១. ទីក្រុងអង្គរ ទីក្រុងវប្បធម៌ ល្បីល្បាញជាងគេ
មានតែមួយនៅ អាស៊ីអាគ្នេយ៍ បវរលើសគេ
សំបុកវិជ្ជា។
២. ទីក្រុងចំណាស់ វប្បធម៌ល្អល្អះ ថ្លៃថ្លារមនា
ក្បូរក្បាច់ល្អប្លែក គួរចង់ទស្សនា គម្ពីរសាស្ត្រា
ចារច្រើនកន្លង។
៣. ប្រាសាទគ្រប់ទី បូរាណសំភី សាមគ្គីប្អូនបង
របាំអប្សរា ស្រស់ថ្លាកន្លង ទេសចរតែងផ្សង
ចង់ជួបអប្សរា។
៤. ចម្លាក់គ្រប់បែប ដិតដាមអមអែប ប្រាសាទខេមរា
ផ្ដិតលើជញ្ជាំង រាងស្រស់សង្ហា ជីវភាពដូនតា
ចារលើអង្គរ។
៥. ជំនឿច្រើនយ៉ាង មានជាសម្អាង តាំងជាលម្អ
បង្កប់មាននៅ បរិវេណអង្គរ រស់គ្រប់ដំណ
រយពាន់ម៉ឺនឆ្នាំ។
៦. មានទាំងក្បាច់គុន ដែលចាស់ជាន់មុន លោកនៅចងចាំ
គឺគុនល្បុក្កតោ រស់រាប់ពាន់ឆ្នាំ ដូនតាចារផ្ដាំ
ថាត្រូវរក្សា។
៧. អង្គរល្អណាស់ ខ្មែរទាំងក្មេងចាស់ ត្រូវប្រឹងរក្សា
រៀនពីទស្សនៈ ចាស់ជាតិខេមរា វប្បធម៌ថ្លៃថ្លា
រក្សាកុំភ្លេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
