បទ​វិភាគ​ជុំវិញ​ការ​ដោះ​លែង​ចារបុរស​ថៃ

បន្ទាប់​ពី​វត្តមាន​ផ្ទួនៗ​គ្នា​របស់​អតីត​នាយករដ្ឋមន្រ្តី​ថៃ​នៅ​កម្ពុជា​មក អ្នក​ទោស​ចារកម្ម​ថៃ​ម្នាក់​ដែល​ត្រូវ​តុលាការ​ខ្មែរ​ផ្តន្ទា​ទោស​រួច​ហើយ​នោះ ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​លើក​លែង​ទោស​តាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា។
ដោយ សេក បណ្ឌិត
2009-12-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពីឆ្វេង: លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន, វិស្វករ​ថៃ លោក ស៊ីវ៉ារ៉ាក់ ជុទិពង់ (Siwarak Chothipong) និង​ម្ដាយ ថត​រូប​ជា​អនុស្សាវរីយ៍​នៅ​ឯ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៤ ធ្នូ ២០០៩។
ពីឆ្វេង: លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន, វិស្វករ​ថៃ លោក ស៊ីវ៉ារ៉ាក់ ជុទិពង់ (Siwarak Chothipong) និង​ម្ដាយ ថត​រូប​ជា​អនុស្សាវរីយ៍​នៅ​ឯ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៤ ធ្នូ ២០០៩។
AFP PHOTO/TANG CHHIN SOTHY

ស្ថានការណ៍​ចុង​ក្រោយ​ក្នុង​ទំនាក់​ទំនង​រវាង​លោក ហ៊ុន សែន និង​អតីត​នាយករដ្ឋមន្រ្តី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) គឺ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ធ្នូ បាន​ក្លាយ​ជា​រឿង​គគ្រឹក​គគ្រេង​មួយ​នៅ​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​កណ្តាល​រាជធានី​ភ្នំពេញ មុខ​វិមាន​ឯករាជ្យ ហើយ​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ពី​បណ្តា​អ្នក​សារ​ព័ត៌មាន​និង​សាធារណៈ​មតិ​ជា​ច្រើន។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ គឺ​អ្នក​ទោស​ជន​ជាតិ​ថៃ​ម្នាក់​ឈ្មោះ ស៊ីវ៉ារ៉ាក់ ជុធិពង់ (Siwarak Chothipong) ជា​បុគ្គលិក​ក្រុមហ៊ុន​ផ្តល់​សេវា​ត្រួត​ពិនិត្យ​ចរាចរណ៍​ដែន​អាកាស​កម្ពុជា ហៅ​ថា (CATS) ដែល​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ វិច្ចិកា ហើយ​តុលាការ​ប្រទេស​កម្ពុជា​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​៧​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល​ពី​បទ​ចារកម្ម ដោយ​លួច​ចម្លង​ជើង​ហោះ​ហើរ​លោក ថាក់ស៊ីន មក​កម្ពុជា ប្រាប់​ទៅ​រដ្ឋាភិបាល​ក្រុង​បាងកក​របស់​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ដោយ​ហេតុ​ផល​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ហើយ​ការ​ជាប់​ឃុំ​នោះ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​លើក​លែង​ទោស​តាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា។

ការ​រួច​ទោស​របស់ ស៊ីវ៉ារ៉ាក់ ជុធិពង់ មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ។ មិន​មែន​ចៃដន្យ​ត្រង់​ថា ប៉ុន្មាន​ថ្ងៃ​មុន​ការ​ដោះ​លែង​ចារកម្ម​ថៃ​រូប​នេះ លោក ថាក់ស៊ីន បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​រក្សា​អ្នក​ទោស​ម្នាក់​នេះ​ឲ្យ​បាន​សមរម្យ។

បណ្ឌិត​ផ្នែក​ច្បាប់​លោក ហ៊ាង រិទ្ធី ប្រធាន​អង្គការ CNRO និង​ជា​ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​មាន​ការ​ចាប់​អារម្មណ៍​ថា បញ្ហា​ដាក់​ទោស​និង​ការ​ដោះ​លែង​ភ្លាមៗ​វា​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​សម្រាប់​កម្ពុជា។

កម្ពុជា​បាន​ជាប់​ជំពាក់​នឹង​រឿង​នយោបាយ​ជាមួយ​ប្រទេស​ថៃ​កាន់​តែ​ជ្រៅ​ទៅៗ ជាមួយ​នឹង​បញ្ហា​ជម្លោះ​ព្រំដែន​ខ្មែរ​តំបន់​ព្រះវិហារ​ដែល​មាន​តួឯក​សំខាន់​គឺ លោក ហ៊ុន សែន លោក ថាក់ស៊ីន អតីត​នាយករដ្ឋមន្រ្តី​ដែល​គេ​ដេញ​ចេញ​ពី​តំណែង​និង​លោក អាភីស៊ិត នាយករដ្ឋមន្រ្តី​ថៃ​បច្ចុប្បន្ន។

បណ្ឌិត​ផ្នែក​ច្បាប់​រូប​នេះ​បាន​ធ្វើការ​វិភាគ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន និង​លោក ថាក់ស៊ីន កំពុង​ទាញ​រឿង​បុរស​ចារកម្ម​ថៃ​រូប​នេះ​ទៅ​ជា​រឿង​នយោបាយ ដែល​ប្រាថ្នា​យក​ចំណេញ​រៀងៗ​ខ្លួន​វាយ​បក​ទៅ​លើ​រដ្ឋាភិបាល​អាភីស៊ិត ដែល​ជា​គូ​ជម្លោះ​នឹង​គ្នា។

លោក​បណ្ឌិត ហ៊ាង រិទ្ធី មាន​ប្រសាសន៍​ដូច្នេះ ៖ «ចំណុច​នេះ​គឺ​គេ​ជា​មនុស្ស ជា​សមាជិក​ខ្សែ​បណ្ដោយ​របស់​ថាក់ស៊ីន ហើយ​ក៏​ចង់​បាន​ចំណេញ​នយោបាយ​ដើម្បី​ប្រយោជន៍​កម្ពុជា​ទាំង​មូល​នៅ​តាម​ព្រំដែន​ដែល​សៀម​កំពុង​ឈ្លានពាន​នេះ»

តែ​ទោះ​យ៉ាង​ណា​លោក​ថា វា​មិន​មាន​ភាព​ស្មើ​គ្នា​ឡើយ​ចំពោះ​ការ​គិត​គូរ​ពី​មេដឹក​នាំ​ទាំង​ពីរ​រូប​នេះ គឺ​លោក ហ៊ុន សែន និង​លោក ថាក់ស៊ីន។

ថាក់ស៊ីន អតីត​នាយករដ្ឋមន្រ្តី​ថៃ បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​កម្រិត​ខ្ពស់ ទោះ​បី​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ ក្នុង​និន្នាការ​ណា​ក៏ដោយ គឺ​ត្រូវ​តែ​មាន​ការ​គិត​គូរ​ចំពោះ​ពលរដ្ឋ​របស់​គេ​នោះ។

លោក​បណ្ឌិត ហ៊ាង រិទ្ធី បាន​អត្ថាធិប្បាយ​ទៀត​ថា ៖ «កាលណា​យើង​និយាយ​ថា​ទោស​នោះ បើ​យើង​អនុវត្ត​ច្បាប់​នោះ​គឺ​ថា វា​មិន​គួរ​ឲ្យ​រួច​ខ្លួន​ទេ ប៉ុន្តែ​នេះ​ជា​ការ​មួយ​ដែល​ករណី​ពិសេស ចំណុច​ទី​១។ ចំណុច​ទី​២ យើង​គិត​ថា បក​ក្រោយ​មក​វិញ​ថា ចំណែក​ពលរដ្ឋ​ខ្មែរ​វិញ តាំង​ពី​ដើម​មក តាំង​ពី​ជំនាន់​ថាក់ស៊ីន​នៅ​ម្ល៉េះ គឺ​ថា យើង​មិន​ឃើញ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល អំពី​សុខ​ទុក្ខ​ដែល​ថៃ​ធ្វើ​បាប​នៅ​តាម​ព្រំដែន ហើយ​យើង​ឃើញ​ថា ប្រទេស​កម្ពុជា​យើង យើង​បាន​ធ្វើ​បត្យាប័ន​ជាមួយ​នឹង​ប្រទេស​សៀម​ហ្នឹង​ហើយ ក៏​ប៉ុន្តែ​ក្រោយ​មក​យើង​មិន​បាន​ដែល​សុំ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​មាន​ទោស ឬ​មួយ​ក៏​បាន​ចូល​ធ្វើ​ជា​កម្មករ​នៅ​ប្រទេស​សៀម​ហ្នឹង ដើម្បី​យក​មក​ឲ្យ​ស្ដារ​នីតិ​សម្បទា​បាន​ល្អ​ឡើង​វិញ​នោះ យើង​មិន​ដែល​មាន​ឃើញ​ទេ។ នេះ​ជា​ការ​ចន្លោះ​ប្រហោង​មួយ​ដែរ ដែល​យើង​ថា គួរ​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជារាស្រ្ដ​យើង​ផង​ដែរ ឲ្យ​មាន​តម្លៃ​ដូច​រឿង​ដោះ​លែង​ចារកម្ម​មួយ​នេះ​អ៊ីចឹង»

ក៏​ប៉ុន្តែ​បញ្ហា​នេះ​ក៏​ត្រូវ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ពិពណ៌នា​ថា កម្ពុជា​បាន​ឈាន​មុខ​ប្រទេស​ថៃ​ក្នុង​ការ​ដើ​តួ​ជា​ប្រទេស​មួយ​ដែល​មាន​គុណធម៌​និង​មាន​ទំនាក់​ទំនង​ការទូត​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង​គ្នា។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ដូច្នេះ ៖ «ប្រទេស​មួយៗ​គេ​មាន​សិទ្ធិ​របស់​គេ នេះ​ជា​រឿង​បញ្ហា​ចារកម្ម ហើយ​ជា​បញ្ហា​មនុស្ស​ធម៌ អ៊ីចឹង​បាន​បង្ហាញ​ថា ខ្មែរ​យើង​មាន​មនុស្ស​ធម៌​ជាង​ថៃ។ ថៃ​អួត​ខ្លួន​ថា​ជា​អរិយធម៌ តាម​ពិត​ទៅ​ជា​មនុស្ស​ខ្វះ​បេះដូង តែ​យើង​អត់​មាន​ការ​ធាក់​ថយ យើង​យល់​អំពី​តម្លៃ​មិត្តភាព​នៃ​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ អ៊ីចឹង​បាន​ថៃ​គ្រាន់​តែ​អួត​ខ្លួន​ឯង​ថា ជា​មនុស្ស​មាន​អរិយធម៌ ជា​អ្នក​ជឿនលឿន​មួយ​ដែរ​នោះ តែង​តែ​សម្លឹង​មើល​ស្រាល​គេ មើល​ងាយ​គេ បាន​យើង​បង្ហាញ​ឲ្យ​ឃើញ​ថា ថៃ​ខ្លួន​ឯង​ហ្នឹង​វា​យ៉ាប់»

លោក ខៀវ កាញារីទ្ធ បន្ត​ថា កម្ពុជា​ធ្លាប់​បាន​ចរចា​ដោះលែង​អ្នក​ទោស​ជាមួយ​លោក អាភីស៊ិត នៅ​ក្នុង​ពេល​អាភីស៊ិត មក​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ពេល​កន្លង​មក ប៉ុន្តែ​រដ្ឋាភិបាល​អាភីស៊ិត មិន​ដែល​គោរព​កិច្ច​ព្រមព្រៀ​នោះ​ឡើយ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ខក​ចិត្ត​ជា​ច្រើន​ដង។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​បន្ត​ថា ៖ «កន្លង​មក ពេល​ដែល​អាភីស៊ិត មក​ទស្សនកិច្ច យើង​បាន​សម្រេច​ដោះ​លែង ហើយ​យើង​បញ្ជូន​ភេរវជន​ថៃ​ពីរ​នាក់​ត្រឡប់​ទៅ​វិញ ក្នុង​ពេល​ហ្នុង​ថៃ​ក៏​បាន​សន្យា​ថា នឹង​ជួយ​ដោះ​លែង​នារី​ពីរ​នាក់​ដែល​កំពុង​ជាប់​ទោស​នៅ​ហ្នុង​(នៅ​ថៃ)​ដែរ ប៉ុន្តែ​យើង​ឃើញ​ថា ថៃ​លេប​សម្ដី​ខ្លួន​ឯង​រហូត»

ដោយ​ឡែក​រដ្ឋាភិបាល​អាភីស៊ិត ក៏​មាន​ការ​ខក​ចិត្ត​ផង​ដែរ​ចំពោះ​ការ​ដោះស្រាយ​ការទូត​ជាមួយ​កម្ពុជា ក្នុង​ការ​សុំ​ការ​ដោះលែង​ចារបុរស​ថៃ​រូប​នេះ បន្ទាប់​ពី​ម្តាយ​បុរស​ថៃ​រូប​នេះ បាន​ពឹង​ពាក់​លោក ថាក់ស៊ីន ហើយ​ទី​បំផុត​លោក ថាក់ស៊ីន នៅ​តែ​យក​ប្រជាប្រិយភាព​របស់​ខ្លួន​បាន​ពី​ពលរដ្ឋ​ថៃ​មុន​អាភីស៊ិត ប៉ុន្តែ អាភីស៊ិត នៅ​តែ​សប្បាយ​ចិត្ត ដោយសារ​តែ​លទ្ធផល​ចុង​ក្រោយ​ជនជាតិ​ថៃ​រូប​នេះ​លែង​ជាប់​គុក​នៅ​ខ្មែរ​ទៀត​ហើយ។

ដោយ​ឡែក​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​សិប​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ថៃ ដោយសារ​តែ​បទ​ចោទ​ពី​ចូល​កាប់​ឈើ​ខុស​ច្បាប់​តាម​ព្រំដែន អ្នក​កាសែត​ខ្មែរ​និង​អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​ជាប់​ចោទ​ដោយសារ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត បរិហារ​កេរ្ដិ៍ ញុះញង់ នៅ​តែ​មាន​ភ័ព្វ​វាសនា​មិន​ល្អ​ដូច​អ្នក​ទោស​ជន​ជាតិ​ថៃ​ម្នាក់​នោះ បើ​ទោះ​បី​ជា​មាន​ការ​ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ​ខ្មែរ សុំ​ឲ្យ​មាន​ព្រះ​រាជ​អន្តរាគមន៍​យ៉ាង​ណា​ក្តី។ យ៉ាង​នេះ​ហើយ ជា​ញឹកញយ​ពួកគេ​តែង​តែ​ស្រែក​សួរ​ថា តើ​យុត្តិធម៌​មាន​នៅ​ត្រង់​ណា?

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

A picture is showing that, "is not right"to have a picture together.

Dec 18, 2009 11:17 PM

អ្នក​អាន​អនាមិក

If he is a proud soul of Khmers PM, he will release some of khmers who he was jailed without reason or he can only release Thai and VN.

Dec 18, 2009 10:03 AM

គេហទំព័រ​ទាំងមូល