សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៦ ឧសភា ដល់ ១ មិថុនា ២០០៨

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួមមាន គ.ជ.ប.​បាន​ធ្វើការ​ចាប់​ឆ្នោត​កំណត់​លំដាប់​លេខរៀង​ឈ្មោះ​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹក​ឆ្នោត និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត ។

0:00 / 0:00

លោក ជា មករា អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ២៦ ឧសភា ដល់ ១ មិថុនា ឆ្នាំ​២០០៨ ។

គ.ជ.ប.​ចាប់​ឆ្នោត​កំណត់​លំដាប់​លេខរៀង​ឈ្មោះ​គណបក្ស​នយោបាយ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ធ្វើការ​ចាប់​ឆ្នោត​ដើម្បី​កំណត់​លំដាប់​លេខរៀង​ឈ្មោះ​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹក​ឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា​ខាង​មុខ​នេះ ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក អ៊ឹម សួស្ដី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ចាប់​ឆ្នោត​នោះ​ថា ការ​ចាប់ឆ្នោត​ដើម្បី​កំណត់​លេខរៀង​ឈ្មោះ​គណបក្ស​នយោបាយ គឺ​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​គណបក្ស​នីមួយៗ​ក្នុង​ការ​ឃោសនា និង​ជួយ​ឲ្យ​អ្នក​បោះឆ្នោត​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចំណាំ​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់ ។

លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​យក​លំដាប់​លេខរៀង​នោះ មាន​ដូច​ត​ទៅ ៖ លេខ​រៀង​ទី​១ គឺ​គណបក្ស នរោត្តម រណឫទ្ធិ, លេខ​២ គណបក្ស ប្រជាធិបតេយ្យ​ខ្មែរ, លេខ​៣ គណបក្ស សម័្ពន្ធ​ដើម្បី​ប្រជាធិបតេយ្យ, លេខ​៤ គណបក្ស ប្រជាជន​កម្ពុជា, លេខ​៥ គណបក្ស ខ្មែរ​ឈប់​ក្រ, លេខ​៦ គណបក្ស ខ្មែរ​សាធារណរដ្ឋ, លេខ​៧ គណបក្ស សង្គម​យុត្តិធម៌, លេខ​៨ គណបក្ស ហ៊្វុនស៊ិនប៉ិច, លេខ​៩ គណបក្ស សមរង្ស៊ី, លេខ​១០ គណបក្ស ហង្សដារ៉ា​ចលនា​ប្រជាធិបតេយ្យ និង​លេខ ​១១ គណបក្ស សិទ្ធិមនុស្ស ។

ហ៊ុន សែន ប្រកាស​ឲ្យ​បក្ស​នយោបាយ​ត្រៀម​ខ្លួន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត

ប្រមុខ​ដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ប្រកាស​កាលពី​ថ្ងៃ​ពុធ ទី​២៨ ឧសភា​កន្លងទៅ ឲ្យ​គណបក្ស​នយោបាយ​នានា​ត្រៀម​ខ្លួន​ទទួល​ស្គាល់​លទ្ធផល​នៅ​ក្រោយ​ការបោះឆ្នោត​តំណាង​រាស្រ្ត​ឆ្នាំ​២០០៨​នេះ ប៉ុន្តែ​ត្រូវ​មេ​ដឹកនាំ​គណបក្ស​នយោបាយ​នានា​រិះគន់​ថា លោក ហ៊ុន សែន ត្រូវ​ធ្វើ​គំរូ​ល្អ​ជាមុន​សិន ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​ថ្លែង​ប្រតិកម្ម​ប្រហាក់​ប្រហែល​គ្នា​ថា លោក ហ៊ុន សែន មិន​ត្រូវ​បង្ខំ​ឲ្យ​គេ​ឲ្យ​ទទួលស្គាល់ នៅ​ខណៈពេល​ការ​បោះ​ឆ្នោត​ជាតិ មិន​ទាន់​ខិត​ចូល​មកដល់​នោះ​ទេ ។

នាយក​រដ្ឋមន្ត្រី​រិះគន់​អ្នក​នយោបាយ​ដែល​ប្រើ​ឥទ្ធិពល​អាមេរិក​និង​អឺរ៉ុប

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ បាន​ថ្លែង​រិះគន់​មិន​ចំ​ឈ្មោះ​ចំពោះ​អ្នក​នយោបាយ​មួយ​ចំនួន ដែល​ប្រើប្រាស់​ឥទ្ធិពល​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត និង​ដើម្បី​គំរាម​កំហែង​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ដែល​កំពុង​កាន់​អំណាច​ជិត​៣០​ឆ្នាំ​មក​ហើយ​នោះ ។

ជាមួយ​គ្នា​នេះ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​រំឭក​ឡើង​វិញ​ផងដែរ នូវ​បទពិសោធន៍​អតីតកាល​របស់​លោក​សេនាប្រមុខ លន់ នល់ និង​មេ​គណបក្ស​នយោបាយ​មួយ​ចំនួន ដែល​បាន​បរាជ័យ​នៅ​ក្នុង​ការ​ពឹងពាក់​បរទេស រួមទាំង​សហរដ្ឋ​អាមេរិក​ផង នៅ​អំឡុង​សម័យ​សង្គ្រាម​នា​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​ក្នុង​ដំណាក់កាល​ការ​បោះ​ឆ្នោត​ជា​បន្តបន្ទាប់ កន្លង​មក​នេះ ។

ប្រជាជន​៧៧%​យល់​ថា កម្ពុជា​កំពុង​ដើរ​លើ​ទិសដៅ​ត្រឹមត្រូវ

វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ បាន​ចេញ​ផ្សាយ​លទ្ធផល​នៃ​ការ​អង្កេត​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២៧ ឧសភា កន្លង​ទៅ​ថា មាន​ប្រជាជន​ចំនួន ៧៧% យល់​ថា​ប្រទេស​កម្ពុជា​កំពុង​ដើរ​លើ​ទិសដៅ​ត្រឹមត្រូវ ។

មន្ត្រី​គណបក្ស​សមរង្ស៊ី និង​គណបក្ស នរោត្តម រណឫទ្ធិ សុទ្ធតែ​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​អង្កេត​នោះ ។ ចំណែក​ឯ​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ យល់​ថា​លទ្ធផល​នៃ​ការ​អង្កេត​នោះ គឺ​ជា​ការ​ត្រឹមត្រូវ ។ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​វិញ​បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​សុទ្ធតែ​បាន​ដឹង​ពី​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ជាក់ស្ដែង ។

សមាជិក​បក្ស​សមរង្ស៊ី​១១​រូប​ចុះចូល​ជាមួយ​បក្ស​ប្រជាជន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ បាន​ប្រកាស​ថា សមាជិក​គណបក្ស​សមរង្ស៊ី​ចំនួន​១១​រូប ដែល​ក្នុង​នោះ​រួម​មាន​ទាំង​បេក្ខជន​តំណាងរាស្ត្រ សម្រាប់​ការ​បោះ​ឆ្នោត​​ខាង​មុខ​ផង បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។ ក្នុង​ចំណោម​អ្នក​ចុះចូល​ទាំង​នោះ​ក៏​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតាំង​ធ្វើ​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ផងដែរ ។

ប្រធាន​គណបក្ស​សមរង្ស៊ី គឺ​លោក សម រង្ស៊ី បាន​រិះគន់​ថា ការ​ប្រើប្រាស់​ថវិកា​ជាតិ​សម្រាប់​តំណែង​នៃ​ក្រុម​អ្នក​ចុះចូល​ទាំង​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ ។

ព្រះ​មហាក្សត្រ​និង​ព្រះ​មហាក្សត្រិយានី​ម៉ាឡេស៊ី យាង​មក​ទស្សនកិច្ច​នៅ​កម្ពុជា

ព្រះ​មហាក្សត្រ និង​ព្រះ​មហាក្សត្រិយានី​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​យាង​មក​ធ្វើទស្សនកិច្ចនៅប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ពុធ ទី​២៨ ឧសភាកន្លងមក​នេះ ។

ព្រះបាទ Sultan Mizan Zainal Abidin (ស៊ុលតង់ មីហ្សាន ហ្សាយណាល់ អាពីទីន) និង​ព្រះ​មហាក្សត្រិយានី Nur Zahirah (នរ សាហ៊ីរ៉ស់) នៃ​ប្រទេស​ម៉ាឡេស៊ី បាន​យាង​មក​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា ក្រោម​ការ​យាង​របស់​ព្រះ​មហាក្សត្រ​​ខ្មែរ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ។

មន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ព្រះ​មហាក្សត្រ និង​ព្រះ​មហាក្សត្រិយានី នៃ​ប្រទេស​ម៉ាឡេស៊ី​នៅ​ប្រទេស​កម្ពុជា គឺ​ដើម្បី​ពង្រឹង​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី ។

ព្រះ​មហាក្សត្រ និង​ព្រះ​មហាក្សត្រិយានី​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ ឧសភា ហើយ​ព្រះអង្គ​ក៏បាន​យាង​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ឯ​ខេត្ត​សៀមរាប​ផងដែរ ។

ឧត្តមសេនីយ៍​ត្រី ជា រដ្ឋា កំពុង​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ

សេចក្ដី​រាយការណ៍​ពី​ប្រភព​មន្ត្រី Interpol​ខ្មែរ ​បាន​ឲ្យ​ដឹង​ថា នាយ​រង​សេនាធិការ​កង​រាជអាវុធហត្ថ​លើ​​ផ្ទៃ​ប្រទេស លោកស្រី​ឧត្តមសេនីយ៍​ត្រី ជា រដ្ឋា កំពុងតែ​លាក់ខ្លួន​នៅក្នុង​ប្រទេស​ថៃ ។

លោកស្រី​ឧត្តមសេនីយ៍​ត្រី ជា រដ្ឋា ត្រូវ​គេ​ចោទ​ថា​ គឺ​ជា​ជនសង្ស័យ​នៅ​ពី​ក្រោយ​ការ​ជះ​ទឹក​អាស៊ីដ​ដាក់​ម្តាយ​មីង​កញ្ញា អ៊ិន សុខលីដា ដែល​ជា​អតីត​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ​ឆ្នាំ​២០០២ ហើយ​ករណី​នោះ​ហើយ​ដែល​បាន​ញ៉ាំង​ឲ្យ​អតីត​បវរកញ្ញា អ៊ិន សុខលីដា ត្រូវ​រស់​ក្នុង​សភាព​ភ័យខ្លាច​និង​លាក់ខ្លួន​មិន​ហ៊ាន​បញ្ចេញ​មុខ ។

តុលាការ​ខ្មែរ​បាន​ចេញ​ដីកា​ចាប់ខ្លួន​ឧត្តមសេនីយ​ត្រី ជា រដ្ឋា កាលពី​ថ្ងៃ​ទី​១៧ ឧសភា ប៉ុន្តែ​លោកស្រី​ឧត្តមសេនីយ៍​ត្រី ជា រដ្ឋា ត្រូវ​គេ​រាយការណ៍​ថា​បាន​រត់​ភៀស​ខ្លួន ។

ក្រសួង​ព័ត៌មាន​សម្រេច​បិទ​ការ​ផ្សាយ​របស់​វិទ្យុ​អង្គរ​រដ្ឋា

ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិត​បិទ​ការផ្សាយ​របស់​វិទ្យុ​អង្គរ​រដ្ឋា FM105.25 MHz នៅឯ​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២៩ ឧសភា​កន្លងទៅ ដោយ​ចោទ​ប្រកាន់​ថា វិទ្យុ​នេះ​មិន​គោរព​តាម​កិច្ចសន្យា​របស់​ក្រសួង ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា វិទ្យុ​អង្គររដ្ឋា បាន​ប្រមាថ​ដល់​ក្រសួង​ដោយ​បាន​លក់​ម៉ោង​ផ្សាយ ហើយ​មិន​បាន​មក​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ឡើយ ។

កម្ពុជា​ដាក់​បញ្ចូល​តែ​តួ​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក

រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ថា ប្រទេស​កម្ពុជា​យល់ព្រម​ដាក់​បញ្ចូល​តែ​តួ​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដោយ​មិន​ទាន់​រាប់​បញ្ចូល​តំបន់​ដែល​នៅ​ជុំវិញ​ប្រាសាទ ដែល​កំពុងតែ​មាន​ទំនាស់​នោះ​នៅ​ឡើយ​ទេ ។

លោក​ឧប​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​មិន​ទាក់ទង​ទៅ​នឹង​បញ្ហា​ព្រំដែន​ឡើយ ហើយ​សំណើ​នៃ​ការ​ដាក់​បញ្ចូល​នោះ នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ខែ​កក្កដា​ខាង​មុខ ។

លោក​ឧប​នាយក​រដ្ឋមន្ត្រី សុខ អាន ក៏​បាន​មាន​ប្រសាសន៍​ថា ភាគី​កម្ពុជា​នឹង​គូស​ផែនទី​ថ្មី ដែល​ហៅ​ថា ផែនទី​បរិវេណ​ប្រាសាទ​ព្រះវិហារ​ដើម្បី​កំណត់​ទីតាំង​ដែល​ត្រូវ​បញ្ជូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ហើយ​ថា នៅ​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០០៨ ផែនទី​ថ្មី​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ប្រទេស​ថៃ​និង​អង្គការ​យូណេស្កូ ដើម្បី​ធ្វើការ​ពិចារណា ។

អ្នក​តវ៉ា​បញ្ហា​ដីធ្លី​ជាង​១០០​នាក់​មក​ដល់​ទីក្រុង​ភ្នំពេញ

ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​ដែល​បាន​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ពី​បាត់ដំបង​បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​​កាលពី​យប់​ថ្ងៃ​ទី​២៨ ឧសភា​កន្លង​ទៅ ហើយ​បាន​បន្ត​ដំណើរ​ដោយ​ថ្មើរជើង​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ នៅ​រសៀល​​ថ្ងៃព្រហស្បតិ៍​នោះ​ទៀត​ដើម្បី​តវ៉ា​រឿង​ដី​ធ្លី ។

ប្រជាពលរដ្ឋ​ទាំង​នោះ​អះអាង​ថា ពួក​គាត់​គ្មាន​ជំនឿ​លើ​តុលាការ​និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ឲ្យ​ពួកគាត់ ហើយ​ថា​លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ​ទេ ដែល​អាច​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពួក​គាត់​បាន ។

រហូត​មក​ទល់​នឹង​ថ្ងៃ ៣០ ខែ​ឧសភា​នេះ ប្រជាពលរដ្ឋ​ទាំង​នោះ​មិន​ទាន់​យល់ព្រម​ត្រឡប់​ទៅ​កាន់​ផ្ទះ​របស់​ពួកគាត់​វិញ​ឡើយ បើទោះបី​ជា​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ជួយ​ដោះស្រាយ​ក៏ដោយ​ចុះ ។

រដ្ឋាភិបាល​នឹង​ចំណាយ​ប្រាក់​៣០០​លាន​ដុល្លារ​ដើម្បី​ទប់​តម្លៃ​សាំង

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គាត ឈន់ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​នឹង​ចំណាយ​ប្រាក់​ទាំងអស់ ៣០០​លាន​ដុល្លារ នៅ​ឆ្នាំ​២០០៨​នេះ ដើម្បី​ទប់​តម្លៃ​សាំង​កុំ​ឲ្យ​ឡើង​ថ្លៃ​ហួស​ពេក ។

លោក​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​នៅតែ​បន្ត​យក​ពន្ធ​សាំង​ក្នុង​អត្រា​ដដែល គឺ​ ៣០៩​ដុល្លារ​អាមេរិក​សម្រាប់​​សាំង​មួយ​តោន និង ២៦៧​ដុល្លារ​សម្រាប់​ម៉ាហ្ស៊ូត ៕