ព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍នេះរួមមាន គ.ជ.ប.បានធ្វើការចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត និងព័ត៌មានផ្សេងៗដទៃទៀត ។
គ.ជ.ប.ធ្វើការចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោតកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៨ ។
លោក ជា មករា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ២៦ ឧសភា ដល់ ១ មិថុនា ឆ្នាំ២០០៨ ។
គ.ជ.ប.ចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅព្រឹកថ្ងៃសុក្រនេះ បានធ្វើការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកក្កដាខាងមុខនេះ ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក អ៊ឹម សួស្ដី បានមានប្រសាសន៍នៅក្នុងពិធីចាប់ឆ្នោតនោះថា ការចាប់ឆ្នោតដើម្បីកំណត់លេខរៀងឈ្មោះគណបក្សនយោបាយ គឺជួយបង្កលក្ខណៈងាយស្រួលសម្រាប់គណបក្សនីមួយៗក្នុងការឃោសនា និងជួយឲ្យអ្នកបោះឆ្នោតកាន់តែមានភាពងាយស្រួលក្នុងការចំណាំគណបក្សដែលខ្លួនស្រឡាញ់ ។
លទ្ធផលនៃការចាប់ឆ្នោតយកលំដាប់លេខរៀងនោះ មានដូចតទៅ ៖ លេខរៀងទី១ គឺគណបក្ស នរោត្តម រណឫទ្ធិ, លេខ២ គណបក្ស ប្រជាធិបតេយ្យខ្មែរ, លេខ៣ គណបក្ស សម័្ពន្ធដើម្បីប្រជាធិបតេយ្យ, លេខ៤ គណបក្ស ប្រជាជនកម្ពុជា, លេខ៥ គណបក្ស ខ្មែរឈប់ក្រ, លេខ៦ គណបក្ស ខ្មែរសាធារណរដ្ឋ, លេខ៧ គណបក្ស សង្គមយុត្តិធម៌, លេខ៨ គណបក្ស ហ៊្វុនស៊ិនប៉ិច, លេខ៩ គណបក្ស សមរង្ស៊ី, លេខ១០ គណបក្ស ហង្សដារ៉ាចលនាប្រជាធិបតេយ្យ និងលេខ ១១ គណបក្ស សិទ្ធិមនុស្ស ។
ហ៊ុន សែន ប្រកាសឲ្យបក្សនយោបាយត្រៀមខ្លួនទទួលស្គាល់លទ្ធផលបោះឆ្នោត
ប្រមុខដឹកនាំខ្មែរ លោក ហ៊ុន សែន ប្រកាសកាលពីថ្ងៃពុធ ទី២៨ ឧសភាកន្លងទៅ ឲ្យគណបក្សនយោបាយនានាត្រៀមខ្លួនទទួលស្គាល់លទ្ធផលនៅក្រោយការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០០៨នេះ ប៉ុន្តែត្រូវមេដឹកនាំគណបក្សនយោបាយនានារិះគន់ថា លោក ហ៊ុន សែន ត្រូវធ្វើគំរូល្អជាមុនសិន ។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានថ្លែងប្រតិកម្មប្រហាក់ប្រហែលគ្នាថា លោក ហ៊ុន សែន មិនត្រូវបង្ខំឲ្យគេឲ្យទទួលស្គាល់ នៅខណៈពេលការបោះឆ្នោតជាតិ មិនទាន់ខិតចូលមកដល់នោះទេ ។
នាយករដ្ឋមន្ត្រីរិះគន់អ្នកនយោបាយដែលប្រើឥទ្ធិពលអាមេរិកនិងអឺរ៉ុប
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃច័ន្ទកន្លងទៅ បានថ្លែងរិះគន់មិនចំឈ្មោះចំពោះអ្នកនយោបាយមួយចំនួន ដែលប្រើប្រាស់ឥទ្ធិពលសហរដ្ឋអាមេរិក និងអឺរ៉ុប ដើម្បីទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោត និងដើម្បីគំរាមកំហែងមកលើគណបក្សប្រជាជនកម្ពុជារបស់លោក ដែលកំពុងកាន់អំណាចជិត៣០ឆ្នាំមកហើយនោះ ។
ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំឭកឡើងវិញផងដែរ នូវបទពិសោធន៍អតីតកាលរបស់លោកសេនាប្រមុខ លន់ នល់ និងមេគណបក្សនយោបាយមួយចំនួន ដែលបានបរាជ័យនៅក្នុងការពឹងពាក់បរទេស រួមទាំងសហរដ្ឋអាមេរិកផង នៅអំឡុងសម័យសង្គ្រាមនាទសវត្សរ៍ឆ្នាំ១៩៧០ និងក្នុងដំណាក់កាលការបោះឆ្នោតជាបន្តបន្ទាប់ កន្លងមកនេះ ។
ប្រជាជន៧៧%យល់ថា កម្ពុជាកំពុងដើរលើទិសដៅត្រឹមត្រូវ
វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ បានចេញផ្សាយលទ្ធផលនៃការអង្កេតរបស់ខ្លួន កាលពីថ្ងៃទី២៧ ឧសភា កន្លងទៅថា មានប្រជាជនចំនួន ៧៧% យល់ថាប្រទេសកម្ពុជាកំពុងដើរលើទិសដៅត្រឹមត្រូវ ។
មន្ត្រីគណបក្សសមរង្ស៊ី និងគណបក្ស នរោត្តម រណឫទ្ធិ សុទ្ធតែមិនទទួលស្គាល់លទ្ធផលនៃការអង្កេតនោះ ។ ចំណែកឯមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចវិញ យល់ថាលទ្ធផលនៃការអង្កេតនោះ គឺជាការត្រឹមត្រូវ ។ មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចវិញបានមានប្រសាសន៍ថា ប្រជាពលរដ្ឋសុទ្ធតែបានដឹងពីអ្វីដែលរដ្ឋាភិបាលកំពុងធ្វើជាក់ស្ដែង ។
សមាជិកបក្សសមរង្ស៊ី១១រូបចុះចូលជាមួយបក្សប្រជាជន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅ បានប្រកាសថា សមាជិកគណបក្សសមរង្ស៊ីចំនួន១១រូប ដែលក្នុងនោះរួមមានទាំងបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតខាងមុខផង បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ។ ក្នុងចំណោមអ្នកចុះចូលទាំងនោះក៏ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំងធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាលបច្ចុប្បន្នផងដែរ ។
ប្រធានគណបក្សសមរង្ស៊ី គឺលោក សម រង្ស៊ី បានរិះគន់ថា ការប្រើប្រាស់ថវិកាជាតិសម្រាប់តំណែងនៃក្រុមអ្នកចុះចូលទាំងនោះ គឺជារឿងមិនត្រឹមត្រូវ ។
ព្រះមហាក្សត្រនិងព្រះមហាក្សត្រិយានីម៉ាឡេស៊ី យាងមកទស្សនកិច្ចនៅកម្ពុជា
ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីនៃប្រទេសម៉ាឡេស៊ី បានយាងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីថ្ងៃពុធ ទី២៨ ឧសភាកន្លងមកនេះ ។
ព្រះបាទ Sultan Mizan Zainal Abidin (ស៊ុលតង់ មីហ្សាន ហ្សាយណាល់ អាពីទីន) និងព្រះមហាក្សត្រិយានី Nur Zahirah (នរ សាហ៊ីរ៉ស់) នៃប្រទេសម៉ាឡេស៊ី បានយាងមកធ្វើទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា ក្រោមការយាងរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ។
មន្ត្រីក្រសួងការបរទេសខ្មែរបានឲ្យដឹងថា ព្រះរាជដំណើរទស្សនកិច្ចព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី នៃប្រទេសម៉ាឡេស៊ីនៅប្រទេសកម្ពុជា គឺដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ។
ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីនៃប្រទេសម៉ាឡេស៊ី បានធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ឧសភា ហើយព្រះអង្គក៏បានយាងទៅទស្សនាប្រាសាទអង្គរវត្ត នៅឯខេត្តសៀមរាបផងដែរ ។
ឧត្តមសេនីយ៍ត្រី ជា រដ្ឋា កំពុងលាក់ខ្លួននៅក្នុងប្រទេសថៃ
សេចក្ដីរាយការណ៍ពីប្រភពមន្ត្រី Interpolខ្មែរ បានឲ្យដឹងថា នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកស្រីឧត្តមសេនីយ៍ត្រី ជា រដ្ឋា កំពុងតែលាក់ខ្លួននៅក្នុងប្រទេសថៃ ។
លោកស្រីឧត្តមសេនីយ៍ត្រី ជា រដ្ឋា ត្រូវគេចោទថា គឺជាជនសង្ស័យនៅពីក្រោយការជះទឹកអាស៊ីដដាក់ម្តាយមីងកញ្ញា អ៊ិន សុខលីដា ដែលជាអតីតបវរកញ្ញាទេសចរណ៍អន្តរជាតិឆ្នាំ២០០២ ហើយករណីនោះហើយដែលបានញ៉ាំងឲ្យអតីតបវរកញ្ញា អ៊ិន សុខលីដា ត្រូវរស់ក្នុងសភាពភ័យខ្លាចនិងលាក់ខ្លួនមិនហ៊ានបញ្ចេញមុខ ។
តុលាការខ្មែរបានចេញដីកាចាប់ខ្លួនឧត្តមសេនីយត្រី ជា រដ្ឋា កាលពីថ្ងៃទី១៧ ឧសភា ប៉ុន្តែលោកស្រីឧត្តមសេនីយ៍ត្រី ជា រដ្ឋា ត្រូវគេរាយការណ៍ថាបានរត់ភៀសខ្លួន ។
ក្រសួងព័ត៌មានសម្រេចបិទការផ្សាយរបស់វិទ្យុអង្គររដ្ឋា
ក្រសួងព័ត៌មានបានចេញលិខិតបិទការផ្សាយរបស់វិទ្យុអង្គររដ្ឋា FM105.25 MHz នៅឯខេត្តក្រចេះ កាលពីថ្ងៃទី២៩ ឧសភាកន្លងទៅ ដោយចោទប្រកាន់ថា វិទ្យុនេះមិនគោរពតាមកិច្ចសន្យារបស់ក្រសួង ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា វិទ្យុអង្គររដ្ឋា បានប្រមាថដល់ក្រសួងដោយបានលក់ម៉ោងផ្សាយ ហើយមិនបានមកសុំការអនុញ្ញាតពីក្រសួងឡើយ ។
កម្ពុជាដាក់បញ្ចូលតែតួប្រាសាទព្រះវិហារប៉ុណ្ណោះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទកន្លងទៅថា ប្រទេសកម្ពុជាយល់ព្រមដាក់បញ្ចូលតែតួប្រាសាទព្រះវិហារប៉ុណ្ណោះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយមិនទាន់រាប់បញ្ចូលតំបន់ដែលនៅជុំវិញប្រាសាទ ដែលកំពុងតែមានទំនាស់នោះនៅឡើយទេ ។
លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺមិនទាក់ទងទៅនឹងបញ្ហាព្រំដែនឡើយ ហើយសំណើនៃការដាក់បញ្ចូលនោះ នឹងត្រូវបានបញ្ជូនទៅឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅខែកក្កដាខាងមុខ ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានមានប្រសាសន៍ថា ភាគីកម្ពុជានឹងគូសផែនទីថ្មី ដែលហៅថា ផែនទីបរិវេណប្រាសាទព្រះវិហារដើម្បីកំណត់ទីតាំងដែលត្រូវបញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយថា នៅថ្ងៃទី៦ មិថុនា ឆ្នាំ២០០៨ ផែនទីថ្មីនេះនឹងត្រូវបញ្ជូនទៅឲ្យប្រទេសថៃនិងអង្គការយូណេស្កូ ដើម្បីធ្វើការពិចារណា ។
អ្នកតវ៉ាបញ្ហាដីធ្លីជាង១០០នាក់មកដល់ទីក្រុងភ្នំពេញ
ប្រជាពលរដ្ឋប្រមាណ១០០នាក់ដែលបានធ្វើដំណើរដោយថ្មើរជើងពីបាត់ដំបងបានមកដល់ទីក្រុងភ្នំពេញកាលពីយប់ថ្ងៃទី២៨ ឧសភាកន្លងទៅ ហើយបានបន្តដំណើរដោយថ្មើរជើងទៅផ្ទះលោកនាយករដ្ឋមន្ត្រីខ្មែរ នៅរសៀលថ្ងៃព្រហស្បតិ៍នោះទៀតដើម្បីតវ៉ារឿងដីធ្លី ។
ប្រជាពលរដ្ឋទាំងនោះអះអាងថា ពួកគាត់គ្មានជំនឿលើតុលាការនិងអាជ្ញាធរខេត្តបាត់ដំបង ក្នុងការដោះស្រាយទំនាស់ដីធ្លីឲ្យពួកគាត់ ហើយថាលោកនាយករដ្ឋមន្រ្តីខ្មែរទេ ដែលអាចដោះស្រាយបញ្ហាដីធ្លីឲ្យពួកគាត់បាន ។
រហូតមកទល់នឹងថ្ងៃ ៣០ ខែឧសភានេះ ប្រជាពលរដ្ឋទាំងនោះមិនទាន់យល់ព្រមត្រឡប់ទៅកាន់ផ្ទះរបស់ពួកគាត់វិញឡើយ បើទោះបីជាខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ជួយដោះស្រាយក៏ដោយចុះ ។
រដ្ឋាភិបាលនឹងចំណាយប្រាក់៣០០លានដុល្លារដើម្បីទប់តម្លៃសាំង
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គាត ឈន់ បានឲ្យដឹងថា រដ្ឋាភិបាលនឹងចំណាយប្រាក់ទាំងអស់ ៣០០លានដុល្លារ នៅឆ្នាំ២០០៨នេះ ដើម្បីទប់តម្លៃសាំងកុំឲ្យឡើងថ្លៃហួសពេក ។
លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះរដ្ឋាភិបាលនៅតែបន្តយកពន្ធសាំងក្នុងអត្រាដដែល គឺ ៣០៩ដុល្លារអាមេរិកសម្រាប់សាំងមួយតោន និង ២៦៧ដុល្លារសម្រាប់ម៉ាហ្ស៊ូត ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ២៥ ដល់ ៣១ សីហា
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ១៨ ដល់ ២៤ សីហា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ១១ ដល់ ១៧ សីហា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ៤ ដល់ ១០ សីហា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ២៨ កក្កដា ដល់ ៣ សីហា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ២១ ដល់ ២៧ កក្កដា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ១៤ ដល់ ២០ កក្កដា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ៧ ដល់ ១៣ កក្កដា ២០០៨
សង្ខេបព័ត៌មានប្រចាំសប្ដាហ៍ ថ្ងៃ ៣០ មិថុនា ដល់ ៦ កក្កដា ២០០៨