គម្លាត​ប្រាក់​ខែ​រវាង​ខ្មែរ​និង​ជន​​បរទេស​

គម្លាត​កាំ​ប្រាក់​បៀវត្សរ៍​រវាង​បុគ្គលិក​ខ្មែរ​និង​បុគ្គលិក​ជន​បរទេស​ដែល​មាន​មុខងារ​និង​តួនាទី​ការងារ​ដូច​គ្នា កំពុង​រីក​ធំធាត់​ទៅៗ​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ដែល​ជួនកាល​បញ្ហា​នេះ​បាន​ញ៉ាំង​ឲ្យ​មាន​បាតុកម្ម​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​ទៀត​ផង។
ដោយ គឹម ពៅ
2010-03-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​មួយ​នា​ទីក្រុង​ភ្នំពេញ​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ ១ ឧសភា ២០០៩។
កម្មករ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​មួយ​នា​ទីក្រុង​ភ្នំពេញ​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ ១ ឧសភា ២០០៩។
RFA Photo

ប្រធាន​សហព័ន្ធ​សហជីព​ស៊ីខាវឌូ (CCAWDU) លោក អាត់ ធន់ ថ្លែង​ថា លោក​បាន​ទទួល​បណ្តឹង​ញឹកញាប់​ស្តី​អំពី​រឿង​នេះ ហើយ​លោក​គិត​ថា វា​ជា​អំពើ​អយុត្តិធម៌​បំផុត​សម្រាប់​បុគ្គលិក​ជនជាតិ​ខ្មែរ។

លោក អាត់ ធន់ បាន​ថ្លែង​ដូច្នេះ ៖ «ខ្ញុំ​ធ្លាប់​មាន​ករណី​គេ​តវ៉ា ដូចជា​បុគ្គលិក ILO គេ​តវ៉ា ដូច​ថា បេសកកម្ម​បរទេស​ពី​ភ្នំពេញ​ទៅ​សៀមរាប ឧទាហរណ៍​ថា បាន​១០០​ដុល្លារ ខ្មែរ​យើង​ទៅ​ដែរ​ប៉ុន្តែ​បាន​តែ​៥០ អ៊ីចឹង​គេ​ទាមទារ​ឲ្យ​ស្មើ​គ្នា​ដែរ។ ដូចជា​នៅ​ក្រុមហ៊ុន សណ្ឋាគារ​អី​ក៏​អ៊ីចឹង​ដែរ ខ្ញុំ​បាន​ឮ​បុគ្គលិក​ហ្នឹង​តវ៉ា​មក​ថា គាត់​មាន​តួនាទី​ធំ​វា​អត់​បាន​ដូច​គេ​ដែរ ដូចជា​បុគ្គលិក​ជំនាញ​ដូច​គ្នា។ មិន​ដឹង​យ៉ាង​ម៉េច​ទេ វា​ជា​គោលការណ៍​បទបញ្ជា​របស់​ក្រុមហ៊ុន​គេ ឬ​ក៏​យ៉ាងម៉េច​ទេ អាហ្នឹង​វា​លក្ខណៈ​បរទេស​និង​ខ្មែរ»

របាយការណ៍​របស់​ក្រុម​សហជីព​បាន​អះអាង​ថា ការ​រើស​អើង​ផ្តល់​ប្រាក់​បៀវត្សរ៍​ឲ្យ​ជនជាតិ​ខ្មែរ​តិច​ជាង​ជន​បរទេស បាន​កើត​មាន​យូរ​មក​ហើយ​ទៅ​លើ​ការងារ​គ្រប់​ផ្នែក ជា​ពិសេស​ទៅ​លើ​មុខងារ​ជា​ប្រធាន អ្នក​ទទួល​ខុស​ត្រូវ​អ្វី​មួយ និង​តួនាទី​ជា​ទីប្រឹក្សា​ជាដើម។

ការ​រើស​អើង​ខ្លាំង​ជាង​គេ​កើត​មាន​នៅ​តាម​ស្ថាប័ន គ្រឹះស្ថាន​ធុន​តូច​និង​មធ្យម ហើយ​បន្ទាប់​មក​មាន​នៅ​តាម​ផ្នែក​សំណង់​និង​រោងចក្រ​ក្រុមហ៊ុន​ឯកជន ហើយ​និង​មាន​នៅ​តាម​អង្គការ​សង្គម​ស៊ីវិល និង​នៅ​តាម​អង្គការ​អន្តរជាតិ​ផង​ដែរ។

របាយការណ៍​ដដែល​និយាយ​ទៀត​ថា ជួនកាល​គម្លាត​នោះ​ឃ្លាត​គ្នា​ខ្លាំង​ដាច់​ឆ្ងាយ គឺ​ឃ្លាត​គ្នា​ដល់​ទៅ​៤ ឬ ៥​ដង។ ឧទាហរណ៍​ជន​បរទេស​ត្រូវ​គេ​ឲ្យ​ប្រាក់​បៀវត្សរ៍​ទាប​បំផុត​៨០០​ដុល្លារ​ក្នុង​មួយ​ខែ​រហូត​ដល់​ជា​ច្រើន​ពាន់​ដុល្លារ ប៉ុន្តែ​ជនជាតិ​ខ្មែរ​វិញ​ដែល​មាន​មុខ​តំណែង​និង​តួនាទី និង​បទពិសោធន៍​រៀន​មក​ពី​បរទេស​ដូច​គ្នា ត្រូវ​គេ​ឲ្យ​បៀវត្សរ៍​ត្រឹម​៣០០​ដុលា្លរ​ទៅ​១.០០០​ដុល្លារ​ប៉ណ្ណោះ។

លោក ឌឿ សារ៉ាត នាយក​ប្រតិបត្តិ​អង្គការ​ខ្មែរ​ស្ម័គ្រចិត្ត​ដើម្បី​អភិវឌ្ឍន៍ ហៅ​កាត់​ថា CVCD បាន​បញ្ជាក់​ថា ប្រាក់ខែ​របស់​លោក​ពី​មុន​៣០០​ដុល្លារ ប៉ុន្តែ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ជន​បរទេស​ទទួល​ប្រាក់ខែ​លើស​លោក​ដល់​ទៅ​ជិត​៥​ដង។

លោក ឌឿ សារ៉ាត់ បាន​ឲ្យ​ដឹង​ថា ៖ «កាល​ឆ្នាំ​២០០០​ជាង​អី​ហ្នឹង ប្រាក់ខែ​គេ​ច្រើន​ជាង​នាយក​ប្រតិបត្តិ​ទៀត។ កាល​ហ្នុង​នាយក​ប្រតិបត្តិ​ត្រឹម​៣០០ អ្នក​ស្ម័គ្រចិត្ត​គេ​មក​ទទួល​បាន​១.០០០​ជាង គឺ​ម្ចាស់​ជំនួយ​គេ​ជា​អ្នក​ឲ្យ។ គេ​និយាយ​តែ​មួយ​ម៉ាត់​ទេ គឺ​ស្តង់ដារ​នៅ​ស្រុក​គេ​និង​ស្តង់ដារ​ស្រុក​យើង​ខុស​គ្នា»

កញ្ញា ម៉ូលីតា ដែល​បាន​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន​ណាហ្កា បាន​បន្ថែម​ទៀត​អំពី​គម្លាត​និង​ការ​មិន​ឲ្យ​តម្លៃ​មក​លើ​បុគ្គលិក​ជនជាតិ​ខ្មែរ ៖ «ហេតុ​អី​បាន​ជា​មិន Promote (ដំឡើង​ឋានៈ) ជនជាតិ​ខ្មែរ​ឡើង យក​ពួក​អ្នក​ក្រៅ​មក​វិញ? គេ​ថា ជនជាតិ​ខ្មែរ​ធ្វើការ​អត់​កើត។ អត់​ត្រូវ​ទេ​បង តាម​ដែល​ខ្ញុំ​ដឹង មេ​ថ្នាក់​ធំ​ដែល​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​ហ្នឹង ធ្វើ​មិន​បាន​ដូច​ខ្មែរ​យើង​ផង»

អ្នក​ដែល​រង​គ្រោះ​និង​ជួប​ផ្ទាល់​នៅ​ក្នុង​គម្លាត​ប្រាក់​ខែ​នេះ បាន​ឲ្យ​យោបល់​ថា ការ​ផ្តល់​ប្រាក់​ខែ​ឲ្យ​ខ្មែរ​ទាប​ជាង​បរទេស ទំនង​ដោយសារ​ការ​ផ្តោត​ទៅ​លើ​ស្តង់ដារ​បៀវត្សរ៍​រដ្ឋាភិបាល​ខ្មែរ​ដែល​បាន​ផ្តល់​ឲ្យ​មន្ត្រី​រាជការ​ខ្មែរ​ទាប​ដែរ។ ខ្លះ​ទៀត​បាន​អះអាង​ថា មក​ពី​ទំនោរ​ឲ្យ​តម្លៃ​ជន​បរទេស​មើល​ងាយ​សមត្ថភាព​អ្នក​នៅ​ក្នុង​ស្រុក ហើយ​ខ្លះ​ទៀត​ឲ្យ​យោបល់​ថា ប្រហែល​ជា​គេ​គិត​តាម​ស្តង់ដារ​នៃ​ពូជ​សាសន៍​របស់​គេ ប្រាក់​បៀវត្សរ៍​តម្រូវ​ការ​រស់​នៅ​របស់​គេ គឺ​ត្រូវ​តែ​ខ្ពស់​ជាង​ខ្មែរ​ម្ចាស់​ស្រុក។

លោក ចាន់ សុវ៉េត មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​អាដហុក បន្ថែម​ថា វា​ជា​អំពើ​មើលងាយ​អ្នក​រស់​នៅ​ក្នុង​ស្រុក​ដែល​ពិបាក​ទទួល​យក។

លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ទៅ​នៅ​ស្រុក​គេ​ក៏​ដូច​គ្នា​ដែរ។ នេះ​គេ​ហៅ​ថា វប្បធម៌​សញ្ជាតិ​យើង​វា​អន់​ជាង​គេ​តែម្ដង វា​ទាក់ទិន​នឹង​ក្រម​សីលធម៌​របស់​ពួក​យើង​ដែល​គេ​មិន​ឲ្យ​តម្លៃ។ បញ្ហា​ហ្នឹង​វា​មិន​មែន​សមត្ថភាព​ទេ។ គ្នា​យើង​និយាយ​គ្នា​វា​ស្ដាប់​អត់​បាន​តែ​ម្ដង តែ​បើ​គ្នា​គេ​មក​និយាយ​វា​ដូច​ជា​ស្ដាប់​បាន»

លោក កង ច័ន្ទតារារ័ត្ន អ្នក​វិភាគ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​សិក្សា​និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា បាន​ទទួល​ស្គាល់​ថា មាន​គម្លាត​នេះ​មែន បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ស្ថាប័ន​ណា​មួយ​ស្រាវជ្រាវ​រឿង​នេះ​ក៏ដោយ។ លោក​បាន​បន្ត​ថា គម្លាត​បៀវត្សរ៍​រវាង​ខ្មែរ​និង​បរទេស​កើត​មាន​ទៅ​លើ​អ្នក​មាន​មុខ​នាទី​ធំៗ ហើយ​វា​មិន​សូវ​កើត​មក​លើ​តួនាទី​តូចៗ​ទេ ដោយសារ​តែ​អ្នក​រស់​នៅ​ក្នុង​ស្រុក​ភាគ​ច្រើន​មិន​ត្រូវ​គេ​ឲ្យ​តួនាទី​ធំៗ​ឡើយ។

លោក​បណ្ឌិត​បន្ថែម​ថា វា​មិន​ត្រឹមត្រូវ​ទាល់តែ​សោះ ប៉ុន្តែ​លោក​គិត​ថា ការ​ឲ្យ​ប្រាក់​បៀវត្សរ៍​ខ្មែរ​ទាប​ជាង​ជន​បរទេស ប្រហែល​ជា​មិន​ទាក់ទង​នឹង​ការ​ប្រៀបធៀប​ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ​ឡើយ។

លោក កង ច័ន្ទតារារ័ត្ន មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​ជឿ​ថា មិន​មក​ពី​គេ​មើលងាយ​ខ្មែរ​ទេ ហើយ​ក៏​មិន​មែន​ជា​មូលហេតុ​ដែល​ភ្ជាប់​ជាមួយ​មន្រ្តី​រាជការ​អី​ដែរ ដោយសារ​គេ​ចាត់​ទុក​ទៅ​លើ​កិច្ចការ​ដែល​កាន់ ហើយ​ការ​ចំណាយ​របស់​កម្លាំង​ពលកម្ម​របស់​បរទេស និង​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ម្ចាស់​លុយ​និង​ពួក​សហករណ៍​ផ្សេងៗ​គ្នា​ហ្នឹង»

កាល​ពី​ពេល​ថ្មីៗ​នេះ បុគ្គលិក​ក្រុមហ៊ុន​ណាហ្កា បាន​ធ្វើ​បាតុកម្ម​តវ៉ា​២​ដង​រួច​ទៅ​ហើយ ស្តី​អំពី​គម្លាត​គ្នា​ឆ្ងាយ​រវាង​ប្រាក់​បៀវត្សរ៍​ខ្មែរ​និង​ជន​បរទេស ដូចជា​បុគ្គលិក​វៀតណាម ចិន ម៉ាឡេស៊ី និង​ថៃ​ជាដើម ទៅ​លើ​មុខងារ​ដូច​គ្នា ដូចជា​ការងារ​ចែក​បៀ ការងារ​មើល​ភ្ញៀវ​ជាដើម។ ជាមួយ​គ្នា​នោះ​គេ​ក៏​ធ្លាប់​ឃើញ​មាន​រោងចក្រ​ជា​ច្រើន​កន្លង​មក បាន​តវ៉ា​ស្ដី​ពី​កម្មករ​ខ្មែរ​ប្រាក់​ខែ​ទាប​ជាង​កម្មករ​បរទេស មេការ​ខ្មែរ​ប្រាក់​ខែ​ទាប​ជាង​មេការ​ចិន​ដែរ ប៉ុន្តែ​គេ​មិន​បាន​ឃើញ​មាន​ការ​ដោះស្រាយ​គម្លាត​នេះ​នៅ​ឡើយ​ទេ។ ក្រុម​អ្នក​តវ៉ា​ខ្លះ​ត្រូវ​បាន​គេ​បញ្ឈប់​ពី​មុខ​តំណែង​ថែម​ទៀត៕

គេហទំព័រ​ទាំងមូល