កម្ពុជា​កម្ទេច​អគារមួយ សង់​ដោយ​សហរដ្ឋ​អាមេរិក​ នៅ​មូលដ្ឋាន​ទ័ព​រាម​

ដោយ មួង ណារ៉េត
2020-10-02
Share
Ream រូបខាងឆ្វេង គឺអគារ​បញ្ជាការដ្ឋាន ថតកាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២០។ ឯរូប​ខាង​ស្ដាំ គឺដីទំនេរ​ក្រោយ​អគារនោះត្រូវបានកម្ទេចចោល ថតកាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០។
Screen Capture from CSIS's ASIA MARITIME TRANSPARENCY INITIATIVE Website

អគារ​មួយក្នុង​ចំណោម​អគារ​ជាច្រើន​ នៅ​ក្នុង​មូលដ្ឋាន​ទ័ព​រាម ដែល​សង់​ដោយ​ថវិកា​ជំនួយ​របស់​សហរដ្ឋអាមេរិក​ កាល​ពីខែ​ សីហា​ ឆ្នាំ​ ២០១២​ ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ កម្ទេច​ចោល​ កាលពី​អំឡុង​ដើម​ខែ​ កញ្ញា​ កន្លង​ទៅ​នេះ​។

អគារ​ដែល​ត្រូវ​បាន​កម្ទេច​ចោល​នេះ​ គឺ​ជា​ទីបញ្ជាការ​ដ្ឋាន​យុទ្ធសាស្រ្ត​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ និង​ត្រូវ​បាន​ថតជាប់​តាមប្រព័ន្ធ​ផ្កាយរណប​កាល​ពី​ថ្ងៃ​ទី​ ០១​ ខែ​ តុលា​ ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​ កាលពីថ្ងៃទី​ ០២ ខែ តុលា ​លើ​គេហទំព័រ​របស់​គម្រោង​តម្លាភាព​លំហ​សមុទ្រ​អាស៊ី​ (ASIA MARITIME TRANSPARENCY INITIATIVE) ដែល​មាន​មូលដ្ឋាន​ នៅរដ្ឋធានីវ៉ាស៊ីន​តោន​ សហរដ្ឋ​អាមេរិក​។

បើតាម​គេហទ័ព័រ​នេះ អគារ​នៅ​សមុទ្ររាម​នោះ ត្រូវ​បានកម្ទេច​ចោល​នៅ​ចន្លោះ​​ពីថ្ងៃទី ០៥​ ដល់ថ្ងៃទី ១០​ ខែ​ កញ្ញា​។ ការវាយ​កម្ទេច​អគារ​ ដែល​សង់​ដោយ​លុយ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នេះ​ កើត​ឡើង​​ក្រោយ​មាន​ការសង្ស័យ​ ថា​កម្ពុជា​បាន​​ចុះហត្ថលេខា​សំងាត់​ជា​មួយ​ចិន​ ដើម្បី​អនុញ្ញាត​ឲ្យ​យោធា​ចិន​ ប្រើប្រាស់​មូលដ្ឋាន​រាម​ សម្រាប់​ធ្វើជា​មូលដ្ឋាន​ទ័ព​។​

ប្រភព​ដដែល​ បន្ថែម​ថា​ ការ​វាយ​កម្ទេច​អគារ​នេះ​ចោល គឺរឹត​តែ​បញ្ជាក់​ឲ្យកាន់​តែ​ច្បាស់​ ថា​ការ​សង្ស័យ​ ថាកម្ពុជា​អនុញ្ញាត​ឲ្យចិន​មាន​មូលដ្ឋាន​ទ័ព នៅ​សមុទ្រ​រាមនោះ​ ឥឡូវ​ក្លាយ​ជា​ការ​ពិត​ហើយ​។​

កន្លង​មក​ ដោយសារ​ការងាក​ខ្លាំង​ទៅរក​ចិន​ កម្ពុជា​បានលុប​ចោល​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​អាមេរិក និង​បានច្រាន​ចោល​បំណង​អាមេរិក​ ដែលចង់​ផ្តល់​ថវិកា​ជួយ​ជួល​ជុល​អគារមួយ​ ​នៅក្នុង​មូលដ្ឋាន​ទ័ពរាម​ ទោះពី​ដំបូង​គឺរដ្ឋាភិបាល​កម្ពុជា​ ជាអ្នក​សុំ​ឲ្យអាមេរិក​ជួយ​ផ្តល់​ថវិកា​ដើម្បី​ជួស​ជុល​វា​។

ទោះជា​កម្ពុជា​ប្រកែក​ច្រើនដង​ទៅ​ហើយ​ក្ដី ក៏​កម្ពុជា​នៅ​តែ​រងការសង្ស័យ ថា​ត្រូវរ៉ូវ​គ្នា​ស្ងាត់ៗ​ ជាមួយ​រដ្ឋាភិបាល​ចិន ដោយ​យល់​ព្រម​ឲ្យ​​ទ័ពចិន​យក​តំបន់រាម​ ជា​មូលដ្ឋាន​ទ័ព​។ ការ​ចុះហត្ថលេខា​ជា​សម្ងាត់​ជាមួយ​ចិន​នេះ​ ត្រូវ​បាន​សារព័ត៌​មាន​ល្បី​របស់​អាមេរិក​ the Wall Street Journal ចុះផ្សាយ​កាល​ពី​ ខែ កក្កដា​ ឆ្នាំ​ ២០១៩​។

អាស៊ីសេរី​ មិនទាន់​អាច​សុំ​ការបំភ្លឺ​ពីអ្នកនាំ​ពាក្យ​ក្រសួង​ការពារជាតិ​ លោក​ ឈុំ​ សុជាតិ​ ជុំវិញ​រឿង​វាយ​កម្ទេច​អគារ​នោះ​ បាន​នៅឡើយទេ​ ត្រឹមម៉ោង​ផ្សាយនេះ។ ទោះ​ជាយ៉ាងនេះ​ក្ដី​ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​លោក ទៀ បាញ់​ ធ្លាប់​ប្រាប់​អាស៊ីសេរីថា​ កម្ពុជា​ពិត​ជា​បាន​ជួសជុល​កែលម្រ​កំពង់​ផែ នៅ​មូល​ដ្ឋាន​រាម​ ដើម្បី​ឲ្យកប៉ាល់​ចូលចត​បាន​ច្រើន​ជាង​មុន​ ប៉ុន្តែ​លោក​អះអាង​ថា​ មិន​មែន​ធ្វើ​នេះ ដើម្បី​ត្រៀម​ទុក​ឲ្យទ័ព​បរទេស​ ប្រើប្រាស់​នោះទេ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល