លោក ជា មករា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ១១ ដល់ ១៧ សីហា ឆ្នាំ២០០៨ ។
ព្រះមហាក្សត្រខ្មែរយាងត្រឡប់មកពីប្រទេសចិន
ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានយាងត្រឡប់ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជាវិញ កាលពីថ្ងៃសុក្រ ទី១៥ សីហាកន្លងទៅនេះ ។
នៅឯប្រទេសចិន ព្រះបរមនាថ នរោត្តម សីហមុនី បានយាងចូលរួមក្នុងពិធីបើកកីឡាអូឡាំពិក ឆ្នាំ២០០៨ នៅទីក្រុងប៉េកាំង ។ មន្ត្រីរដ្ឋាភិបាលនិងសមាជិករាជវង្សានុវង្សបានចូលរួមទទួលព្រះរាជដំណើររបស់ព្រះអង្គផងដែរ ។
គួរជម្រាបផងដែរថា ព្រះបរមនាថ នរោត្តម សីហមុនី, ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្ដេចម៉ែ បានយាងទៅកាន់ប្រទេសចិនកាលពីដើមខែសីហា ដើម្បីចូលរួមក្នុងពិធីបើកកីឡាអូឡាំពិក ឆ្នាំ២០០៨ ។
ខ្មែរនិងថៃយល់ព្រមកាត់បន្ថយចំនួនកងទ័ពនៅតំបន់ប្រាសាទព្រះវិហារ
មន្ត្រីយោធាជាន់ខ្ពស់ខ្មែរបានប្រាប់អ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ សីហា ថា ភាគីខ្មែរនិងភាគីថៃបានយល់ព្រមកាត់បន្ថយចំនួនកងទ័ពដែលឈរជើងនៅតំបន់ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារនោះហើយ ។
រដ្ឋលេខាធិការក្រសួងការពារជាតិ ឧត្តមសេនីយ៍ នាង ផាត បានមានប្រសាសន៍ថាការយល់ព្រមកាត់បន្ថយចំនួនកងទ័ពនោះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធ រវាងមន្ត្រីយោធានៃប្រទេសទាំងពីរនៅឯខេត្តសូរិន្ទ ដើម្បីចៀសវាងការប្រឈមមុខដាក់គ្នាខាងផ្នែកយោធា ។
លោកឧត្តមសេនីយ៍ នាង ផាត បានមានប្រសាសន៍បញ្ជាក់ថាការកាត់បន្ថយចំនួនកងទ័ពនៅជុំវិញតំបន់ប្រាសាទព្រះវិហារនោះនឹងត្រូវធ្វើឡើងឲ្យបានមុនកិច្ចប្រជុំរវាងមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនឹងត្រូវប្រព្រឹត្តទៅនៅហួហ៊ីន ប្រទេសថៃ នាថ្ងៃទី១៨ សីហា ស្អែកនេះ ។ ទន្ទឹមនឹងនេះក៏មានការបញ្ជាឲ្យលុបលេណដ្ឋានដែលកងទ័ពទាំងអស់បានជីកដើម្បីត្រៀមប្រយុទ្ធផងដែរ ។
ទាហានថៃយល់ព្រមបើកច្រកទ្វារឲ្យខ្មែរចូលប្រាសាទតាមាន់វិញ
មន្រ្តីយោធាខ្មែរបានអះអាងកាលពីថ្ងៃពុធ ទី១៣ សីហាកន្លងទៅនេះ ថា កងទាហានឈុតខ្មៅថៃដែលកំពុងកាន់កាប់ប្រាសាទតាមាន់នៅទឹកដីខ្មែរ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ បានយល់ព្រមបើកច្រកទ្វារដែលបិទដោយលួសបន្លាកន្លងមក ដើម្បីឲ្យកងទាហាននិងប្រជាពលរដ្ឋខ្មែរអាចចេញចូលទៅប្រាសាទតាមាន់នោះបាន ។
មេបញ្ជាការកងវរសេនាតូចលេខ៤២២របស់កងយោធពលខេមរភូមិន្ទ ដែលកំពុងប្រឈមមុខដាក់គ្នាជាមួយកងទាហានឈុតខ្មៅថៃនៅតំបន់ប្រាសាទតាមាន់ គឺលោក ប៉ុល ថេន បានឲ្យដឹងថា ការយល់ព្រមបើកច្រកចេញចូលប្រាសាទនោះបានធ្វើឡើងបន្ទាប់ពីមានការជជែកគ្នាដ៏តឹងតែងរវាងមេបញ្ជាការថ្នាក់ភូមិភាគខ្មែរនិងថៃ អស់រយៈពេលប្រមាណជាពីរម៉ោង ដោយភាគីខ្មែរទាមទារឲ្យមានការរុះរើរបងលួសបន្លាចេញពីមុខប្រាសាទ និងឲ្យកងទាហានថៃទាំងអស់ដកចេញ ។
ទឹម សាខន ត្រូវបានគេបញ្ជូនចេញពីពន្ធនាគារមករស់នៅក្នុងភូមិ
អង្គការការពារសិទ្ធិមនុស្សខ្មែរក្រោមបានឲ្យដឹងកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍ថា អតីតព្រះសង្ឃដើមកំណើតខ្មែរក្រោម ទឹម សាខន ត្រូវបានគេបញ្ជូនចេញពីពន្ធនាគារឲ្យមករស់នៅក្នុងភូមិវិញ ចាប់តាំងពីដើមខែសីហានេះ បន្ទាប់ពីឃុំឃាំងអស់រយៈពេល១ឆ្នាំមកហើយ ។
លោក អាង ចាន់រិទ្ធិ នាយកប្រតិបត្តិនៃអង្គការនេះមានប្រសាសន៍ថា នោះមិនមែនជាការដោះលែងឲ្យមានសេរីភាពទេ ពីព្រោះគេពុំបានឃើញមានលិខិតលាយលក្ខណ៍អក្សរណាមួយ ស្តីអំពីការដោះលែង ឬការប្រកាសសាលក្រមឡើយ ប៉ុន្តែគេគ្រាន់តែបានឲ្យ ទឹម សាខន មករស់នៅក្នុងភូមិដោយមានប៉ូលិសយាមកាម ។
លោកបាននិយាយថា ពេលនេះ លោក ទឹម សាខន កំពុងរស់នៅក្នុងភូមិអណ្ដូង ស្រុកស្វាយទង ខេត្តមាត់ជ្រូក ជាមួយនឹងម្ដាយមីង ដោយហាមប្រាមមិនឲ្យមករស់នៅកម្ពុជាវិញឡើយដែលជាទីលំនៅបច្ចុប្បន្ន ។
ប្អូនប្រុសរបស់ ទឹម សាខន ឈ្មោះ ចៅ បាន និយាយថា សុខភាពរបស់ ទឹម សាខន មានលក្ខណៈទ្រុឌទ្រោម ហើមខ្លួន និងកម្រើកដៃឆ្វេងលែងកើត ។ គាត់ទៅណាមកណា ឬប្រាស្រ័យទាក់ទងជាមួយអ្នកភូមិត្រូវបានហាមឃាត់ ។
បក្ស"រណឫទ្ធិ"ប្ដូរជំហរមកទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត
គណបក្ស នរោត្តម រណឫទ្ធិ បានប្រកាសប្តូរជំហររបស់ខ្លួនហើយ ដោយទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតកន្លងទៅនេះថា មានលក្ខណៈសេរី យុត្តិធម៌ និងស្របតាមលទ្ធិប្រជាធិបតេយ្យ ។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលកំពុងគង់និរទេសនៅប្រទេសបារាំង បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១១ សីហា ថា ការបោះឆ្នោតកាលពីថ្ងៃទី២៧ ខែកក្កដា កន្លងទៅនេះ គឺបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព សេរី យុត្តិធម៌ និងស្របតាមដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចការសន្និដ្ឋានរបស់អ្នកសង្កេតការណ៍អន្តរជាតិ ហើយប្រជារាស្រ្តខ្មែរក៏បានបំពេញកាតព្វកិច្ច និងបញ្ចេញនូវឆន្ទៈរបស់ខ្លួនដោយសេរីផងដែរ។
ឥឡូវនេះនៅមានគណបក្សចំនួនពីរនៅតែរក្សាជំហរប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត គឺគណបក្សសមរង្ស៊ី និងគណបក្សសិទិ្ធមនុស្ស ដោយបានចោទប្រកាន់ថា ការបោះឆ្នោតកន្លងមកនេះ មិនត្រឹមត្រូវ ពិសេសគឺការបំបិទសិទ្ធិពលរដ្ឋរាប់សែននាក់មិនឲ្យបោះឆ្នោត ។
សម្ព័ន្ធអង្គការសង្គមស៊ីវិលទទូចឲ្យមានការកែទម្រង់គ.ជ.ប.
សម្ព័ន្ធអង្គការសង្គមស៊ីវិលដែលបានធ្វើការឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៤ ឆ្នាំ២០០៨ បានទទូចឲ្យមានការកែទម្រង់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ។
ប្រធានគណៈកម្មាធិការនាយកអង្គការខុមហ្វ្រែល និងជាប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក ធន សារ៉ាយ បានមានប្រសាសន៍កាលពីថ្ងៃទី១២ សីហា ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគួររៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី និងសម្រួលនីតិវិធីឲ្យអ្នកបោះឆ្នោតមានឯកសារអាចបោះឆ្នោត និងព័ត៌មានស្ដីពីការិយាល័យបោះឆ្នោតអចិន្ត្រៃយ៍ ដើម្បីធានាការគោរពសិទ្ធិបោះឆ្នោតឲ្យបានពេញលេញ ។
សម្ព័ន្ធអង្គការសង្គមស៊ីវិលបានទទូចឲ្យមានការកែទម្រង់គ.ជ.ប.នេះ បន្ទាប់ពីបានរកឃើញថានៅក្នុងដំណើរការនៃការបោះឆ្នោតឆ្នាំ២០០៨ មានភាពមិនប្រក្រតីជាច្រើន ជាពិសេសប្រជាពលរដ្ឋដែលទៅបោះឆ្នោតបានជួបឧបសគ្គដែលនាំឲ្យបាត់សិទ្ធិអ្នកបោះឆ្នោតច្រើនជាងការបោះឆ្នោតមុនៗ ។
អគ្គលេខាធិការគ.ជ.ប. លោក ទេព នីថា បានមានប្រសាសន៍ថា គ.ជ.ប.មិនអាចធ្វើតាមសំណើនោះទេ បើសិនជាគ្មានការធ្វើវិសោធនកម្មនៃច្បាប់បោះឆ្នោតទេនោះ ។
អតីតមេដឹកនាំខ្មែរក្រហមកំពុងជាប់ឃុំរងការចោទប្រកាន់បន្ថែមមួយទៀត
ព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមបានថ្លែងឲ្យដឹងថា អតីតមេដឹកនាំខ្មែរក្រហមដែលកំពុងជាប់ឃុំនោះរងការចោទបន្ថែមមួយទៀតគឺបទល្មើសព្រហ្មទណ្ឌ ដែលការចោទនេះត្រូវអ្នកច្បាប់សំអាងថា មេខ្មែរក្រហមទាំងនោះទំនងជាមិនអាចគេចវេសពីការជាប់ពន្ធាគារនោះឡើយ ។
លោកស្រីព្រះរាជអាជ្ញា ជា លាង មានប្រសាសន៍ប្រាប់កាលពីថ្ងៃពុធ ទី១៣ សីហា ថា មេដឹកនាំខ្មែរក្រហមទាំងនោះគឺរងការចោទលើបទល្មើសព្រហ្មទណ្ឌដែលជាបទល្មើសកម្រិតជាតិ និងចោទលើបទល្មើសជាលក្ខណៈអន្តរជាតិចំនួន៣ករណីទៀត ។
ទោះបីយ៉ាងណាក៏ដោយសហចៅក្រមស៊ើបអង្កេត គឺលោក យូ ប៊ុនឡេង បានថ្លែងថាមេដឹកនាំខ្មែរក្រហមទាំង៥នាក់នោះដែលរួមមាន កាំង ហ្កិចអ៊ាវ ហៅ ឌុច, ខៀវ សំផន, អៀង ធីរិទ្ធ, អៀង សារី និង នួន ជា គឺប្រឈមការជំនុំជម្រះចំពោះបទឧក្រិដ្ឋដែលមានលក្ខណៈអន្តរជាតិជាមុនសិន ។
កម្ពុជាត្រៀមខ្លួនប្រកួតប្រជែងផ្នែកពាណិជ្ជកម្មក្នុងទីផ្សារពិភពលោក
មន្ត្រីរដ្ឋាភិបាលបានមានប្រសាសន៍កាលពីថ្ងៃពុធ ទី១៣ សីហា ថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មនៅក្នុងទីផ្សារពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកនឹងដករបាំងនាំចេញសម្លៀកបំពាក់របស់ប្រទេសចិន នៅខែធ្នូ ឆ្នាំ២០០៨ខាងមុខនេះ ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ បានមានប្រសាសន៍ថាគោលនយោបាយដែលផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារនិងការគោរពសិទ្ធិកម្មករ បានធ្វើឲ្យវិស័យកាត់ដេរក្នុងប្រទេសកម្ពុជានៅតែមានលទ្ធភាពប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងទៀត ដូចជាចិន វៀតណាម ប៉ាគីស្ថាន និងឥណ្ឌា ជាដើម ។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសកម្ពុជាបានបន្តទាមទារឲ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយពន្ធចំពោះទំនិញរបស់កម្ពុជា ដើម្បីឲ្យកម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយនឹងប្រទេសធំៗ ដូចជា ចិន និងវៀតណាម ៕
