លោក ជា មករា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ១ ដល់ ៧ កញ្ញា ឆ្នាំ២០០៨ ។
ពលរដ្ឋខ្មែរម្នាក់បាត់ខ្លួនក្រោយរងការបាញ់ប្រហារពីទាហានថៃ
ពលរដ្ឋខ្មែរម្នាក់បានបាត់ខ្លួនបន្ទាប់ពីរងរបួសដោយការបាញ់ប្រហារពីសំណាក់ទាហានឈុតខ្មៅថៃមកលើប្រជាពលរដ្ឋខ្មែរចំនួន៥នាក់ដែលកំពុងបោចវល្លិផ្ដៅ នៅចំណុចបន្ទាត់ព្រំដែនខ្មែរថៃ នៅភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
ព្រឹត្តិការណ៍នៃការបាញ់ប្រហារដោយទាហានឈុតខ្មៅថៃនេះបានកើតឡើងនៅវេលាល្ងាចថ្ងៃទី៥ ខែកញ្ញា។ ប្រជាពលរដ្ឋចំនួន៤នាក់ដែលបានរត់រួចខ្លួនបានបញ្ជាក់ថា បុរសឈ្មោះ ម៉ន មឿត អាយុ៣៧ឆ្នាំ បានរងគ្រាប់កាំភ្លើង ហើយបានបាត់ខ្លួនមិនដឹងថារស់ឬស្លាប់ឡើយ។
គេនៅមិនទាន់ដឹងមូលហេតុនៃការបាញ់ប្រហាររបស់ទាហានឈុតខ្មៅថៃ មកលើប្រជាពលរដ្ឋខ្មែរឡើយ ហើយគេកំពុងតាមស្វែងរក ឈ្មោះ ម៉ន មឿត ដែលបានរងគ្រាប់កាំភ្លើងនោះ។ នេះជាករណីបាញ់សម្លាប់លើកទីពីរ ហើយដោយកងទាហានឈុតខ្មៅថៃមកលើប្រជាពលរដ្ឋខ្មែរក្នុងសប្ដាហ៍នេះ។
កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០០៨ ពលរដ្ឋខ្មែរម្នាក់ត្រូវបានទាហានឈុតខ្មៅថៃបាញ់សម្លាប់ និងទាហានឈុតខ្មៅថៃចំនួន៣នាក់រងរបួស ក្នុងការបំផ្ទុះគ្រាប់បែកមួយគ្រាប់នៅជាយដែនលើទឹកដីថៃជាប់ព្រំដែនខ្មែរ ដែលបានកើតឡើងនៅភូមិដូនឡឹម ជាប់ច្រកព្រៃចន្ទខ្មែរ ក្នុងខេត្តបន្ទាយមានជ័យ។
ពលរដ្ឋខ្មែរ ឈ្មោះ ហ៊ុល វៀន បានប្រាប់សមត្ថកិច្ចថា ពួកគេមានគ្នា៣នាក់បានស៊ីឈ្នួលឲ្យក្រុមជនទុច្ចរិតធ្វើដំណើរចូលទៅទឹកដីថៃទាំងយប់ដើម្បីទៅយកម៉ូតូ ហើយនៅពេលទៅដល់គោលដៅ ស្រាប់តែភាគីថៃស្រវាឱបនិងភ្ជង់កាំភ្លើងទៅលើឈ្មោះ ហែល តូច អាយុ៣១ឆ្នាំ ហើយឈ្មោះ ហែល តូច មានគ្រាប់បែកក៏ដកគន្លឹះបណ្ដាលឲ្យផ្ទុះធ្វើឲ្យទាហានឈុតខ្មៅថៃរបួសធ្ងន់ពីរនាក់ និងរបួសស្រាលម្នាក់។ ហើយទាហានឈុតខ្មៅថៃម្នាក់ដែលរបួសស្រាលបានងើបឡើងយកកាំភ្លើងបាញ់សម្លាប់ឈ្មោះ ហែល តូច តែម្ដង។
ទោះជាយ៉ាងណាទាហានថៃបានឲ្យដឹងថា ការបាញ់សម្លាប់នេះបណ្ដាលមកពីការជួញដូរគ្រឿងញៀន។
មេដឹកនាំបក្សប្រឆាំងស្នើយាងអតីតព្រះមហាក្សត្រជួយដោះស្រាយបញ្ហាព្រំដែន
មេដឹកនាំគណបក្សប្រឆាំងគឺ លោក សម រង្ស៊ី កាលពីថ្ងៃទី៣ កញ្ញា បានទទូចឲ្យព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ជួយអន្តរាគមន៍ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាពិសេសក្នុងជម្លោះជាមួយនឹងប្រទេសថៃនាបច្ចុប្បន្ន។
លោក សម រង្ស៊ី បានបញ្ជាក់ថា ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ គឺជាអង្គក្សត្រតែមួយអង្គគត់ដែលនឹងធានាដល់បូរណភាពនិងអធិបតេយ្យជាតិខ្មែរ។
លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលបានមានប្រសាសន៍ប្រតិកម្មថា សេចក្តីស្នើរបស់លោក សម រង្ស៊ី គឺជាការចង់ចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ មិនមែនដើម្បីជាតិនោះទេ ហើយថែមទាំងអាចធ្វើឲ្យជាតិអាម៉ាស់ទៀតផង។
ទាហានថៃយល់ព្រមបើកទ្វារច្រកប្រាសាទតាមាន់ឲ្យខ្មែរចេញចូល
មន្រ្តីយោធាខ្មែរនៅតំបន់ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កងទាហានឈុតខ្មៅថៃបានយល់ព្រមបើកទ្វារច្រកប្រាសាទតាមាន់ ឲ្យប្រជាពលរដ្ឋនិងយោធាខ្មែរបានចេញចូលទៅកាន់ប្រាសាទវិញហើយ កាលពីព្រឹកថ្ងៃច័ន្ទ ទី១ ខែកញ្ញា។
មេបញ្ជាការកងវរសេនាតូចលេខ៤២២ នៃកងយោធពលខេមរភូមិន្ទ លោក ប៉ុល ថេន បានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ភាគីថៃបានកំណត់ចំនួនពលរដ្ឋនិងទាហានខ្មែរដែលចូលទៅប្រាសាទតាមាន់មិនត្រូវលើសពី១០នាក់ឡើយ។
មន្ត្រីយោធាខ្មែរបានឲ្យដឹងទៀតថា ទាហានឈុតខ្មៅថៃជាច្រើននាក់បានចូលមកបោះជំរំជាថ្មីម្ដងទៀតនៅលើតំបន់ជិតប្រាសាទដែលភាគីទាំងពីរធ្លាប់បានព្រមព្រៀងគ្នាមិនឲ្យមានកងទ័ព បន្ទាប់ពីពួកគេបានដកចេញមួយរយៈ ហើយថាទាហានថៃបានចូលមកបោះជំរំលើតំបន់ជាច្រើនចំណុច កាលពីថ្ងៃពុធ ទី៣ ខែកញ្ញា។
ខ្មែរ២នាក់ត្រូវចាប់ខ្លួនពីបទចាប់ជម្រិតក្មេងជនជាតិថៃម្នាក់
យោធាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ពលរដ្ឋខ្មែរពីរនាក់ត្រូវបានចាប់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យភ្លាមៗបន្ទាប់ពីបានធ្វើសកម្មភាពចាប់ជំរិតក្មេងជនជាតិថៃម្នាក់ កាលពីពេលកន្លងទៅថ្មីៗនេះ។
មេបញ្ជាការវរសេនាតូច៩១១ ការពារព្រំដែន គឺលោក ឈូក អាង បានថ្លែងថា ជនល្មើសពីរនាក់ ឈ្មោះ លី សំបូរ អាយុ២៨ឆ្នាំ រស់នៅភូមិនិម្មិត២ ឃុំនិម្មិត និងឈ្មោះ នួន ឆៃរ៉ា អាយុ២១ឆ្នាំ រស់នៅឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងវរសេនាតូចលេខ៩១១ ចាប់បានក្រោយពីទទួលពាក្យបណ្តឹងពីក្រុមគ្រួសារនិងអាជ្ញាធរថៃជុំវិញករណីចាប់ជំរិត។
លោក ឈូក អាង បានឲ្យដឹងទៀតថា ក្មេងជនជាតិថៃមានអាយុ១៥ឆ្នាំ រស់នៅឃុំគោកធ្យូង ខេត្តស្រះកែវថៃ ត្រូវបានជនល្មើសល្បួងនាំពីទឹកដីថៃ តាមច្រករបៀងមកទឹកដីខ្មែរក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយធ្វើសកម្មភាពជំរិតយកលុយពីក្មេងបានចំនួន ៤ពាន់បាត និងទាក់ទងទូរស័ព្ទទៅជំរិតទារពីឪពុកម្តាយក្មេងជនជាតិថៃនោះ បានចំនួន១ម៉ឺនបាតថែមទៀត តែជនល្មើសនោះមិនបានដោះលែងក្មេងជនជាតិថៃនោះទេ។
ពលរដ្ឋនៅតំបន់បឹងកក់នាំគ្នាមកតវ៉ានៅមុខសាលាក្រុង
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងកក់បាននាំគ្នាតវ៉ានៅមុខសាលាក្រុងភ្នំពេញ ក៏ដូចជានៅឯការិយាល័យតំណាងក្រុមហ៊ុន ស៊ូកាគូ អ៊ីន ដែលកំពុងតែអភិវឌ្ឍតំបន់បឹងកក់ ហើយទាមទារឲ្យក្រុមហ៊ុនចុះមកដោះស្រាយបញ្ហាប្រាក់សំណងដោយផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋដែលជំទាស់ពុំព្រមទទួលយកសំណងជាទឹកប្រាក់៨០០០ដុល្លារនោះបានឲ្យដឹងថា ពួកគាត់ត្រូវការជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនដើម្បីទាមទារឲ្យមានសំណងចំពោះលំនៅឋានរបស់ពួកគាត់ដែលត្រូវរើចេញ ជាទឹកប្រាក់១៥០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយម៉ែត្រការ៉េ។
រហូតមកទល់នឹងថ្ងៃសៅរ៍នេះ ប្រជាពលរដ្ឋនៅមិនទាន់បានជួបជាមួយនឹងប្រធានក្រុមហ៊ុនគឺលោកឧកញ៉ា ឡៅ ម៉េងឃិន និងភរិយាគឺលោកស្រី ជីង សុភាព ហៅយាយភូ នោះបានឡើយ។
ប្រជាពលរដ្ឋអ្នកតវ៉ានៅតំបន់បឹងកក់នោះគ្រោងនឹងនាំគ្នាទៅតវ៉ានៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលឆាប់ៗនេះ។
មន្រ្តីក្រសួងកសិកម្មជាង១០០នាក់តវ៉ាពីការលក់ដីនៅសង្កាត់ស្ទឹងមានជ័យ
បុគ្គលិកមន្រ្តីរាជការចំនួនជាង១០០នាក់នៃនាយកដ្ឋានក្សេត្រសាស្រ្តនិងកែលម្អដីកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានតវ៉ាប្រឆាំងនឹងការលក់ដីស្ថានីយពិសោធន៍បណ្តុះដំណាំមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យ ក្រុងភ្នំពេញ ក្នុងតម្លៃជាទឹកប្រាក់ជាច្រើនលានដុល្លារសហរដ្ឋអាមេរិក ឲ្យទៅក្រុមហ៊ុនឯកជនមួយ ដើម្បីយកប្រាក់ចែកចាយគ្នាក្នុងចំណោមមន្រ្តីជាន់ខ្ពស់មួយចំនួននៃនាយកដ្ឋាននោះ។
លោក ស្រ៊ុន សុខម អនុប្រធាននៃនាយកដ្ឋានក្សេត្រសាស្រ្តនិងកែលម្អដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ លោកមិនបានទទួលប្រាក់កម្រៃអ្វីទេពីការដោះដូរដីនោះ។
បក្សសិទ្ធិមនុស្សនិងបក្សសមរង្ស៊ីបដិសេធលទ្ធផលនៃការបោះឆ្នោត
ប្រធានគណបក្សសិទ្ធិមនុស្សនិងគណបក្សសមរង្ស៊ី កាលពី ថ្ងៃទី៣ កញ្ញា បានបដិសេធលទ្ធផលនៃការបោះឆ្នោត ហើយក៏បានដាក់តាំងបង្ហាញលិខិតស្នាមភស្តុតាងមួយចំនួនដែលប្រមូលបានពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៧ ខែកក្កដាកន្លងមក ដោយចោទថាការបោះឆ្នោតនោះមិនត្រឹមត្រូវ។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថាក្រោយពេលក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចហើយនោះមិនមានការតវ៉ាណាទៀតឡើយ។
កាលពីថ្ងៃទី២ កញ្ញាកន្លងមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត កាលពីថ្ងៃទី២៧ ដោយបែងចែកអាសនៈនៅក្នុងចំណោមកៅអីសភាចំនួន១២៣អាសនៈ បានទៅគណបក្សប្រជាជនកម្ពុជា ៩០អាសនៈ គណបក្សសមរង្ស៊ី បាន២៦ គណបក្សសិទ្ធិមនុស្ស បាន៣អាសនៈ គណបក្ស នរោត្តម រណឫទ្ធិ បាន២អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច បាន២អាសនៈ។
ក្រុមហ៊ុន៣រួមគ្នាបង្កើតក្រុមហ៊ុន យ៉ាម៉ាហា ម៉ូទ័រ ខេមបូឌា ខូអ៊ែលធីឌី នៅកម្ពុជា
ក្រុមហ៊ុនចំនួនបីបានឯកភាពគ្នាបង្កើតក្រុមហ៊ុន យ៉ាម៉ាហា ម៉ូទ័រ ខេមបូឌា ខូអ៊ែលធីឌី ដើម្បីផលិតនិងរកទីផ្សារម៉ូតូម៉ាកយ៉ាម៉ាហានៅក្នុងប្រទេសកម្ពុជា ដោយបោះទឹកប្រាក់វិនិយោគចំនួន ១១,៥លានដុល្លារសហរដ្ឋអាមេរិក។
ការឯកភាពក្នុងការធ្វើវិនិយោគម៉ូតូម៉ាកយ៉ាម៉ាហាក្នុងប្រទេសកម្ពុជាបានធ្វើឡើង កាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០០៨ ដោយក្រុមហ៊ុនចំនួនបី មានក្រុមហ៊ុន យ៉ាម៉ាហា ម៉ូទ័រ របស់ប្រទេសជប៉ុនដែលមានភាគហ៊ុនចំនួន ៧០% ក្រុមហ៊ុន Toyota Tsusho Corporation ភាគហ៊ុន ២០% និងក្រុមហ៊ុន គង់ នួន អាហរ័ណ នីហរ័ណ ភាគហ៊ុន ១០% ហើយក្រុមហ៊ុនថ្មីនេះនឹងចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០០៨ ខាងមុខនេះ៕
