សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៣០ មិថុនា ដល់ ៦ កក្កដា ២០០៨

2008-07-06

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួមមាន អង្គការ​ក្រៅ​រដ្ឋាភិបាល​២​បាន​ប្រកាស​ត្រៀម​ដឹកនាំ​បាតុកម្ម​អហិង្សា​មួយ​តវ៉ា​ពី​បញ្ហា​ប្រាសាទ​ព្រះវិហារ និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត ។

Photo courtesy of Tharum Bun, http://tharum.info

ប្រាសាទ​ព្រះវិហារ នៅ​លើ​ភ្នំ​ដងរែក​នៃ​ខេត្ត​ព្រះវិហារ។

លោក ជា មករា អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ៣០ មិថុនា ដល់ ៦ កក្កដា ឆ្នាំ​២០០៨ ។

អង្គការ​២​ប្រកាស​ត្រៀម​ដឹកនាំ​បាតុកម្ម​តវ៉ា​ពី​បញ្ហា​ប្រាសាទ​ព្រះវិហារ

អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​២​បាន​ប្រកាស​ត្រៀម​ដឹកនាំ​បាតុកម្ម​អហិង្សា​តវ៉ា​មួយ​ដោយ​មាន​ការហែ​ក្បួន​មនុស្ស​ចំនួន​៣​ពាន់​នាក់​ដើម្បី​ជូន​ញត្តិ​ទៅ​ស្ថានទូត​ថៃ​នៅ​ក្រុង​ភ្នំពេញ ក្រោយ​ពេល​រដ្ឋាភិបាល​ថៃ​បាន​សម្រេច​តាម​តុលាការ​ថៃ​ដក​សេចក្តី​គាំទ្រ​ចំពោះ​ការស្នើ​ដាក់​បញ្ចូល​បា្រសាទ​ព្រះវិហារ​ជា​បេតិភណ្ឌ​ពិភពលោក ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​និង​ជា​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៣ កក្កដា​នេះ ថា​ការ​ដែល​តំណាង​រាជ​រដ្ឋាភិបាល​​បាន​គូស​ផែនទី​ថ្មី​ដើម្បី​ដាក់​ជូន​អង្គការ UNESCO ភ្ជាប់​ជាមួយ​ឯកសារ​សុំ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​នោះ​វា​អាច​ឲ្យ​កម្ពុជា​បាត់បង់​ទឹក​ដី​មួយចំនួន ។

ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ​និង​សីលធម៌​សង្គម បាន​មាន​ប្រសាសន៍​ថា លោក​មាន​គម្រោង​រៀបចំ​បាតុកម្ម​មួយ​ដែល​មាន​មនុស្ស​ចំនួន​៣​ពាន់​នាក់​ចូលរួម​ដោយ​ហែ​ជា​ក្បួន​ពី​វិមាន​ឯករាជ្យ​ទៅ​ស្ថានទូត​ថៃ ដើម្បី​ប្រគល់​ញត្តិ​គាំទ្រ​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ។

មន្រ្តី​នគរបាល​ខ្មែរ​បាន​ឲ្យ​ដឹង​​ថា គេ​បាន​ដាក់​កម្លាំង​ដើម្បី​រក្សា​សន្តិសុខ​នៅ​ស្ថានទូត​ថៃ និង​ត្រៀម​កម្លាំង​ដើម្បី​ជួយ​អន្តរាគមន៍​ដល់​បណ្តា​ទីស្នាក់ការ​ក្រុមហ៊ុន​ថៃ​ផងដែរ បន្ទាប់ពី​មាន​ព័ត៌មាន​ដែល​និយាយ​ថា​នឹង​មាន​បាតុកម្ម​ប្រឆាំង​ថៃ​ក្នុង​ការរារាំង​ដល់​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​នោះ ។

អង្គការ​សិទ្ធិ​មនុស្ស​សុំ​ឲ្យ​អាជ្ញាធរ​វៀតណាម​ផ្ដល់សិទ្ធិ​ពេញលេញ​ដល់ ទឹម សាខន

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ឲ្យ​អាជ្ញាធរ​វៀតណាម​ផ្តល់​សិទ្ធិ​ពេញលេញ​ទៅ​ឲ្យ​អតីត​ព្រះសង្ឃ ទឹម សាខន ដែល​អាជ្ញាធរ​វៀតណាម​អះអាង​ថា​បាន​ដោះលែង​កាលពី​ពេល​ថ្មីៗ​នេះ ។

នៅក្នុង​សេចក្តី​ប្រកាស​របស់​អង្គការ Human Rights Watch បាន​បញ្ជាក់​ថា​អាជ្ញាធរ​វៀតណាម​គួរតែ​ផ្តល់​សេរីភាព​ឲ្យ​លោក ទឹម សាខន ក្នុង​ការធ្វើ​ដំណើរ​និង​ជួបជុំ​សាច់ញាតិ​ដោយ​ឯកជន ។ ចំណែក​ឯ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ប្រកាស​ជា​សាធារណៈ​ថា លោក ទឹម សាខន មាន​សេរីភាព​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ ។

អាជ្ញាធរ​ខែត្រ​កំពត​បង្កើន​សកម្មភាព​រុះរើ​ផ្ទះ​អ្នកស្រុក​នៅ​ឃុំ​តាកែន

ប្រជាពលរដ្ឋ​នៅ​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​បង្កើន​សកម្មភាព​រុះរើ​ផ្ទះ​សម្បែង​របស់​ពួក​គាត់​កាលពី​ថ្ងៃ​សុក្រ កន្លងទៅ​នេះ ។

ខណៈ​ដែល​ក្រុម​មន្ត្រី​និង​កង​កម្លាំង​ប្រដាប់​អាវុធ​បង្កើន​សកម្មភាព​រុះរើ​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ចំណុច​អន្លង់ក្រោម ភូមិ​ជ័យ​សេនា ឃុំ​តាកែន ស្រុក​ឈូក នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០០៨ ប្រជាពលរដ្ឋ​ក៏​បាន​បង្កើន​ការទាមទារ​សុំ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​ថ្លែង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​តាម​រយៈ​វិទ្យុ​ឬ​ទូរទស្សន៍​ថា តើ​រដ្ឋ​ពិត​ជា​ត្រូវការ​ដក​យក​ដី​ពី​ពួក​គាត់​សម្រាប់​ការអភិវឌ្ឍ​មែន​ឬ​យ៉ាង​ណា ។

បុរស​ម្នាក់​ដែល​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ឈរ​ជើង​នៅ​ចំណុច​អន្លង់​ក្រោម​បាន​មាន​ប្រសាសន៍​ថា លោក​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​អង្គភាព​ព្រោះ​លោក​មិន​អាច​ទ្រាំ​មើល​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ។

តំណាង​បក្ស​ប្រជាជន​នៅ​ក្រចេះ​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ប្រធាន​បក្ស​សមរង្ស៊ី

តំណាង​គណបក្ស​ប្រជាជន​ខែត្រ​ក្រចេះ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ខែត្រ ដើម្បី​ធ្វើការ​ចោទ​ប្រកាន់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ថា មិន​គោរព​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ ។

តំណាង​គណបក្ស​ប្រជាជន​ឃុំ​ក្រចេះ ស្រុក​ក្រចេះ គឺ​លោក សៅ សារ៉ាត់ បាន​ប្ដឹង​ចោទ​ប្រកាន់​លោក សម រង្ស៊ី ថា​បាន​ឃោសនា​នៅ​សួន​កុមារ​ដោយ​ចោទ​ប្រកាន់​ថា មេ​ដឹកនាំ​សព្វថ្ងៃ​ជា​ចោរ​លួច​ជាតិ ដែល​បញ្ហា​នេះ​លោក សៅ សារ៉ាត់ បាន​ទាមទារ​ឲ្យ​រក​ភស្តុតាង ។

ការប្ដឹង​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​លោក សម រង្ស៊ី ប្រតិកម្ម​តប​ថា​លោក​ឥត​មាន​ចោទ​ចំ​ឈ្មោះ​អ្នក​ណា​ឡើយ ហើយថា​លោកគ្រាន់តែស្រង់សម្ដីតាមរបាយការណ៍ របស់អង្គការ Global Witness តែប៉ុណ្ណោះ ។

អតីត​ព្រះ​មហាក្សត្រ​ស្នើ​សុំ​ឲ្យ​ហ៊្វុនស៊ិនប៉ិច​ឈប់​ប្រើ​ព្រះឆាយាល័ក្ខណ៍​ព្រះអង្គ

អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ​បាន​ស្នើ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បញ្ឈប់​ការយក​ព្រះឆាយាល័ក្ខណ៍​របស់​ព្រះអង្គ ទៅ​ប្រើប្រាស់​នៅ​ក្នុង​យុទ្ធនាការ​នៃ​ការឃោសនា​រក​សំឡេង​ឆ្នោត ។

សារ​លិខិត​របស់​ព្រះអង្គ​ដែល​បាន​ផ្ញើ​ជូន​ទៅ​មេ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ស្តី​អំពី​ការហាម​ប្រាម​នេះ​បាន​ធ្វើឡើង​នៅ​ក្រោយ​ពី​គណបក្សនរោត្តមរណឫទ្ធិ ប្តឹង​ទៅ​អតីត​ព្រះមហាក្សត្រ​ទ្រង់​ជា្រប​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​លោក ញឹក ប៊ុនឆៃ កែវ ពុទ្ធរស្មី អរុណរស្មី បាន​យក​ព្រះឆាយាល័ក្ខណ៍​ព្រះអង្គ​ទៅ​បោកប្រាស់​និង​បំភ័ន្ត​មតិ​រាស្រ្ត​នៅ​ខេត្ត​បន្ទាយ​មានជ័យ ។

ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី មាន​ប្រសាសន៍​ទៀត​ថា​រូបថត​នោះ​គឺ​ជា​រូបថត​មន្រ្តី​ជាន់ខ្ពស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាមួយ​នឹង​អតីតព្រះ​មហាក្សត្រ ហើយ​ដែល​គេ​បាន​ចែកចាយ​ទៅ​ដល់​សកម្មជន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​មុន​ពេល​ឃោសនា ។

ក្រុម​ដូនជី​និង​អាចារ្យ​ចោទ​ថា​ចៅអធិការ​វត្ត​រើសអើង​បក្ស​នយោបាយ

ក្រុម​ដូន​ជី​និង​អាចារ្យ​វត្ត​ខ្លះ​នៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប កាលពីថ្ងៃ​អង្គារ ទី១ កក្កដា បាន​ចោទ​ប្រកាន់​ចៅអធិការ​វត្ត​ថា​បាន​រើសអើង​និន្នាការ​គណបក្ស​នយោបាយ ដោយ​បាន​បណ្តេញ​ដូន​ជី​ខ្លះ​ដែល​គាំទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​ឲ្យ​ចូល​វត្ត​សុំ​សីល​ទេ បើ​មិន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។

ចៅអធិការ​វត្ត​អារញ្ញ​រង្សី ព្រះតេជគុណ ដួន ឌុច បាន​មាន​ព្រះថេរដីកា​ទទួលស្គាល់​ថា​ព្រះអង្គ​ពិត​ជា​បាន​ហាមឃាត់​អាចារ្យ​វត្ត​និង​ដូនជី​ដែល​គាំទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​ឲ្យ​ចូល​វត្ត​សុំ​សីល​មែន ពីព្រោះតែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ឃុំ​ស្រុក​បាន​គាបសង្កត់​ព្រះអង្គ​ទៅ​រក​បច្ច័យ​កសាង​វត្ត​មិន​បាន ។

អាជ្ញាធរ​ខែត្រ​បាត់ដំបង​ស៊ើបអង្កេត​ករណី​រថយន្ត​បក្ស​"រណឫទ្ធិ"​រង​គ្រោះ​បែក​កញ្ចក់

ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក កង សាខន បាន​អះអាង​ថា សមត្ថកិច្ច​នគរបាល​បាន​បើក​ការស៊ើបអង្កេត​លើ​ករណី​រថយន្ត​រងគ្រោះ​បែក​កញ្ចក់​របស់​គណបក្ស នរោត្តម រណឫទ្ធិ មួយ​ជំហាន​ហើយ ប៉ុន្តែ​មិន​មាន​ភស្តុតាង​ឬ​ស្លាក​ស្នាម​បាញ់​ប្រហារ​ដូច​ការចោទ​ប្រកាន់​នោះ​ទេ ។

លោក ស៊ុត ឌីណា ប្រធាន​ក្រុម​ការងារ​គណបក្ស នរោត្តម រណឫទ្ធិ បាន​អះអាង​ដោយ​ចោទ​ប្រកាន់​ថា រថយន្ត​របស់​លោក​ត្រូវ​ទទួល​រង​ការបាញ់​ប្រហារ​បែក​កញ្ចក់​ស្តាំ​ខាង​ក្រោយ ដោយ​ការប៉ង​សម្លាប់​នៅ​វេលា​ម៉ោង​១២​យប់​នា​ថ្ងៃ​ទី​២៨ ចូល​ព្រឹក​ថ្ងៃ​ទី​២៩ នៅ​ឃុំ​តាគ្រៃ ស្រុក​កំរៀង ខណៈពេល​ក្បួន​រថយន្ត​របស់​លោក​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ធ្វើការ​ឃោសនា​នៅ​ស្រុក​ភ្នំ​ព្រឹក​វិញ ។

បក្ស​នយោបាយ​៣​គ្រោង​សហការ​ជាមួយ​គ្នា​ដើម្បី​ប្រមូល​សន្លឹក​ឆ្នោត

មេដឹកនាំ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​សង្គម​យុត្តិធម៌ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គេមាន​គម្រោង​សហការ​ជាមួយ​គ្នា​ជា​ផ្លូវការ​ដើម្បី​ប្រមូល​សន្លឹក​ឆ្នោត​គណបក្ស​នីមួយ​ៗ​ឲ្យ​បាន​កើន​ឡើង ក្នុង​ពេល​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ ។

លោក ជួន ណារ៉ុង អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៣០ មិថុនា ឲ្យ​ដឹង​ថា ការរួមគ្នា​របស់​គណបក្ស​ទាំង​បី គឺ​ដើម្បី​ជួយ​ប្រមូល​សន្លឹក​ឆ្នោត​ឲ្យ​គ្នា ព្រោះ​គណបក្ស​ទាំងបី​នេះ​មិន​បាន​ឈរ​ឈ្មោះ​នៅគ្រប់​មណ្ឌល​ទេ តែ​គេ​មាន​អ្នកគាំទ្រ​នៅគ្រប់​២៤​មណ្ឌល​ទូទាំង​ប្រទេស ។

ទាក់ទង​ជាមួយ​ការចូល​​​គ្នា​នេះ​ដែរ លោក បាន សុផល ប្រធាន​គណបក្ស​សង្គម​យុត្តិធម៌ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការចូល​គ្នា​នេះ​មិន​មាន​ដាក់​លក្ខខណ្ឌ​អ្វី​ទេ ហើយ​គណបក្ស​ទាំង​នោះ មាន​គម្រោង​ចុះ​ហត្ថលេខា​សម្ព័ន្ធភាព​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៧ កក្កដា ខាង​មុខ​នេះ ។

សកម្មជន​បក្ស​សិទ្ធិ​មនុស្ស​២​នាក់​នៅ​កំពង់ស្ពឺ​រង​ការវាយ​ប្រហារ​និង​សម្លាប់

មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា សកម្មជន​គណបក្ស​ខ្លួន​ពីរ​នាក់​ត្រូវ​បាន​វាយ​ប្រហារ​និង​សម្លាប់​ក្នុង​ករណី​ពីរ​ដោយឡែក​ពី​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ។

អនុ​កម្មការ​វិន័យ​គណបក្ស​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក ជ័យ ស៊ីថន បាន​ឲ្យ​ដឹង​ថា​សកម្មជន​គណបក្ស​ម្នាក់​ឈ្មោះ សូត្រ សុំ អាយុ​ប្រហែល​២៧​ឆ្នាំ រស់​នៅ​ភូមិ​រឹទ្ធចែង ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​បែក​គ្រាប់​ភ្នែក និង​អារ​ក​សម្លាប់ វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១ ខែ​កក្កដា ។

ទោះជា​យ៉ាងណា​ស្នងការ​នគរបាល​​ខេត្ត​កំពង់ស្ពឺ​បាន​បដិសេធ​ថា ឈ្មោះ សូត្រ សុំ នោះ មិន​មែន​ជា​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​នោះ​ទេ ប៉ុន្តែ​ជា​ប្រធាន​ក្រុមប្រឹក្សា​គណបក្ស​ប្រជាជន​កម្ពុជា ភូមិ​អង្គ​តាឯក ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ៕

អត្ថបទ​ដែល​ទាក់ទង

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៤ ដល់ ៣០ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៧ ដល់ ២៣ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១០ ដល់ ១៦ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ​៣-៩ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៧ តុលា ដល់ ២ វិច្ឆិកា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២០ ដល់ ២៦ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១៣ ដល់ ១៩ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ៦ ដល់ ១២ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២៩ កញ្ញា ដល់ ៥ តុលា ២០០៨

សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២២ ដល់ ២៨ កញ្ញា ២០០៨