សម្រស់​កោះ​ត្រល់

ដោយ យុន សុគុណ្ណា
2013-03-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

បទ​ពាក្យ​ប្រាំពីរ

១.ទេសភាព​ត្រកាល​សែន​មនោរម្យ    ត្រជាក់ត្រជុំ​ក្នុង​ចិន្តា    ឆ្នេរ​ខ្សាច់​ស​ក្បុស​ឆ្លុះ​កាយា    រីឯ​ជលសា​សម​សោភា។

២.ឆ្នេរ​វែង​អន្លាយ​ជាប់​ជើង​មេឃ    រុក្ខជាតិ​ប្លែកៗ​ដេក​លូន​វា    មាន​ច្រើន​សណ្ឋាន​គួរ​ពណ៌នា    រំភើប​ទ័យា​គាប់​នេត្រា។

៣.ទេសចរ​មូល​មី​ដើរ​កម្សាន្ត    កោះ​ត្រល់​ប្រៀប​បាន​ឋាន​ទេវតា    ជា​គ្រាប់​ពេជ្រ​ថ្មី​ច្នៃ​រចនា    ទាក់​ទាញ​មនុស្សា​គ្រប់​ទិស​ទី។

៤.ដើម​ដូង​ទន់​ទេរ​រេ​យោល​ធាង    ដូច​បទ​ចម្រៀង​ប្រពៃណី    ប្រគំ​ជូន​ភ្ញៀវ​ដើរ​សំភី    ឲ្យ​ឈ្លក់​វក់វី​ចង់​ទស្សនា។

៥.រី​ទូក​តូច​ធំ​មាន​វែង​ខ្លី    នាំ​ភ្ញៀវ​ប្រុស​ស្រី​រាល់​រូបា    ជិះ​កាត់​គង្គា​ទឹក​ល្អ​ថ្លា    ឃើញ​សព្វ​មច្ឆា​ហែល​ត្រសង។

៦.មាន​រឿង​ច្រើន​ទៀត​មិន​វាចា    ជា​ទ្រព្យ​ភោក្ដា​ច្រើន​កន្លង    នា​ប្រជុំ​កោះ​ស្អាត​គ្មាន​ហ្មង    ដែល​ញាតិ​ប្អូន​បង​ធ្លាប់​តែ​ឮ។

៧.ត្រល់​ជា​កោះ​ទ្រព្យ​មហា​សាល    ពិសិដ្ឋ​ត្រកាល​ល្បី​រន្ទឺ    ពេល​នេះ​យើង​បាន​ត្រឹម​តែ​ឮ    កោះ​ដ៏​រន្ទឺ​បាន​ទៅ​គេ។

៨.ខ្ញុំ​គ្មាន​ពាក្យ​អ្វី​នឹង​ពោល​ប្រាប់    បាន​ត្រឹម​ឈឺ​ចាប់​ក្នុង​ចិត្ត​ទ្វេ    ព្រោះ​យើង​មិន​ការពារ​ដី​កេរ    ទើប​បាន​ទៅ​គេ​ដូច្នេះ​ណា។

៩.ដូនតា​មុខ​ជា​ជេរ​ប្រទេច    ហេតុ​អ្វី​យើង​ម្ដេច​មិន​រក្សា    ដី​កោះ​ដ៏​ល្អ​ក្នុង​លោកា    ឲ្យ​ចោរ​ឫស្យា​ឆក់​យក​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល