សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១ ដល់ ៧ កញ្ញា ២០០៨

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួមមាន ពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​បាត់​ខ្លួន​បន្ទាប់ពី​រង​របួស​ដោយ​ការបាញ់​ប្រហារ​ពី​សំណាក់​ទាហាន​ឈុត​ខ្មៅ​ថៃ​មក​លើ​ពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់ និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត ។

0:00 / 0:00

លោក ជា មករា អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ១ ដល់ ៧ កញ្ញា ឆ្នាំ​២០០៨ ។

ពលរដ្ឋ​ខ្មែរ​ម្នាក់​បាត់​ខ្លួន​ក្រោយ​រង​ការបាញ់​ប្រហារ​ពី​ទាហាន​ថៃ

ពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​បាត់​ខ្លួន​បន្ទាប់ពី​រង​របួស​ដោយ​ការបាញ់​ប្រហារ​ពី​សំណាក់​ទាហាន​ឈុត​ខ្មៅ​ថៃ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់​ដែល​កំពុង​បោច​វល្លិ​ផ្ដៅ នៅ​ចំណុច​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ នៅ​ភូមិ​ពាមតា ឃុំ​តាតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង។

ព្រឹត្តិការណ៍​នៃ​ការបាញ់​ប្រហារ​ដោយ​ទាហាន​ឈុត​ខ្មៅ​ថៃ​នេះ​បាន​កើតឡើង​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​៥ ខែ​កញ្ញា។ ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​ដែល​បាន​រត់​រួច​ខ្លួន​បាន​បញ្ជាក់​ថា បុរស​ឈ្មោះ ម៉ន មឿត អាយុ​៣៧​ឆ្នាំ បាន​រង​គ្រាប់​កាំភ្លើង ហើយ​បាន​បាត់​ខ្លួន​មិន​ដឹង​ថា​រស់​ឬ​ស្លាប់​ឡើយ។

គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​នៃ​ការបាញ់​ប្រហារ​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ ហើយ​គេ​កំពុង​តាម​ស្វែងរក ឈ្មោះ ម៉ន មឿត ដែល​បាន​រង​គ្រាប់​កាំភ្លើង​នោះ។ នេះ​ជា​ករណី​បាញ់​សម្លាប់​លើក​ទី​ពីរ ហើយ​ដោយ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​សប្ដាហ៍​នេះ។

កាលពី​យប់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០០៨ ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ​បាញ់​សម្លាប់ និង​ទាហាន​ឈុត​ខ្មៅ​ថៃ​ចំនួន​៣​នាក់​រង​របួស ក្នុង​ការបំផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​នៅ​ជាយដែន​លើ​ទឹក​ដី​ថៃ​ជាប់​ព្រំដែន​ខ្មែរ ដែល​បាន​កើត​ឡើង​នៅ​ភូមិ​ដូនឡឹម ជាប់​ច្រក​ព្រៃ​ចន្ទ​ខ្មែរ ក្នុង​ខេត្ត​បន្ទាយមានជ័យ។

ពលរដ្ឋ​ខ្មែរ ឈ្មោះ ហ៊ុល វៀន បាន​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​មាន​គ្នា​៣​នាក់​បាន​ស៊ីឈ្នួល​ឲ្យ​ក្រុម​ជន​ទុច្ចរិត​ធ្វើ​ដំណើរ​ចូល​ទៅ​ទឹក​ដី​ថៃ​ទាំង​យប់​ដើម្បី​ទៅ​យក​ម៉ូតូ ហើយ​នៅ​ពេល​ទៅ​ដល់​គោលដៅ ស្រាប់តែ​ភាគី​ថៃ​ស្រវា​ឱប​និង​ភ្ជង់​កាំភ្លើង​ទៅ​លើ​ឈ្មោះ ហែល តូច អាយុ​៣១​ឆ្នាំ ហើយ​ឈ្មោះ ហែល តូច មាន​គ្រាប់បែក​ក៏​ដក​គន្លឹះ​បណ្ដាល​ឲ្យ​ផ្ទុះ​ធ្វើ​ឲ្យ​ទាហាន​ឈុត​ខ្មៅ​ថៃ​របួស​ធ្ងន់​ពីរ​នាក់ និង​របួស​ស្រាល​ម្នាក់។ ហើយ​ទាហាន​ឈុត​ខ្មៅ​ថៃ​ម្នាក់​ដែល​របួស​ស្រាល​បាន​ងើប​ឡើង​យក​កាំភ្លើង​បាញ់​សម្លាប់​ឈ្មោះ ហែល តូច តែ​ម្ដង។

ទោះ​ជា​យ៉ាង​ណា​ទាហាន​ថៃ​បាន​ឲ្យ​ដឹង​ថា ការបាញ់​សម្លាប់​នេះ​បណ្ដាល​មក​ពី​ការជួញដូរ​គ្រឿង​ញៀន។

មេដឹកនាំ​បក្ស​ប្រឆាំង​ស្នើ​យាង​អតីត​ព្រះមហាក្សត្រ​ជួយ​ដោះស្រាយ​បញ្ហា​ព្រំដែន

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​គឺ លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​៣ កញ្ញា បាន​ទទូច​ឲ្យ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ជួយ​អន្តរាគមន៍​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន ជា​ពិសេស​ក្នុង​ជម្លោះ​ជាមួយ​នឹង​ប្រទេស​ថៃ​នា​បច្ចុប្បន្ន។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ព្រះ​មហា​វីរក្សត្រ ព្រះបាទ នរោត្តម សីហនុ គឺ​ជា​អង្គ​ក្សត្រ​តែ​មួយ​អង្គ​គត់​ដែល​នឹង​ធានា​ដល់​បូរណភាព​និង​អធិបតេយ្យ​ជាតិ​ខ្មែរ។

លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា សេចក្តី​ស្នើ​របស់​លោក សម រង្ស៊ី គឺ​ជា​ការចង់​ចំណេញ​ផ្នែក​នយោបាយ​តែ​ប៉ុណ្ណោះ មិន​មែន​ដើម្បី​ជាតិ​នោះ​ទេ ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ជាតិ​អាម៉ាស់​ទៀត​ផង។

ទាហាន​ថៃ​យល់ព្រម​បើក​ទ្វារ​ច្រក​ប្រាសាទ​តាមាន់​ឲ្យ​ខ្មែរ​ចេញ​ចូល

មន្រ្តី​យោធា​ខ្មែរ​នៅ​តំបន់​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​យល់ព្រម​បើក​ទ្វារ​ច្រក​ប្រាសាទ​តាមាន់ ឲ្យ​ប្រជាពលរដ្ឋ​និង​យោធា​ខ្មែរ​បាន​ចេញចូល​ទៅ​កាន់​ប្រាសាទ​វិញ​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១ ខែ​កញ្ញា។

មេ​បញ្ជាការ​កង​វរសេនា​តូច​លេខ​៤២២ នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល ថេន បាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ភាគី​ថៃ​បាន​កំណត់​ចំនួន​ពលរដ្ឋ​និង​ទាហាន​ខ្មែរ​ដែល​ចូលទៅ​ប្រាសាទ​តាមាន់​មិន​ត្រូវ​លើស​ពី​១០​នាក់​ឡើយ។

មន្ត្រី​យោធា​ខ្មែរ​បាន​ឲ្យ​ដឹង​ទៀត​ថា ទាហាន​ឈុត​ខ្មៅ​ថៃ​ជា​ច្រើន​នាក់​បាន​ចូល​មក​បោះ​ជំរំ​ជា​ថ្មី​ម្ដង​ទៀត​នៅ​លើ​តំបន់​ជិត​ប្រាសាទ​ដែល​ភាគី​ទាំង​ពីរ​ធ្លាប់​បាន​ព្រមព្រៀង​គ្នា​មិន​ឲ្យ​មាន​កងទ័ព បន្ទាប់ពី​ពួក​គេ​បាន​ដក​ចេញ​មួយ​រយៈ ហើយ​ថា​ទាហាន​ថៃ​បាន​ចូល​មក​បោះ​ជំរំ​លើ​តំបន់​ជា​ច្រើន​ចំណុច កាលពី​ថ្ងៃ​ពុធ ទី​៣ ខែ​កញ្ញា។

ខ្មែរ​២​នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ចាប់​ជម្រិត​ក្មេង​ជនជាតិ​ថៃ​ម្នាក់

យោធា​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ភ្លាម​ៗបន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ចាប់​ជំរិត​ក្មេង​ជនជាតិ​ថៃ​ម្នាក់ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។

មេ​បញ្ជាការ​វរសេនា​តូច​៩១១ ការពារ​ព្រំដែន គឺ​លោក ឈូក អាង បាន​ថ្លែង​ថា ជនល្មើស​ពីរ​នាក់ ឈ្មោះ លី សំបូរ អាយុ​២៨​ឆ្នាំ រស់​នៅ​ភូមិ​និម្មិត​២ ឃុំ​និម្មិត និង​ឈ្មោះ នួន ឆៃរ៉ា អាយុ​២១​ឆ្នាំ រស់នៅ​ឃុំ​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​កម្លាំង​វរសេនា​តូច​លេខ​៩១១ ចាប់​បាន​ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ក្រុម​គ្រួសារ​និង​អាជ្ញាធរ​ថៃ​ជុំវិញ​ករណី​ចាប់​ជំរិត។

លោក ឈូក អាង បាន​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ជនជាតិ​ថៃ​មាន​អាយុ​១៥​ឆ្នាំ រស់​នៅ​ឃុំ​គោកធ្យូង ខេត្ត​ស្រះកែវ​ថៃ ត្រូវ​បាន​ជនល្មើស​ល្បួង​នាំ​ពី​ទឹក​ដី​ថៃ តាម​ច្រក​របៀង​មក​ទឹកដី​ខ្មែរ​ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​ធ្វើ​សកម្មភាព​ជំរិត​យក​លុយ​ពី​ក្មេង​បាន​ចំនួន ៤​ពាន់​បាត និង​ទាក់ទង​ទូរស័ព្ទ​ទៅ​ជំរិត​ទារ​ពី​ឪពុក​ម្តាយ​ក្មេង​ជនជាតិ​ថៃ​នោះ បាន​ចំនួន​១​ម៉ឺន​បាត​ថែម​ទៀត តែ​ជនល្មើស​នោះ​មិន​បាន​ដោះលែង​ក្មេង​ជនជាតិ​ថៃ​នោះ​ទេ។

ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​សាលាក្រុង

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​បឹង​កក់​បាន​នាំគ្នា​តវ៉ា​នៅ​មុខ​សាលាក្រុង​ភ្នំពេញ ក៏​ដូច​ជា​នៅ​ឯ​ការិយាល័យ​តំណាង​ក្រុមហ៊ុន ស៊ូកាគូ អ៊ីន ដែល​កំពុងតែ​អភិវឌ្ឍ​តំបន់​បឹងកក់ ហើយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចុះ​មក​ដោះស្រាយ​បញ្ហា​ប្រាក់​សំណង​ដោយ​ផ្ទាល់​ជាមួយ​នឹង​ប្រជាពលរដ្ឋ​។

ប្រជាពលរដ្ឋ​ដែល​ជំទាស់​ពុំ​ព្រម​ទទួល​យក​សំណង​ជា​ទឹក​ប្រាក់​៨០០០​ដុល្លារ​នោះ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ត្រូវការ​ជួប​ផ្ទាល់​ជាមួយ​នឹង​ក្រុមហ៊ុន​ដើម្បី​ទាមទារ​ឲ្យ​មាន​សំណង​ចំពោះ​លំនៅឋាន​របស់​ពួក​គាត់​ដែល​ត្រូវ​រើ​ចេញ ជា​ទឹក​ប្រាក់​១៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

រហូត​មកទល់​នឹង​ថ្ងៃ​សៅរ៍​នេះ ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​បាន​ជួប​ជាមួយ​នឹង​ប្រធាន​ក្រុមហ៊ុន​គឺ​លោក​ឧកញ៉ា ឡៅ ម៉េងឃិន និង​ភរិយា​គឺ​លោកស្រី ជីង សុភាព ហៅ​យាយ​ភូ នោះ​បាន​ឡើយ។

ប្រជាពលរដ្ឋ​អ្នក​តវ៉ា​នៅ​តំបន់​បឹង​កក់​នោះ​គ្រោង​នឹង​នាំ​គ្នា​ទៅ​តវ៉ា​នៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ពេល​ឆាប់ៗ​នេះ។

មន្រ្តី​ក្រសួង​កសិកម្ម​ជាង​១០០​នាក់​តវ៉ា​ពី​ការលក់​ដី​នៅ​សង្កាត់​ស្ទឹងមានជ័យ

បុគ្គលិក​មន្រ្តី​រាជការ​ចំនួន​ជាង​១០០​នាក់​នៃ​នាយកដ្ឋាន​ក្សេត្រសាស្រ្ត​និង​កែលម្អ​ដី​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​តវ៉ា​ប្រឆាំង​នឹង​ការលក់​ដី​ស្ថានីយ​ពិសោធន៍​បណ្តុះ​ដំណាំ​មួយ​កន្លែង នៅ​សង្កាត់​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ ក្នុង​តម្លៃ​ជា​ទឹក​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​យក​ប្រាក់​ចែកចាយ​គ្នា​ក្នុង​ចំណោម​មន្រ្តី​ជាន់ខ្ពស់​មួយចំនួន​នៃ​នាយកដ្ឋាន​នោះ។

លោក ស្រ៊ុន សុខម អនុ​ប្រធាន​នៃ​នាយកដ្ឋាន​ក្សេត្រសាស្រ្ត​និង​កែលម្អ​ដី​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍ លោក​មិន​បាន​ទទួល​ប្រាក់​កម្រៃ​អ្វី​ទេ​ពី​ការដោះដូរ​ដី​នោះ។

បក្ស​សិទ្ធិ​មនុស្ស​និង​បក្ស​សមរង្ស៊ី​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត

ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​និង​គណបក្ស​សម​រង្ស៊ី កាលពី ថ្ងៃ​ទី​៣ កញ្ញា បាន​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត ហើយ​ក៏​បាន​ដាក់​តាំង​បង្ហាញ​លិខិត​ស្នាម​ភស្តុតាង​មួយ​ចំនួន​ដែល​ប្រមូល​បាន​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការបោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដាកន្លង​មក ដោយ​ចោទ​ថា​ការបោះឆ្នោត​នោះ​មិន​ត្រឹមត្រូវ។

លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត បាន​ឲ្យ​ដឹង​ថា​ក្រោយ​ពេល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ហើយ​នោះ​មិន​មាន​ការតវ៉ា​ណា​ទៀត​ឡើយ។

កាលពី​ថ្ងៃ​ទី​២ កញ្ញា​កន្លង​មក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នៃ​ការ​បោះឆ្នោត កាលពី​ថ្ងៃ​ទី​២៧ ដោយ​បែងចែក​អាសនៈ​នៅ​ក្នុង​ចំណោម​កៅអី​សភា​ចំនួន​១២៣​អាសនៈ បាន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ៩០​អាសនៈ គណបក្ស​សមរង្ស៊ី បាន​២៦ គណបក្ស​សិទ្ធិ​មនុស្ស បាន​៣​អាសនៈ គណបក្ស នរោត្តម រណឫទ្ធិ បាន​២​អាសនៈ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​២​អាសនៈ។

ក្រុមហ៊ុន​៣​រួមគ្នា​បង្កើត​ក្រុមហ៊ុន យ៉ាម៉ាហា ម៉ូទ័រ ខេមបូឌា ខូអ៊ែលធីឌី នៅ​កម្ពុជា

ក្រុមហ៊ុន​ចំនួន​បី​បាន​ឯកភាព​គ្នា​បង្កើត​ក្រុមហ៊ុន យ៉ាម៉ាហា ម៉ូទ័រ ខេមបូឌា ខូអ៊ែលធីឌី ដើម្បី​ផលិត​និង​រក​ទីផ្សារ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បោះ​ទឹកប្រាក់​វិនិយោគ​ចំនួន ១១,៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ការឯកភាព​ក្នុង​ការធ្វើ​វិនិយោគ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០០៨ ដោយ​ក្រុមហ៊ុន​ចំនួន​បី មាន​ក្រុមហ៊ុន យ៉ាម៉ាហា ម៉ូទ័រ របស់​ប្រទេស​ជប៉ុន​ដែល​មាន​ភាគហ៊ុន​ចំនួន ៧០% ក្រុមហ៊ុន Toyota Tsusho Corporation ភាគ​ហ៊ុន ២០% និង​ក្រុមហ៊ុន គង់ នួន អាហរ័ណ នីហរ័ណ ភាគហ៊ុន ១០% ហើយ​ក្រុមហ៊ុន​ថ្មី​នេះ​នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០០៨ ខាង​មុខ​នេះ៕