សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១២ ដល់ ១៨ ឧសភា ២០០៨

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួមមាន កម្ពុជា​បាន​ប្រារព្ធ​ទិវា​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់​ខួប​៥៥ យាង​ចូល ៥៦​ព្រះវស្សា និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត ។

0:00 / 0:00

លោក ជា មករា អ្នក​យកព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​ នៅកម្ពុជា ពីថ្ងៃ ១២ ដល់ ១៨ ឧសភា ឆ្នាំ២០០៨ ។

កម្ពុជា​ប្រារព្ធ​ទិវា​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ

មន្ត្រី​ស៊ីវិល​និង​អ្នក​ធ្វើការ​រាជការ​ទូទាំង​ប្រទេស​នៅ​ក្នុង​សប្តាហ៍​នេះ បាន​ឈប់​សម្រាក​ចំនួន​៣​ថ្ងៃ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់​ខួប​៥៥ យាង​ចូល ៥៦​ព្រះវស្សា ។

ព្រះមហាក្សត្រ​ខ្មែរ​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ ។

ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ត្រូវ​បាន​បោះពុម្ព​លើ​ក្រដាស​ប្រាក់​២​ម៉ឺន​រៀល​ថ្មី

ស្រប​ពេល​ដែល​មាន​កិច្ចប្រារព្ធ​ពិធី​អបអរ​ចម្រើន​ព្រះជន្ម​ព្រះអង្គ​នោះ​ដែរ ធនាគារ​ជាតិ​កម្ពុជា​បាន​បញ្ចេញ​ក្រដាស​ប្រាក់​២​ម៉ឺន​រៀល​បោះពុម្ព​ថ្មី ដែល​ក្រដាស​ប្រាក់​នោះ​មាន​ដាក់​ព្រះឆាយាល័ក្ខណ៍​របស់​ព្រះអង្គ ។

សូម​ជម្រាប​ថា​ក្រដាស​ប្រាក់​២​ម៉ឺន​រៀល​នា​ពេល​នេះ​មាន​តម្លៃ​ស្មើ​នឹង​ប្រាក់​៥​ដុល្លារ​អាមេរិក ។ ក្រដាស​ប្រាក់​រៀល​នៅ​កម្ពុជា​ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ​បច្ចុប្បន្ន មាន​ពី​ក្រដាស​តម្លៃ​តូច​បំផុត​៥០​រៀល រហូត​ដល់​ក្រដាស​តម្លៃ​ធំ​១០​ម៉ឺនរៀល ។

ផ្លូវជាតិ​លេខ​៤៨​ត្រូវ​បា​នសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់

កំណាត់​ផ្លូវ​ប្រវែង​១៥២​គីឡូម៉ែត្រ​តភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៤​ទៅកាន់​ខេត្ត​កោះកុង បាន​ជួស​ជុល​កសាង​និង​ដាក់​សម្ពោធ​ឲ្យ​ប្រើ​កាលពី​ថ្ងៃ​ពុធ ទី​១៤ ឧសភា​កន្លង​ទៅ បើទោះបី​ជា​ផ្លូវ​នោះ​ត្រូវ​អ្នក​ធ្វើដំណើរ​រិះគន់​ថា មិន​ទាន់​បាន​ស្អាត​នៅឡើយ​ក៏ដោយ ។

ផ្លូវ​ជាតិ​ដែល​មាន​ឈ្មោះ​ថា ផ្លូវ​លេខ​៤៨ បាន​កសាង​អស់​ទឹក​ប្រាក់​ចំនួន ២១​លាន​ដុល្លារ​អាមេរិក និង​មាន​ស្ពាន​វែងៗ​បួន នៅលើ​ផ្លូវ​ជាតិ​នោះ​ទៀត​ផង ។

នាយករដ្ឋមន្ត្រី​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា ប្រាក់​ដែល​បាន​យក​មក​កសាង​នោះ គឺ​ជា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ថៃ ។

សាធារណរដ្ឋ​ឆេកូ​នឹង​លុប​ចោល​បំណុល​ជា​ច្រើន​ដែល​កម្ពុជា​ជំពាក់

សាធារណរដ្ឋ​ឆេកូ​បាន​ប្រកាស​ថា នឹង​លុប​ចោល​បំណុល​ជា​ច្រើន​ដែល​កម្ពុជា​បាន​ជំពាក់​តាំងពី​ទសវត្សរ៍​៨០​នោះ​មក ។ កម្ពុជា​បាន​ជំពាក់​លុយ​ប្រទេស​ឆេកូ​ពី​អតីតកាល​ចំនួន ៣​លាន​៦​សែន​ដុល្លារ​អាមេរិក ។

អនុ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​សាធារណរដ្ឋ​ឆេកូ លោក Tomas Zidek ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ កាលពី​ថ្ងៃ​អង្គារ ទី​១៣ ឧសភា កន្លងមក​នេះ ថា គេ​នឹង​ឲ្យ​កម្ពុជា​សង​វិញ​ប្រមាណ​តែ​១​លាន​វិញ ដែល​ស្មើ​នឹង​ចំនួន ២៣%​នៃ​ប្រាក់ជំពាក់​តែប៉ុណ្ណោះ ។

តម្លៃ​ទំនិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា

តម្លៃ​ទំនិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​នឹង​ដដែល​ក្នុង​សប្តាហ៍​នេះ ជាពិសេស​តម្លៃ​អង្ករ និង​ប្រេង​ឥន្ធនៈ ។

នៅ​ភ្នំពេញ​អង្ករ​ល្អ​លេខ​មួយ​ផ្កាម្លិះ​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​៤​ពាន់​រៀល និង​អង្ករ​បន្លាផ្តៅ តម្លៃ​ថោក​ជាងគេ គឺ​មួយ​គីឡូក្រាម​២២០០​រៀល ។ តម្លៃ​អង្ករ​នៅតាម​ខេត្ត​ថោក​ជាង​នៅ​ភ្នំពេញ ដូច​ជា​នៅ​ខេត្ត​បាត់ដំបង អង្ករ​ល្អ​លេខ​មួយ​ថ្លៃ​៣៥០០​រៀល ប៉ុន្តែ​នៅ​ខេត្ត​ពោធិ៍សាត់ តម្លៃ​អង្ករ​លេខ​មួយ ថ្លៃ​តែ​៣២០០​រៀល ថោក​ជាង​នៅ​បាត់ដំបង​ទៅ​ទៀត ។

ចំពោះ​ប្រេង​វិញ​តម្លៃ​ក៏​មិន​មាន​ឡើង​ចុះ​ដែរ ។ ប្រេងសាំង​ស៊ុបពែរ​មួយ​លីត្រ​ថ្លៃ​៥១០០​និង​ប្រេង​សាំង​ធម្មតា​ថ្លៃ​៥០០០​រៀល ។ សេចក្តី​រាយការណ៍​អំពី​តម្លៃ​ប្រេង​បាន​កត់សម្គាល់​ថា តម្លៃ​ប្រេង​នៅ​ស្ថានីយ​សូគីម៉ិច ក្នុង​មួយ​លីត្រ​មាន​តម្លៃ​ចុះ​ថោក​ជាង​គេ​៥០​រៀល គ្រប់​ប្រេង​នានា ។

អ្នក​ជំនាញ​សេដ្ឋកិច្ច​វិភាគ​បញ្ហា​ទំនិញ​ឡើង​ថ្លៃ

អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​រំពឹង​មើល​ចំពោះ​ស្ថានភាព​ទំនិញ​ឡើង​ថ្លៃ និង​សម្តែង​ក្តី​បារម្ភ​ថា តម្លៃ​អង្ករ​នឹង​អាច​ឡើងថ្លៃ​ថែម​ទៀត​នៅ​ក្នុង​រយៈពេល​២​ខែ​ខាង​មុខ​ទៀត​នេះ ។

ក្តី​បារម្ភ​នោះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​មើល​ឃើញ​ថា ស្ថានភាព​ទំនិញ​នៅតែ​ខ្ពស់ ហើយ​ទន្ទឹម​នឹង​នោះ មាន​កសិករ​ប្រមាណ​៦០%​អាច​មាន​អង្ករ​ក្នុង​ជង្រុក​ខ្លួនឯង​ទប់ទល់​បាន​តែ​ប្រមាណ​២​ខែ​ទៀត​តែ​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​ទិញ​អង្ករ​ពី​ផ្សារ​ដោយ​ខ្លួន​ឯង​ហើយ ។

ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​ខ្មែរ​បាន​ថ្លែង​ថា មាន​មធ្យោបាយ​មួយ​ដែរ​ដើម្បី​រារាំង​កុំ​ឲ្យ​តម្លៃ​អង្ករ​ឡើង​ថ្លៃ គឺ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​សាំង​ឡើង​ថ្លៃ ។

ពលរដ្ឋ​នៅ​ក្រុង​ព្រះសីហនុបារម្ភ​ខ្លាច​គម្រោង​អភិវឌ្ឍន៍​ធ្វើ​ឲ្យ​បាត់​បង់​ដី​

នៅ​ក្នុង​ក្រុង​ព្រះសីហនុ ប្រជារាស្ត្រ​មួយចំនួន​បារម្ភ​ខ្លាច​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ នឹង​ធ្វើ​ឲ្យ​បាត់​បង់​ដី​របស់​ពួកគេ​ចំនួន​៣២៧​ហិកតា ។

ប្រជាពលរដ្ឋ​ដែល​បារម្ភ​នឹង​ការ​បាត់​ដី​បាន​នាំគ្នា​មក​ភ្នំពេញ កាលពី​ថ្ងៃ​ពុធ ទី​១៤ ឧសភា ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ទូទាត់​សំណង ។ មិន​មាន​សេចក្តី​រាយការណ៍​ណា​មួយ​បញ្ជាក់​អំពី​ការ​ដោះស្រាយ​ចំពោះ​សេចក្តី​ទាមទារ​នោះ​ឡើយ ។

រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​១​សែន​ដុល្លារ​ដល់​ប្រទេស​ចិន

រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ប្រាក់​ចំនួន​១​សែន​ដុល្លារ ក្នុង​កិច្ច​បរិច្ចាគ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ក្នុង​ប្រទេស​ចិន​ច្រើន​ម៉ឺន​នាក់​ដែល​បាន​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ផែនដី ។ ប្រាក់​ឧបត្ថម្ភ​នោះ​បាន​ផ្តល់​តាមរយៈ​ស្ថាន​ទូត​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

នៅក្នុង​សប្តាហ៍​នេះ​ដែរ អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ បាន​បរិច្ចាគ​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ ដល់​ជនរង​គ្រោះ​ចិន រីឯ​ខាង​កាកបាទក្រហម​កម្ពុជា​វិញ ក៏​បាន​ជួយ​ផ្តល់​ប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ ចំពោះ​ប្រទេស​ចិន​នោះ​ផង​ដែរ ។

ក្រុម​សង្គមស៊ីវិល​ប្រគល់​ញត្តិ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដល់​រដ្ឋសភា

ក្រុម​អង្គការ​សង្គមស៊ីវិល​បាន​នាំគ្នា​ទៅ​ជួប​អ្នក​តំណាងរាស្ត្រ កាល​ពី​ថ្ងៃ​សុក្រ ទី​១៦ ឧសភា​កន្លងទៅ​នេះ ហើយ​បាន​ប្រគល់​ញត្តិ​និង​ស្នាម​ផ្តិត​មេ​ដៃ​ចុះ​ហត្ថលេខា​របស់​ប្រជាជន​ខ្មែរ​ជាង​១លាន​៩​ម៉ឺន​នាក់​ដែល​ប្រឆាំង​នឹង​អំពើ​ពុករលួយ ។

បំណង​នៃ​ការ​ប្រគល់​ញត្តិ​នោះ គឺ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ និង​រដ្ឋសភា​ជួយ​ពន្លឿន​ការ​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ។

រដ្ឋាភិបាល​គ្រោង​នឹង​បើក​សិទ្ធិ​រៀបការ​រវាង​ខ្មែរ​និង​បរទេស​ឡើង​វិញ

អនុក្រឹត្យ​អនុញ្ញាត​ឲ្យ​មាន​ការ​រៀបចំ​ធ្វើ​ពិធី​អាពាហ៍​ពិពាហ៍​រវាង​ខ្មែរ​ជាមួយ​និង​បរទេស​បាន​ធ្វើ​រួចរាល់​ហើយ ដែល​ញ៉ាំង​ឲ្យ​មតិ​នានា​រំពឹង​ថា រដ្ឋាភិបាល​គ្រោង​នឹង​បើក​សិទ្ធិ​បន្ទាប់ពី​បាន​ផ្អាក​អស់​រយៈពេល​ប្រមាណ​២​ខែ​មក​នេះ ។

ការ​ផ្អាក​មួយរយៈ​ចំពោះ​ការ​រៀបចំ​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​រវាង​ខ្មែរ​ជាមួយ​និង​ជនបរទេស​គឺ​នៅ​ក្រោយ​ពេល​ដែល​មាន​រឿង​អាស្រូវ​ជា​ច្រើន​បាន​កើត​ឡើង ជា​ពិសេស​ស្រ្តី​ខ្មែរ​ដែល​បាន​រៀបការ​ជាមួយ​បុរស​ជនជាតិ​កូរ៉េ និង​ជនជាតិ​ចិន​តៃវ៉ាន់ បាន​រងគ្រោះ​ដោយ​ស្ត្រី​ជាច្រើន​បាន​ត្អូញត្អែរ​ថា ពួកគាត់​ត្រូវ​បាន​គេ​យក​មក​ធ្វើបាប​ក្រោយ​បាន​រៀបការ​មក​រស់នៅ​ឯ​ក្រៅ​ប្រទេស​នោះ ។

នាយករដ្ឋមន្ត្រី​ថ្លែង​គាំទ្រ​និង​លើក​តម្កើង​វប្បធម៌​អ៊ិស្លាម

នាយករដ្ឋមន្ត្រី​ខ្មែរ​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ឧសភា​កន្លង​ទៅ ពី​ការ​គាំទ្រ​និង​លើក​តម្កើង​វប្បធម៌​អ៊ិស្លាម ។

លោក​នាយករដ្ឋមន្ត្រី​ដែល​បាន​ធ្វើ​កិច្ច​សម្ពោធ​វិហារ​អ៊ិស្លាម​មួយ​កន្លែង នា​ភាគ​ខាង​ជើង​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​បង្កើន​ឲ្យ​មាន​ការ​ផ្សាយ​វិទ្យុ​ជា​ភាសា​ចាម និង​គាំទ្រ​ឲ្យ​មាន​ការ​បង្កើត​កន្លែង​សាសនិក​អ៊ិស្លាម​ថ្វាយបង្គំ​នៅ​តាម​ទី​ព្រលាន​យន្តហោះ និង​នៅ​តាម​ទី​សាធារណៈ​នានា​មួយចំនួន​ទៀត​ផង ។

ក្មេងៗ​ជាច្រើន​នៅ​សង្កាត់​ទួលសង្កែ​មិន​ទៅ​រៀន​ទៀងទាត់​ព្រោះ​វក់​នឹង​ល្បែង

ក្មេងៗ​ជា​ច្រើន​នៅ​សង្កាត់​ទួលសង្កែ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ឪពុក​ម្តាយ​បាន​ត្អូញត្អែរ​ថា មិន​បាន​ទៅ​រៀន​ទៀងទាត់​ដោយសារ​តែ​ប្រព្រឹត្ត​ល្បែងពាលា បៀរ អាប៉ោង ដោយ​មិន​មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ ។

ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​នោះ​បាន​ចោទ​ថា ប៉ូលិស​មូលដ្ឋាន​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​ការ​ដើរ​ទៅ​ប្រមូល​យក​លុយ​សម្រាប់​ការពារ​ក្នុង​កន្លែង​លេង​ល្បែង​នានា​ទាំង​នោះ​ទៀត​ផង ។

អាជ្ញាធរ​ខេត្ត​រតនគិរី​ត្រៀម​រារាំង​ការ​ប៉ុនប៉ង​ដង្ហែ​ក្បួន​របស់​ក្រុម​ជនជាតិ​ភាគ​តិច

អាជ្ញាធរ​ខេត្ត​រតនគិរី​ត្រៀម​នឹង​ធ្វើ​សកម្មភាព​រារាំង​ចំពោះ​ការ​ប៉ុនប៉ង​ធ្វើ​ក្បួន​ដង្ហែ​តាម​ថ្នល់​របស់​ក្រុម​ជនជាតិ​ភាគ​តិច ប្រឆាំង​ទៅ​នឹង​ការ​កាប់​ព្រៃ​និង​ការ​រំលោភ​យក​ដីធ្លី​នៅ​ក្នុង​ខេត្ត​ភាគ​ឦសាន​កម្ពុជា​មួយ​នេះ ។

មន្ត្រី​សិទ្ធិមនុស្ស​នៅ​ក្នុង​ខេត្ត​បាន​ថ្លែង​ថា អាជ្ញាធរ​ខេត្ត​បាន​បដិសេធ​មិន​ឲ្យ​មាន​ការ​ដើរ​ដង្ហែ​ជា​ក្បួន​នៅ​ថ្ងៃ​ទី​២៣ ឧសភា​នោះ​ឡើយ ប៉ុន្តែ​បាន​យល់ព្រម​ឲ្យ​ក្រុម​អ្នក​ដែល​ចង់​ធ្វើ​កិច្ចការ​ជំទាស់​តវ៉ា​នោះ អាច​ជួប​ជុំ​គ្នា​ធ្វើ​នៅ​នឹង​កន្លែង​ទីស្នាក់ការ​របស់​អង្គការ​សិទ្ធិមនុស្ស ។

អ្នកស្រុក​នៅ​កំពង់ចាម​មក​តវ៉ា​រឿង​ដីធ្លី​ដល់​ភ្នំពេញ

អ្នកស្រុក​ប្រមាណ​២០០​នាក់​ពី​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម បាន​នាំគ្នា​មក​ទីក្រុង​ភ្នំពេញ ជួបជុំ​នៅ​មុខ​គេហដ្ឋាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​តវ៉ា​សុំ​ឲ្យ​លោក​ជួយធ្វើ​អន្តរាគមន៍​រឿង​ដីធ្លី​ទំហំ​ជាង ៨០០​ហិកតា ។

ប្រជាពលរដ្ឋ​បាន​ចោទ​ថា គេ​មិន​អាច​ប្រកប​មុខ​របរ​កសិកម្ម​នៅ​លើ​ដី​នោះ​បាន​ឡើយ​ដោយសារ​តែ​មាន​ការ​រារាំង​ពី​ក្រុមហ៊ុន​មួយ​ឈ្មោះ ឡុងស្រេង ។

តំណាង​ក្រុមហ៊ុន​ឈ្មោះ ហេង ឡុង បាន​និយាយថា​អ្វី​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​គឺ​ទៅ​តាម​តែ​កិច្ចសន្យា​ជាមួយ​នឹង​រដ្ឋាភិបាល​បាន​អនុញ្ញាត​តែ​ប៉ុណ្ណោះ ។

នៅ​មិន​ទាន់​មាន​ការ​ដោះស្រាយ​ចំពោះ​ការ​តវ៉ា​ទាមទារ​នោះ​នៅឡើយ​ទេ ៕