សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២២ ដល់ ២៨ កញ្ញា ២០០៨

2008-09-28

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួម​មាន រដ្ឋសភា​អាណត្តិ​ថ្មី​របស់​ប្រទេស​កម្ពុជា​បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​២៤ កញ្ញា​នេះ និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។

RFA Photo/Chea Makara

សមាជិក​រដ្ឋសភា​ថ្មី​ចេញ​ពី​កិច្ចប្រជុំ​ពេញអង្គ​លើក​ដំបូង នា​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០០៨។

លោក ជា មករា អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ២២ ដល់ ២៨ កញ្ញា ឆ្នាំ​២០០៨។

រដ្ឋសភា​អាណត្តិ​ថ្មី​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ជា​លើក​ដំបូង

រដ្ឋ​សភា​អាណត្តិ​ថ្មី​នីតិកាល​ទី​៤​របស់​ប្រទេស​កម្ពុជា​បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ក្រោម​ព្រះរាជ​អធិបតីភាព​របស់​ព្រះ​មហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី ដោយ​ប្រកាស​សុពលភាព​របស់​តំណាង​រាស្ត្រ​ចំនួន​១២៣​រូប​ដែល​បាន​ជាប់​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា​កន្លង​ទៅ។

ក្នុង​កិច្ច​ប្រជុំ​នោះ​មាន​សមាជិក​សភា​អវត្តមាន​ចំនួន​៤​រូប មួយ​រូប​គឺ​មក​ពី​គណបក្ស​សមរង្ស៊ី និង​បី​រូប​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស។ បន្ទាប់ពី​មាន​កិច្ចប្រជុំ​រដ្ឋសភា​រួច​ហើយ សមាជិក​សភា​ថ្មី​បាន​ធ្វើការ​ស្បថ​ចូល​កាន់​តំណែង​នៅ​រសៀល​ថ្ងៃ​ពុធ​ដដែល​នោះ​នៅ​ឯ​ព្រះ​បរមរាជវាំង។

នៅ​ថ្ងៃ​ទី​២៥ កញ្ញា រដ្ឋ​សភា​ថ្មី​បាន​បោះ​ឆ្នោត​ជា​កញ្ចប់​ជ្រើស​តាំង លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី និង​លោក ហេង សំរិន ជា​ប្រធាន​រដ្ឋ​សភា​នា​អាណត្តិ​ថ្មី​នេះ។ អនុ​ប្រធាន​រដ្ឋ​សភា​ទី​១​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​តែងតាំង​ថ្មី គឺ​លោក ងួន ញ៉ិល និង​អនុ​ប្រធាន​ទី​២ គឺ​លោក សាយ ឈុំ។

នៅ​ក្នុង​កិច្ចប្រជុំ​បោះ​ឆ្នោត​កញ្ចប់​នោះ​មាន​សមាជិក​សភា​ចូលរួម​ចំនួន​៩៤​រូប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៩០​រូប គណបក្ស នរោត្តម រណឫទ្ធិ ២​រូប និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ២​រូប ហើយ​សមាជិក​សភា​ទាំង​៩៤​រូប​បាន​លើក​ដៃ​យល់ព្រម​ចំពោះ​ការតែងតាំង​នាយក​រដ្ឋមន្ត្រី ប្រធាន និង​អនុ​ប្រធាន​រដ្ឋ​សភា និង​ប្រធាន និង​អនុ​ប្រធាន​គណៈកម្មការ​ជំនាញ​ទាំង​៩​របស់​រដ្ឋ​សភា ហើយ​លើក​ដៃ​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ដល់​សមាសភាព​រដ្ឋាភិបាល​ថ្មី។

ដោយឡែក​សមាជិក​សភា​គណបក្ស​សមរង្ស៊ី​ចំនួន​២៦​រូប និង​គណបក្ស​សិទ្ធិ​មនុស្ស​ចំនួន​៣​រូប​មិន​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​បោះ​ឆ្នោត​នោះ​ឡើយ។

រដ្ឋាភិបាល​ថ្មី​នឹង​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ឯ​អង្គ​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​លើក​ទី​មួយ កាលពី​ថ្ងៃ​ទី​២៦ កញ្ញា ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បំភ្លឺ​ក្នុង​សុន្ទរកថា ដាក់​ឲ្យ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​ពីរ​ថា ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​ដើម្បី​ការអនុម័ត​បន្ទាប់ពី​រដ្ឋសភា​អនុម័ត​ក្រម​ព្រហ្មទណ្ឌ​រួច​រាល់។

ទោះ​ជា​យ៉ាង​ណា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​តែ​មួយ​មិន​អាច​ទប់​ស្កាត់​អំពើ​ពុករលួយ​នោះ​បាន​ឡើយ ហើយ​ទាមទារ​ឲ្យ​មាន​ការអនុវត្ត​រាល់​ច្បាប់​ទាំង​អស់​ឲ្យ​មាន​ប្រសិទ្ធភាព។

ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បាន​ព្រាង​តាំង​ពី​ឆ្នាំ​១៩៩៤ មក​ម៉្លេះ ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ​រដ្ឋាភិបាល​នៅតែ​ទទួល​រង​ការរិះគន់​ថា មិន​ព្រម​អនុម័ត​ច្បាប់​នេះ​ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ។

បើ​តាម​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ឬ Transparency International ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៊ែកឡាំង ប្រទេស​អាល្លឺម៉ង់ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា ២០០៨ ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា ស្ថានភាព​នៃ​អំពើ​ពុករលួយ​នៅ​កម្ពុជា​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ត​បន្ថែម​ទៀត ដោយ​ស្ថិត​ក្នុង​លេខ​រៀង​ទី​១៦៦ ក្នុង​ចំណោម​១៨០​ប្រទេស ដែល​កាលពី​ឆ្នាំ​២០០៧ ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី​១៦២។

ព្រះ​មហាក្សត្រ​ចេញ​រាជ​ក្រឹត្យ​លើកលែង​ទោស​ដល់​សម្ដេច​ក្រុមព្រះ

ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជ​ក្រឹត្យ​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ដោយ​សម្រេច​លើកលែង​ទោស​ព្រះ​រាម​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ តាម​ការស្នើសុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

យោង​តាម​ព្រះរាជ​ក្រឹត្យ​របស់​ព្រះ​មហាក្សត្រ​បាន​ត្រាស់​បង្គាប់​ថា ត្រូវ​លើកលែង​ទោស​ទណ្ឌិត​ឈ្មោះ នរោត្តម រណឫទ្ធិ ដែល​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​១៨​ខែ។

មន្រ្តី​គណបក្ស នរោត្តម រណឫទ្ធិ បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​បាន​ការលើកលែង​ទោស​នេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែល​កំពុង​គង់​និរទេស​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​​នឹង​យាង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នា​ថ្ងៃ​អាទិត្យ​ដែល​ត្រូវ​នឹង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។

អាល្លឺម៉ង់​នឹង​បន្ត​គាំទ្រ​តុលាការ​ខ្មែរ​ក្រហម

ស្ថានទូត​អាល្លឺម៉ង់​នៅ​ប្រទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​សុក្រ ទី​២៦ កញ្ញា ថា ប្រទេស​អាល្លឺម៉ង់​នឹង​បន្ត​ការគាំទ្រ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​តុលាការ​ខ្មែរ​ក្រហម​ត​ទៅ​ទៀត ដោយ​ផ្តល់​ថវិកា​ចំនួន​៤​លាន​៣​សែន​ដុល្លារ​អាមេរិក​សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០០៩ និង ២០១០។

ថវិកា​នេះ​រួម​ជាមួយ​ថវិកា​ដែល​ប្រទេស​អាល្លឺម៉ង់​ផ្តល់​ឲ្យ​តុលាការ​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​២០០៨​ផង គឺ​មាន​ចំនួន​ជិត​១០​លាន​ដុល្លារ​អាមេរិក​ហើយ។

សង្គមស៊ីវិល​ទាមទារ​ឲ្យ​តុលាការ​ដោះលែង ប៊ន សំណាង និង សុខ សំអឿន

ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​ចំនួន​ជិត​១០០​នាក់​មក​ពី​អង្គការ​និង​សមាគម​នានា​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ក្រុម​គ្រួសារ​របស់ ប៊ន សំណាង និង សុខ សំអឿន កាលពី​ថ្ងៃ​ទី​២៣ កញ្ញា បាន​ទទូច​សុំ​ឲ្យ​តុលាការ​កំពូល​ក្នុង​ប្រទេស​កម្ពុជា​លើក​យក​សំណុំរឿង ប៊ន សំណាង និង សុខ សំអឿន មក​បើក​សវនាការ​ឲ្យ​បាន​ឆាប់​ជាមួយ​នឹង​ការទាមទារ​ឲ្យ​តុលាការ​កំពូល​ដោះលែង​អ្នក​ទាំង​ពីរ​ឲ្យ​មាន​សេរីភាព​វិញ។

ការអំពាវនាវ​នេះ​បាន​ធ្វើ​ទ្បើង​នៅ​ក្នុង​ពិធី​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិវិធី​នៅ​ក្បែរ​ពន្ធនាគារ​ប៉េហ្ស៊ី ជាយ​ទីក្រុង​ភ្នំពេញ​ដើម្បី​បង្ហោះ​ប៉េងប៉ោង​ពណ៌​ស​ចំនួន​១៧០០​ប៉េងប៉ោង​ជា​និមិត្ត​សញ្ញា​ថា ប៊ន សំណាង និង សុខ សំអឿន កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ប៉េហ្ស៊ី​ចំនួន​១៧០០​ថៃ្ង​ដោយ​អយុត្តិធម៌។

ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ម្នាក់ៗ​២០​ឆ្នាំ​ក្រោម​បទ​ចោទប្រកាន់​ថា ពួក​គេ​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា មេដឹកនាំ​សហជីព​សេរី​កម្មករ​កម្ពុជា កាលពី​ឆ្នាំ​២០០៤។

ប្រធាន​សណ្ឋាគារ​រណសិរ្ស​ប្រឈមមុខ​នឹង​ការបណ្តេញ​ចេញ

ប្រធាន​សណ្ឋាគារ​រណសិរ្ស​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដកហូត ហើយ​បាន​លក់​ទីតាំង​នោះ​ឲ្យ​ទៅ​អ្នក​ផ្សេង​វិញ​កំពុងតែ​ប្រឈមមុខ​នឹង​ការបណ្តេញ​ចេញ​ពី​សណ្ឋាគារ​នេះ​មិន​ឲ្យ​ហួស​ដំណាច់​ខែ​កញ្ញា​នេះ​ជា​កំហិត។

លោកស្រី កឹម ចន្ថា ប្រធាន​សណ្ឋាគារ​រណសិរ្ស ស្ថិត​នៅ​ទល់មុខ​ព្រះ​បរម​រាជវាំង​ក្នុង​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា មន្រ្តី​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​ប្រគល់​លិខិត​ស.ជ.ណ.​មក​ឲ្យ​លោកស្រី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ កញ្ញា តម្រូវ​ឲ្យ​លោកស្រី​ប្រគល់​សណ្ឋាគារ​នេះ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឈ្មោះ អាទ្បិចសាន់អ៊ិន។

ផ្អែក​តាម​ប្រភព​និង​ឯកសារ​មួយចំនួន​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្រុមហ៊ុន​អាទ្បិចសាន់អ៊ិន គឺ​មាន​ឈ្មោះ ជីង សុគន្ធាវី ដែល​ជា​កូន​ស្រី​របស់​យាយ​ភូ ភរិយា​របស់​លោក ទ្បៅ ម៉េងខីន ប្រធាន​ក្រុមហ៊ុន​ស៊ូកាគូ។

លោកស្រី កឹម ចន្ថា ប្រធាន​សណ្ឋាគារ​រណសិរ្ស​បាន​ឲ្យ​ដឹង​ថា លោកស្រី​បាន​ជួល​សណ្ឋាគារ​នេះ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បើក​សេវាកម្ម​ទទួល​ភ្ញៀវ​ស្នាក់នៅ​ចាប់តាំង​ពី​ឆ្នាំ​១៩៨៩​មក​ម៉្លេះ​ក្នុង​តម្លៃ​ទឹក​ប្រាក់​២៦៤០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ហើយ​កិច្ចសន្យា​ជួល​នោះ​កំពុងតែ​នៅ​ជា​ធរមាន​នៅ​ទ្បើយ។

គ្រួសារ​កូរ៉េ​ខាង​ត្បូង​ប្ដឹង​ក្រុមហ៊ុន​អាកាសចរណ៍ PMT Air

គ្រួសារ​របស់​ទេសចរ​កូរ៉េ​ខាង​ត្បូង​ចំនួន​១១​នាក់​ដែល​ស្លាប់​កាលពី​ឆ្នាំ​២០០៧ ដោយសារ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​ក្នុង​ព្រៃភ្នំ​នា​ភាគ​ខាង​ត្បូង​កម្ពុជា​កំពុង​តែ​ប្តឹង​ក្រុមហ៊ុន​អាកាសចរណ៍ PMT Air ទាមទារ​សំណង​ចំនួន ៣​លាន​៨​សែន​៨​ម៉ឺន​ដុល្លារ​អាមេរិក ដោយ​ចោទ​ថា ក្រុមហ៊ុន​នេះ​បរាជ័យ​ក្នុង​ការការពារ​ជីវិត​មនុស្ស​និង​ការបង្ការ​មិន​ឲ្យ​ម៉ាស៊ីន​ខូច។

គ្រួសារ​ទាំង​នោះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទារ​ឲ្យ​ទូទាត់​ជួស​ជុល​ការបាត់​បង់​ចំណូល សោហ៊ុយ​បូជា​សព​និង​ការតានតឹង​អារម្មណ៍។

គ្រួសារ​ទាំង​នោះ​បញ្ជាក់​ថា ក្រុមហ៊ុន​អាកាសចរណ៍ PMT Air ត្រូវតែ​ទទួល​ខុស​ត្រូវ​ក្នុង​ការទូទាត់​ការខូចខាត​ដែល​កើត​ឡើង​ដោយសារ​គ្រោះថ្នាក់​នេះ។

កាលពី​ក្នុង​ខែ​មិថុនា ឆ្នាំ​២០០៧ ក្នុង​ពេល​ហោះ​ហើរ​ពី​សៀមរាប​ទៅ​ក្រុង​ព្រះសីហនុ យន្តហោះ​ធុន AN-24  បាន​ធ្លាក់​នៅ​ម្តុំ​ព្រៃភ្នំ​នៅ​កំពត បណ្តាល​ឲ្យ​មនុស្ស​ក្នុង​យន្តហោះ​ទំាង​អស់​២២​នាក់​ស្លាប់៕