មតិ​នានា​ជុំវិញ​​ការ​បញ្ជូន​ជន​ជាតិ​អ៊ុយហ្គរ៍​ទៅ​ចិន​វិញ

សង្គម​ស៊ីវិល​និង​មន្រ្តី​បក្ស​ប្រឆាំង​ខក​ចិត្ត​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​សម្រេច​បញ្ជូន​ជន​ជាតិ​ភាគ​តិច​អ៊ុយហ្គរ៍​២០​នាក់​ចេញ​ពី​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ជា​ការ​ដោះស្រាយ​តាម​ទំនោរ​នយោបាយ​ជា​ជាង​ការ​គិត​គូ​រ​តាម​ផ្លូវ​ច្បាប់។
ដោយ សេក បណ្ឌិត
2009-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៥-កក្កដា-០៩: ទិដ្ឋភាព​ក្រុម​បាតុករ​អ៊ុយហ្គរ៍ នៅ​អ៊ុយរ៉ាំហ្គី (ទី​ប្រជុំ​ជន​មួយ​នៅ​ក្នុង​ខេត្ត​ស៊ិនជាំង ប្រទេស​ចិន)
៥-កក្កដា-០៩: ទិដ្ឋភាព​ក្រុម​បាតុករ​អ៊ុយហ្គរ៍ នៅ​អ៊ុយរ៉ាំហ្គី (ទី​ប្រជុំ​ជន​មួយ​នៅ​ក្នុង​ខេត្ត​ស៊ិនជាំង ប្រទេស​ចិន)
Sent by a witness

ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដោយ​ឥត​ស្ទាក់ស្ទើរ​ក្នុង​ការ​ដែល​បញ្ជូន​ខ្លួន​ជន​ជាតិ​ភាគ​តិច​អ៊ុយហ្គរ៍​កាន់​សាសនា​ឥស្លាម​២០​នាក់​ចេញ​ពី​កម្ពុជា កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី​១៩ ធ្នូ កន្លង​មក​នោះ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ស្ថាប័ន​អង្គការ​ជាតិ​និង​អន្តរជាតិ​ថា បាន​យក​វាសនា​អនាគត​ជនជាតិ​ភាគ​តិច​អ៊ុយហ្គរ៍​២០​នាក់​ដែល​គេ​បាន​រត់​គេច​ចេញ​ពី​ប្រទេស​ចិន​មក​នោះ ធ្វើ​ជា​ថ្នូរ​ដូរ​យក​មុខ​មាត់​និង​ផល​ប្រយោជន៍​ផ្សេងៗ​ជា​ជាង​ការ​គិត​គូរ​ពី​មនុស្ស​ធម៌។

មនុស្ស​ធម៌​ដែល​គេ​ចង់​និយាយ​នៅ​ពេល​នេះ​គឺ​ថា កម្ពុជា​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​លើ​សន្ធិ​សញ្ញា​ស្តី​ពី​ការ​ការពារ​សិទ្ធិ​ជន​ភៀស​ខ្លួន​ដែល​ជា​ច្បាប់​អន្តរជាតិ ប៉ុន្តែ​កម្ពុជា​បាន​ទុក​ករណី​និង​កាតព្វកិច្ច​នេះ​នៅ​ខាង​ក្រោយ​ខ្នង​មួយ​ឡែក​សិន​នៅ​ពេល​ខ្លួន​កំពុង​រៀបចំ​ទទួល​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​របស់​លោក ស៊ី យិនពីង (Xi Jinping) អនុ​ប្រធានាធិបតី​ចិន​ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា រយៈ​ពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃ​២០ ដល់​ថ្ងៃ ២២​ធ្នូ ដែល​គេ​រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ជា​ច្រើន​បើ​គេ​ចេះ​ធ្វើ​ឲ្យ​ចិន​ពេញ​ចិត្ត។ ទំនង​ជា​បញ្ហា​នេះ​ហើយ​ដែល​ជា​មូលដ្ឋាន​ក្នុង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​នោះ។

មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត ដែល​ធ្វើ​ការ​ឃ្លាំ​មើល​រឿង​នេះ​បាន​មាន​ប្រសាសន៍​ថា បញ្ហា​នេះ​វា​ជៀស​មិន​រួច​ពី​ការ​ពាក់ព័ន្ធ​រវាង​រដ្ឋាភិបាល​ចិន​និង​កម្ពុជា​នោះ​ឡើយ។ លោក​បាន​កត់​សម្គាល់​លើ​ចំណុច​មួយ​ចំនួន​នៅ​ក្រោយ​ដែល​ជន​ជាតិ​ភាគ​តិច​អ៊ុយហ្គរ៍​ទាំង​នោះ​បាន​រត់​ឆ្លង​ដែន​ពី​ប្រទេស​ចិន​មក​ដល​កម្ពុជា ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ភ្លាមៗ​នោះ​រដ្ឋាភិបាល​ចិន​បាន​ផ្ញើ​កំណត់​ទូត​មួយ​មក​កម្ពុជា ដោយ​សុំ​ឲ្យ​កម្ពុជា​ពិចារណា​ក្នុង​ការ​បញ្ជូន​ខ្លួន​ជន​ជាតិ​ភាគតិច​អ៊ុយហ្គរ៍​ទាំង​នោះ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ។

លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ដូច្នេះ ៖ «ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​ដែល​មក​ពី​ប្រទេស​ចិន ជា​ពិសេស​ការ​ដែល​មក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រទេស​កម្ពុជា​ធ្លាប់​ជា​សមាជិក​ក្នុង​ការ​ជួយ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ការ​ថែ​រក្សា​ជនភៀស​ខ្លួន​នេះ ហើយ​ឥឡូវ​នេះ​សម្រេច​ចិត្ត​លឿន​បំផុត​ក្នុង​ការ​បញ្ជូន​ជន​ភៀសខ្លួន​ទាំង​នោះ​ទៅ​ប្រទេស​ដើម​វិញ វា​ជា​រឿង​មួយ​ដែល​គិត​ថា ជា​រឿង​ប្រញាប់​ពេក ហើយ​ជា​ការ​វាយ​តម្លៃ​ខ្លាច​ក្រែងលោ​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​ហេតុផល​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​ដែល​ធ្លាប់​ជា​ដៃគូ​សេដ្ឋកិច្ច ក៏​ដូចជា​ដៃគូ​សហ​ប្រតិបត្តិការ​ផ្សេងៗ។ ខ្មែរ​ក៏​ជា​ចំណែក​មួយ​នៃ​មិត្ត​ភក្ដិ​របស់​ប្រទេស​ចិន ហើយ​យើង​ខ្ញុំ​ក៏​ឃើញ​ថា ប្រទេស​ចិន​ក៏​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​ដែរ ឧទាហរណ៍​ដូចជា​ការ​រក​ស៊ី​បណ្ដាក់ទុន​នៅ​ប្រទេស​ខ្មែរ​យើង​ក៏​វា​ច្រើន​សន្ធឹកសន្ធាប់ ហើយ​រដ្ឋាភិបាល​កម្ពុជា ក៏​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​ចិន​ទៀត»

កម្ពុជា​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​នយោបាយ​យ៉ាង​សំខាន់​ជាមួយ​ប្រទេស​ចិន ហើយ​ចុង​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី យិនពីង អនុ​ប្រធានាធិបតី​ចិន​មក​កម្ពុជា កាន់​តែ​ធ្វើ​ឲ្យ​ការ​គិត​របស់​រដ្ឋាភិបាល​កម្ពុជា​សេស​សល់​តិច​តួច​បំផុត​ចំពោះ​ការ​ផ្តល់​សិទ្ធិ​ជ្រកកោន​នោះ។

រដ្ឋាភិបាល​ប្រទេស​ចិន​ក៏​ធ្លាប់​ថ្លែង​ដែរ​ថា ខ្លួន​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​កម្ពុជា អ៊ីចឹង​ការ​នាំ​ខ្លួន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​នោះ​មិន​មែន​ជា​រឿង​ពិបាក​ឡើយ។

ជា​ការ​ពិត​នៅ​ក្រោយ​សភាព​ការណ៍​នេះ បាន​ធ្វើ​ឲ្យ​ការ​គិត​របស់​រដ្ឋាភិបាល​កម្ពុជា​មាន​សភាព​ឃ្លេងឃ្លោង ហើយ​ប្រសាសន៍​របស់​លោក ខៀវ កាញារីទ្ធ ដែល​ធ្លាប់​ធ្វើ​ឲ្យ​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​មាន​សង្ឃឹម​តាំ​ពី​ដើម​ទី​មក​នោះ ក៏​មាន​ការ​ប្រែប្រួល​ដល់​​ទី​បញ្ចប់។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ដូច្នេះ ៖ «បើ​សិន​ជា​បញ្ហា​ព្រហ្មទណ្ឌ​យើង​បញ្ជូន​ចេញ បញ្ហា​នយោបាយ​យើង​គិត​ផ្សេង។ បញ្ហា​ព្រហ្មទណ្ឌ​ទៀត បើ​សិន​ជា​ទៅ​ត្រូវ​គេ​ប្រហារ​ជីវិត អាហ្នឹង​ប្រហែល​ជា​យើង​ក៏​អត់​ដែរ (អត់​បញ្ជូន​ចេញ) ព្រោះ​យើង​មិន​ឲ្យ​មាន​ការ​ប្រហារ​ជីវិត​ទេ»

ដោយ​ឡែក​ទី​ប្រឹក្សា​រដ្ឋាភិបាល​លោក ទិត សុធា មាន​ប្រសាសន៍​ថា ការ​បញ្ជូន​ជន​ភៀស​ខ្លួន​អ៊ុយហ្គរ៍​នេះ​ទៅ​វិញ រដ្ឋាភិបាល​បាន​ថ្លឹងថ្លែង​យ៉ាង​ហ្មត់ចត់​តាម​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា ៖ «បញ្ហា​ទាំង​អស់​នេះ​មិន​មែន​ជា​ការ​យក​មុខ​យក​មាត់​ឲ្យ​អនុ​ប្រធានាធិបតី​ចិន​អី​ទេ»

ក៏​ប៉ុន្តែ​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​បាន​គិត​គូរ​លើ​រឿង​នយោបាយ​ជាង​បញ្ហា​ផ្លូវ​ច្បាប់។

លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ៖ «ជា​បញ្ហា​មួយ​ដែល​យើង​ឃើញ​ទង្វើ​ខុស​ជា​ច្រើន​លើក​ហើយ  ហើយ​រឿង​ជន​ជាតិ​ភាគ​តិច​ចិន​នេះ មាន​ហេតុ​ការណ៍​មុន​ហ្នឹង ដូច​ជន​ជាតិ​ម៉ុងតាញ៉ា មក​ពី​ប្រទេស​វៀតណាម​ក៏​ដូច្នោះ យើង​ហាក់​ដូចជា​ប្រើ​ឥទ្ធិពល​នយោបាយ​ដែល​ប្រទេស​ទាំង​នេះ​មាន​មក​លើ​កម្ពុជា ហើយ​យើង​ធ្វើ​ដោយ​បំពាន​ទៅ​លើ​គោលការណ៍​ច្បាប់ ដែល​ទាំង​អស់​នេះ​ត្រូវ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​យើង​បាត់​បង់​នូវ​យស​របស់​ខ្លួន​ក្នុង​ការ​ដែល​យើង​ជា​ប្រទេស​ហត្ថលេខី​ហើយ​ធ្វើ​ផ្ទុយ»

ចំណែក​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន បាន​ពន្យល់​ថា ជន​ភៀស​ខ្លួន​មាន​ច្រើន​ប្រភេទ ហើយ​ជា​ទូទៅ​ពុំ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ឆ្លង​ដែន​ស្រប​ច្បាប់​នោះ​ទេ ក៏​ប៉ុន្តែ​បើ​ពួកគេ​មាន​ការ​តវា​ថា ពួកគេ​ភៀស​ខ្លួន​ដោយ​រឿង​នយោបាយ ការ​គាប​សង្កត់​ផ្សេងៗ​ពី​ប្រទេស​ដែល​គេ​រស់​នៅ ពួកគេ​ត្រូវ​តែ​ឆ្លង​កាត់​ការ​អង្កេត​ពី​តុលាការ​មុន​នឹង​បញ្ជូន​ពួកគេ​ចេញ ឬ​ក៏​ទទួល​ឲ្យ​ស្នាក់​នៅ​ក្នុង​ប្រទេស។

លោក សុក សំអឿន បាន​ពន្យល់​ដូច្នេះ ៖ «ក្នុង​ចំណុច​ហ្នឹង បើ​សិន​ជា​សមី​ខ្លួន​គេ​តវ៉ា គួរ​តែ​ឲ្យ​គេ​មាន​សិទ្ធិ​តវ៉ា​តាម​ផ្លូវ​តុលាការ តែ​បើ​តុលាការ​យល់​ឃើញ​ថា អ្នក​ទាំង​នោះ​អត់​មាន​គ្រប់​លក្ខណៈ​ជា​ជន​ភៀស​ខ្លួន​ហើយ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ កម្ពុជា​មាន​សិទ្ធិ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ»

ជា​ធម្មតា​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប្រចាំ​នៅ​កម្ពុជា មិន​មាន​ការ​ឆ្លើយ​ឆ្លង​ឡើយ​ពី​បញ្ហា​នេះ។

មន្រ្តី​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ចន ចនសុន (John Johnson) បាន​សម្ដែង​ការ​សោក​​ស្តាយ​ជាមួយ​នឹង​ក្តី​បារម្ភ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​សម្រេច​បញ្ជូន​ជនជាតិ​ភាគ​តិច​អ៊ុយហ្គរ៍​ទាំង​នោះ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដោយ​មិន​ទាន់​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​លម្អិត​នោះ​ឡើយ។

លោក ចន ចនសុន បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ផង​ដែរ​អំពី​សារសំខាន់​នៃ​ការ​គោរព​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​នៃ​ច្បាប់​អន្តរជាតិ​នេះ៕

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

Khmer government send Uyghers back to China because China ask them to send back. They don't send the Vietnamese back to Vietnam because Vietnam never ask Khmer government to send them back .

Dec 22, 2009 10:35 PM

អ្នក​អាន​អនាមិក

Too many red tapes make the move slower than China.

Dec 21, 2009 11:41 PM

អ្នក​អាន​អនាមិក

Nothing unusual for Cambodian Government breaching International Convention when they got pressure from China or Vietnam but not Thailand. They only want to please the Chinese Vice President who is visiting Cambodia and to make good atmosphere for begging more money from China. Smart a...

Dec 21, 2009 09:04 PM

អ្នក​អាន​អនាមិក

Law and politic should be balance .

Dec 21, 2009 12:04 PM

គេហទំព័រ​ទាំងមូល