លោក ជា មករា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗ នៅកម្ពុជា ពីថ្ងៃ ២១ ដល់ ២៧ មេសា ឆ្នាំ២០០៨ ។
សាលាក្តីខ្មែរក្រហមពន្យារពេលសវនាការករណី ខៀវ សំផន
អង្គបុរេជំនុំជម្រះនៃសាលាក្តីកាត់ទោសខ្មែរក្រហមបានពន្យារសវនាការ លើបណ្តឹងឧទ្ធរណ៍របស់អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ គឺលោក ខៀវ សំផន កាលពីថ្ងៃពុធ ២៣ មេសាកន្លងទៅ ទាក់ទងទៅនឹងការសុំដោះលែងឱ្យនៅក្រៅឃុំបណ្តោះឤសន្ន ។
ការពន្យារនោះគឺដោយសារតែសហមេធាវីជាតិបារាំង បានថ្លែងថា លោកមិនឤចធ្វើកិច្ចការបានដោយសារតែសំណុំឯកសារចំនួនប្រមាណ១៦០០០ទំព័រទាក់ទងនឹងសំណុំរឿង លោក ខៀវ សំផន មិនបានបកប្រែជាភាសាបារាំងទាន់ពេល ។ ពេលវេលានៃសវនាការសាជាថ្មី នៅមិនទាន់បានកំណត់នៅឡើយទេ ។
លទ្ធផលសវនកម្មលើការគ្រប់គ្រងរបស់សាលាក្ដីខ្មែរក្រហម
លទ្ធផលនៃសវនកម្មក្នុងការគ្រប់គ្រងរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវបានបង្ហាញនៅក្នុងសន្និសីទរួមគ្នាមួយរវាងសាលាក្តីខ្មែរក្រហម កម្មវិធីអភិវឌ្ឈន៍អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP និងប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃសុក្រ ២៥ មេសាកន្លងទៅនេះ ។
ការធ្វើសវនកម្មលើផ្នែកគ្រប់គ្រងរបស់សាលាក្តីខ្មែរក្រហមគឺបានធ្វើឡើងនៅបន្ទាប់ពីមានមន្ទិលសង្ស័យ និងការចោទប្រកាន់ថាមានភាពមិនប្រក្រតី និងអំពើពុករលួយនៅក្នុងដំណើរការរបស់សាលាក្តីនេះ ។
សាលាក្ដីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមបានសម្ដែងការអាក់អន់ចិត្តដោយសារតែការចោទប្រកាន់របស់អង្គការគម្រោងយុត្តិធម៌សង្គមសេរីហៅកាត់ថា OSJI បានធ្វើឱ្យសាលាក្តីបាត់បង់ប្រាក់ចំនួន១២ម៉ឺនដុល្លារ ។
មន្ត្រីអ្នកនាំពាក្យសាលាក្តី លោក រាជ សម្បត្តិ បានមានប្រសាសន៍នៅថ្ងៃសុក្រ ២៥ មេសាកន្លងទៅ ថាប្រាក់ដែលបាត់បង់នោះ គឺបានចំណាយទៅលើការជម្រះបញ្ជីពាក់ព័ន្ធនឹងការចោទប្រកាន់របស់អង្គការ OSJI ដែលចោទថាមានអំពើពុករលួយក្នុងជួរមន្ត្រីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ។
លោក រាជ សម្បត្តិ បានថ្លែងថាការធ្វើសន្និសីទកាសែត នៅថ្ងៃសុក្រកន្លងទៅនេះ បានបង្ហាញថាក្រោយការស៊ើបអង្កេតអស់រយៈពេលជាងមួយឆ្នាំ ដែលចំណាយលុយជាងមួយសែនដុល្លារមកនេះ បានបង្ហាញថា មិនមានអំពើពុករលួយដូចការចោទនោះឡើយ ។
ទាក់ទងនឹងបញ្ហាព្រួយបារម្ភខ្លាចក្រែងថា ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមនឹងឤចរាំងស្ទះដោយសារតែចំណោទថវិកាត្រូវបានដោះស្រាយមួយជំហានទៅមុខបន្តិចហើយ ។
អ្នកនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា លោកស្រី Helen Javis បានមានប្រសាសន៍ កាលពីថ្ងៃពុធ ២៣ មេសា ថាការសន្យាផ្តល់ជំនួយសម្រាប់ខែមេសានេះនូវទឹកប្រាក់ ៤៥ម៉ឺនដុល្លារ ពីប្រទេសអូស្ត្រាលី នឹងឤចរំពឹងថាឤចនឹងចំណាយបានគ្រប់គ្រាន់រហូតដល់ចុងខែកក្កដា សម្រាប់ក្រុមអ្នកធ្វើការខ្មែរក្នុងសាលាក្តីនោះ ។
ហោ ណាំហុង ឤចនឹងដកពាក្យបណ្ដឹង បើ សម រង្ស៊ី ព្រមសុំទោស
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលកំពុងប្តឹងប្រធានគណបក្សប្រឆាំង គឺលោក សម រង្ស៊ី បានមានប្រសាសន៍ថា លោកនឹងឤចដកពាក្យមិនប្តឹងលោក សម រង្ស៊ី ប្រសិនណាបើប្រធានគណបក្សប្រឆាំងធ្វើការសុំទោសចំពោះរូបលោក ។ លោក ហោ ណាំហុង បានថ្លែងថា លោកឈឺចាប់ណាស់នៅពេលមានអ្នកណាម្នាក់ហៅលោកថាជាខ្មែរក្រហមនោះ ។
ឥឡូវនេះ លោក សម រង្ស៊ី កំពុងជាប់បទចោទប្រកាន់ពីរ គឺការផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ ទាក់ទងនឹងការហៅលោក ហោ ណាំហុង ថាជាមេគុកបឹងត្របែក ។ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ក៏បានបញ្ចេញប្រតិកម្មតបនឹងសម្តីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានគំរាមថានឹងប្តឹងរូបលោក ពីបទផ្សាយព័ត៌មានមិនពិត និងការបរិហារកេរ្តិ៍ដែរ ។
មានប្រសាសន៍ពីសហរដ្ឋឤមេរិក ដែលលោកកំពុងបំពេញទស្សនកិច្ច លោក សម រង្ស៊ី បានមានប្រសាសន៍ថា លោកមិនបានដៅចំៗហៅលោក ហោ ណាំហុង ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសផងដែរនោះ ថាជាមេគុកបឹងត្របែកនោះឡើយ ។ ហើយលោកក៏បានមានប្រសាសន៍ថា លោកនឹងមិនញញើតផងដែរ បើសិនជាចង់មានការតវ៉ាតាមផ្លូវច្បាប់ចំពោះរឿងចោទប្រកាន់នោះ ប៉ុន្តែលោកបានស្នើថាសុំឱ្យមានការប្តឹងទៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ។
ព្រះមហាវីរក្សត្រមានបន្ទូលពីការសម្លាប់ព្រះញាតិវង្សពីសំណាក់ខ្មែរក្រហម
អតីតព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា ខ្មែរក្រហមបានសម្លាប់ព្រះញាតិវង្សព្រះអង្គ ដោយសងសឹកនឹងព្រះអង្គដែលបានលាលែងឈប់ពីតំណែងជាព្រះប្រមុខរដ្ឋ នៃរបបខ្មែរក្រហមនោះ ។
ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលមានព្រះជន្ម៨៥វស្សា បានមានបន្ទូលថា ព្រះរាជបុត្រព្រះអង្គចំនួន៥អង្គត្រូវខ្មែរក្រហមសម្លាប់ រួមនឹងសមាជិកព្រះរាជវង្សានុវង្សក៏ត្រូវខ្មែរក្រហមសម្លាប់ផងដែរ ។
ព្រះអង្គបានមានបន្ទូលទៀតថា ការសម្លាប់នោះបានធ្វើក្នុងរយៈពេលដែលខ្មែរក្រហមកាន់កាប់អំណាចរវាងឆ្នាំ ១៩៧៥ ដល់ដើមឆ្នាំ ១៩៧៩ បើទោះបីជាមានសេចក្តីអង្វរពីអតីតមេដឹកនាំចិនកុម្មុយនីស្ត លោក ម៉ៅ សេទុង ក៏ដោយ ។
ប៉ូលិស២នាក់ស្លាប់ដោយសារជនល្មើសបាញ់ប្រហារ
ប៉ូលិស២នាក់បានស្លាប់និង២នាក់ទៀតរងរបួស ដោយសារតែជនសង្ស័យជួញគ្រឿងញៀនធ្វើការបាញ់ប្រហារ ។
ស្នងការប៉ូលិសរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានមានប្រសាសន៍ថាព្រឹត្តិការណ៍ដែលកើតនៅថ្ងៃអង្គារ ២២ មេសានោះ គឺជាការភ្លាំងភ្លាត់របស់ប៉ូលិស ពីព្រោះជនសង្ស័យដែលបានបាញ់ប៉ូលិសនោះ គឺបានធ្វើសកម្មភាពនៅពេលដៃបានជាប់ខ្នោះទៅហើយ ។
លោកបញ្ជាក់ថាប៉ូលិសនៅពេលដែលបានដាក់ខ្នោះជនសង្ស័យ បានភ្លេចឆែកខ្លួនជនសង្ស័យរកឤវុធ ដែលបណ្តាលឱ្យជនសង្ស័យឈ្មោះ កែប សុម៉ុន បាញ់សមត្ថកិច្ចប៉ូលិសក្នុងបំណងចង់រំដោះខ្លួន ។ ជនសង្ស័យឈ្មោះ កែប សុម៉ុន ត្រូវបានឤជ្ញាធរចាប់ខ្លួន ប៉ុន្តែជនសង្ស័យម្នាក់ទៀតបានរំដោះខ្លួនរត់រួចនៅក្នុងពេលហេតុការណ៍នោះ បានកើតឡើង ។
មន្ត្រីបក្សប្រឆាំងថ្កោលទោសប្រសាសន៍នាយករដ្ឋមន្ត្រី
មន្ត្រីគណបក្សប្រឆាំងបានថ្កោលទោសប្រសាសន៍ថ្លែងមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាការគំរាមកំហែងដល់អ្នកបោះឆ្នោត និងបង្កឱ្យមានបរិយាកាសឤប់អួរដល់សង្គម ប៉ុន្តែមន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលបានធ្វើការបដិសេធតបទៅវិញ ។
ការថ្កោលទោសរបស់គណបក្សសមរង្ស៊ី តាមរយៈសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ២៣ មេសា បានកើតឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅឯខែត្រក្រចេះកាលពីថ្ងៃទី២២ មេសា ថាកម្ពុជានឹងមានអស្ថិរភាពប្រសិនបើគណបក្សប្រជាជនកម្ពុជា បាត់បង់អំណាចក្រោយការបោះឆ្នោត ខែកក្កដាខាងមុខនេះ ។ មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បានឆ្លើយតបមកវិញថា ប្រសាសន៍នោះមិនមែនជាការគំរាមទេ ។
គណបក្សសិទ្ធិមនុស្សអំពាវនាវរកការបង្រួបបង្រួមបក្សនយោបាយ
គណបក្សសិទ្ធិមនុស្សកាលពីថ្ងៃអង្គារ ២២ មេសា បានអំពាវនាវនិងប្រកាសបើកចំហ រកការបង្រួបបង្រួមគ្នាជាមួយគណបក្ស នរោត្តម រណឫទ្ធិ និងគណបក្សសមរង្ស៊ី ។
ការប្រកាសបើកចំហរកការបង្រួបបង្រួមគណបក្សនេះ បានធ្វើឡើងនៅប្រមាណតែមួយសប្តាហ៍មុន ដំណើរការចុះឈ្មោះគណបក្សនយោបាយនានា ក្នុងបញ្ជីចូលរួមប្រកួតប្រជែងការបោះឆ្នោត ខែកក្កដា ឆ្នាំ២០០៨នេះ ។
មន្ត្រីគណបក្ស នរោត្តម រណឫទ្ធិ និងគណបក្សសមរង្ស៊ី បានប្រតិកម្មប្រឆាំងចំពោះសេចក្តីអំពាវនាវរកការរួបរួមគ្នានោះ ដោយចោទថាគំនិតបង្រួបបង្រួមគ្នានោះ គឺធ្វើដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ។
គ្រាប់បែក២គ្រាប់ត្រូវគេប្រទះឃើញនៅមុខផ្ទះសកម្មជនបក្សសមរង្ស៊ី
នៅខេត្តសៀមរាប គ្រាប់បែក២គ្រាប់ត្រូវបានគេប្រទះឃើញក្នុងស្បោងមួយមុខផ្ទះសកម្មជនគណបក្សសមរង្ស៊ី នៅក្នុងស្រុកអង្គរជុំ កាលពីថ្ងៃអង្គារ ២២ មេសាកន្លងទៅនេះ ។
គេនៅមិនទាន់ដឹងថាតើគ្រាប់បែកនោះជារបស់អ្នកណា ហើយបានប្លុងទុកចោលនៅទីនោះ ដោយមានគោលបំណងអ្វីនោះទេ ។ សកម្មជនគណបក្សប្រឆាំង ឈ្មោះ លោក ប៉ាង ពុំ ដែលគេបានដាក់គ្រាប់បែកមុខផ្ទះ បានសម្តែងភាពភ័យខ្លាចនិងបារម្ភចំពោះសុវត្ថិភាពក្រុមគ្រួសារ ៕
