ព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍នេះរួមមាន កម្ពុជាបានប្រារព្ធទិវាចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ខួប៥៥ យាងចូល ៥៦ព្រះវស្សា និងព័ត៌មានផ្សេងៗដទៃទៀត ។
ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី (កណ្ដាល) ស្វាគមន៍ប្រជារាស្ត្រនាឱកាសពិធីសម្ពោធបូជនីយដ្ឋានដូនពេញ កាលពីថ្ងៃទី១៦ ឧសភា ២០០៨ ។
លោក ជា មករា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗ នៅកម្ពុជា ពីថ្ងៃ ១២ ដល់ ១៨ ឧសភា ឆ្នាំ២០០៨ ។
កម្ពុជាប្រារព្ធទិវាចម្រើនព្រះជន្មព្រះមហាក្សត្រ
មន្ត្រីស៊ីវិលនិងអ្នកធ្វើការរាជការទូទាំងប្រទេសនៅក្នុងសប្តាហ៍នេះ បានឈប់សម្រាកចំនួន៣ថ្ងៃ ក្នុងឱកាសប្រារព្ធទិវាចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ខួប៥៥ យាងចូល ៥៦ព្រះវស្សា ។
ព្រះមហាក្សត្រខ្មែរទ្រង់ប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ។
ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រត្រូវបានបោះពុម្ពលើក្រដាសប្រាក់២ម៉ឺនរៀលថ្មី
ស្របពេលដែលមានកិច្ចប្រារព្ធពិធីអបអរចម្រើនព្រះជន្មព្រះអង្គនោះដែរ ធនាគារជាតិកម្ពុជាបានបញ្ចេញក្រដាសប្រាក់២ម៉ឺនរៀលបោះពុម្ពថ្មី ដែលក្រដាសប្រាក់នោះមានដាក់ព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គ ។
សូមជម្រាបថាក្រដាសប្រាក់២ម៉ឺនរៀលនាពេលនេះមានតម្លៃស្មើនឹងប្រាក់៥ដុល្លារអាមេរិក ។ ក្រដាសប្រាក់រៀលនៅកម្ពុជាដែលកំពុងចរាចរលើទីផ្សារបច្ចុប្បន្ន មានពីក្រដាសតម្លៃតូចបំផុត៥០រៀល រហូតដល់ក្រដាសតម្លៃធំ១០ម៉ឺនរៀល ។
ផ្លូវជាតិលេខ៤៨ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់
កំណាត់ផ្លូវប្រវែង១៥២គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៤ទៅកាន់ខេត្តកោះកុង បានជួសជុលកសាងនិងដាក់សម្ពោធឲ្យប្រើកាលពីថ្ងៃពុធ ទី១៤ ឧសភាកន្លងទៅ បើទោះបីជាផ្លូវនោះត្រូវអ្នកធ្វើដំណើររិះគន់ថា មិនទាន់បានស្អាតនៅឡើយក៏ដោយ ។
ផ្លូវជាតិដែលមានឈ្មោះថា ផ្លូវលេខ៤៨ បានកសាងអស់ទឹកប្រាក់ចំនួន ២១លានដុល្លារអាមេរិក និងមានស្ពានវែងៗបួន នៅលើផ្លូវជាតិនោះទៀតផង ។
នាយករដ្ឋមន្ត្រីខ្មែរបានមានប្រសាសន៍ថា ប្រាក់ដែលបានយកមកកសាងនោះ គឺជាជំនួយឥតសំណងរបស់ប្រទេសថៃ ។
សាធារណរដ្ឋឆេកូនឹងលុបចោលបំណុលជាច្រើនដែលកម្ពុជាជំពាក់
សាធារណរដ្ឋឆេកូបានប្រកាសថា នឹងលុបចោលបំណុលជាច្រើនដែលកម្ពុជាបានជំពាក់តាំងពីទសវត្សរ៍៨០នោះមក ។ កម្ពុជាបានជំពាក់លុយប្រទេសឆេកូពីអតីតកាលចំនួន ៣លាន៦សែនដុល្លារអាមេរិក ។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃសាធារណរដ្ឋឆេកូ លោក Tomas Zidek ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃអង្គារ ទី១៣ ឧសភា កន្លងមកនេះ ថា គេនឹងឲ្យកម្ពុជាសងវិញប្រមាណតែ១លានវិញ ដែលស្មើនឹងចំនួន ២៣%នៃប្រាក់ជំពាក់តែប៉ុណ្ណោះ ។
តម្លៃទំនិញនៅក្នុងប្រទេសកម្ពុជា
តម្លៃទំនិញនៅក្នុងប្រទេសកម្ពុជានៅនឹងដដែលក្នុងសប្តាហ៍នេះ ជាពិសេសតម្លៃអង្ករ និងប្រេងឥន្ធនៈ ។
នៅភ្នំពេញអង្ករល្អលេខមួយផ្កាម្លិះក្នុងមួយគីឡូក្រាមថ្លៃ៤ពាន់រៀល និងអង្ករបន្លាផ្តៅ តម្លៃថោកជាងគេ គឺមួយគីឡូក្រាម២២០០រៀល ។ តម្លៃអង្ករនៅតាមខេត្តថោកជាងនៅភ្នំពេញ ដូចជានៅខេត្តបាត់ដំបង អង្ករល្អលេខមួយថ្លៃ៣៥០០រៀល ប៉ុន្តែនៅខេត្តពោធិ៍សាត់ តម្លៃអង្ករលេខមួយ ថ្លៃតែ៣២០០រៀល ថោកជាងនៅបាត់ដំបងទៅទៀត ។
ចំពោះប្រេងវិញតម្លៃក៏មិនមានឡើងចុះដែរ ។ ប្រេងសាំងស៊ុបពែរមួយលីត្រថ្លៃ៥១០០និងប្រេងសាំងធម្មតាថ្លៃ៥០០០រៀល ។ សេចក្តីរាយការណ៍អំពីតម្លៃប្រេងបានកត់សម្គាល់ថា តម្លៃប្រេងនៅស្ថានីយសូគីម៉ិច ក្នុងមួយលីត្រមានតម្លៃចុះថោកជាងគេ៥០រៀល គ្រប់ប្រេងនានា ។
អ្នកជំនាញសេដ្ឋកិច្ចវិភាគបញ្ហាទំនិញឡើងថ្លៃ
អ្នកជំនាញសេដ្ឋកិច្ចបានរំពឹងមើលចំពោះស្ថានភាពទំនិញឡើងថ្លៃ និងសម្តែងក្តីបារម្ភថា តម្លៃអង្ករនឹងអាចឡើងថ្លៃថែមទៀតនៅក្នុងរយៈពេល២ខែខាងមុខទៀតនេះ ។
ក្តីបារម្ភនោះបានធ្វើឡើងបន្ទាប់ពីមានការមើលឃើញថា ស្ថានភាពទំនិញនៅតែខ្ពស់ ហើយទន្ទឹមនឹងនោះ មានកសិករប្រមាណ៦០%អាចមានអង្ករក្នុងជង្រុកខ្លួនឯងទប់ទល់បានតែប្រមាណ២ខែទៀតតែប៉ុណ្ណោះ ដែលនឹងត្រូវទិញអង្ករពីផ្សារដោយខ្លួនឯងហើយ ។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចខ្មែរបានថ្លែងថា មានមធ្យោបាយមួយដែរដើម្បីរារាំងកុំឲ្យតម្លៃអង្ករឡើងថ្លៃ គឺធ្វើយ៉ាងណាកុំឲ្យសាំងឡើងថ្លៃ ។
ពលរដ្ឋនៅក្រុងព្រះសីហនុបារម្ភខ្លាចគម្រោងអភិវឌ្ឍន៍ធ្វើឲ្យបាត់បង់ដី
នៅក្នុងក្រុងព្រះសីហនុ ប្រជារាស្ត្រមួយចំនួនបារម្ភខ្លាចគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ នឹងធ្វើឲ្យបាត់បង់ដីរបស់ពួកគេចំនួន៣២៧ហិកតា ។
ប្រជាពលរដ្ឋដែលបារម្ភនឹងការបាត់ដីបាននាំគ្នាមកភ្នំពេញ កាលពីថ្ងៃពុធ ទី១៤ ឧសភា ដើម្បីទាមទារឲ្យមានការទូទាត់សំណង ។ មិនមានសេចក្តីរាយការណ៍ណាមួយបញ្ជាក់អំពីការដោះស្រាយចំពោះសេចក្តីទាមទារនោះឡើយ ។
រដ្ឋាភិបាលកម្ពុជាផ្ដល់ជំនួយជាទឹកប្រាក់ចំនួន១សែនដុល្លារដល់ប្រទេសចិន
រដ្ឋាភិបាលកម្ពុជាបានផ្តល់ប្រាក់ចំនួន១សែនដុល្លារ ក្នុងកិច្ចបរិច្ចាគជួយសង្គ្រោះជនរងគ្រោះក្នុងប្រទេសចិនច្រើនម៉ឺននាក់ដែលបានស្លាប់ដោយសារគ្រោះរញ្ជួយផែនដី ។ ប្រាក់ឧបត្ថម្ភនោះបានផ្តល់តាមរយៈស្ថានទូតចិននៅក្នុងប្រទេសកម្ពុជា ។
នៅក្នុងសប្តាហ៍នេះដែរ អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ បានបរិច្ចាគប្រាក់ចំនួន៥ម៉ឺនដុល្លារ ដល់ជនរងគ្រោះចិន រីឯខាងកាកបាទក្រហមកម្ពុជាវិញ ក៏បានជួយផ្តល់ប្រាក់ចំនួន១ម៉ឺនដុល្លារ ចំពោះប្រទេសចិននោះផងដែរ ។
ក្រុមសង្គមស៊ីវិលប្រគល់ញត្តិប្រឆាំងនឹងអំពើពុករលួយដល់រដ្ឋសភា
ក្រុមអង្គការសង្គមស៊ីវិលបាននាំគ្នាទៅជួបអ្នកតំណាងរាស្ត្រ កាលពីថ្ងៃសុក្រ ទី១៦ ឧសភាកន្លងទៅនេះ ហើយបានប្រគល់ញត្តិនិងស្នាមផ្តិតមេដៃចុះហត្ថលេខារបស់ប្រជាជនខ្មែរជាង១លាន៩ម៉ឺននាក់ដែលប្រឆាំងនឹងអំពើពុករលួយ ។
បំណងនៃការប្រគល់ញត្តិនោះ គឺដើម្បីជំរុញឲ្យរដ្ឋាភិបាលខ្មែរ និងរដ្ឋសភាជួយពន្លឿនការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ ។
រដ្ឋាភិបាលគ្រោងនឹងបើកសិទ្ធិរៀបការរវាងខ្មែរនិងបរទេសឡើងវិញ
អនុក្រឹត្យអនុញ្ញាតឲ្យមានការរៀបចំធ្វើពិធីអាពាហ៍ពិពាហ៍រវាងខ្មែរជាមួយនិងបរទេសបានធ្វើរួចរាល់ហើយ ដែលញ៉ាំងឲ្យមតិនានារំពឹងថា រដ្ឋាភិបាលគ្រោងនឹងបើកសិទ្ធិបន្ទាប់ពីបានផ្អាកអស់រយៈពេលប្រមាណ២ខែមកនេះ ។
ការផ្អាកមួយរយៈចំពោះការរៀបចំធ្វើពិធីអាពាហ៍ពិពាហ៍រវាងខ្មែរជាមួយនិងជនបរទេសគឺនៅក្រោយពេលដែលមានរឿងអាស្រូវជាច្រើនបានកើតឡើង ជាពិសេសស្រ្តីខ្មែរដែលបានរៀបការជាមួយបុរសជនជាតិកូរ៉េ និងជនជាតិចិនតៃវ៉ាន់ បានរងគ្រោះដោយស្ត្រីជាច្រើនបានត្អូញត្អែរថា ពួកគាត់ត្រូវបានគេយកមកធ្វើបាបក្រោយបានរៀបការមករស់នៅឯក្រៅប្រទេសនោះ ។
នាយករដ្ឋមន្ត្រីថ្លែងគាំទ្រនិងលើកតម្កើងវប្បធម៌អ៊ិស្លាម
នាយករដ្ឋមន្ត្រីខ្មែរបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ឧសភាកន្លងទៅ ពីការគាំទ្រនិងលើកតម្កើងវប្បធម៌អ៊ិស្លាម ។
លោកនាយករដ្ឋមន្ត្រីដែលបានធ្វើកិច្ចសម្ពោធវិហារអ៊ិស្លាមមួយកន្លែង នាភាគខាងជើងរាជធានីភ្នំពេញ បានអំពាវនាវបង្កើនឲ្យមានការផ្សាយវិទ្យុជាភាសាចាម និងគាំទ្រឲ្យមានការបង្កើតកន្លែងសាសនិកអ៊ិស្លាមថ្វាយបង្គំនៅតាមទីព្រលានយន្តហោះ និងនៅតាមទីសាធារណៈនានាមួយចំនួនទៀតផង ។
ក្មេងៗជាច្រើននៅសង្កាត់ទួលសង្កែមិនទៅរៀនទៀងទាត់ព្រោះវក់នឹងល្បែង
ក្មេងៗជាច្រើននៅសង្កាត់ទួលសង្កែក្នុងរាជធានីភ្នំពេញ ត្រូវឪពុកម្តាយបានត្អូញត្អែរថា មិនបានទៅរៀនទៀងទាត់ដោយសារតែប្រព្រឹត្តល្បែងពាលា បៀរ អាប៉ោង ដោយមិនមានការបង្ក្រាបពីអាជ្ញាធរ ។
ប្រជាពលរដ្ឋក្នុងសង្កាត់នោះបានចោទថា ប៉ូលិសមូលដ្ឋានបានប្រព្រឹត្តអំពើពុករលួយដោយការដើរទៅប្រមូលយកលុយសម្រាប់ការពារក្នុងកន្លែងលេងល្បែងនានាទាំងនោះទៀតផង ។
អាជ្ញាធរខេត្តរតនគិរីត្រៀមរារាំងការប៉ុនប៉ងដង្ហែក្បួនរបស់ក្រុមជនជាតិភាគតិច
អាជ្ញាធរខេត្តរតនគិរីត្រៀមនឹងធ្វើសកម្មភាពរារាំងចំពោះការប៉ុនប៉ងធ្វើក្បួនដង្ហែតាមថ្នល់របស់ក្រុមជនជាតិភាគតិច ប្រឆាំងទៅនឹងការកាប់ព្រៃនិងការរំលោភយកដីធ្លីនៅក្នុងខេត្តភាគឦសានកម្ពុជាមួយនេះ ។
មន្ត្រីសិទ្ធិមនុស្សនៅក្នុងខេត្តបានថ្លែងថា អាជ្ញាធរខេត្តបានបដិសេធមិនឲ្យមានការដើរដង្ហែជាក្បួននៅថ្ងៃទី២៣ ឧសភានោះឡើយ ប៉ុន្តែបានយល់ព្រមឲ្យក្រុមអ្នកដែលចង់ធ្វើកិច្ចការជំទាស់តវ៉ានោះ អាចជួបជុំគ្នាធ្វើនៅនឹងកន្លែងទីស្នាក់ការរបស់អង្គការសិទ្ធិមនុស្ស ។
អ្នកស្រុកនៅកំពង់ចាមមកតវ៉ារឿងដីធ្លីដល់ភ្នំពេញ
អ្នកស្រុកប្រមាណ២០០នាក់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាននាំគ្នាមកទីក្រុងភ្នំពេញ ជួបជុំនៅមុខគេហដ្ឋានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីតវ៉ាសុំឲ្យលោកជួយធ្វើអន្តរាគមន៍រឿងដីធ្លីទំហំជាង ៨០០ហិកតា ។
ប្រជាពលរដ្ឋបានចោទថា គេមិនអាចប្រកបមុខរបរកសិកម្មនៅលើដីនោះបានឡើយដោយសារតែមានការរារាំងពីក្រុមហ៊ុនមួយឈ្មោះ ឡុងស្រេង ។
តំណាងក្រុមហ៊ុនឈ្មោះ ហេង ឡុង បាននិយាយថាអ្វីដែលក្រុមហ៊ុនបានធ្វើគឺទៅតាមតែកិច្ចសន្យាជាមួយនឹងរដ្ឋាភិបាលបានអនុញ្ញាតតែប៉ុណ្ណោះ ។
នៅមិនទាន់មានការដោះស្រាយចំពោះការតវ៉ាទាមទារនោះនៅឡើយទេ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ២៥ ដល់ ៣១ សីហា
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ១៨ ដល់ ២៤ សីហា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ១១ ដល់ ១៧ សីហា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ៤ ដល់ ១០ សីហា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ២៨ កក្កដា ដល់ ៣ សីហា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ២១ ដល់ ២៧ កក្កដា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ១៤ ដល់ ២០ កក្កដា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ៧ ដល់ ១៣ កក្កដា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ៣០ មិថុនា ដល់ ៦ កក្កដា ២០០៨