សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១១ ដល់ ១៧ សីហា ២០០៨

2008-08-17

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួមមាន ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ត្រឡប់​ពី​ប្រទេស​ចិន​មក​កាន់​ប្រទេស​កម្ពុជា​វិញ កាលពី​ថ្ងៃ​ទី​១៥ សីហា​កន្លង​ទៅ​នេះ និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត ។

AFP Photo

ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី (កណ្ដាល) ស្វាគមន៍​ប្រជារាស្ត្រ​នា​ឱកាស​ពិធី​សម្ពោធ​បូជនីយដ្ឋាន​ដូនពេញ កាលពី​ថ្ងៃ​ទី​១៦ ឧសភា ២០០៨ ។

លោក ជា មករា អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ១១ ដល់ ១៧ សីហា ឆ្នាំ​២០០៨ ។

ព្រះ​មហាក្សត្រ​ខ្មែរ​យាង​ត្រឡប់​មក​ពី​ប្រទេស​ចិន

ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​បាន​យាង​ត្រឡប់​ពី​ប្រទេស​ចិន​មក​កាន់​ប្រទេស​កម្ពុជា​វិញ កាលពី​ថ្ងៃ​សុក្រ ទី​១៥ សីហា​កន្លង​ទៅ​នេះ ។

នៅ​ឯ​ប្រទេស​ចិន ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ចូលរួម​ក្នុង​ពិធី​បើក​កីឡា​អូឡាំពិក ឆ្នាំ​២០០៨ នៅ​ទីក្រុង​ប៉េកាំង ។ មន្ត្រី​រដ្ឋាភិបាល​និង​សមាជិក​រាជវង្សានុវង្ស​បាន​ចូលរួម​ទទួល​ព្រះរាជ​ដំណើរ​របស់​ព្រះអង្គ​ផងដែរ ។

គួរ​ជម្រាប​ផងដែរ​ថា ព្រះ​បរមនាថ នរោត្តម សីហមុនី, ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ និង​សម្ដេច​ម៉ែ បាន​យាង​ទៅ​កាន់​ប្រទេស​ចិន​កាលពី​ដើម​ខែ​សីហា ដើម្បី​ចូលរួម​ក្នុង​ពិធី​បើក​កីឡា​អូឡាំពិក ឆ្នាំ​២០០៨ ។

ខ្មែរ​និង​ថៃ​យល់ព្រម​កាត់​បន្ថយ​ចំនួន​កងទ័ព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ

មន្ត្រី​យោធា​ជាន់ខ្ពស់​ខ្មែរ​បាន​ប្រាប់​អ្នក​កាសែត​កាលពីថ្ងៃ​ព្រហស្បតិ៍ ទី​១៤ សីហា ថា ភាគី​ខ្មែរ​និង​ភាគី​ថៃ​បាន​យល់ព្រម​កាត់​បន្ថយ​ចំនួន​កងទ័ព​ដែល​ឈរ​ជើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ និង​វត្ត​កែវ​សិក្ខាគិរីស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ​នោះ​ហើយ ។

រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ឧត្តម​សេនីយ៍ នាង ផាត បាន​មាន​ប្រសាសន៍​ថា​ការយល់ព្រម​កាត់​បន្ថយ​ចំនួន​កងទ័ព​នោះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ពុធ រវាង​មន្ត្រី​យោធា​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ឯ​ខេត្ត​សូរិន្ទ ដើម្បី​ចៀស​វាង​ការប្រឈម​មុខ​ដាក់​គ្នា​ខាង​ផ្នែក​យោធា ។

លោក​ឧត្តម​សេនីយ៍ នាង ផាត បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ការកាត់បន្ថយ​ចំនួន​កងទ័ព​នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​មុន​កិច្ចប្រជុំ​រវាង​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ហួហ៊ីន ប្រទេស​ថៃ នា​ថ្ងៃ​ទី​១៨ សីហា ស្អែក​នេះ ។ ទន្ទឹម​នឹង​នេះ​ក៏​មាន​ការបញ្ជា​ឲ្យ​លុប​លេណដ្ឋាន​ដែល​កងទ័ព​ទាំងអស់​បាន​ជីក​ដើម្បី​ត្រៀម​ប្រយុទ្ធ​ផងដែរ ។

ទាហាន​ថៃ​យល់ព្រម​បើក​ច្រក​ទ្វារ​ឲ្យ​ខ្មែរ​ចូល​ប្រាសាទ​តាមាន់​វិញ

មន្រ្តី​យោធា​ខ្មែរ​បាន​អះអាង​កាលពី​ថ្ងៃ​ពុធ ទី​១៣ សីហា​កន្លង​ទៅ​នេះ ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ដែល​កំពុង​កាន់កាប់​ប្រាសាទ​តាមាន់នៅ​ទឹក​ដី​ខ្មែរ ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរមានជ័យ បាន​យល់ព្រម​បើក​ច្រក​ទ្វារ​ដែល​បិទ​ដោយ​លួសបន្លា​កន្លងមក ដើម្បី​ឲ្យ​កង​ទាហាន​និង​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ចេញ​ចូល​ទៅ​ប្រាសាទ​តាមាន់​នោះបាន ។

មេ​បញ្ជាការ​កង​វរសេនា​តូច​លេខ​៤២២​របស់​កង​យោធពល​ខេមរភូមិន្ទ ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​នៅ​តំបន់​ប្រាសាទ​តាមាន់ គឺលោក ប៉ុល ថេន បាន​ឲ្យ​ដឹង​ថា ការយល់ព្រម​បើក​ច្រក​ចេញ​ចូល​ប្រាសាទ​នោះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការជជែក​គ្នា​ដ៏​តឹងតែង​រវាង​មេ​បញ្ជាការ​ថ្នាក់​ភូមិភាគ​ខ្មែរ​និង​ថៃ អស់​រយៈពេល​ប្រមាណ​ជា​ពីរ​ម៉ោង ដោយ​ភាគី​ខ្មែរ​ទាមទារ​ឲ្យ​មាន​ការរុះរើ​របង​លួស​បន្លា​ចេញ​ពី​មុខ​ប្រាសាទ និង​ឲ្យ​កង​ទាហាន​ថៃ​ទាំងអស់​ដក​ចេញ ។

ទឹម សាខន ត្រូវ​បាន​គេ​បញ្ជូន​ចេញ​ពី​ពន្ធនាគារ​មក​រស់​នៅ​ក្នុង​ភូមិ

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​ថា អតីត​ព្រះ​សង្ឃ​ដើម​កំណើត​ខ្មែរ​ក្រោម ទឹម សាខន ត្រូវ​បាន​គេ​បញ្ជូន​ចេញ​ពី​ពន្ធនាគារ​ឲ្យ​មក​រស់នៅ​ក្នុង​ភូមិ​វិញ ចាប់តាំង​ពី​ដើម​ខែ​សីហា​នេះ បន្ទាប់ពី​ឃុំឃាំង​អស់​រយៈពេល​១​ឆ្នាំ​មក​ហើយ ។

លោក អាង ចាន់រិទ្ធិ នាយក​ប្រតិបត្តិ​នៃ​អង្គការ​នេះ​មាន​ប្រសាសន៍​ថា នោះ​មិនមែន​ជា​ការដោះលែង​ឲ្យ​មាន​សេរីភាព​ទេ ពីព្រោះ​គេ​ពុំ​បាន​ឃើញ​មាន​លិខិត​លាយលក្ខណ៍អក្សរ​ណា​មួយ ស្តី​អំពី​ការដោះលែង ឬ​ការប្រកាស​សាលក្រម​ឡើយ ប៉ុន្តែ​គេ​គ្រាន់តែ​បាន​ឲ្យ ទឹម សាខន មក​រស់នៅ​ក្នុង​ភូមិ​ដោយ​មាន​ប៉ូលិស​យាមកាម ។

លោក​បាន​និយាយ​ថា ពេល​នេះ លោក ទឹម សាខន កំពុង​រស់នៅ​ក្នុង​ភូមិ​អណ្ដូង ស្រុក​ស្វាយទង ខេត្ត​មាត់ជ្រូក ជាមួយ​នឹង​ម្ដាយ​មីង ដោយ​ហាមប្រាម​មិន​ឲ្យ​មក​រស់នៅ​កម្ពុជា​វិញ​ឡើយ​ដែល​ជា​ទីលំនៅ​បច្ចុប្បន្ន ។

ប្អូន​ប្រុស​របស់ ទឹម សាខន ឈ្មោះ ចៅ បាន និយាយ​ថា សុខភាព​របស់ ទឹម សាខន មាន​លក្ខណៈ​ទ្រុឌ​ទ្រោម ហើម​ខ្លួន និង​កម្រើក​ដៃ​ឆ្វេង​លែង​កើត ។ គាត់​ទៅ​ណា​មក​ណា ឬ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ភូមិ​ត្រូវ​បាន​ហាមឃាត់ ។

បក្ស​"រណឫទ្ធិ"​ប្ដូរ​ជំហរ​មក​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត

គណបក្ស នរោត្តម រណឫទ្ធិ បាន​ប្រកាស​ប្តូរ​ជំហរ​របស់​ខ្លួន​ហើយ ដោយ​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​កន្លង​ទៅ​នេះ​ថា មាន​លក្ខណៈ​សេរី យុត្តិធម៌ និង​ស្របតាម​លទ្ធិ​ប្រជាធិបតេយ្យ ។

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែល​កំពុង​គង់​និរទេស​នៅ​ប្រទេស​បារាំង បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១១ សីហា ថា ការបោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា កន្លង​ទៅ​នេះ គឺ​បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​តម្លាភាព សេរី យុត្តិធម៌ និង​ស្រប​តាម​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដូច​ការសន្និដ្ឋាន​របស់​អ្នក​សង្កេតការណ៍​អន្តរជាតិ ហើយ​ប្រជារាស្រ្ត​ខ្មែរ​ក៏​បាន​បំពេញ​កាតព្វកិច្ច និង​បញ្ចេញ​​នូវ​ឆន្ទៈ​របស់​ខ្លួន​ដោយ​សេរី​ផង​ដែរ។

ឥឡូវ​នេះនៅ​មាន​គណបក្ស​ចំនួន​ពីរ​នៅតែ​រក្សា​ជំហរ​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត គឺ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទិ្ធ​មនុស្ស ដោយ​បាន​ចោទ​ប្រកាន់​ថា ការបោះឆ្នោត​កន្លង​មក​នេះ មិន​ត្រឹមត្រូវ ពិសេស​គឺ​ការ​បំបិទ​សិទ្ធិ​ពលរដ្ឋ​រាប់សែន​នាក់​មិន​ឲ្យ​បោះ​ឆ្នោត ។

សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ទទូច​ឲ្យ​មាន​ការកែ​ទម្រង់​គ.ជ.ប.

សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ធ្វើការ​ឃ្លាំមើល​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៤ ឆ្នាំ​២០០៨ បាន​ទទូច​ឲ្យ​មាន​ការកែ​ទម្រង់​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) ។

ប្រធាន​គណៈកម្មាធិការ​នាយក​អង្គការ​ខុមហ្វ្រែល និង​ជា​ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ធន សារ៉ាយ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១២ សីហា ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​គួរ​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី និង​សម្រួល​នីតិវិធី​ឲ្យ​អ្នក​បោះ​ឆ្នោត​មាន​ឯកសារ​អាច​បោះ​ឆ្នោត និង​ព័ត៌មាន​ស្ដីពី​ការិយាល័យ​បោះ​ឆ្នោត​អចិន្ត្រៃយ៍ ដើម្បី​ធានា​ការគោរព​សិទ្ធិ​បោះ​ឆ្នោត​ឲ្យ​បាន​ពេញ​លេញ ។

សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​បាន​ទទូច​ឲ្យ​មាន​ការកែ​ទម្រង់​គ.ជ.ប.​នេះ បន្ទាប់ពី​បាន​រក​ឃើញ​ថា​នៅ​ក្នុង​ដំណើរការ​នៃ​ការបោះ​ឆ្នោត​ឆ្នាំ​២០០៨ មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​ទៅ​បោះ​ឆ្នោត​បាន​ជួប​ឧបសគ្គ​ដែល​នាំ​ឲ្យ​បាត់​សិទ្ធិ​អ្នក​បោះ​ឆ្នោត​ច្រើន​ជាង​ការបោះ​ឆ្នោត​មុនៗ ។

អគ្គ​លេខាធិការ​គ.ជ.ប. លោក ទេព នីថា បាន​មាន​ប្រសាសន៍​ថា គ.ជ.ប.​មិន​អាច​ធ្វើ​តាម​សំណើ​នោះ​ទេ បើសិន​ជា​គ្មាន​ការធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​បោះ​ឆ្នោត​ទេ​នោះ ។

អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​កំពុង​ជាប់​ឃុំ​រង​ការចោទ​ប្រកាន់​បន្ថែម​មួយ​ទៀត

ព្រះរាជអាជ្ញា​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ថ្លែង​ឲ្យ​ដឹង​ថា អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ដែល​កំពុង​ជាប់​ឃុំ​នោះ​រង​ការចោទ​បន្ថែម​មួយ​ទៀត​គឺ​បទល្មើស​ព្រហ្មទណ្ឌ ដែល​ការចោទ​នេះ​ត្រូវ​អ្នក​ច្បាប់​សំអាង​ថា មេ​ខ្មែរ​ក្រហម​ទាំង​នោះ​ទំនង​ជា​មិន​អាច​គេចវេស​ពី​ការជាប់​ពន្ធាគារ​នោះ​ឡើយ ។

លោកស្រី​ព្រះរាជ​អាជ្ញា ជា លាង មាន​ប្រសាសន៍​ប្រាប់​កាលពី​ថ្ងៃ​ពុធ ទី​១៣ សីហា ថា មេ​ដឹកនាំ​ខ្មែរ​ក្រហម​ទាំង​នោះ​គឺ​រង​ការចោទ​លើ​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ជា​បទល្មើស​កម្រិត​ជាតិ និង​ចោទ​លើ​បទល្មើស​ជា​លក្ខណៈ​អន្តរជាតិ​ចំនួន​៣​ករណី​ទៀត ។

ទោះបី​យ៉ាង​ណា​ក៏​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត គឺ​លោក យូ ប៊ុនឡេង បាន​ថ្លែង​ថា​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​៥​នាក់​នោះ​ដែល​រួម​មាន កាំង ហ្កិចអ៊ាវ ហៅ ឌុច, ខៀវ សំផន, អៀង ធីរិទ្ធ, អៀង សារី និង នួន ជា គឺ​ប្រឈម​ការជំនុំជម្រះ​ចំពោះ​បទ​ឧក្រិដ្ឋ​ដែល​មាន​លក្ខណៈ​អន្តរជាតិ​ជា​មុន​សិន ។

កម្ពុជា​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​ផ្នែក​ពាណិជ្ជកម្ម​ក្នុង​ទីផ្សារ​ពិភពលោក

មន្ត្រី​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ ទី​១៣ សីហា ថា ប្រទេស​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការប្រកួត​ប្រជែង​ផ្នែក​ពាណិជ្ជកម្ម​នៅ​ក្នុង​ទីផ្សារ​ពិភពលោក បន្ទាប់ពី​សហរដ្ឋ​អាមេរិក​នឹង​ដក​របាំង​នាំ​ចេញ​សម្លៀក​បំពាក់​របស់​ប្រទេស​ចិន នៅ​ខែ​ធ្នូ ឆ្នាំ​២០០៨​ខាង​មុខ​នេះ ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ បាន​មាន​ប្រសាសន៍​ថា​គោល​នយោបាយ​ដែល​ផ្សាភ្ជាប់​ពាណិជ្ជកម្ម​ទៅ​នឹង​លក្ខខណ្ឌ​ការងារ​និង​ការគោរព​សិទ្ធិ​កម្មករ បាន​ធ្វើ​ឲ្យ​វិស័យ​កាត់​ដេរ​ក្នុង​ប្រទេស​កម្ពុជា​នៅតែ​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត ដូច​ជា​ចិន វៀតណាម ប៉ាគីស្ថាន និង​ឥណ្ឌា ជាដើម ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យដឹង​ថា ប្រទេស​កម្ពុជា​បាន​បន្ត​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​បន្ធូរ​បន្ថយ​ពន្ធ​ចំពោះ​ទំនិញ​របស់​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រទេស​ធំៗ ដូច​ជា ចិន និង​វៀតណាម ៕

អត្ថបទ​ដែល​ទាក់ទង

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៤ ដល់ ៣០ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៧ ដល់ ២៣ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១០ ដល់ ១៦ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ​៣-៩ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៧ តុលា ដល់ ២ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២០ ដល់ ២៦ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៣ ដល់ ១៩ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៦ ដល់ ១២ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៩ កញ្ញា ដល់ ៥ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២២ ដល់ ២៨ កញ្ញា ២០០៨