ស្ថានភាព​បក្ស​​ប្រឆាំង​បន្ទាប់​ពី​ប្រធាន​ត្រូវ​ផ្ដន្ទា​ទោស

មន្ត្រី​ជាន់​ខ្ពស់​​បក្ស​សមរង្ស៊ី​​បាន​និយាយ​ថា ការ​ផ្តន្ទា​ទោស​ប្រធាន​បក្ស​​ឲ្យ​ជាប់​គុក​២​ឆ្នាំ​កន្លង​មក​នេះ គឺ​ជា​ល្បិច​នយោបាយ​របស់​​បក្ស​ប្រជាជន ដើម្បី​ព្យាយាម​ទប់​ចលនា​លោក សម រង្ស៊ី ​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១២​និង​២០១៣​ខាង​មុខ​នេះ។
ដោយ គឹម ពៅ
2010-02-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេ​ដឹកនាំ​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី ក្នុង​អំឡុង​ពេល​ប្រារព្ធ​ខួប​ទី​១៨​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​ឯ​ទីស្នាក់ការ​ក្នុង​រាជធានី​ភ្នំពេញ នា​ថៃ្ង​២៣ តុលា ២០០៩។
មេ​ដឹកនាំ​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី ក្នុង​អំឡុង​ពេល​ប្រារព្ធ​ខួប​ទី​១៨​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​ឯ​ទីស្នាក់ការ​ក្នុង​រាជធានី​ភ្នំពេញ នា​ថៃ្ង​២៣ តុលា ២០០៩។
RFA/Sok Serey

លោក យឹម សុវណ្ណ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី បាន​អះអាង​ដូច្នេះ​ដោយ​ផ្អែក​ថា ចលនា​បក្ស​ប្រឆាំង​កំពុង​រីក​រាល​ដាល​គួរ​ឲ្យ​ភ័យ​សម្រាប់​គណបក្ស​ប្រជាជន ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មាន​ព្រឹត្តិការណ៍​នេះ​ឡើង ដែល​គោល​ដៅ​ធំ​គឺ​ចង់​ឲ្យ​លោក សម រង្ស៊ី មិន​អាច​ចូល​ស្រុក​វិញ​បាន។

លោក យឹម សុវណ្ណ បាន​អះអាង​ដូច្នេះ ៖ «ប្រជាប្រិយភាព​របស់​គណបក្ស​សមរង្ស៊ី​បាន​កើន​ឡើង ហើយ​គណបក្ស​សមរង្ស៊ី​ជា​គណបក្ស​តែ​មួយ​គត់​ដែល​អាច​ជា​គូ​ប្រជែង​ជាមួយនឹង​គណបក្ស​ប្រជាជន ដូច្នេះ​គេ​មិន​ចាំបាច់​ដល់​២០១២ ឬ ២០១៣​ទេ គេ​ទប់​ស្កាត់​ពី​ចម្ងាយ​ទៅ​មុន​ឲ្យ​ហើយ នៅ​ពេល​ដែល​គេ​ឃើញ​អ៊ីចឹង​គេ​ទប់​ស្កាត់​តាម​រយៈ​ការ​បំភិតបំភ័យ​ចង់​ឲ្យ​គណបក្ស​សមរង្ស៊ី​អត់​មាន​មេ​ដឹក​នាំ ប៉ុន្តែ​ទាំង​អស់​ហ្នឹង​គឺ​ជា​ការ​យឺត​ពេល ហើយ​ជា​រឿង​មួយ​ដែល​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​នៅ​ក្នុង​សម័យ​ព័ត៌មាន​វិទ្យា​នេះ»

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បែប​ហី​ថា បើ​ទោះ​ជា​លោក សម រង្ស៊ី មិន​អាច​ចូល​ស្រុក​វិញ​បាន ក៏​នយោបាយ​ក្រុម​អ្នក​ប្រឆាំង​នឹង​មិន​ស្រក​ស្រុត​តាម​នោះ​ឡើយ។ ពួកគេ​មាន​យុទ្ធសាស្រ្ត​គ្រប់គ្រាន់​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​ឆ្នាំ​២០១២ និង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ ខាង​មុខ​នេះ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​លោក​​ចំអក​​ថា គណបក្ស​ប្រជាជន​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​រក​ការ​ខាត​ដើម។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ដូច្នេះ ៖ «ការ​លំបាក​ប៉ុណ្ណឹង​គឺ​មិន​អាច​ប្រៀប​ធៀប​នឹង​ការ​លំបាក​១៥​ឆ្នាំ​មុន​ទេ ដូច្នេះ​ការ​គិត​គូរ​របស់​គណបក្ស​ប្រជាជន​គឺ​គិត​ខុស​ហើយ​ពី​បញ្ហា​ហ្នឹង ហើយ​ខ្ញុំ​ជឿជាក់​ថា នឹង​មាន​ដំណោះ​ស្រាយ​ដ៏​ឆាប់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ ដោយ​គណបក្ស​ប្រជាជន​យល់​ឃើញ​ថា ការ​ដែល​ទុក​ឲ្យ​លោក​ប្រធាន​នៅ​ក្រៅ​ប្រទេស​គឺ​ជា​ការ​ធ្វើ​អត្តឃាត​នយោបាយ គឺ​ជា​ការ​ដែល​បង្ហាញ​មុខ​មាត់​អាក្រក់​របស់​ប្រទេស​កម្ពុជា​នៅ​លើ​សកលលោក​ថា ខ្លួន​ជា​អ្នក​រំលោភ​សិទ្ធិ​មនុស្ស ជា​អ្នក​រំលោភ​សិទ្ធិ​តំណាង​រាស្រ្ដ ជា​អ្នក​ដែល​មិន​គោរព​ច្បាប់ ជា​អ្នក​ដែល​គ្មាន​ឆន្ទៈ​នឹង​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​សមធម៌»

ការ​ចោទ​ថា គណបក្ស​ប្រជាជន​ប្រើ​ល្បិច​នយោបាយ​ដើម្បី​បំបាក់​ដៃ​គូ​របស់​ខ្លួន​ពី​ចម្ងាយ​មុន​ការ​បោះ​ឆ្នោត​មក​ដល់ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន លោក ជាម យៀប បដិសេធ​ថា មន្ត្រី​បក្ស​ប្រជាជន​គ្មាន​ពេល​ឯ​ណា​ដើម្បី​ប្រើ​ល្បិច​នោះ​ទេ។ លោក ជាម យៀប ដែល​ហៅ​ថា លោក សម រង្ស៊ី រពឹស​ដៃ​ចង្រៃ​ខ្លួន​ដែល​នាំ​ឲ្យ​តុលាការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ដល់​ទៅ​ពីរ​ឆ្នាំ បាន​ថ្លែង​ឌឺដង​បន្ថែម​ទៀត​ឲ្យ​ក្រុម​បក្ស​ប្រឆាំង​ថា គណបក្ស​នេះ​គ្មាន​ផ្លូវ​នឹង​ងើប​ឡើង​វិញ​ទេ​បើ​មេ​បក្ស​របស់​ខ្លួន​រវល់​តែ​រតាត់រតាយ​នៅ​ក្រៅ​ស្រុក​នោះ។

លោក ជាម យៀប មាន​ប្រសាសន៍​ថា ៖ «មេ​ប្រព្រឹត្ត​បទ​ល្មើស​ហើយ​រត់​ចោល​ស្រុក​អ៊ីចឹង​ទៅ គ្នា​កំព្រា​រងា ព្រោះ​មិន​ដឹង​មេ​កើយ​ឯ​ណា ហើយ​មេ​ច្រើន​រពឹស​ដៃ​ចង្រៃ​ខ្លួន។ ខ្ញុំ​សូម​ជម្រាប​ឲ្យ​ខ្លី បើ​សិន​ជា​គាត់​យល់​ដឹង គ្រាន់​តែ​គាត់​ចុះ​ទៅ​ធ្វើ​របាយការណ៍ ថត​អី​មក ធ្វើ​របាយការណ៍​ទៅ​គ្រប់​កន្លែង អង្គទូត​អី​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ ហ្នឹង​វា​សមស្រប ហើយ​បើ​គាត់​អ្នក​តំណាង​រាស្រ្ដ​ទៅ​ដក ហ្នឹង​ការ​ចោទ​ប្រកាន់​របស់​គេ​វា​អត់​មាន​ខុស​ច្បាប់​អី​ទេ។ អ្វីៗ​ដែល​គាត់​បាន​បដិសេធ ឬ​ក៏​គណបក្ស​គាត់​បដិសេធ គ្រាន់​តែ​ជា​ការ​បំភ្លៃ​មួយ​កុំ​ឲ្យ​មើល​ឃើញ​ខុស​ច្បាប់​ខ្លាំង​ពេក​ប៉ុណ្ណឹង​ទេ»

លោក ជាម យៀប បាន​រិះគន់​គណបក្ស​ប្រឆាំង​នៅ​គ្រា​នេះ​ថា កំពុង​តែ​ចុះ​ខ្សោយ។ លោក​បង្ហើប​ទៀត​ថា វា​ប្រាកដ​ណាស់​នៅ​ពេល​ដែល​លោក សម រង្ស៊ី ឈាន​ជើង​មក​ដល់​កម្ពុជា​ពេល​ណា​នោះ តុលាការ​ច្បាស់​ជា​អនុវត្ត​ដីកា​ចាប់​ខ្លួន​មិន​ខាន ពី​ព្រោះ​ថា គេ​បាន​កាត់​ទោស​លោក​រួច​មក​ហើយ។

បើ​ទោះ​បី​ជា​គណបក្ស​ប្រជាជន​ច្រាន​ចោល​ការ​ផ្តន្ទា​ទោស​ដាក់​គុក​លោក សម រង្ស៊ី ២​ឆ្នាំ មិន​ទាក់ទង​ទៅ​នឹង​ការ​ត្រៀម​ទុក​របស់​គណបក្ស​ប្រជាជន​សម្រាប់​ការ​បោះ​ឆ្នោត​ពីរ​ឆ្នាំ​ទៀត​ខាង​មុខ​នេះ​ទេ ប៉ុន្តែ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​រិះគន់​ថា ទង្វើ​របស់​រដ្ឋាភិបាល​កំពុង​គាប​សង្កត់​មក​លើ​បក្ស​ប្រឆាំង​ហើយ។ លោក​ពោល​បន្ត​ថា គណបក្ស​កាន់​អំណាច​ធ្វើ​ដូច្នេះ​ខាត ពី​ព្រោះ​ថា ប្រជាជន​នឹង​មើល​ឃើញ​មុខ​មាត់​អាក្រក់​របស់​គណបក្ស​កាន់​អំណាច​កាន់​តែ​ច្រើន​ថែម​ទៀត។ លោក​បាន​បន្លុយ​ថា លោក សម រង្ស៊ី គួរ​តែ​ត្រឡប់​ចូល​មក​កម្ពុជា​វិញ ដើម្បី​សង្គ្រុប​យក​ឱកាស​នេះ ហើយ​និង​ត្រូវ​លាត​ត្រដាង​អំពី​ទង្វើ​របស់​គណបក្ស​កាន់​អំណាច។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​សង្ឃឹម​ថា ប្រជាពលរដ្ឋ​គាត់​នឹង​មើល​ឃើញ​ច្បាស់​ថា អ្នក​កាន់​អំណាច​សព្វថ្ងៃ​ហ្នឹង​បែប​ម៉េច ហើយ​ប្រជាពលរដ្ឋ​នឹង​ធ្វើការ​សម្រេច​ចិត្ត។ ចំពោះ​ទស្សនៈ​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​គាត់​មក​ឥឡូវ​ហ្នឹង ព្រោះ​យើង​អត់​មាន​ខុស​អី ហើយ​តុលាការ​អយុត្តិធម៌ ដូច្នេះ​យើង​ត្រូវ​តែ​មាន​សេចក្ដី​ក្លាហាន​បង្ហាញ​ទៅ​ដល់​ប្រជារាស្រ្ដ​ថា យើង​អត់​ខ្លាច ពីព្រោះ​យើង​អត់​ខុស ហើយ​យើង​គិត​ថា នឹង​គ្មាន​បញ្ហា​អី​កើត​ឡើង​ដល់​អាយុ​ជីវិត​ទេ ពីព្រោះ​យើង​មិនមែន​មក​ដោយ​គ្មាន​អ្នក​ឃ្លាំ​មើល​ទេ រដ្ឋាភិបាល​សព្វថ្ងៃ​ក៏​ចង់​ទាមទារ​ខ្លួន​ថា ស្រប​ច្បាប់​ដែរ ហើយ​បើ​សិន​ជា​មាន​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត​អ្នក​នយោបាយ​ដ៏​ល្បី​ម្នាក់ វា​មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ»

មន្ត្រី​អ្នក​ឃ្លំា​មើល​ដំណើរការ​បោះ​ឆ្នោត លោក ម៉ា សុផល វិញ បញ្ជាក់​ថា ការ​ផ្តន្ទា​ទោស​ដាក់​គុក​លោក សម រង្ស៊ី នឹង​នាំ​ឲ្យ​លោក​បាត់បង់​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ​របស់​ខ្លួន។ លោក​បន្ថែម​ថា បើ​សិន​ជា​លោក សម រង្ស៊ី ត្រឡប់​ចូល​ហើយ​ត្រូវ​គេ​ដាក់​គុក​មែន​នោះ ការ​ផ្សព្វផ្សាយ​នូវ​គំនិត​ប្រជាធិបតេយ្យ​និង​ត្រូវ​កាត់​ផ្តាច់​មិន​ខាន។

លោក ម៉ា សុផល ឲ្យ​ដឹង​ដូច្នេះ ៖ «កាល​ណា​ជាប់​គុក​វា​បាត់​សិទ្ធិ​សេរីភាព​ហើយ បាត់​សិទ្ធិ​សេរីភាព​មួយ​ចំនួន​ក្នុង​ការ​ដើរ​ហើរ ក្នុង​ការ​បញ្ចេញ​មតិ ក្នុង​ការ​ធ្វើ​នយោបាយ​ធ្វើ​អី​ទូទៅ​ហើយ»

ជាមួយ​គ្នា​នឹង​យោបល់​បែប​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ធន់ សារាយ អត្ថាធិប្បាយ​ថា លោក​មិន​ជឿ​អំពី​រឿង​ចាប់​លោក សម រង្ស៊ី ដាក់​គុក នៅ​ពេល​ដែល​លោក​មក​ដល់​កម្ពុជា​នោះ​ទេ។ លោក ធន សារាយ អះអាង​ថា ពេល​នោះ​ច្បាស់​ជា​មាន​ដំណោះ​ស្រាយ​មិន​ខាន ដោយសារ​តែ​គណបក្ស​ប្រជាជន​មិន​ចង់​ឈ្នះ​ក្រុម​អ្នក​ប្រឆាំង​ដោយ​បែប​នេះ​ឡើយ។

លោក ធន សារាយ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «សួរ​ថា តើ​អ្នក​ឈ្នះ​គាត់​ចង់​ឈ្នះ​ដោយ​ភាព​មួយ​មិន​សូវ​ល្អ​មើល​ឬ​ទេ? ដូចជា​ការ​ប្រកួត​មួយ​ដែល​មិន​មាន​ការ​ប្រកួត​គ្នា​ដោយ​ពេញ​ទំហឹង​ទេ? អ៊ីចឹង​អ្នក​ឈ្នះ​ក៏​គេ​ចង់​ឈ្នះ​ដោយ​កត្តិយស​ដែរ។ បើ​យើង​ចង់​ឈ្នះ​គ្នា​ដោយ​កិត្តិយស ឈ្នះ​គ្នា​ដោយ​ល្អ ទាល់​តែ​ឲ្យ​អ្នក​ប្រកួត​មួយ​ទៀត​មាន​ការ​ចូល​រួម​ដោយ​ពេញ​លេញ»

ការ​ផ្តន្ទា​ទោស​ដាក់​គុក​លោក សម រង្ស៊ី ចំនួន​២​ឆ្នំា​កាល​ពី​ពេល​ថ្មីៗ​ដោយ​តុលាការ​ខេត្ត​ស្វាយរៀង ដោយ​ចោទ​លោក​អំពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ពូជ​សាសន៍​និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ក្រោយ​ពី​លោក​និង​ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​ដក​បង្គោល​តម្រុយ​ព្រំដែន​ខ្មែរ-​វៀតណាម​បោះ​ចោល ត្រូវ​បាន​ក្រុម​អ្នក​ឃ្លំា​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​រិះគន់​ថា រដ្ឋាភិបាល​កំពុង​ខ្ទប់​នូវ​ការ​អនុវត្ត​សេរីភាព​ពហុបក្ស​នៅ​កម្ពុជា​ហើយ។

មតិ​សង្គម​ស៊ីវិល​ខ្លះ​បាន​បារម្ភ​អំពី​ការ​បាក់​ស្រុត​របស់​ក្រុម​អ្នក​ប្រឆាំង ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​វិញ​បាន​អះអាង​ថា មិន​អាច​ទៅ​រួច​ទេ ហើយ​លោក សម រង្ស៊ី នឹង​ត្រឡប់​ចូល​មក​កម្ពុជា​រង់ចាំ​មើល​ចំណាត់ការ​របស់​រដ្ឋាភិបាល​ថែម​ទៀត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល