សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ២៨ មេសា ដល់ ៤ ឧសភា ២០០៨

2008-05-04

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួមមាន ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ដឹកនាំ​កម្មករ​ប្រមាណ ៤០០​នាក់ ធ្វើ​បាតុកម្ម និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត ។

RFA Photo/Uy Sophea

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម​រង្ស៊ី ដឹក​នាំ​​បាតុកម្ម​តវ៉ា​​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទំនិញ កាលពី​ថ្ងៃ​ទី​៦ មេសា ២០០៨ ។

លោក ជា មករា អ្នក​យកព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​ នៅកម្ពុជា ពីថ្ងៃ​២៨ មេសា ដល់ថ្ងៃ ៤ ឧសភា ឆ្នាំ២០០៨ ។

ពលករ​ដើរ​ដង្ហែ​ក្បួន​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​សៀមរាប

ពលករ​ជា​ច្រើន​រយ​នាក់​នៅក្នុង​ខេត្ត​សៀមរាប​បាន​នាំគ្នា​ដើរ​ដង្ហែ​ជា​ក្បួន​តាម​ថ្នល់​ក្នុង​ទីរួមខេត្ត ដើម្បី​ចូលរួម​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ។

អ្នក​ចូលរួម​មាន​ចម្រុះ​ដោយ​ស្ត្រី​និង​បុរស​បាន​អំពាវនាវ​សុំឲ្យ​ថៅកែ​រោងចក្រ​គោរព​សិទ្ធិ​ការងារ​ពួកគេ និង​បំបាត់​អំពើ​កេង​ប្រវ័ញ្ច ។

ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ក្រុង​ភ្នំពេញ

នៅ​ក្រុង​ភ្នំពេញ​ឯណេះ​វិញ កម្មករ​ក្នុង​រោងចក្រ​និង​គណបក្ស​ប្រឆាំង​ខ្លះ​បាន​ប្រារព្ធ​ទិវា​ពលកម្ម​​អន្តរជាតិ ១ ឧសភា​នោះ​ផ្សេៗ​ពី​គ្នា​ដែរ ប៉ុន្តែ​ការ​ធ្វើ​នោះ​មិន​បាន​បង្ហាញ​តាមរយៈ​ការ​ដើរ​ដង្ហែ​ដូចមាន​នៅក្នុង​ខេត្ត​សៀមរាប​នោះ​ឡើយ ។

សម រង្ស៊ី ដឹកនាំ​កម្មករ​ប្រមាណ ៤០០​នាក់ ធ្វើ​បាតុកម្ម

ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ដឹកនាំ​កម្មករ​ប្រមាណ ៤០០​នាក់ ធ្វើ​បាតុកម្ម​អហិង្សា​កាលពី​ថ្ងៃ​សុក្រ ២ ឧសភា ដើម្បី​ទាមទារ​រក​ប្រយោជន៍​ជូន​កម្មករ​កាត់ដេរ​នៃ​រោងចក្រ City News ។

បាតុកម្ម​បាន​ធ្វើឡើង​បន្ទាប់​ពី​មិនទាន់​មាន​ការ​ចុះ​សម្រុង​គ្នា​រវាង​កម្មករ និង​ប្រធាន​រោងចក្រ​ដែល​ចង់​ប្តូរ​ទីតាំង​រោងចក្រ​ពី​ខណ្ឌ​ឫស្សីកែវ ទៅ​កន្លែង​ឆ្ងាយ​មួយ និង​ការ​ទាមទារ​របស់​កម្មករ​រក​ការ​បើកប្រាក់​បំណាច់​ចំនួន​ពី ៥០ដុល្លារទៅ​១០០​ដុល្លារ​អាមេរិក ។អនុ​រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក អ៊ុំ មាន បាន​មាន​ប្រសាសន៍​រិះគន់​ថា លោក សម រង្ស៊ី បាន​ឆ្លៀត​ឱកាស​រក​ភាព​ចំណេញ​នយោបាយ នៅ​ក្នុង​រឿង​វិវាទ​នេះ ។

គ.ជ.ប.៖ នឹង​មាន​បក្ស​នយោបាយជា​ច្រើន​ទៀត មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង

អគ្គលេខាធិការ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត លោក ទេព នីថា បាន​មាន​ប្រសាសន៍​ដោយ​សេចក្ដី​សង្ឃឹម​ថា នឹង​មាន​គណបក្ស​នយោបាយ​នានា​ជា​ច្រើន​ទៀត នឹង​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង ក្នុង​ដំណើរការ​បោះឆ្នោត​ខែ​កក្កដា​ខាងមុខ ។

សូមជម្រាប​ថា គណបក្ស​ដែល​បាន​មក​ចុះឈ្មោះ​ចំនួន ៤​ថ្ងៃ​រួច​មកហើយ​នោះ មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គម​ខ្មែរ​និយម និង​គណបក្ស​ហង្សដារ៉ា​ចលនា​ប្រជាធិបតេយ្យ​តែ​ប៉ុណ្ណោះ ។

ស្ពាន​ស្រែពក​នៅ​ខែត្រ​ស្ទឹងត្រែង​បាក់

ស្ពាន​ដឹក​ជញ្ជូន​ដ៏​សំខាន់​មួយ​ត​ភ្ជាប់​គមនាគមន៍​ពី​ខេត្ត​ស្ទឹងត្រែង ទៅ​កាន់​ខេត្ត​រតនគិរី បាន​បាក់​ដោយសារ​តែ​មិន​អាច​ទ្រាំ​នឹង​ទម្ងន់​រថយន្ត​ដែល​ដឹក​ឈើ​ហួស​ចំណុះ ។

ស្ពាន​ស្រែពក​ដែល​មាន​ប្រវែង ៣០០​ម៉ែត្រ បាន​បាក់​កាលពី​ថ្ងៃ​ពុធ ៣០ មេសា ជាមួយ​នឹង​រថយន្ត​ដឹក​ឈើ​មួយ​គ្រឿង​បាន​ធ្លាក់​ចុះ​ទៅ​ក្រោម​ផងដែរ ប៉ុន្តែ​មិនមាន​សេចក្តី​រាយការណ៍​អំពី​ការ​បាត់បង់​ជីវិត​ឡើយ ។ នៅ​មិន​ទាន់​មាន​ការ​ជួស​ជុល​ស្ពាន​នោះ​សា​ឡើង​វិញ​ទេ​មកទល់​នឹង​ចុង​សប្តាហ៍​នេះ ។

អង្គការ​ស្បៀង​អាហារ​ពិភពលោក ផ្អាក​កម្មវិធី​ផ្គត់ផ្គង់​អាហារ​ពេលព្រឹក

ការ​កើនឡើង​នៃ​តម្លៃ​អង្ករ​ទូទាំង​ពិភពលោក បាន​បង្ខំ​ឲ្យ​អង្គការ​ស្បៀង​អាហារ​ពិភពលោក ផ្អាក​ការ​ផ្តល់​កម្មវិធី​ផ្គត់ផ្គង់​ស្បៀង​អាហារ​ពេលព្រឹក ចំពោះ​កុមារ​ក្រីក្រ​ខ្មែរ​ចំនួន ៤​សែន​៥​ម៉ឺន​នាក់ ។

នាយក​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ប្រចាំ​កម្ពុជា លោក Thomas Keusters បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ផ្អាក​ស្បៀង​នោះ​គឺ​បណ្តាល​មកពី​តម្លៃ​អង្ករ​ឡើងថ្លៃ​តែម្តង ។

សកម្មភាព​ផ្អាក​ស្បៀង​ទាក់ទង​នឹង​អាហារ​ពេល​ព្រឹក​ដល់​កុមារ​ក្រីក្រ​កម្ពុជា​នោះ បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ដល់​អ្នក​គ្រប់គ្រង​អង្គការ​កុមារ​ទាំងនោះ ។ ទោះជា​យ៉ាងណា លោក Thomas Keustersបាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ១ ឧសភា ផង​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​សន្យា​ថា នឹង​ផ្ដល់​ស្រូវ​ប្រមាណ ៣​ពាន់​តោន នៅ​បំណាច់​ខែ​ឧសភា​នេះ សម្រាប់​បន្ត​កម្មវិធី​អាហារ​ពេល​ព្រឹក​នេះ ។

នាយករដ្ឋមន្ត្រី​ខ្មែរ​ផ្តួចផ្តើម​គំនិត​បង្កើត​សមាគម​នាំ​ស្រូវ​ចេញ

មន្ត្រី​ខ្មែរ​បាន​ថ្លែង​ក្នុង​សប្តាហ៍​នេះ​ថា នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន បាន​ផ្តួចផ្តើម​គំនិត​បង្កើត​សមាគម​ក្នុង​តំបន់​មួយ ដើម្បី​ធ្វើ​ជំនួញ​ស្រូវ​ទៅ​លក់​ក្នុង​ពិភពលោក ។

សមាគម​ដែល​គ្រោង​នឹង​បង្កើត​នោះ នឹង​មាន​ប្រទេស​យ៉ាងហោច​ចំនួន ៥​ដែរ​ដែល​នឹង​ចូលរួម ក្នុង​នោះ​គឺ​មាន កម្ពុជា ភូមា វៀតណាម ថៃ និងលាវ ។

ជម្លោះ​ដីធ្លី​នៅ​បាត់ដំបង​ឈានដល់​ការ​ប្រឈម​មុខ​ដាក់គ្នា

នៅ​ឯ​ខេត្ត​បាត់ដំបង មនុស្ស​ជា​ច្រើន​នាក់​បាន​ប្រឈមមុខ​គ្នា​ក្នុង​ទំនាស់​ដី ១២០០​ហិកតា ក្នុង​ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ។ សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា មនុស្ស​ទាំង​២​ក្រុម​ដែល​បាន​ប្រឈមមុខ​គ្នា​ដណ្តើម​ដី​គ្នា​នោះ សុទ្ធតែ​មាន​ខ្នង​បង្អែក​ជា​ទាហាន​និង​ប៉ូលិស​ផ្សេងៗ​ពី​គ្នា ។

មនុស្ស​មួយក្រុម​ដែល​មាន​គ្នា​ប្រមាណ​៣៥០​នាក់ នៅ​ថ្ងៃ​អង្គារ​និង​ពុធ​ក្នុង​សប្តាហ៍នេះ បាន​លើក​គ្នា​មក​ធ្វើការ​តវ៉ា​ជំទាស់ យ៉ាងហោច​ណាស់​២​ថ្ងៃ​ជាប់គ្នា​រួច​ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ដោះស្រាយ​ទំនាស់​ឲ្យ​បាន​ឆាប់រហ័ស ជាមួយ​នឹង​ការ​គំរាម​ថា​នឹង​រុះរើ​លំនៅ​របស់​មនុស្ស​មួយ​ក្រុម​ទៀត ដែល​មាន​គ្នា​ចំនួន ១៥៧​គ្រួសារ ដែល​កំពុង​តាំង​ទី​លំនៅ​ក្នុង​ភូមិ​គោករកា ឃុំ​ដូនបា ស្រុក​គាស់ក្រឡ​នោះ​ដែរ ។

ទំនាស់ដីធ្លី នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង

នៅ​ខេត្ត​កោះកុង អ្នក​ស្រុក​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន ថា​បាន​ការពារ​ឈ្មួញ​មាន​អំណាច និង​បាន​ប្រើ​អំពើ​ហិង្សា​បង្រ្កាប​អ្នក​តវ៉ា​ក្នុង​ជម្លោះ​ដី​មួយ​ទំហំ ១៥៩​ហិកតា ។

អ្នកស្រុក​ទាំងនោះ​បាន​លើកគ្នា​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១ ឧសភា ដើម្បី​សុំ​រក​ការ​ជួយ​ធ្វើ​អន្តរាគមន៍ ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឯ​គេហដ្ឋាន ប៉ុន្តែ​មិន​បាន​ជួប​លោក​នាយករដ្ឋមន្ត្រី​ទេ ដោយសារ​តែ​លោក​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ព្រះសីហនុ ។

អ្នក​កាសែតThe Cambodia Daily ម្នាក់​ត្រូវបាន​បណ្ដញ​ចេញពី​ការងារ

អ្នក​កាសែតThe Cambodia Daily ម្នាក់​បាន​រង​ការ​បណ្តេញ​ចេញពី​អង្គភាព ដោយសារ​តែ​បញ្ហា​ទំនាស់​បុគ្គល ។ ការ​បណ្តេញ​លោក ថេត សម្បត្តិ ដែល​បម្រើ​ការ​ឲ្យ​កាសែតThe Cambodia Daily ចំនួន​៨​ឆ្នាំ​មក​ហើយ​នោះ បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​កិច្ច​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន ថ្ងៃ​ទី​៣ ឧសភា ។

អ្នក​កាសែត​ដែល​គេ​បាន​បណ្តេញ​ចោល​នោះ បាន​ថ្លែង​ថា​លោក​នឹង​ប្តឹង​បណ្ណាធិការ​កាសែត The Cambodia Daily នោះ ជាមួយ​ការ​ចោទ​ថា​ការ​បណ្តេញ​បាន​ធ្វើ​ដោយ​បំពាន​លើ​ច្បាប់​គ្មាន​សំណង និង​គ្មាន​ការ​ព្រមាន​ជាមុន​នោះ​ឡើយ ។

មេ​ឃុំ​ម្នាក់​នៅ​ព្រៃវែង​រង​ការ​ចោទ​ថា​រារាំង​សកម្មភាព​អ្នក​គាំទ្រ​គណបក្ស នរោត្តម រណឫទ្ធិ

នៅ​ខេត្ត​ព្រៃវែង មេ​ឃុំ​ម្នាក់​នៅ​ក្នុង​ស្រុក​កំចាយមា កាល​ពី​ថ្ងៃ​១ ឧសភា​កន្លងទៅ បាន​រង​ការ​ចោទ​ថា រារាំង​សកម្មភាព​ធ្វើ​កិច្ចការ​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស នរោត្តម រណឫទ្ធិ នៅ​មុន​ការ​ត្រៀម​រៀបចំ​​បោះឆ្នោត​សកល ខែ​កក្កដា ។

ទោះជា​យ៉ាងណា​ក្តី​មេឃុំ​ស៊ាងខ្វៀន នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ស្រុកកំចាយមា បាន​ថ្លែង​បដិសេធ​ចំពោះ​ការ​ចោទ​នោះ ។

សកម្មភាព​កាប់​ព្រៃឈើ​រាន​យក​ដី​នៅ​ខេត្ត​រតនគិរី​នៅតែ​បន្ត​កើត​មាន

នៅ​ខេត្ត​រតនគិរី សកម្មភាព​កាប់​ព្រៃឈើ​ដើម្បី​វាត​ដី​យក​ជា​កម្មសិទ្ធិ នៅតែ​បន្ត​មាន​នៅក្នុង​ឃុំ​កិចុង ស្រុក​បរកែវ ។ ទន្ទឹម​នឹង​នោះ​មាន​សេចក្តី​រាយការណ៍ កាលពី​ថ្ងៃ​២៨ មេសា ថា​មន្ត្រី​ឃុំ​ម្នាក់​នៅ​ទី​នោះ ក៏​រង​ការ​គំរាម​ផងដែរ ដោយសារ​តែ​សកម្មភាព​រារាំង​មិន​ឲ្យ​មាន​ការ​កាប់​ព្រៃ​ឈើ​នៅ​តំបន់​នោះ ។

នៅឯ​ខេត្តរតន​គិរី​ដដែល​នោះ​ទៀត អ្នកស្រុក​នៅតែ​ត្អូញត្អែរ​អំពី​តម្លៃ​ទំនិញ​មិន​ព្រម​ចុះ​ថោក តាំងពី​បាន​ដំឡើង​កាលពី​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មកម្ល៉េះ ។ អ្នកស្រុក​សុំឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ជួយ​បញ្ចុះ​តម្លៃ​ទំនិញ ។

ចិន​ផ្តល់​ប្រាក់​៦​សែន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​ការ​ដោះ​មីន

ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់​៦​សែន​ដុល្លារ​ចំពោះ​កម្ពុជា ដើម្បី​ការ​ដោះ​មីន​នៅតាម​ផ្លូវ​ជាតិ​លេខ​៧ ពី​ខេត្ត​ក្រចេះ​មក​កាន់​ខេត្ត​ស្ទឹងត្រែង ។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃអង្គារ ២៩ មេសា កន្លងទៅនេះ ថា​ជំនួយ​របស់​ចិន​ក្នុង​ការ​សម្អាត​មីន លើ​ផ្លូវ​ជាតិ​លេខ​៧ ដែល​មាន​ប្រវែង​ជាង ១៨៦​គីឡូម៉ែត្រ គឺ​ជា​ការ​ជួយ​ប្រជាជន​ខ្មែរ​ឲ្យ​រួច​ចៀស​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ដោយសារ​មីន ។

ក្រសួង​អប់រំសន្យានឹង​ផ្តល់​ការ​សិក្សា​ជា​ទូទៅ​ដល់​កុមារ​ក្រោម​គំរោងការ​ថ្មី​

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សន្យា​ថា​នឹង​ផ្តល់​ការ​សិក្សា​ជា​ទូទៅ​ដល់​កុមារ​កម្ពុជា ក្រោម​គំរោងការ​៥​ឆ្នាំ​ថ្មី​របស់​ខ្លួន ។

រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក អ៊ឹម សិទ្ធី បាន​មាន​ប្រសាសន៍​ថា ក្រសួង​មាន​ផែនការ​ជំរុញ​ឲ្យ​មាន​កុមារ​កាន់តែ​ច្រើន នៅ​តាម​តំបន់​ទី​ជនបទ ដើម្បី​ទៅ​រៀន​នៅ​ឯ​សាលា ហើយ​និង​មាន​ផែនការ​ជួយ​កុមារ​ទាំងនោះ ឲ្យ​មាន​លទ្ធភាព​រៀន​ដល់​ថ្នាក់​ឧត្តមសិក្សា​ប្រកបដោយ​គុណភាព​ខ្ពស់​ថែមទៀត ។

លោក​បាន​ថ្លែងថា​ផែនការ​ចម្បង​ដែល​មាន​ការ​ជំរុញ​កិច្ចការ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​ទី​មួយ កុមារ​ទាំងអស់​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​រៀន, ទី២ ការ​រៀនសូត្រ​ត្រូវតែ​មាន​គុណភាព និង​ប្រសិទ្ធភាពខ្ពស់ និង​ទី​៣ ចាំបាច់​ត្រូវតែ​មាន​ការ​ថែរក្សា និង​គាំពារ​សុខភាព​និង​សុវត្ថិភាព​ដល់​កុមារ ៕

អត្ថបទ​ដែល​ទាក់ទង

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៨ ដល់ ២៤ សីហា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១១ ដល់ ១៧ សីហា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៤ ដល់ ១០ សីហា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ​២៨ កក្កដា ដល់ ៣ សីហា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២១ ដល់ ២៧ កក្កដា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៤ ដល់ ២០ កក្កដា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៧ ដល់ ១៣ កក្កដា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៣០ មិថុនា ដល់ ៦ កក្កដា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៣-២៩ មិថុនា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៦-២២ មិថុនា ២០០៨