លោក កែវ និមល អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ១៣ ដល់ ១៩ តុលា ឆ្នាំ២០០៨។
កងទ័ពខ្មែរនិងថៃប្រយុទ្ធគ្នានៅតំបន់ក្បែរប្រាសាទព្រះវិហារ
កងទ័ពកម្ពុជានិងថៃបានបាញ់គ្នាប្រមាណ១ម៉ោង កាលពីថ្ងៃទី១៥ តុលា នៅបីចំណុចក្បែរប្រាសាទព្រះវិហារនៅខែត្រព្រះវិហារក្បែរព្រំដែនកម្ពុជាថៃ។
តាមមន្រ្តីក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ការផ្ទុះអាវុធនេះបានកើតមានឡើងនៅចំណុចវាលឥន្ត្រី នៅចំណុចភ្នំទ្រព្យ និងខាងកើតប្រាសាទព្រះវិហារនៅវេលាម៉ោងជាង២រសៀលថ្ងៃទី១៥ តុលា ហើយបានបណ្តាលឲ្យទាហានកម្ពុជាស្លាប់ចំនួន៣នាក់និងរងរបួសចំនួន២នាក់។ ចំណែកខាងទាហានថៃតាមតួលេខផ្លូវការថាមានរបួសចំនួន៧នាក់ ប៉ុន្តែតាមតួលេខក្រៅផ្លូវការបានឲ្យដឹងថា មានទាហានថៃចំនួន៦នាក់បានស្លាប់និងរងរបួសច្រើនជាង៧នាក់។
ក្រោយពីមានការបាញ់គ្នានោះមកនៅថ្ងៃទី១៦ តុលា មានការជួបចរចាគ្នារវាងមេបញ្ជាការនៃកងទ័ពទាំងពីរ ហើយបានសម្រុះសម្រួលគ្នាឲ្យមានការឈប់បាញ់ និងមានការឈរជើងកងទ័ពដូចមុនពេលមានការប្រយុទ្ធគ្នាវិញ តែការចូលចំណុចវាលឥន្រ្ទីបានត្រូវហាមប្រាមចំពោះកងទ័ពទាំងសងខាង។ ក្រោយការបាញ់គ្នានោះមានការបង្កើនចំនួនកងទ័ពឈរជើងនិងអាវុធធុនធ្ងន់ពីកងទ័ពទាំងភាគីកម្ពុជានិងភាគីថៃផងដែរ។
រដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃជួបប្រជុំគ្នាពីបញ្ហាវិវាទព្រំដែន
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានិងថៃបានជួបប្រជុំជាមួយគ្នាកាលពីថ្ងៃទី១៣ តុលា នៅប្រទេសកម្ពុជា អំពីបញ្ហាវិវាទព្រំដែនរវាងប្រទេសទាំងពីរ។
ការជួបចរចានោះមិនបានទទួលលទ្ធផលជាការដកទ័ពអ្វីនៅឡើយទេ ហើយក្រោយពេលមានការជួបចរចានោះមានការបាញ់គ្នានៅតំបន់ព្រំដែនប្រទេសទាំងពីរ ដោយនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានព្រមានឲ្យកងទ័ពថៃដកចេញពីតំបន់វាលឥន្រ្ទីដែលឋិតនៅក្នុងព្រំដែនប្រទេសកម្ពុជាក្បែរប្រាសាទព្រះវិហារឲ្យបានមុនវេលាថ្ងៃត្រង់ថ្ងៃទី១៤ តុលា។
លោក ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ការដែលទាហានថៃចូលមកកាន់កាប់វាលឥន្ទ្រីគឺជាការកាត់ផ្តាច់ផ្លូវចូលទៅកាន់ប្រាសាទព្រះវិហារពីខាងទឹកដីកម្ពុជាដែលជាការមិនអាចទទួលយកបានសម្រាប់ប្រទេសកម្ពុជា។
ចំណែករដ្ឋមន្ត្រីការបរទេសថៃបានថ្លែងប្រាប់អ្នកកាសែតក្នុងប្រទេសថៃថា ថៃមិនអាចដកកងទ័ពចេញពីតំបន់វាលឥន្ទ្រីនោះបានទេ ព្រោះទីនោះជាទឹកដីថៃផងដែរ។
ទំនាស់កម្ពុជាថៃនៅតំបន់ប្រាសាទព្រះវិហារបានកើតឡើងក្រោយពេលប្រទេសកម្ពុជាបានដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
សាលាក្តីខ្មែរក្រហមបន្តឃុំខ្លួន អៀង សារី
ចៅក្រមអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលហៅកាត់ជាសាមញ្ញថាសាលាក្តីខ្មែរក្រហម បានសម្រេចកាលពីថ្ងៃទី១៧ តុលា ឲ្យបន្តឃុំខ្លួនលោក អៀង សារី អតីតឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសនៃរបបខ្មែរក្រហមនៅមន្ទីរឃុំឃាំងក្នុងសាលាក្តីខ្មែរក្រហមជាបន្តទៀត។
ការសម្រេចនេះបានកើតមានឡើងក្រោយពេលមានពាក្យប្តឹងរបស់មេធាវីរបស់លោក អៀង សារី សុំឲ្យកូនក្តីនៅក្រៅឃុំដោយមូលហេតុសុខភាពចុះខ្សោយ។
ប្រធានអង្គបុរេជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហម លោកចៅក្រម ប្រាក់ គឹមសាន បានប្រកាសសាលដីកាថា ការសម្រេចបន្តឃុំខ្លួន លោក អៀង សារី ដោយបដិសេធការសុំឃុំខ្លួនបណ្ដោះអាសន្នក្នុងមន្ទីរពេទ្យនិងក្នុងផ្ទះឯកជននោះ ដើម្បីធានាវត្តមានក្នុងពេលដំណើរការកាត់ក្ដី សន្តិសុខរបស់ជនត្រូវចោទ និងធានាសណ្ដាប់ធ្នាប់សាធារណៈ។
លោក អាង ឧត្តម មេធាវីការពារក្ដីឲ្យលោក អៀង សារី បានមានប្រសាសន៍ថា ភាពចាស់ជរានិងស្ថានភាពជំងឺរបស់លោក អៀង សារី គួរតែទទួលបានការអនុញ្ញាតពីតុលាការឲ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងមន្ទីរពេទ្យឬឃុំខ្លួនក្នុងផ្ទះ ហើយថាការសម្រេចបដិសេធរបស់តុលាការមិនអាចទទួលយកបាន។
គណៈមេធាវីកម្ពុជាជ្រើសរើសបានប្រធានថ្មី
គណៈមេធាវីកម្ពុជាបានប្រជុំមហាសន្និបាតប្រចាំឆ្នាំនិងបោះឆ្នោតជ្រើសរើស លោក ជីវ សុងហាក់ ជាប្រធានគណៈមេធាវីអាណត្តិថ្មីទី៧។
លោក ជីវ សុងហាក់ បានជាប់ឆ្នោតដោយមានសំឡេងគាំទ្រចំនួន៣២៥សំឡេងក្នុងចំណោមអ្នកចូលរួមបោះឆ្នោតជាង៤០០នាក់ដែលបោះឆ្នោតកាលពីថ្ងៃទី១៦ តុលា។
បេក្ខជនប្រធានគណៈមេធាវីទាំងអស់សរុបមានចំនួន៣រូប ហើយ២រូបទៀតគឺមានលោកមេធាវី ពុធ ធាវី និងលោកមេធាវី អ៊ុក ភូរិ។
នាយករដ្ឋមន្ត្រីខ្មែរគ្រោងទៅចូលរួមកិច្ចប្រជុំអាស៊ានអឺរ៉ុបនៅប្រទេសចិន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី១៤ តុលា នៅក្នុងវេទិកាសន្និសីទសេដ្ឋកិច្ចអាស៊ីមួយនៅក្រុងភ្នំពេញថា លោកមានគម្រោងទៅប្រទេសចិនចូលរួមកិច្ចប្រជុំអាស៊ានអឺរ៉ុប (ASEM) នៅចុងខែតុលា ហើយនៅក្នុងឱកាសនោះលោកនាយករដ្ឋមន្រ្តីខ្មែរមានគម្រោងសុំខ្ចីប្រាក់ចិនចំនួន៣០០លានដុលា្លរអាមេរិក។
ព្រះមហាក្សត្រខ្មែរយាងទៅចូលរួមមហាសន្និបាតប្រទេសនិយាយភាសាបារាំងលើកទី១២
ព្រះមហាក្សត្រកម្ពុជា ព្រះបាទ បរមនាថ នរោត្តម សីហមុនី បានយាងចាកចេញពីប្រទេសទៅចូលរួមមហាសន្និបាតប្រទេសនិយាយភាសាបារាំងលើកទី១២ ដែលប្រព្រឹត្តទៅនៅប្រទេសកាណាដា កាលពីថ្ងៃទី១៥ តុលា។
យាងនិងជូនព្រះរាជដំណើររបស់ព្រះមហាក្សត្រដល់ព្រលានយន្តហោះភ្នំពេញ មានមន្រ្តីអ្នកដឹកនាំជាន់ខ្ពស់ជាច្រើនរូបដែលមានជាអាទិ លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ប្រទេសកម្ពុជាបានចូលជាសមាជិកសហគមន៍ប្រទេសនិយាយភាសាបារាំងកាលពីឆ្នាំ១៩៩១ ហើយបានក្លាយជាសមាជិកពេញសិទ្ធិនៅឆ្នាំ១៩៩៣។
តុលាការក្រុងភ្នំពេញកាត់ទោសអតីតទាហានខ្មែរក្រហម៤រូប
ចៅក្រមតុលាការក្រុងភ្នំពេញបានកាត់ទោសអតីតទាហានខ្មែរក្រហមចំនួន៤រូបឲ្យជាប់គុកម្នាក់ៗចន្លោះពី១០ឆ្នាំទៅ២០ឆ្នាំ ពីបទបានពាក់ព័ន្ធជាមួយការសម្លាប់អ្នកដោះមីនសញ្ជាតិអង់គ្លេសមួយរូបនិងអ្នកបកប្រែរបស់គាត់នៅខែត្រសៀមរាបកាលពីឆ្នាំ១៩៩៦។
លោក ឃឹម ងន អាយុ៥៨ឆ្នាំ ដែលជាអតីតអនុប្រធានតាម៉ុក ហើយក្រោយមកបានចុះចូលជាមួយរដ្ឋាភិបាលបានទទួលឋានៈជាឧត្តមសេនីយ៍ត្រីនោះត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ។ ចំណែកមនុស្ស៣នាក់ទៀតដែលកាត់ទោសឲ្យជាប់ទោសដែរនោះមានឈ្មោះ លុច ម៉ៅ, ពុត លឹម និង ស៊ីន ដន។
លោក Christopher Howes និងអ្នកបកប្រែរបស់គាត់សញ្ជាតិខ្មែរ ឈ្មោះ ហួន ហួត បានត្រូវពួកទាហានខ្មែរក្រហមចាប់ខ្លួន និងសម្លាប់ចោលក្នុងពេលបំពេញបេសកកម្មដោះមីននៅក្បែរប្រាសាទអង្គរវត្ត ខែត្រសៀមរាប កាលពីឆ្នាំ១៩៩៦។
ជម្លោះរវាងកម្មករក្រុមសាមគ្គីនិងប៉ូលិសនៅខែត្ររតនគិរី
ប៉ូលិសខែត្ររតនគិរីបានបាញ់ទម្លាយកង់រថយន្តមួយដែលដឹកកៅស៊ូខុសច្បាប់នៅខែត្ររតនគិរី កាលពីថ្ងៃទី១៥ តុលា ហើយក្រោយមកកម្មករដែលដឹកកៅស៊ូខុសច្បាប់នោះរួមជាមួយបក្សពួកបានដុតឡាននោះចោល។
ទំនាស់បាញ់ឡាននិងដុតឡានចោលនោះបានកើតមានឡើងរវាងកម្មករសមាជិកក្រុមសាមគ្គីដែលបានដឹកជ័រកៅស៊ូយកទៅលក់រំលោភលើកុងត្រាក្រុមហ៊ុនកៅស៊ូឈ្មោះ តាយសេង ដែលមានសិទ្ធិទទួលទិញផ្តាច់មុខជ័រកៅស៊ូដែលផលិតនៅក្នុងដីចម្ការដែលខ្លួនទទួលកុងត្រាពីរដ្ឋ។
ក្រុមកម្មករបានចោទប្រកាន់ថា ក្រុមហ៊ុនតាយសេងបានឲ្យតម្លៃជ័រកៅស៊ូថោក បានជាគេដឹកជ័រកៅស៊ូយកទៅលក់នៅកន្លែងផ្សេងដែលហ៊ានឲ្យតម្លៃខ្ពស់ជាងក្រុមហ៊ុន។
ចំណែកក្រុមហ៊ុនកៅស៊ូតាយសេងបានលើកឡើងថា គេមិនអាចទទួលទិញជ័រកៅស៊ូក្នុងតម្លៃដូចផ្សារសេរីបានទេ ព្រោះគេមានកាតព្វកិច្ចត្រូវបង់ពន្ធជូនរដ្ឋ និងចំណាយប្រាក់ឈ្នួលកម្មករទៀតផង។
ដោយសារកម្មករសមាជិកក្រុមសាមគ្គីនៅតែរំលោភដឹកជ័រទៅលក់នោះ បានក្រុមហ៊ុនតាយសេងសុំឲ្យប៉ូលិសនិងអាជ្ញាធរជួយឃាត់រថយន្តដឹកជ័រកៅស៊ូនោះ ហើយការប៉ះទង្គិចបានកើតមានឡើងទើបមានការបាញ់ឃាត់និងការដុតរថយន្តដឹកជ័រកៅស៊ូនោះ៕
