លោក ជា មករា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ២៩ កញ្ញា ដល់ ៥ តុលា ឆ្នាំ២០០៨ ។
ទាហានខ្មែរបង្កើនការប្រុងប្រយ័ត្នក្រោយការប៉ះទង្គិចគ្នាជាមួយថៃ
ទាហានខ្មែរតាមបណ្តោយព្រំប្រទល់ខ្មែរថៃបានទទួលបញ្ជាឲ្យធ្វើការប្រុងប្រយ័ត្នទ្វេឡើងក្រោយព្រឹត្តិការណ៍ប៉ះទង្គិចគ្នារវាងទាហានខ្មែរនិងថៃ កាលពីរសៀលថ្ងៃសុក្រ ទី៣ តុលា ដែលមានទាហានទាំងសងខាងយ៉ាងហោចណាស់៣នាក់បានរងរបួស។
ការផ្ទុះអាវុធជាច្រើននាទីនៅតំបន់ភ្នំទ្រព្យចម្ងាយប្រមាណ៣គីឡូម៉ែត្រភាគខាងលិចប្រាសាទព្រះវិហារ មានទាហានខ្មែរម្នាក់និងទាហានថៃ២នាក់រងរបួសនៅពេលបានបាញ់ដាក់គ្នាទៅវិញទៅមកនោះ។
ប្រភពពីមន្ត្រីខ្មែរបានឲ្យដឹងថា ទាហានថៃជាអ្នកបាញ់កាំភ្លើងអឹម៧៩ដាក់កងកម្លាំងទាហានខ្មែរជាមុន ទើបបានហេតុការណ៍ផ្ទុះអាវុធបានកើតឡើង។
ពីប្រទេសថៃនោះវិញអ្នកនាំពាក្យរងនៃកងទ័ពថៃ លោកស្រីវរសេនីយ៍ឯក ស៊ីរីយ៉ាន ង៉ា ថុង ចោទថា ទាហានខ្មែរជាអ្នកបាញ់ទៅលើទាហានថៃមុន។ លោកស្រីបានឲ្យដឹងទៀតថា ការបាញ់បានធ្វើនៅពេលថៃកំពុងយាមល្បាតនៅលើទឹកដីរបស់ខ្លួន។
នៅថ្ងៃទី៤ តុលា ក្រសួងការបរទេសខ្មែរបានផ្ញើលិខិតមួយច្បាប់ជូនស្ថានទូតថៃនាទីក្រុងភ្នំពេញចាត់ទុកការបាញ់ប្រហាររបស់ទាហានសៀម ថាជាការរករឿងដោយប្រើប្រាស់អាវុធ ហើយបានប្រឆាំងដាច់ខាតទៅនឹងការដែលទាហានសៀមបានបង្ករឿងដោយប្រើប្រាស់អាវុធដោយចេតនានោះ។ រដ្ឋាភិបាលខ្មែរក៏បានទាមទារឲ្យថៃចៀសវាងកុំឲ្យមានការប៉ះទង្គិចដូច្នេះទៀតនៅថ្ងៃមុខ។
កងយោធាខ្មែរឈរជើងនៅក្បែរតំបន់ប្រាសាទព្រះវិហារបានឲ្យដឹងកាលពីថ្ងៃទី១ តុលា ថា ថៃបានបញ្ចូលទាហានឈុតខ្មៅមួយចំនួនថែមទៀតលើសពីមុននៅតំបន់ខ្សែត្រៀមជួរមុខ នៅមុនពេលដែលរដ្ឋាភិបាលប្រទេសទាំងពីរមានគម្រោងចាប់ផ្ដើមជួបចរចាជាថ្មីស្ដីពីបញ្ហាជម្លោះព្រំដែននោះ។
អគ្គលេខាធិការអ.ស.ប.ស្នើឲ្យកម្ពុជានិងថៃដោះស្រាយជម្លោះព្រំដែនជាទ្វេភាគី
ទាក់ទងនឹងជម្លោះរវាងថៃនិងខ្មែរអំពីប្រាង្គប្រាសាទនៅតាមព្រំដែន លោក បាន ឃីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) បានស្នើឲ្យមានការដោះស្រាយជាទ្វេភាគីរវាងប្រទេសទាំងពីរ។
លោក បាន ឃីមូន បានថ្លែងយ៉ាងដូច្នោះនៅក្នុងឱកាសមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលពេលនោះលោកបានថ្លែងប្រាប់តំណាងក្រសួងការបរទេសនៃប្រទេសទាំងពីរ គឺខ្មែរនិងថៃ ដែលកំពុងជួបប្រជុំដាច់ដោយឡែកជាមួយបណ្តាប្រទេសដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ (អាស៊ាន) នៅទីនោះ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន ឃីមូន ក៏បានបញ្ជាក់ថា ប្រទេសថៃនិងកម្ពុជាត្រូវតែរាយការណ៍ជូនទៅសមាគមអាស៊ានអំពីភាពជឿនលឿននៃការចរចាជាទ្វេភាគីនេះ។
សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រកាសឈប់ធ្វើនយោបាយ
សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានគណបក្ស នរោត្តម រណឫទ្ធិ បានមានបន្ទូលកាលពីថ្ងៃទី២ តុលា ថា ព្រះអង្គឈប់ធ្វើនយោបាយទៀតហើយ ហើយនឹងផ្ទេរតំណែងប្រធានគណបក្សទៅឲ្យលោក ឈឹម សៀកឡេង ដែលបច្ចុប្បន្នជាអនុប្រធានគណបក្ស នរោត្តម រណឫទ្ធិ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានមានបន្ទូលបញ្ជាក់បន្ថែមទៀតថា ព្រះអង្គនឹងត្រៀមព្រះកាយផងដែរ បើសិនណាជាមានព្រះរាជបន្ទូលពីព្រះមហាក្សត្រត្រូវការព្រះអង្គក្នុងករណីជួយបម្រើជាតិ។
ហ៊ុន សែន៖ រដ្ឋាភិបាលថ្មីនឹងមិនមានការចូលរួមពីបក្ស"រណឫទិ្ធ"
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃទី២ តុលា ថា រដ្ឋាភិបាលថ្មីរបស់លោកនឹងមិនមានការចូលរួមពីគណបក្ស នរោត្តម រណឫទិ្ធ នោះទេ។
លោក ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះនៅក្នុងពិធីប្រគល់ជ័យលាភីអាហារូបករណ៍ដល់និសិ្សតនាវិទ្យាស្ថានជាតិអប់រំ ដោយបានបញ្ជាក់ថា រដ្ឋាភិបាលចម្រុះនាពេលបច្ចុប្បន្ននេះរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊្វុនស៊ិនប៉ិច គឺមានចំនួនគណៈរដ្ឋមន្រ្តីច្រើនទៅហើយ ដូច្នេះវាពិបាកនឹងទទួលយកគណបក្សផ្សេងទៀតមកចូលរួម។
អតីតមេខ្មែរក្រហមដែលកំពុងជាប់ឃុំត្រូវគេអនុញ្ញាតឲ្យជួបសំណេះសំណាលគ្នា
ចៅក្រមនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពី ថ្ងៃពុធ ទី១ តុលា បានសម្រេចអនុញ្ញាតឲ្យអតីតមេដឹកនាំខ្មែរក្រហមដែលកំពុងជាប់ឃុំឃាំងទាំង៥រូបជួបសំណេះសំណាលគ្នាលេងនៅក្នុងពន្ធនាគារ។
កាលពីមុនតុលាការបានឃុំអ្នកទាំងនោះក្នុងបន្ទប់ដាច់ដោយឡែកពីគ្នាមិនឲ្យមានការទាក់ទងឡើយ។ ក្រោយមកតុលាការបានអនុញ្ញាតឲ្យលោក អៀង សារី ជួបប្រពន្ធ គឺអ្នកស្រី អៀង ធីរិទ្ធ បន្ទាប់ពីមានការទាមទារ។
សេចក្តីសម្រេចរបស់សាលាក្តីខ្មែរក្រហមកាលពីថ្ងៃសុក្រមុននោះធ្វើឡើងដើម្បីបញ្ចប់ការដាក់ជនសង្ស័យដាច់ពីគ្នា ព្រោះខា្លចឃុបឃិតគ្នាដាក់សម្ពាធលើសាក្សីឬជនរងគ្រោះ។
អភិបាលក្រុងសន្យារៀបចំលំនៅសមរម្យឲ្យអតីតអ្នកសំបុកចាប
អភិបាលក្រុងភ្នំពេញសន្យារៀបចំប្រជាពលរដ្ឋដែលត្រូវបានបញ្ជូនពីតំបន់សំបុកចាបទៅរស់នៅភូមិអណ្តូងថ្មី សង្កាត់គោករកា ខណ្ឌដង្កោ ឲ្យមានផ្ទះសម្បែងសមរម្យ។
អភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា មានប្រសាសន៍ថា ពលរដ្ឋបញ្ជូនពីតំបន់សំបុកចាប ឬភូមិទី១៤ ឲ្យទៅរស់នៅខណ្ឌដង្កោ តាមស្ថិតិ ស្រង់ពីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានប្រជាជនតែ៨០០គ្រួសារទេ ប៉ុន្តែពេលចូលទៅរស់នៅកន្លែងថ្មីបានកើនចំនួនដល់ទៅជាង១៦០០គ្រួសារ។
លោកបានបញ្ជាក់ថា សាលាក្រុងកំពុងពិចារណាទិញដីថែមសម្រាប់គ្រួសារដែលមិនទាន់មានដីសង់ផ្ទះ ប៉ុន្តែតម្លៃដីនៅខណ្ឌដង្កោបានឡើងថ្លៃខ្លាំងជាងមុន។
ហៀង រិទ្ធី បន្តការស្វែងរកការការពារសុវត្ថិភាពពីសហគមន៍អន្តរជាតិ
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា លោកបណ្ឌិត ហៀង រិទ្ធី បន្តការស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិឲ្យជួយការពារសុវត្ថិភាពសន្តិសុខផ្ទាល់ខ្លួនរបស់លោក។
លោកបណ្ឌិត ហៀង រិទ្ធី បានចេញលិខិតផ្លូវការតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០០៨ ផ្ញើជូនស្ថានទូតអាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី និងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា និងការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់អាមេរិក ហៅកាត់ថា អេហ្វ.ប៊ី.អាយ. សូមឲ្យជួយធ្វើអន្តរាគមន៍តាមចាប់ជនដែលបានគំរាមរកបាញ់សម្លាប់រូបលោក កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ នៅទីក្រុងភ្នំពេញនោះ។
លោកបណ្ឌិត ហៀង រិទ្ធី ពុំបានបញ្ជាក់នៅក្នុងលិខិតរបស់លោកនោះថាតើមូលហេតុអ្វីបានជាមានមនុស្សតាមចង់ផ្តាច់ជីវិតលោកដូច្នោះទេ។
អតីតចាងហ្វាងកាសែតស្រឡាញ់ខ្មែររងគ្រោះបាត់បង់ស្មារតី
អតីតចាងហ្វាងកាសែតស្រឡាញ់ខ្មែរដែលបានភៀសខ្លួននយោបាយពីកម្ពុជាមកស្នាក់នៅក្នុងប្រទេសន័រវ៉េ បានរងគ្រោះបាត់បង់ស្មារតី ដែលក្រុមគ្រួសារសាច់ញាតិបារម្ភថា នឹងអាចរងគ្រោះដល់ជីវិតថែមទៀត។
អតីតចាងហ្វាងកាសែតស្រឡាញ់ខ្មែរ លោក យូ តារាវុធ ត្រូវគ្រូពេទ្យន័រវ៉េ ឲ្យដឹងថា លោកមានឈាមកកនៅនឹងខួរក្បាលនៅពេលបានជិះកង់ដួលកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ។
គេបានបញ្ជូនលោកតាមយន្តហោះពីក្រុង Christian Sand ដែលលោកបានដួលរងគ្រោះទៅកាន់ក្រុងអូស្លូ ប្រទេសន័រវ៉េ ដើម្បីជួយសង្គ្រោះ។ លោក យូ តារាវុធ និងគ្រួសារ ទើបនឹងបានទទួលសិទ្ធិជ្រកកោននយោបាយនៅប្រទេសន័រវ៉េ កាលពីឆ្នាំ២០០៧ កន្លងមកនេះ។
ពលរដ្ឋនៅខេត្តក្រចេះអំពាវនាវរកជំនួយសង្រ្គោះផ្នែកសុខាភិបាល
ពលរដ្ឋជាច្រើននៅខេត្តក្រចេះបានអំពាវនាវរកជំនួយសង្រ្គោះបន្ទាន់ផ្នែកសុខាភិបាល ព្រោះថាជំងឺគ្រុនចាញ់និងគ្រុនពោះវៀនកំពុងរាតត្បាតពលរដ្ឋនៅក្នុងមូលដ្ឋានបន្ទាប់ពីមានទឹកជំនន់។ប្រជាពលរដ្ឋនៅភូមិជើងខែល ឃុំបឹងចាប ស្រុកសំបូរ ខេត្តក្រចេះ បានសុំឲ្យគ្រូពេទ្យចុះជួយការពារសុខភាពពួកគេជាបន្ទាន់ ដោយពេលនេះអ្នកស្រុកកំពុងតែកើតជំងឺគ្រុនស្ទើរតែពេញភូមិចាប់តាំងពីរដូវទឹកជំនន់ចូលមកដល់។
ប្រជាពលរដ្ឋឲ្យដឹងថា ចាប់តាំងពីរដូវទឹកឡើងខែកក្កដា និងខែសីហា ប្រជាពលរដ្ឋមានជំងឺគ្រុនចាញ់ល្មមទេ តែចាប់ពីចុងខែកញ្ញាចូលដើមខែតុលានេះជំងឺហាក់ដូចជារាតត្បាតស្ទើរតែពេញភូមិតែម្ដង។
ប្រជាពលរដ្ឋខ្មែរប្រារព្ធពិធីបុណ្សភ្ជុំបិណ្ឌ
ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកាលពីដើមសប្ដាហ៍នេះបាននាំគ្នាទៅវត្តដើម្បីចូលរួមពិធីបុណ្យសំខាន់ខាងសាសនាមួយ គឺភ្ជុំបិណ្ឌ ឬបុណ្យរំឭកវិញ្ញាណក្ខន្ធដល់អ្នកដែលបានចែកឋានទៅ។
ប្រជាពលរដ្ឋបាននាំគ្នាកាន់បិណ្ឌតាមប្រពៃណីពុទ្ធសាសនា ពីថ្ងៃទី១៥ កញ្ញា រហូតដល់ថ្ងៃទី២៨ កញ្ញា៕
