លោក ជា មករា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ១៨ ដល់ ២៤ សីហា ឆ្នាំ២០០៨ ។
កម្ពុជានិងថៃឯកភាពគ្នាបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលថៃនិងព្រះមហាក្សត្រថៃ ជាមួយគ្នានឹងមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា បានឯកភាពគ្នានឹងបន្តការដោះស្រាយបញ្ហាព្រំដែនជិតប្រាសាទព្រះវិហារ ព្រមទាំងប្រាសាទតាមាន់ដោយសន្តិវិធី និងមិនប្រើកងកម្លាំងប្រយុទ្ធគ្នានោះទេ ។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាវិលត្រទ្បប់មកពីការចរចារយៈពេលពីរថៃ្ងក្នុងប្រទេសថៃ ហើយបានចូលគាល់ព្រះមហាក្សត្រថៃផងដែរនោះ បានមានប្រសាសន៍កាលពីថ្ងៃពុធ ២០ សីហា ថា ប្រទេសកម្ពុជានិងថៃបានឯកភាពគ្នាបើកការចរចាទេ្វភាគីជាលើកទី៤ រវាងក្រុមការងារនៃប្រទេសទាំងពីរ ដែលនឹងធ្វើឡើងនៅថៃ្ងទី២៩ ខែសីហាសប្តាហ៍ខាងមុខនេះនៅក្នុងខេត្តសៀមរាប ហើយផ្តោតទៅលើការរៀបចំកងកម្លាំងទ័ពទាំងសងខាងទ្បើងវិញ ឈានទៅរកការដកកងទ័ពលើកទី២ពីប្រាសាទព្រះវិហារ ជាពិសេសនៅវត្តកែវសិក្ខាគិរីស្វារៈ ឬវត្តប្រាសាទព្រះវិហារ នាពេលខាងមុខ ។
ទាហានខ្មែរមួយកងវរសេនាតូចត្រូវបានបញ្ជូនទៅកាន់តំបន់ជាយដែនខ្មែរថៃ
ទាហានខ្មែរមួយកងវរសេនាតូចនៃតំបន់ប្រតិបត្តិការសឹកខេត្តសៀមរាប ត្រូវបានបញ្ជូនទៅកាន់តំបន់ជាយដែនខ្មែរ-ថៃ នាច្រកតាទុំនិងច្រកជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យបន្ថែមទៀត កាលពីព្រឹកថ្ងៃពុធ ទី២០ ខែសីហា ដើម្បីពង្រឹងនិងការពារនៅតាមបន្ទាត់ព្រំដែនតំបន់នោះ ។
អភិបាលរងខេត្តសៀមរាប លោក ប៊ុន ថារិទ្ធិ បានមានប្រសាសន៍ឲ្យដឹងថា កងទាហានទាំងនោះត្រូវបានបញ្ជូនទៅកាន់ចំណុចព្រំដែន ដើម្បីដោះដូរជាមួយកងកម្លាំងរក្សាព្រំដែននៅតាមតំបន់មួយចំនួន។
ការបញ្ជូនកងយោធាខ្មែរទៅកាន់តំបន់នោះ បានធ្វើឡើង នៅស្របពេលដែលមានសេចក្ដីរាយការណ៍ថា កងទាហានប៉ារ៉ាថៃជាច្រើនត្រូវបានគេដឹកជញ្ជូនដាក់តាមរថយន្តនៅតំបន់ក្បែរព្រំដែនខ្មែរកាលពីពេលថ្មីៗនេះ។
នាយករដ្ឋមន្ត្រីខ្មែរផ្ញើលិខិតបញ្ជាក់ជំហរទៅនាយករដ្ឋមន្ត្រីថៃ
នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន បានផ្ញើលិខិតមួយកាលពីថ្ងៃទី២២ សីហានេះ ទៅឲ្យនាយករដ្ឋមន្ត្រីប្រទេសថៃ ដោយបញ្ជាក់អំពីគោលជំហរការបន្តចរចាទ្វេភាគីកម្ពុជានិងថៃ ដើម្បីដោះស្រាយដោយសន្តិវិធីលើបញ្ហាជម្លោះព្រំប្រទល់រវាងប្រទេសទាំងពីរ ។
លោកនាយករដ្ឋមន្ត្រីខ្មែរបានថ្លែងក្នុងលិខិតនោះថា លោកសង្ឃឹមថាកម្ពុជានិងថៃនឹងអាចដោះស្រាយបញ្ហាជម្លោះនេះដោយលក្ខណៈសន្តិវិធីនិងមិត្តភាព ។
លោកនាយករដ្ឋមន្ត្រីខ្មែរសង្ឃឹមថា ជំនួបរវាងមន្ត្រីខ្មែរនិងមន្ត្រីថៃនៅថ្ងៃទី២៩ សីហាខាងមុខនេះ នឹងបានទទួលលទ្ធផលនៃការដកកងទ័ពសេសសល់របស់ប្រទេសទាំងពីរចេញពីតំបន់នៃប្រាសាទព្រះវិហារ និងការបញ្ឈប់បង្កើនកម្លាំងទ័ពនៅតាមតំបន់នានានៃព្រំប្រទល់កម្ពុជាថៃនោះទៀត ។
មេបញ្ជាការទាហានថៃសុំទោសពីរឿងទាហានថៃបោកកម្ទេចម៉ាស៊ីន GPS របស់មន្ត្រីខ្មែរ
មន្ត្រីខ្មែរបានឲ្យដឹងថា មេបញ្ជាការកងទាហានឈុតខ្មៅថៃដែលឈរជើងនៅជិតប្រាសាទតាមាន់ធំ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានមកសុំទោសភាគីខ្មែរ ហើយបានបញ្ឈប់ទាហានឈុតខ្មៅថៃមួយរូបដែលបានបោកកម្ទេចម៉ាស៊ីនកំណត់ភូមិសាស្ត្រ (GPS) របស់មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈរបស់ខ្មែរ ។
អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ិច សុខិន បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីមានព្រឹត្តិការណ៍កម្ទេចម៉ាស៊ីន GPS របស់ខ្មែររួចមក ខាងភាគីខ្មែរបានដាក់ពាក្យបណ្ដឹងទៅទីបញ្ជាការយោធភូមិភាគរបស់ថៃដែលឈរជើងនៅជិតប្រាសាទតាមាន់ធំ ហើយថាមេបញ្ជាការកងទាហានថៃបានមកសុំទោសខាងភាគីខ្មែរ ដោយលើកឡើងថាទាហានឈុតខ្មៅថៃរូបនោះបានកម្ទេចម៉ាស៊ីន GPS ក៏ព្រោះតែមានអាការៈស្រវឹងស្រា ។
កម្ពុជាគ្រោងកែលម្អផ្លូវទៅកាន់ប្រាសាទតាមាន់
មន្ត្រីខ្មែរបានឲ្យដឹងកាលពីថ្ងៃសុក្រ ២២ សីហា ថា គេមានគម្រោងធ្វើផ្លូវឲ្យស្អាតទៅកាន់ប្រាសាទតាមាន់នៅជាប់នឹងព្រំដែនកម្ពុជាថៃនោះហើយ ។
គម្រោងនោះត្រូវបានឲ្យដឹងតាមរយៈសេចក្តីរាយការណ៍របស់គណៈរដ្ឋមន្ត្រីខ្មែរ នៅថ្ងៃសុក្រ ទី២២ សីហា ប៉ុន្តែមិនបានបញ្ជាក់ថានឹងចាប់ផ្តើមធ្វើគម្រោងនោះនៅពេលណាមួយនោះទេ ។
កំណាត់ផ្លូវទៅកាន់ប្រាសាទតាមាន់ដែលបម្រុងធ្វើមានប្រវែងប្រមាណ៩គីឡូម៉ែត្រ ដែលបច្ចុប្បន្នគឺជាផ្លូវសម្រាប់តែអាចធ្វើដំណើរតាមមធ្យោបាយបររទេះ ឬការធ្វើដំណើរដោយថ្មើរជើងតែប៉ុណ្ណោះ ។
ប្រធានសហជីពសេរីកម្មករកម្ពុជាទទួលលិខិតព្រមាន
ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុន្នី បានទទួលលិខិតអនាមិកមួយចោទថា លោកបានចូលរួមជាមួយគណបក្សសិទ្ធិមនុស្សដែលមានលោក កឹម សុខា ជាប្រធាន និងបានព្រមានថាការចូលរួមរបស់លោក ជា មុន្នី ជាមួយលោក រ៉ុង ឈុន ធ្វើបាតុកម្មប្រឆាំងកងទ័ពថៃឈ្លានពានប្រទេសកម្ពុជាជាការមិនត្រឹមត្រូវ ។
លិខិតអនាមិកដែលបានផ្ញើទៅឲ្យលោក ជា មុន្នី តាមរយៈអ៊ីម៉េលកាលពីថ្ងៃទី១៨ សីហា មានខ្លឹមសារគំរាមផងនិងសម្តែងការអាណិតផងថា នៅក្នុងពេលដែលមានគណបក្សនយោបាយធំៗដូចជាគណបក្សប្រជាជនកម្ពុជា និងគណបក្សសមរង្ស៊ី កំពុងមានសកម្មភាពក្នុងសង្គមនោះ លោក ជា មុន្នី មិនបានចូលរួមជាមួយបក្សទាំងនោះ ហើយបែរជាចូលជាមួយបក្សសិទ្ធិមនុស្ស ។
លោក ជា មុន្នី បានបដិសេធថារូបលោកមិនមានទំនាក់ទំនងជាមួយគណបក្សនយោបាយណាមួយឡើយ ហើយលោកក៏មិនបានប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចចំពោះខ្លឹមសារប្រមាថនិងគំរាមពីម្ចាស់លិខិតនោះដែរ ។
អ្នកស្រាវជ្រាវរកឃើញឯកសារសម្ងាត់របស់គុកទួលស្លែង
អ្នកស្រាវជ្រាវអំពើប្រល័យពូជសាសន៍ខ្មែរក្រហម បានឲ្យដឹងកាលពីថ្ងៃសុក្រ ២២ សីហា ថា គេទើបរកឃើញឯកសារសម្ងាត់របស់មន្ទីរស-២១ ឬគុកទួលស្លែង ដែលស្ថិតក្រោមស្នាដៃរបស់ កាំង ហ្កិចអ៊ាវ ហៅ ឌុច បញ្ជាក់ថាមានអ្នកទោសជាង១០០នាក់ត្រូវបានដោះលែង ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានបញ្ជាក់បន្ថែមថា អ្នកទោសនៅគុកទួលស្លែងដែលបានដោះលែងនោះ គឺមានរួមទាំងជនស៊ីវិលនិងកងទ័ពខ្មែរក្រហមផងដែរ ដែលអ្នកខ្លះត្រូវបានដោះលែងនៅចុងឆ្នាំ១៩៧៧ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ឆាំង យុ បានថ្លែងថាមជ្ឈមណ្ឌលឯកសារកម្ពុជាកំពុងស្វែងរកមនុស្សជាង១០០នាក់ដែលមានឈ្មោះក្នុងបញ្ជីដោះលែងនោះ ហើយលោករំពឹងថាអ្នកទាំងនោះនឹងអាចជាសាក្សីសំខាន់បន្ថែមទៀតក្នុងសំណុំរឿងរបស់ ឌុច ។
ក្រុមសិទ្ធិមនុស្សគ្រោងប្ដឹងទៅអង្គការសិទ្ធិមនុស្សអន្តរជាតិពីករណី ទឹម សាខន
មន្ត្រីអង្គការសិទ្ធិមនុស្សបានឲ្យដឹងកាលពីថ្ងៃសុក្រ ២២ សីហា ថា ក្រុមអង្គការក្រៅរដ្ឋាភិបាលនឹងដាក់ពាក្យបណ្តឹងទៅអង្គការសិទ្ធិមនុស្សអន្តរជាតិ ដើម្បីឲ្យអាជ្ញាធរវៀតណាមបញ្ជូនលោក ទឹម សាខន មកប្រទេសកម្ពុជាវិញ ។
នាយកប្រតិបត្តិអង្គការខ្មែរក្រោមការពារសិទ្ធិមនុស្ស លោក អាង ចាន់រិទ្ធិ មានប្រសាសន៍ថា ក្រុមអង្គការរបស់លោកកំពុងចាំមើលបន្ទាប់ពីឪពុកលោក ទឹម សាខន បានថ្វាយលិខិតអំពាវនាវជូនព្រះមហាក្សត្រដើម្បីឲ្យជួយបញ្ជូនលោក ទឹម សាខន មកកម្ពុជាវិញ ។
លោក ទឹម ធៀង អាយុ៨២ឆ្នាំដែលជាឪពុករបស់លោក ទឹម សាខន បានមានប្រសាសន៍ថា ដោយលោកកាន់តែចាស់ហើយឈឺជាប្រចាំ លោកចង់ជួបមុខកូន ទើបសុំឲ្យព្រះមហាក្សត្រជួយបញ្ជូនលោក ទឹម សាខន មកកម្ពុជាវិញ ។
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាមន្ត្រីខុទ្ទកាល័យព្រះបរមរាជរាំងមានបន្ទូលថា បើឪពុកលោក ទឹម សាខន ថ្វាយលិខិតមកឲ្យព្រះមហាក្សត្រ ព្រះអង្គពិតជាយកព្រះទ័យទុកដាក់ជាមិនខាន ។
អាជ្ញាធរកម្ពុជាហាមឃាត់តារាចម្រៀងអង់គ្លេសម្នាក់មិនឲ្យចូលស្រុក
ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា បានឲ្យដឹងថា ខ្លួនកំពុងតែបន្តឃ្លាំមើលនិងហាមឃាត់តារាចម្រៀងជនជាតិអង់គ្លេសម្នាក់ គឺលោក Gary Glitter មិនឲ្យចូលក្នុងប្រទេសកម្ពុជាទ្បើយ នៅគ្រាដែលមានសេចក្តីរាយការណ៍ថា លោក Gary Glitter ត្រូវបានអាជ្ញាធរក្នុងប្រទេសវៀតណាមទើបតែបានដោះលែងឲ្យមានសេរីភាពពីពន្ធនាគារកាលពីពេលថ្មីៗនេះ ។
ផែ្អកតាមសេចក្តីរាយការណ៍នានាបានឲ្យដឹងថា លោក Gary Glitter អាយុ៦៤ឆ្នាំដែលមានឈ្មោះពិតថា Paul Francis Gadd ត្រូវបានអាជ្ញាធរវៀតណាមដោះលែងឲ្យមានសេរីភាពវិញហើយកាលពីប៉ុន្មានថៃ្ងមុននេះ ក្រោយពីលោកបានជាប់ទោសក្នុងពន្ធាគារក្នុងប្រទេសវៀតណាម រយៈពេលជិត៣ឆ្នាំ ក្រោមបទចោទអំពីការប្រព្រឹត្តអំពើអនាចារជាមួយកុមារវៀតណាមនៅក្នុងប្រទេសវៀតណាមនោះ ។
ជា ស៊ីម ទាមទារឲ្យមានការពិនិត្យព្យាបាលជំងឺសម្រាប់ជនក្រីក្រដោយមិនបាច់បង់ថ្លៃ
ប្រធានព្រឹទ្ធសភាខ្មែរ លោក ជា ស៊ីម បានទាមទារឲ្យមានការពិនិត្យព្យាបាលជំងឺសម្រាប់ជនក្រីក្រដោយមិនចាំបាច់បង់ថ្លៃ ព្រមទាំងទាមទារឲ្យលើកកម្ពស់មនសិការវិជ្ជាជីវៈរបស់មន្ត្រីសុខាភិបាលក្នុងវិស័យសុខាភិបាលសាធារណៈ ៕
