(បទពាក្យបួន)
១. តើមិត្តដឹងទេ ស្រៈពេញតួខ្មែរ
មានអ្វីខ្លះដែរ ចំនួនប៉ុន្មាន?
២. លឺថាមានច្រើន មែនទេកល្យាណ
តើមានប៉ុន្មាន ឲ្យខ្ញុំដឹងផង។
៣. មិនអីទេមិត្ត ខ្ញុំមិនសៅហ្មង
រាប់មិនរំលង ចំនួនដប់ប្រាំ។
៤. អ អានថា អាក់ មិត្តអើយចូរចាំ
មួយក្នុងដប់ប្រាំ បុរាណលោកចារ។
៥. ឯតួទីពីរ គឺអានថា អា
អាកាសវេហា អាកោយាយតី។
៦. អក្សរបន្ទាប់ តួភ្ជាប់ឥសី
ឥ មិនអាន អី ឥទ្ធិពលឥន្ទធនូ។
៧. តួរៀងទីបួន អីសានគំរូ
ស្រុកដែលសំបូរ បងប្អូនជនជាតិ។
៨. ទំពួនស្អូចគ្រឹង កួយស្ទៀងមិនឃ្លាត
ពូជខ្មែរថែញាតិ អង្គរល្បាញល្បី។
៩. ទិសខ្មែរតូចធំ គឺមានប្រាំបី
ឦ អានថា អី ទិសជើងឆៀងកើត។
១០. ដីទួលខ្ពង់រាប ធម្មជាតិល្អឆើត
ទឹកដីកំណើត សំបូរឈើព្រៃ។
១១. តួរៀងទីប្រាំ ឧសភាថ្លៃ
យើងស្គាល់រាល់ថ្ងៃ ឧ អានថា អ៊ុ។
១២. ខែរៀងទីប្រាំ នៃរដ្ឋកម្ពុ
សុខមានអាយុ ឧសភគោបា។
១៣. តួទីប្រាំមួយ បុរាណលោកចារ
ឧ ដ៏សង្ហា លោកអានថា អ៊ូ។
១៤. ន័យខោស្នាប់ភ្លៅ ស្នាប់ព្រះឩរូ
ខ្មែរចេះគុណគូរ ដេរបាំងរាងកាយ។
១៥. តួទីប្រាំពីរ កូនបានសុខកាយ
លោកចេញទៅឆ្ងាយ រកស៊ីជួញដូរ។
១៦. ឪ អានថា អូវ លោកមិនដែលថ្ងូរ
ឪពុកហ៊ានប្ដូរ ព្រោះតែគ្រួសារ។
១៧. តួទីប្រាំបី រឹតសែនសង្ហា
ដើមខ្ពស់អស្ចារ្យ ឫ អានថា រឹ។
១៨. ដុះរួមជាគុម្ព មានកម្លាំងព្រឹស
បន្លាមានពិស គឺដើមឫស្សី។
១៩. តួទីប្រាំបួន ពេលដែលពិសី
ឆ្ងល់ពីរឿងអ្វី ច្រើនហ៊ានសួរគេ។
២០. តើអ្នករវល់ ឬនៅទំនេរ
តើអ្នកយល់ទេ ឬ អានថា រឺ។
២១. ឯតួទីដប់ ពិតជាធ្លាប់ឮ
ល្បីល្បាញរន្ទឺ ប្រើប្រាស់រាល់ថ្ងៃ។
២២. ពេលពុកមិននៅ រឭកស្ទើរក្ស័យ
ព្រោះមាននិស្ស័យ ឪពុកនិងកូន។
២៣. ឭ អានថា លឹ ពិតមិនសាបសូន្យ
ពុកម៉ែឲ្យកូន បានទៅសាលា។
២៤. លោកតែងទូន្មាន ឲ្យកូនឧស្សាហ៍
ចងចាំអក្ខរា រំឭកមេរៀន។
២៥. តួទីដប់មួយ កូនមិនខ្មាសអៀន
កូនខិតខំរៀន ឮ អានថា លឺ។
២៦. មាន់រងាវម្ដង នៅពេលទៀបភ្លឺ
រាស្ត្រស្រែកលាន់ឮ កូកគ្នាទៅស្រែ។
២៧. តួទីដប់ពីរ ឯ អានថា អែ
អ្នកធំស្រុកខ្មែរ ហៅឯកឧត្ដម។
២៨. ឫកពាចំណេះ ត្រូវតែសក្ដិសម
ទើបឯកឧត្ដម មានរាស្ត្រគោរព។
២៩. តួទីដប់បី ថ្លាថ្លៃឈ្ងុយឈ្ងប់
ខ្ពស់រាល់ថ្ងៃយប់ ព្ធដ៏អាកាស។
៣០. ព្ធ អានថា អៃ ព្ធយ៉ូយព្ធយ៉ាស
ព្ធរាដេរដាស ពាក្យភ្ញាក់ជាអាថ៌។
៣១. តួទីដប់បួន តួសមត្រូវខ្នាត
ចាស់ផ្ដល់ឱវាទ ឱ អានថា អោ។
៣២. ឱកាសឱសថ ឱបចាប់ជើងខោ
ឈ្ងុយនំអាកោ សុំញាតិភ្លក់សិន។
៣៣. តួទីដប់ប្រាំ ស្រអែមមាសឆ្អិន
ឈ្ងុយឈ្ងប់ជាក្លិន មកពីសួគ៌ា។
៣៤. ឳ អានថា អៅ ក្រអៅឈូកណា
គេឯងស្នេហា ព្រោះរសឈ្ងុយសព្វ។
៣៥. ពេលសំឡេងអ្នក ពីរោះគ្រប់ដប់
ចង់ស្ដាប់រាល់យប់ ពីរោះក្រអៅ។
៣៦. សំឡេងសារិកា ទាក់ទាញញាតិផៅ
ក្រអួនក្រអៅ ញាតិច្រើនមិនភ្លេច។
៣៧. ស្រៈពេញតួខ្មែរ គួរចាំជានិច្ច
មិនត្រូវភ្លាំងភ្លេច កូនខ្មែរទាំងឡាយ។
៣៨. អក្សរសាស្ត្រថ្កើង ជាតិនឹងសប្បាយ
វប្បធម៌រីកសាយ សេដ្ឋកិច្ចថ្កុំថ្កើង៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។