​ស្រប​តាម​តម្លៃ​ទីផ្សារ​ជុំវិញ​ការយក​ដី​របស់​ពួក​គាត់​ទៅ​អភិវឌ្ឍ។

ប្រជាពលរដ្ឋ​ទាំង​នោះ​ដែល​បាន​នាំ​គ្នា​កាន់​បដា​និង​រូបថត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ អ៊ីន សង​សំណង​ចំពោះ​ការជម្លៀស​ពួក​គាត់​ចេញ​ពី​លំនៅ​ជា​ទឹក​ប្រាក់​ពី ២.០០០ ទៅ ២.៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុង​ដោះស្រាយ​សំណង​ចំពោះ​ពួក​គាត់​ដោយ​ផ្អែក​លើ​ទីតាំង​លំនៅឋាន​ដែល​មាន​អ្នក​ខ្លះ​រស់នៅ​លើ​ទឹក អ្នក​ខ្លះ​រស់នៅ​មាត់​ទឹក និង​អ្នក​ខ្លះ​រស់នៅ​លើ​គោក។

អភិបាល​រង​ក្រុង​ភ្នំពេញ លោក ម៉ាន់ ឈឿន បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​កំពុង​តែ​រិះរក​ដំណោះស្រាយ​សម​ស្រប​ជូន​ប្រជាពលរដ្ឋ ហើយ​ថា ខាង​អាជ្ញាធរ​ក្រុង​និង​ភាគី​ក្រុមហ៊ុន​កំពុងតែ​ពិនិត្យ​លម្អិត​ចំពោះ​សំណង​នោះ​ដោយ​ខ្លាច​ក្រែង​មាន​ការឆបោក។

មូរ សុខហួរ ចូល​ទៅ​បំភ្លឺ​ក្នុង​តុលាការ​ជុំវិញ​ការប្ដឹង​អគ្គលេខាធិការ​រង​សាលា​ខេត្ត​កំពត

លោកស្រី មូរ សុខហួរ នៃ​គណបក្ស​សមរង្ស៊ី​ដែល​ទើបតែ​ជាប់​ឆ្នោត​ថ្មី កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៩ កញ្ញា បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ​ខេត្ត​កំពត ទាក់ទង​នឹង​បណ្ដឹង​ចោទ​ប្រកាន់​អគ្គលេខាធិការ​រង​សាលា​ខេត្ត​កំពត ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត បៀត​បៀន​កេរ្តិ៍ខ្មាស និង​បង្ក​របួស​ស្នាម​ដោយ​ចេតនា នា​អំឡុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​មណ្ឌល​ខេត្ត​កំពត​នោះ។

ឆ្លើយតប​ទៅ​នឹង​ការចោទ​ប្រកាន់​នោះ លោក សាន់ ស្មាន់ អគ្គលេខាធិការ​រង​សាលា​ខេត្ត​កំពត និង​ជា​ប្រធាន​ច្រកទ្វារ​តន់ហន់ ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាង​កើត ស្រុក​កំពង់ត្រាច បាន​ជំទាស់​រាល់​ពាក្យ​ចោទ​ប្រកាន់​របស់​លោកស្រី មូរ សុខហួរ ដោយ​បញ្ជាក់​ថា​ជា​ការ​មិន​ពិត។

កម្ពុជា និង FAO គ្រោង​ធ្វើ​ជំរឿន​កសិកម្ម​លើក​ដំបូង

ក្រសួង​ផែនការ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ (FAO) មាន​គម្រោង​រួម​គ្នា​ធ្វើ​ជំរឿន​កសិកម្ម​មួយ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ប្រមូល​ទិន្នន័យ​នានា​ទាក់ទង​ជាមួយ​ការងារ​កសិកម្ម​នៅ​ឆ្នាំ​២០០៩ ដោយ​ចំណាយ​ប្រាក់​ប្រមាណ​៤​លាន​ដុល្លារ​អាមេរិក។

លោក អ៊ូម៉ា សាឡា អាម៉េត តំណាង​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១០ កញ្ញា ថា ការធ្វើ​ជំរឿន​កសិកម្ម​នៅ​កម្ពុជា​មាន​សារប្រយោជន៍​ណាស់ ព្រោះ​ប្រទេស​នេះ​មិន​ធ្លាប់​មាន​ស្ថិតិ​និង​ជំរឿន​វិស័យ​កសិកម្ម​មក​ពី​មុន​មក​ទេ ពិត​មែន​តែ​ប្រទេស​កម្ពុជា​មាន​ប្រជាពលរដ្ឋ​ចំនួន​៧០%​ជា​កសិករ​បំពេញ​ការងារ​កសិកម្ម​នៅ​ជនបទ​ក៏ដោយ៕