ឱកោះសុទិនសុបិនក្នុងចិត្ត ជំនោរជីវិតស្អិតជាប់ឱរ៉ា កោះពោធិកោះប៉ែនដែនកោះប្រស្នា ចំណងស្នេហារៀមរ៉ា និងស្រី។
កោះធំកោះទាវកោះហ៊ីងកោះថ្មី កោះភ្ជាប់និស្ស័យកោះអន្លង់ចិន កោះខ្សាច់ទន្លារ កោះគៀតមាសឆ្អិន កោះចាស់កក្សិណកោះថ្កូវកោះមិត្ត។
កោះមាសកោះពេជ្រកោះស្នេហ៍កោះស្និទ្ធ កោះប្រាក់ដួងចិត្តសំរឹទ្ធសំរោង កោះព្រះកោះព្រីងទ្រវែងមិនកោង កោះកំពង់ហ្លួងសណ្ដោងកោះស្លែង។
កោះចេកកោះទ្រង់កោះសំកោះព្រេង កោះច្រៀងសម្ដែងកោះជ័យកោះហាន កោះខ្សាច់ស្រឡៃ កោះក្រូចសុខសាន្ត កោះរាំងភុមផាន ព្រែកបាក់តេជោ។
កោះជ្រែសំរោងនិងកោះរកា ឈើខ្មៅបុប្ផាកោះគរទទឹម កោះរកាជួរភក្តិស្រស់ញញឹម វាំងកែវប៉ប្រិម អណ្ដែតស្រស់ថ្លា។
កោះក្រចកសេះល្បីល្បាញអស្ចារ្យ កោះអណ្តែតថ្លា តាព្រហ្មអេងជ័យ កោះគរ តាស៊ុយ និងកោះកន្ធាយ កោះដាច់សប្បាយ រាយបន្ទាយដែក។
កោះឫស្សីស្រុកកោះខ្សុំឧតី កោះព្រែកបាក់ថ្មី កោះមន្នីសាគរ កោះទឹកសាបខ្មែរសុទ្ធតែបវរ ញាតិមិត្តសាទរទស្សនាជានិច្ច។
ឱកោះក្របីរៀមចាំមិនភ្លេច មើលថ្ងៃរៀមលិចអារម្មណ៍ស្រស់ថ្លា កោះខ្មែរយើងថែគ្រប់ពេលវេលា ទឹកដីខេមរាដ៏សុខសាន្តអើយ៕
នេះជាកំណាព្យ និពន្ធដោយ យី ឆេងអ៊ួ