សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ​២៨ កក្កដា ដល់ ៣ សីហា ២០០៨

2008-08-03

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួមមាន សាលាក្តី​ខ្មែរក្រហម​បាន​ពន្យារ​ពេល​សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​លោក ខៀវ សំផន និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត ។

AFP Photo

អតីត​ព្រះមហាក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ (ខាង​ស្ដាំ) ព្រះអគ្គមហេសី នរោត្តម មុនីនាថ សីហនុ (កណ្ដាល) និង​ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​មុន​ពេល​យាង​ចេញ​ដំណើរ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃ ២៨ វិច្ឆិកា ២០០៧ ។

លោក ជា មករា អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ​២៨ កក្កដា ដល់ ៣ សីហា ឆ្នាំ​២០០៨ ។

ព្រះ​មហាវីរក្សត្រ ព្រះ​មហាក្សត្រ និង​សម្ដេច​ម៉ែ យាង​ទៅ​ប្រទេស​ចិន

ព្រះ​មហាវីរក្សត្រ ព្រះ​មហាក្សត្រ និង​សម្ដេច​ម៉ែ បាន​យាង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន នៅ​ថ្ងៃ​សុក្រ ទី​១ សីហា​កន្លង​ទៅ​នេះ ក្រោម​ការយាង​ពី​រដ្ឋាភិបាល​ចិន ដើម្បី​យាង​ចូលរួម​ក្នុង​ពិធី​បើក​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ប៉េកាំង ។

មន្ត្រី​ខុទ្ទកាល័យ​ព្រះ​បរមរាជវាំង លោក អ៊ុំ តារាវុធ បាន​ឲ្យដឹង​ថា​ព្រះ​មហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី នឹង​យាង​ចូលរួម​ជាមួយ​នឹង​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិធី​បើក​កីឡា​អូឡាំពិក ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ទី​៨ ខែ​សីហា​ខាង​មុខ​នេះ ហើយ​បន្ទាប់​មក​ទ្រង់​នឹង​ធ្វើការ​ត្រួត​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​ព្រះអង្គ ។

លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​ថា ព្រះបរមនាថ នរោត្តម សីហមុនី នឹង​យាង​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​យ៉ាង​យូរ​២​សប្ដាហ៍​ខាង​មុខ ។ ទាក់ទង​នឹង​ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ និង​សម្ដេច​ម៉ែ លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​ថា​ទ្រង់​នឹង​គង់​នៅ​ប្រទេស​ចិន​មួយ​រយៈ​ដើម្បី​ត្រួត​ពិនិត្យ​ព្រះរាជ​សុខភាព ។

នាយក​រដ្ឋមន្ត្រី​ប៉ះ​សម្ដី​ជាមួយ​នឹង​ប្រធាន​គណបក្ស​សមរង្ស៊ី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប៉ះ​សម្ដី​ជាមួយ​នឹង​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី កាលពី​ព្រឹក​ថ្ងៃ​សុក្រ​កន្លងទៅ នៅ​គ្រា​ដែល​អ្នក​នយោបាយ​នានា​បាន​ដង្ហែ​ដំណើរ​ព្រះ​មហាវីរក្សត្រ សម្ដេច​ម៉ែ និង​ព្រះ​មហាក្សត្រ យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​លោក សម រង្ស៊ី នៅ​ចំពោះ​មុខ​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​អង្គទូត និង​អ្នក​កាសែត ដែល​មាន​វត្តមាន​នៅ​ឯ​ព្រលាន​យន្តហោះ​ភ្នំពេញ​ថា លោក សម រង្ស៊ី នឹង​អាច​បាត់បង់​អាសនៈ​ក្នុង​រដ្ឋ​សភា បើសិន​ជា​គណបក្ស​សមរង្ស៊ី​មិន​ព្រម​ស្បថ​ចូល​កាន់​តំណែង​តំណាង​រាស្ត្រ​ដើម្បី​បង្កើត​រដ្ឋ​សភា​ថ្មី​នោះ ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​កិច្ចប្រជុំ​ចូល​ស្បថ​នឹង​អាច​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៤ សីហា​នេះ ហើយ​បើសិន​ជា​លោក សម រង្ស៊ី មិន​ព្រម​ចូលរួម​ទេ​នោះ​អាសនៈ​សភា​នឹង​បាន​ទៅ​អ្នក​ដទៃ ។

ទោះ​ជា​យ៉ាង​ណា​លោក សម រង្ស៊ី មិន​ទាន់​បាន​សម្រេច​ចិត្ត​ថា​តើ​លោក​នឹង​ចូល​ឬ​មិន​ចូល​កិច្ច​ប្រជុំ​នោះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា​គណបក្ស​សមរង្ស៊ី​ក៏​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង​២​លាន​នាក់​ដែល​បោះ​ឆ្នោត​គាំទ្រ​លោក​ដែរ ។

កម្ពុជា​ត្រៀម​ខ្លួន​ក្នុង​ការដក​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ ទី​២៩ កក្កដា ថា​ប្រទេស​កម្ពុជា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការដក​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ តែ​កាលបរិច្ឆេទ​នៃ​ការដក​ទ័ព​នោះ​គឺ​អាស្រ័យ​ខាង​ភាគី​ថៃ​ជា​មុន ។

ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​មាន​កិច្ចប្រជុំ​រវាង​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ស្វែងរក​វិធី​បន្ធូរ​បន្ថយ​ភាព​តានតឹង​ខាង​ផ្នែក​យោធា​នោះ ។

នៅ​ក្នុង​កិច្ចប្រជុំ​កាលពីថ្ងៃ​ច័ន្ទ ទី​២៨ កក្កដា រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​យល់ព្រម​ដក​ទ័ព​រៀងៗ​ខ្លួន ។

ទោះ​ជា​យ៉ាង​ណា​សេចក្ដី​រាយការណ៍ពី​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹងពេលនេះ​គ្មាន​ភាគី​ណា​បាន​ដក​ទ័ព​នៅ​ឡើយ​ទេ ។

ភរិយា​នាយក​រដ្ឋមន្ត្រី​ធ្វើ​ពិធី​បួងសួង​នៅ​ប្រាសាទ​ព្រះវិហារ

ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា គឺ​លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បាន​ធ្វើ​ពិធី​បួងសួង​មួយ​នៅ​ឯ​ប្រាសាទ​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១ សីហា ដោយ​បាន​អន្ទង​ហៅ​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រ​កសាង​អង្គរ និង​វិញ្ញាណក្ខន្ធ​មេ​ទ័ព​ខ្លាំង​ពូកែ​មក​សណ្ឋិត​នៅ​ប្រាសាទ​ព្រះវិហារ ដើម្បី​សម្ដែង​ឫទ្ធិ​បារមី​ឲ្យ​មាន​សន្តិភាព​និង​សេចក្ដី​សុខ ។

ព្រះ​សង្ឃ​ថ្នាក់​រាជា​គណៈ មន្ត្រី​រដ្ឋាភិបាល​កំពូលៗ កម្លាំង​ប្រដាប់​អាវុធ យោធា ប៉ូលិស ប៉េអឹម និង​ប្រជាពលរដ្ឋ​ប្រមាណ​១​ពាន់​នាក់​បាន​ចូល​រួម​ក្នុង​ពិធី​បួងសួង​នោះ ។

តំណាង​ឲ្យ​ក្រសួង​ធម្មការ​និង​សាសនា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​ជាតិ​និង​អន្តរជាតិ លោក មិន ឃិន បាន​មាន​ប្រសាសន៍​ថា​ពិធី​ដ៏សម្បើម​កាលពី​ព្រឹក​មិញ គឺ​ជា​ការបួងសួង​សុំ​សេចក្ដី​សុខ​ចម្រើន​ដល់​ប្រាសាទ​ព្រះវិហារ ។

ការទាមទារ​យក​ប្រាសាទ​ព្រះវិហារ​ពី​ថៃ​សំខាន់​ជាង​ការដាក់​ជា​បេតិកភណ្ឌ​ពិភពលោក

ព្រះ​មហាវីរក្សត្រ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ការទាមទារ​យក​ប្រាសាទ​ព្រះវិហារ​មក​ពី​ប្រទេស​ថៃ​វិញ កាលពី​ឆ្នាំ​១៩៦២ មាន​ភាព​សំខាន់​ជាង​ការដាក់​បញ្ចូល​ប្រាសាទ​នេះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

មន្ត្រី​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​ថា​បើ​គ្មាន​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២ ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ សម្រេច​ថា​ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ​នោះ​ទេ នោះ​ក៏​គ្មាន​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ ពេល​ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​អង្គការ​យូណេស្កូ សម្រេច​ដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ​ដែរ ។

មន្ត្រី​ព្រះ​បរមរាជវាំង លោក អ៊ុំ តារាវុធ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ព្រះ​មហាវីរក្សត្រ នរោត្ដម សីហនុ មិន​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រត់​ចូល​ព្រៃ​ម៉ាគី តស៊ូ​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​សៀម​នោះ​ឡើយ ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ នឹង​ជួយ​ដោះស្រាយ​ជុំវិញ​បញ្ហា​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ជាមួយ​នឹង​ប្រទេស​សៀម បើសិន​ណា​ជា​មាន​កិច្ច​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ខ្មែរ ។

លោក អ៊ុំ តារាវុធ បាន​បញ្ជាក់​ថា​រហូត​មក​ទល់​នឹង​ពេល​នេះ ព្រះ​មហាវីរក្សត្រ​នៅ​មិន​ទាន់​បាន​ទទួល​កិច្ច​ស្នើ​ឲ្យ​ព្រះអង្គ​ជួយ​ដោះស្រាយ​ជម្លោះ​នោះ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការចរចា​ជាមួយ​ថៃ

មន្រ្តី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​២៩ កក្កដា សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​​បញ្ឈប់​ការចរចា​ជាមួយ​ថៃ​ក្នុង​ជម្លោះ​ព្រំដែន​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ហើយ​ចង់​ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​នេះ​ជា​លក្ខណៈ​អន្តរជាតិ ។

ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន បាន​មាន​ប្រសាសន៍​ថា វា​ជា​ការចាញ់​ប្រៀប​មួយ​នៅ​ពេល​ដែល​កម្ពុជា​សុខចិត្ត​ចរចា​ជាមួយ​ប្រទេស​មួយ​ដែល​មាន​កម្លាំង​ទ័ព​ចូល​ក្នុង​ទឹកដី​របស់​ខ្លួន​ទៅ​ហើយ​នោះ ។

ថៃ​នាំ​មន្ត្រី​យោធា​អម​ស្ថានទូត​១១​ប្រទេស​មក​ពិនិត្យ​មើល​តំបន់​ជម្លោះ​ជាមួយ​ខ្មែរ

មន្ត្រី​យោធា​អម​ស្ថានទូត​មក​ពី​១១​ប្រទេស​ប្រចាំ​ទីក្រុង​បាងកក ត្រូវ​បាន​កង​ទាហាន​ថៃ​ដឹកនាំ​មក​ពិនិត្យ​ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​យោធា​រវាង​ថៃ​ខ្មែរ នៅ​តំបន់​ជម្លោះ​ខ្សែ​ត្រៀម​ទី​១​ក្នុង​ទឹក​ដី​ថៃ​នៃ​បរិវេណ​ប្រាសាទ​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​កក្កដា ។

អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា​វា​ជា​ការប្រសើរ​ដែល​មន្ត្រី​យោធា​ថៃ​បាន​នាំ​មន្ត្រី​យោធា​អម​ស្ថានទូត​បរទេស​ទៅ​ពិនិត្យ​ស្ថានការណ៍​ជាក់ស្ដែង​ក្នុង​តំបន់​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កង​ទាហាន​ខ្មែរ​និង​ថៃ​នោះ ។

ពលរដ្ឋ​ប្រមាណ​៤០០​នាក់​ជំទាស់​នឹង​លទ្ធផល​នៃ​ការបោះ​ឆ្នោត

ប្រជាពលរដ្ឋ​ប្រមាណ​៤០០​នាក់​បាន​នាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​ទីស្នាក់ការ​គណបក្ស​សម​រង្ស៊ី កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ កក្កដា ធ្វើការ​ជំទាស់​ទៅ​នឹង​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៤ ហើយ​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ឡើង​វិញ ។

ប្រធាន​គណបក្ស​សមរង្ស៊ី គឺ​លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​មក​តវ៉ា​នោះ​ថា លោក​មិន​អាច​ទទួល​យក​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ​បាន​ទេ ដោយសារ​មាន​មនុស្ស​ប្រមាណ​១​លាន​នាក់ មិន​បាន​បោះ​ឆ្នោត ។

តាម​លទ្ធផល​បណ្ដោះ​អាសន្ន​ក្រៅ​ផ្លូវការ​នៃ​ការបោះ​ឆ្នោត ឆ្នាំ​២០០៨​នេះ បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៩០​អាសនៈ គណបក្ស​សម​រង្ស៊ី ២៦​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស ៣​អាសនៈ គណបក្ស នរោត្តម រណឫទ្ធិ ២​អាសនៈ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ២​អាសនៈ ដែល​លទ្ធផល​នេះ ត្រូវ​បាន​ជំទាស់​ដោយ​គណបក្ស​ធំៗ​បី គឺ​គណបក្ស​សមរង្ស៊ី គណបក្ស នរោត្តម រណឬទ្ធិ និង​គណបក្ស​សិទ្ធិ​មនុស្ស ។

តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​ផ្ដន្ទាទោស​សម្ដេច​ក្រុមព្រះ

តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា កាលពី​ថៃ្ង​ពុធ ទី​៣០ កក្កដា បាន​សម្រេច​តម្កល់​សាលដីកា​របស់​តុលាការ​សាលា​ឧទ្ធរណ៍​ក្នុង​ការផ្តន្ទាទោស​សមេ្តច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យ​ជាប់ទោស​១៨​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​១៥​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​បទ​ចោទ​ថា​ព្រះអង្គ​បាន​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​ក្នុង​ការលក់​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កាលពី​ឆ្នាំ​២០០៥​កន្លង​ទៅ​នេះ ៕

អត្ថបទ​ដែល​ទាក់ទង

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៤ ដល់ ៣០ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៧ ដល់ ២៣ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១០ ដល់ ១៦ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ​៣-៩ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៧ តុលា ដល់ ២ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២០ ដល់ ២៦ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៣ ដល់ ១៩ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៦ ដល់ ១២ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៩ កញ្ញា ដល់ ៥ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២២ ដល់ ២៨ កញ្ញា ២០០៨