សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៩ កញ្ញា ដល់ ៥ តុលា ២០០៨

2008-10-05

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួមមាន ទាហាន​ខ្មែរ​បាន​បង្កើន​ការប្រុងប្រយ័ត្ន​នៅ​តាម​បណ្ដោយ​ព្រំប្រទល់​ខ្មែរ​ថៃ​ក្រោយ​ពេល​មាន​ការប៉ះទង្គិច​គ្នា​ជាមួយ​ថៃ និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។

RFA Photo/Savyouth

ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។

លោក ជា មករា អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ២៩ កញ្ញា ដល់ ៥ តុលា ឆ្នាំ​២០០៨ ។

ទាហាន​ខ្មែរ​បង្កើន​ការប្រុងប្រយ័ត្ន​ក្រោយ​ការប៉ះទង្គិច​គ្នា​ជាមួយ​ថៃ

ទាហាន​ខ្មែរ​តាម​បណ្តោយ​ព្រំប្រទល់​ខ្មែរ​ថៃ​បាន​ទទួល​បញ្ជា​ឲ្យ​ធ្វើការ​ប្រុងប្រយ័ត្ន​ទ្វេ​ឡើង​ក្រោយ​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​រវាង​ទាហាន​ខ្មែរ​និង​ថៃ កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​៣ តុលា ដែល​មាន​ទាហាន​ទាំង​សងខាង​យ៉ាង​ហោច​ណាស់​៣​នាក់​បាន​រង​របួស។

ការផ្ទុះ​អាវុធ​ជា​ច្រើន​នាទី​នៅ​តំបន់​ភ្នំ​ទ្រព្យ​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ប្រាសាទ​ព្រះវិហារ មាន​ទាហាន​ខ្មែរ​ម្នាក់​និង​ទាហាន​ថៃ​២​នាក់​រង​របួស​នៅ​ពេល​បាន​បាញ់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ។

ប្រភព​ពី​មន្ត្រី​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​ជា​អ្នក​បាញ់​កាំភ្លើង​អឹម​៧៩​ដាក់​កង​កម្លាំង​ទាហាន​ខ្មែរ​ជា​មុន ទើប​បាន​ហេតុការណ៍​ផ្ទុះ​អាវុធ​បាន​កើត​ឡើង។

ពី​ប្រទេស​ថៃ​នោះ​វិញ​អ្នក​នាំ​ពាក្យ​រង​នៃ​កងទ័ព​ថៃ លោកស្រី​វរសេនីយ៍​ឯក ស៊ីរីយ៉ាន ង៉ា ថុង ចោទ​ថា ទាហាន​ខ្មែរ​ជា​អ្នក​បាញ់​ទៅ​លើ​ទាហាន​ថៃ​មុន។ លោកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ការបាញ់​បាន​ធ្វើ​នៅ​ពេល​ថៃ​កំពុង​យាម​ល្បាត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។

នៅ​ថ្ងៃ​ទី​៤ តុលា ក្រសួង​ការបរទេស​ខ្មែរ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​ស្ថានទូត​ថៃ​នា​ទីក្រុង​ភ្នំពេញ​ចាត់ទុក​ការបាញ់​ប្រហារ​របស់​ទាហាន​សៀម ថា​ជា​ការរករឿង​ដោយ​ប្រើប្រាស់​អាវុធ ហើយ​បាន​ប្រឆាំង​ដាច់ខាត​ទៅ​នឹង​ការ​ដែល​ទាហាន​សៀម​បាន​បង្ក​រឿង​ដោយ​ប្រើប្រាស់​អាវុធ​ដោយ​ចេតនា​នោះ។ រដ្ឋាភិបាល​ខ្មែរ​ក៏​បាន​ទាមទារ​ឲ្យ​ថៃ​ចៀសវាង​កុំ​ឲ្យ​មាន​ការប៉ះទង្គិច​ដូច្នេះ​ទៀត​នៅ​ថ្ងៃ​មុខ។

កង​យោធា​ខ្មែរ​ឈរ​ជើង​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ទី​១ តុលា ថា ថៃ​បាន​បញ្ចូល​ទាហាន​ឈុត​ខ្មៅ​មួយ​ចំនួន​ថែម​ទៀត​លើស​ពី​មុន​នៅ​តំបន់​ខ្សែ​ត្រៀម​ជួរ​មុខ នៅ​មុន​ពេល​ដែល​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​មាន​គម្រោង​ចាប់​ផ្ដើម​ជួប​ចរចា​ជា​ថ្មី​ស្ដីពី​បញ្ហា​ជម្លោះ​ព្រំដែន​នោះ។

អគ្គលេខាធិការ​អ.ស.ប.​ស្នើ​ឲ្យ​កម្ពុជា​និង​ថៃ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជា​ទ្វេ​ភាគី

ទាក់ទង​នឹង​ជម្លោះ​រវាង​ថៃ​និង​ខ្មែរ​អំពី​ប្រាង្គ​ប្រាសាទ​នៅ​តាម​ព្រំដែន លោក បាន ឃីមូន អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) បាន​ស្នើ​ឲ្យ​មាន​ការ​ដោះស្រាយ​ជា​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ។

លោក បាន ឃីមូន បាន​ថ្លែង​យ៉ាង​ដូច្នោះ​នៅ​ក្នុង​ឱកាស​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ដែល​ពេល​នោះ​លោក​បាន​ថ្លែង​ប្រាប់​តំណាង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ គឺ​ខ្មែរ​និង​ថៃ ដែល​កំពុង​ជួប​ប្រជុំ​ដាច់​ដោយ​ឡែក​ជាមួយ​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគេ្នយ៍ (អាស៊ាន) នៅ​ទី​នោះ។

លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ បាន ឃីមូន ក៏​បាន​បញ្ជាក់​ថា ប្រទេស​ថៃ​និង​កម្ពុជា​ត្រូវ​តែ​រាយការណ៍​ជូន​ទៅ​សមាគម​អាស៊ាន​អំពី​ភាព​ជឿនលឿន​នៃ​ការចរចា​ជា​ទ្វេភាគី​នេះ។

សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រកាស​ឈប់​ធ្វើ​នយោបាយ

សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ បាន​មាន​បន្ទូល​កាលពី​ថ្ងៃ​ទី​២ តុលា ថា ព្រះអង្គ​ឈប់​ធ្វើ​នយោបាយ​ទៀត​ហើយ ហើយ​នឹង​ផ្ទេរ​តំណែង​ប្រធាន​គណបក្ស​ទៅ​ឲ្យ​លោក ឈឹម សៀកឡេង ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ។

សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏​បាន​មាន​បន្ទូល​បញ្ជាក់​បន្ថែម​ទៀត​ថា ព្រះអង្គ​នឹង​ត្រៀម​ព្រះកាយ​ផង​ដែរ បើ​សិន​ណា​ជា​មាន​ព្រះរាជ​បន្ទូល​ពី​ព្រះមហាក្សត្រ​ត្រូវការ​ព្រះអង្គ​ក្នុង​ករណី​ជួយ​បម្រើ​ជាតិ។

ហ៊ុន សែន៖ រដ្ឋាភិបាល​ថ្មី​នឹង​មិន​មាន​ការចូលរួម​ពី​បក្ស"រណឫទិ្ធ"

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២ តុលា ថា រដ្ឋាភិបាល​ថ្មី​របស់​លោក​នឹង​មិន​មាន​ការចូលរួម​ពី​គណបក្ស នរោត្តម រណឫទិ្ធ នោះ​ទេ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​ពិធី​ប្រគល់​ជ័យលាភី​អាហារូបករណ៍​ដល់​និសិ្សត​នា​វិទ្យាស្ថាន​ជាតិ​អប់រំ ដោយ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ចម្រុះ​នា​ពេល​បច្ចុប្បន្ន​នេះ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​មាន​ចំនួន​គណៈរដ្ឋមន្រ្តី​ច្រើន​ទៅ​ហើយ ដូច្នេះ​វា​ពិបាក​នឹង​ទទួល​យក​គណបក្ស​ផ្សេង​ទៀត​មក​ចូលរួម។

អតីត​មេ​ខ្មែរ​ក្រហម​ដែល​កំពុង​ជាប់​ឃុំ​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ជួប​សំណេះ​សំណាល​គ្នា

ចៅក្រម​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា កាលពី ថ្ងៃ​ពុធ ទី​១ តុលា បាន​សម្រេច​អនុញ្ញាត​ឲ្យ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​កំពុង​ជាប់​ឃុំឃាំង​ទាំង៥​រូប​ជួប​សំណេះ​សំណាល​គ្នា​លេង​នៅ​ក្នុង​ពន្ធនាគារ។

កាលពី​មុន​តុលាការ​បាន​ឃុំ​អ្នក​ទាំង​នោះ​ក្នុង​បន្ទប់​ដាច់​ដោយឡែក​ពី​គ្នា​មិន​ឲ្យ​មាន​ការទាក់ទង​ឡើយ។ ក្រោយ​មក​តុលាការ​បាន​អនុញ្ញាត​ឲ្យ​លោក អៀង សារី ជួប​ប្រពន្ធ គឺ​អ្នកស្រី អៀង ធីរិទ្ធ បន្ទាប់ពី​មាន​ការទាមទារ។

សេចក្តី​សម្រេច​របស់​សាលាក្តី​ខ្មែរ​ក្រហម​កាលពី​ថ្ងៃ​សុក្រ​មុន​នោះ​ធ្វើ​ឡើង​ដើម្បី​បញ្ចប់​ការដាក់​ជន​សង្ស័យ​ដាច់​ពី​គ្នា ព្រោះ​ខា្លច​ឃុបឃិត​គ្នា​ដាក់​សម្ពាធ​លើ​សាក្សី​ឬ​ជន​រងគ្រោះ។

អភិបាល​ក្រុង​សន្យា​រៀបចំ​លំនៅ​សមរម្យ​ឲ្យ​អតីត​អ្នក​សំបុក​ចាប

អភិបាល​ក្រុង​ភ្នំពេញ​សន្យា​រៀបចំ​ប្រជាពលរដ្ឋ​ដែលត្រូវបានបញ្ជូន​ពី​តំបន់​សំបុកចាប​ទៅ​រស់នៅ​ភូមិ​អណ្តូងថ្មី សង្កាត់​គោករកា ខណ្ឌ​ដង្កោ ឲ្យ​មាន​ផ្ទះ​សម្បែង​សមរម្យ។

អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា មាន​ប្រសាសន៍​ថា ពលរដ្ឋ​បញ្ជូន​ពី​តំបន់​សំបុកចាប ឬ​ភូមិ​ទី​១៤ ឲ្យ​ទៅ​រស់នៅ​ខណ្ឌ​ដង្កោ តាម​ស្ថិតិ ស្រង់​ពី​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន មាន​ប្រជាជន​តែ​៨០០​គ្រួសារ​ទេ ប៉ុន្តែ​ពេល​ចូល​ទៅ​រស់នៅ​កន្លែង​ថ្មី​បាន​កើន​ចំនួន​ដល់​ទៅ​ជាង​១៦០០​គ្រួសារ។

លោក​បាន​បញ្ជាក់​ថា សាលាក្រុង​កំពុង​ពិចារណា​ទិញ​ដី​ថែម​សម្រាប់​គ្រួសារ​ដែល​មិន​ទាន់​មាន​ដី​សង់​ផ្ទះ ប៉ុន្តែ​តម្លៃ​ដី​នៅ​ខណ្ឌ​ដង្កោ​បាន​ឡើង​ថ្លៃ​ខ្លាំង​ជាង​មុន។

ហៀង រិទ្ធី បន្ត​ការស្វែងរក​ការការពារ​សុវត្ថិភាព​ពី​សហគមន៍​អន្តរជាតិ

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា លោក​បណ្ឌិត ហៀង រិទ្ធី បន្ត​ការស្វែងរក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​ការពារ​សុវត្ថិភាព​សន្តិសុខ​ផ្ទាល់ខ្លួន​របស់​លោក។

លោក​បណ្ឌិត ហៀង រិទ្ធី បាន​ចេញ​លិខិត​ផ្លូវការ​តាំងពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០០៨ ផ្ញើ​ជូន​ស្ថានទូត​អាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី និង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា និង​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​របស់​អាមេរិក ហៅ​កាត់​ថា អេហ្វ.ប៊ី.អាយ. សូម​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​តាម​ចាប់​ជន​ដែល​បាន​គំរាម​រក​បាញ់​សម្លាប់​រូប​លោក កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០០៨ នៅ​ទីក្រុង​ភ្នំពេញ​នោះ។

លោក​បណ្ឌិត ហៀង រិទ្ធី ពុំ​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​របស់​លោក​នោះ​ថា​តើ​មូលហេតុ​អ្វី​បាន​ជា​មាន​មនុស្ស​តាម​ចង់ផ្តាច់​ជីវិត​លោក​ដូច្នោះ​ទេ។

អតីត​ចាងហ្វាង​កាសែត​ស្រឡាញ់​ខ្មែរ​រងគ្រោះ​បាត់បង់​ស្មារតី

អតីត​ចាងហ្វាង​កាសែត​ស្រឡាញ់​ខ្មែរ​ដែល​បាន​ភៀសខ្លួន​នយោបាយ​ពី​កម្ពុជា​មក​ស្នាក់នៅ​ក្នុង​ប្រទេស​ន័រវ៉េ បាន​រងគ្រោះ​បាត់បង់​ស្មារតី ដែល​ក្រុម​គ្រួសារ​សាច់ញាតិ​បារម្ភ​ថា នឹង​អាច​រងគ្រោះ​ដល់​ជីវិត​ថែម​ទៀត។

អតីត​ចាងហ្វាង​កាសែត​ស្រឡាញ់​ខ្មែរ លោក យូ តារាវុធ ត្រូវ​គ្រូពេទ្យ​ន័រវ៉េ ឲ្យ​ដឹង​ថា លោក​មាន​ឈាម​កក​នៅ​នឹង​ខួរ​ក្បាល​នៅ​ពេល​បាន​ជិះកង់​ដួល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ។

គេ​បាន​បញ្ជូន​លោក​តាម​យន្តហោះ​ពី​ក្រុង Christian Sand ដែល​លោក​បាន​ដួល​រងគ្រោះ​ទៅ​កាន់​ក្រុង​អូស្លូ ប្រទេស​ន័រវ៉េ ដើម្បី​ជួយ​សង្គ្រោះ។ លោក យូ តារាវុធ និង​គ្រួសារ ទើប​នឹង​បាន​ទទួល​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ន័រវ៉េ កាល​ពី​ឆ្នាំ​២០០៧ កន្លង​មក​នេះ។

ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ​អំពាវនាវ​រក​ជំនួយ​សង្រ្គោះ​ផ្នែក​សុខាភិបាល

ពលរដ្ឋ​ជា​ច្រើន​នៅ​ខេត្ត​ក្រចេះ​បាន​អំពាវនាវ​រក​ជំនួយ​សង្រ្គោះ​បន្ទាន់​ផ្នែក​សុខាភិបាល ព្រោះ​ថា​ជំងឺ​គ្រុន​ចាញ់​និង​គ្រុន​ពោះវៀន​កំពុង​រាតត្បាត​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​បន្ទាប់ពី​មាន​ទឹក​ជំនន់។ប្រជាពលរដ្ឋ​នៅ​ភូមិ​ជើងខែល ឃុំ​បឹងចាប ស្រុក​សំបូរ ខេត្ត​ក្រចេះ បាន​សុំ​ឲ្យ​គ្រូពេទ្យ​ចុះ​ជួយ​ការពារ​សុខភាព​ពួក​គេ​ជា​បន្ទាន់ ដោយ​ពេល​នេះ​អ្នកស្រុក​កំពុងតែ​កើត​ជំងឺ​គ្រុន​ស្ទើរតែ​ពេញ​ភូមិ​ចាប់​តាំង​ពី​រដូវ​ទឹក​ជំនន់​ចូល​មក​ដល់។

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​រដូវ​ទឹក​ឡើង​ខែ​កក្កដា និង​ខែ​សីហា ប្រជាពលរដ្ឋ​មាន​ជំងឺ​គ្រុនចាញ់​ល្មម​ទេ តែ​ចាប់​ពី​ចុង​ខែ​កញ្ញា​ចូល​ដើម​ខែ​តុលា​នេះ​ជំងឺ​ហាក់​ដូច​ជា​រាតត្បាត​ស្ទើរតែ​ពេញ​ភូមិ​តែម្ដង។

ប្រជាពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ពិធី​បុណ្ស​ភ្ជុំ​បិណ្ឌ

ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​កាលពី​ដើម​សប្ដាហ៍​នេះ​បាន​នាំ​គ្នា​ទៅ​វត្ត​ដើម្បី​ចូលរួម​ពិធី​បុណ្យ​សំខាន់​ខាង​សាសនា​មួយ គឺ​ភ្ជុំ​បិណ្ឌ ឬ​បុណ្យ​រំឭក​វិញ្ញាណ​ក្ខន្ធ​ដល់​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ។

ប្រជាពលរដ្ឋ​បាន​នាំគ្នា​កាន់​បិណ្ឌ​តាម​ប្រពៃណី​ពុទ្ធសាសនា ពី​ថ្ងៃ​ទី​១៥ កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៨ កញ្ញា៕