ច្បាប់ដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង​មន្រ្តី​របប​ក្រុង​ភ្នំពេញ បាន​បញ្ជូន​ដល់​ដៃ​ព្រឹទ្ធសភា​អាមេរិក

លោក មួង ណារ៉េត
2019-07-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិកខ្លះនៃគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាអាមេរិក រូបពីឆ្វេងទៅស្ដាំ៖ លោក ថិត គ្រូស (Ted Cruz), លោក ម៉ាកូ រូប៊ីអូ (Marco Rubio), លោក គ្រីស ឃូនស៍ (Chris Coons), លិនស៊ី ហ្ក្រាហែម (Linsey Graham) និង លោក អិត ម៉ាឃី (Ed Markey)
សមាជិកខ្លះនៃគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាអាមេរិក រូបពីឆ្វេងទៅស្ដាំ៖ លោក ថិត គ្រូស (Ted Cruz), លោក ម៉ាកូ រូប៊ីអូ (Marco Rubio), លោក គ្រីស ឃូនស៍ (Chris Coons), លិនស៊ី ហ្ក្រាហែម (Linsey Graham) និង លោក អិត ម៉ាឃី (Ed Markey)
Screenshot ពីគេហទំព័ររបស់ព្រឹទ្ធសភាអាមេរិក

ច្បាប់​ដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង​មន្រ្តីរបបក្រុងភ្នំពេញ​ ត្រូវ​បានបញ្ជូន​ដល់​​ដៃព្រឹទ្ធសភាអាមេរិកហើយ គឺមួយ​​ថ្ងៃក្រោយ​រដ្ឋសភា​អាមេរិក បាន​អនុម័តច្បាប់​នេះ​រួច។​ អ្នកវិភាគ ថាស្ថានភាព​សិទ្ធិមនុស្ស​ និង របត់​នយោបាយអាមេរិក នៅ​កៀក​ការ​​បោះឆ្នោតប្រធានាធិតី ​អំណោយផល ដល់​ការ​ពន្លឿន​ច្បាប់នេះ។

ច្បាប់​ដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង​មន្រ្តីរបបលោក​ ដែលមានឈ្មោះថា ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០១៩ ឬ H.R ៥២៦ បានរំកិលផុត​ពីដៃរដ្ឋសភា ទៅព្រឹទ្ធសភាអាមេរិក​ ពោលគឺ​ភ្លាមៗ ក្រោយ​ ត្រូវ​បាន​អនុម័តរួច កាលពីថ្ងៃទី១៦ ខែ​កក្កដា។ តាមគេហទំព័រ​របស់​រដ្ឋសភាអាមេរិក បាន​ចុះផ្សាយ​ព័ត៌មាន​ចុងក្រោយ ជុំវិញដំណើរវិវត្តន៍​នៃច្បាប់​នេះ កាលពីថ្ងៃទី១៩ ខែ​កក្កដា​ថា ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស ​របស់​ព្រឹទ្ធសភា​អាមេរិក បាន​ទទួល​យកច្បាប់​នេះ ដើម្បី​ពិចារណា​ហើយ។ នីតិវិធីបន្ទាប់ គណៈកម្មាធិការ​ព្រឹទ្ធសភា​នេះ នឹង​ដាក់​ច្បាប់​នេះ ទៅក្នុង​របៀបវារៈ ដើម្បី​បោះឆ្នោតនៅកម្រិត​គណៈកម្មាធិការនេះសិន មុននឹង​បញ្ចូន​បន្ត​ទៅ​សភាពេញអង្គ​របស់​ព្រឹទ្ធសភា ដើម្បី​អនុម័ត។

ច្បាប់​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ដាក់សម្ពាធ​របបលោក ហ៊ុន សែន ឲ្យ​ស្តារសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ក្រោយ​របបនេះ​ចាប់​ប្រធានគណបក្សប្រឆាំង​លោក កឹម សុខា ដាក់ពន្ធនាគារ និង​បន្ត​ឃុំឃាំងក្នុង​ផ្ទះ និង​រម្លាយ​គណបក្សប្រឆាំង​តែមួយគាត់ ដែលមាន​អាសនៈ ៥៥ នៅ​ក្នុង​រដ្ឋសភា មានពលរដ្ឋបោះឆ្នោតគាំទ្រពាក់កណ្តាលប្រទេស និង​ក្រោយ​មក​រៀបចំ​ការ​បោះឆ្នោត ដែលផាត់​ចោល​បក្សប្រឆាំងនេះ។ ច្បាប់នេះ នឹង​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្រ្តីជាន់ខ្ពស់​​ក្នុង​ជួរ​របប​សព្វថ្ងៃ និង​មន្រ្តីយោធា ឬ​កងសន្តិសុខ ដែល​បាន​ចូល​ដៃ​ក្នុង​ការ​រំលោភសិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅកម្ពុជានោះ។ ទណ្ឌកម្ម​ទាំងនោះ រួមមាន​បង្កក​ទ្រព្យសម្បត្តិ និង​​បិទទិដ្ឋាការមន្រ្តីទាំងនោះ ដោយ​មិនឲ្យ​ជាន់ទឹកដី​អាមេរិក។

តំណាងរាស្រ្ត​អាមេរិក ពីខាង​គណបក្សកាន់អំណាច ដែលជាអ្នកផ្តួចផ្តើម​ឲ្យ​មាន​ច្បាប់​នេះ គឺ​លោក ថិត យ៉ូហូ (Ted YOHO) ថ្លែង​ប្រាប់​អាស៊ីសេរី កាលពីថ្ងៃ​ទី១៧ ខែ​កក្កដា​ថា លោក​សង្ឃឹមយ៉ាង​មុត​មាំ​ថា ​ព្រឹទ្ធសភា​ក៏​នឹង​អនុម័តច្បាប់​នេះ​ឆាប់ៗ ដែរ។ ម្យ៉ាង​ទៀត​ ច្បាប់​នេះ ត្រូវ​បាន​អនុម័ត​​ឲ្យ​ស្របតាម​ការទាមទារ​​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​​និយម​​ប្រជាធិបតេយ្យ និង​សហរដ្ឋ​អាមេរិក ដែល​​ចង់​​ឃើញ​​កម្ពុជា​​មាន​​ប្រជាធិបតេយ្យ​​នឹង​​គេ៖ «ច្បាប់​នេះ​ធ្វើឡើង​យ៉ាង​សមស្រប​បំផុត និង​ជា​អ្វី​ដែល​ត្រូវតែ​ធ្វើជា​ចាំបាច់។ លោក ហ៊ុន សែន ក្បត់​ពាក្យ​សន្យា​ក្នុង​កិច្ចព្រមព្រៀង ដែល​កម្ពុជា​ត្រូវតែ​រៀបចំ​ការបោះឆ្នោត ឱ្យ​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ប៉ុន្តែ ជា​អកុសល ពេល​គណបក្ស​សង្គ្រោះ​ជាតិ កើន​ប្រជាប្រិយ​ភាពជា​លំដាប់​ក្នុង​ការ​បោះឆ្នោត​ជា​បន្តបន្ទាប់ ស្រាប់តែ​លោក ហ៊ុន សែន រករឿង​គណបក្ស​នេះ រហូតដល់​រម្លាយ​ចោល​ទាំងស្រុង រួចហើយ​ចាប់​មេដឹកនាំ​បក្ស​នេះ​ដាក់​ពន្ធនាគារ និង​ធ្វើទុក្ខបុកម្នេញ​សកម្មជន​បក្ស​ប្រឆាំង​ឥត​ស្រាកស្រាន្ត។ តើ​ទង្វើ​ទាំងអស់​នេះ ឱ្យ​យើង​អត់​ទ្រាំ​យ៉ាង​ដូចម្ដេច​បាន​? សហភាព​អឺរ៉ុប ក៏​យល់ឃើញ​ដូច​យើង​ដែរ​។ បើ​កុំ​តែ​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​​ធ្ងន់ធ្ងរ យើង​ក៏​មិន​ជ្រៀតជ្រែក​ក្នុង​រឿង​នេះ​​ដែរ»។

ជិត​ពីរ​ឆ្នាំ តាំងពីរបបលោក ហ៊ុន សែន រម្លាយ​គណបក្សសង្គ្រោះជាតិ សហគមន៍​អន្តរជាតិ បានទុក​ពេល​ឲ្យ​របបនេះ ស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ ជាថ្នូរ​នឹង​ការ​មិន​ដាក់ទណ្ឌកម្មផ្សេងៗ។

ប៉ុន្តែ អ្នកវិភាគនយោបាយ និង​សង្គមលោក គឹម សុខ យល់ថា ស្ថានភាព​រំលោភសិទ្ធិមនុស្ស និង​បំផ្លាញ​​ប្រជាធិបតេយ្យ​​នៅកម្ពុជា គ្មាន​ភាព​ប្រសើរ​ឡើង​​ទាល់​តែ​សោះ គឺមាន​តែ​អាក្រក់ជាង​មុន។ លោកបន្ថែមថា បញ្ហា​អវិជ្ជមានទាំងនេះឯងហើយ ដែល​ធ្វើឲ្យសមាជិក​សភា​ជាន់អាមេរិក មាន​ហេតុផលសមស្រប​ ក្នុងការ​ពន្លឿន​ការដាក់ទណ្ឌកម្មលើ​​មន្រ្តី​របបលោក ហ៊ុន សែន។

ជាង​នេះទៅទៀត លោក គឹម សុខ មានសុទិដ្ឋិនិយម​ថា ​ច្បាប់​នេះ នឹងបាន​ទៅដល់ដៃ​ប្រធានាធិបតីអាមេរិក ដោយ​គ្មានបង្អង់​ទៀត​ផង ដោយសារ​ការ​វិវត្តន៍​នៃ​សភាពការណ៍​នយោបាយ​ពិភពលោក ជាពិសេស​ សហរដ្ឋអាមេរិកផង ដែលកំពុង​តែ​កៀក​ដល់​ឆ្នាំ​បោះឆ្នោត​ជ្រើសរើស​ប្រធាធិបតី​អាណត្តិថ្មី ដែលទាំងនេះ គឺ​សុទ្ធតែជាកត្តា​ដែលញ៉ាំងឲ្យ​ច្បាប់​នេះ កាន់តែចូលជាធរមានឆាប់ មិន​ថាលោក ហ៊ុន សែន ត្រូវ​ខំចំណាយ​ប្រាក់ច្រើនយ៉ាង​ណា ដើម្បី​បញ្ចុះបញ្ចូល​មន្រ្តីបរទេស ឲ្យ​ជួយ​ទប់​ស្កាត់​​នោះទេ៖ «លោក​ត្រាំ អាច​មាន​ភាគរយខ្ពស់​ នឹង​មិន​បដិសេធ​ទេ ពីព្រោះគាត់ត្រូវ​ទប់​ស្ថានការណ៍​មួយ គឺគាត់​មិន​ចង់​រក​រឿង ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​ ហើយ​គាត់​បដិសេធទៅ វា​ធ្វើ​ឲ្យថ្នាំង​ថ្នាក់ និង ទាស់​សំឡេងទាស់​សម្ដីគ្នា ដែល​រំខាន​ទៅ​ដល់​ការងារ​នយោបាយ​របស់​គាត់​ នៅសហរដ្ឋអាមេរិក។ ខ្ញុំ​គិត​ថា​លោក​ត្រាំ​មាន​ភាគរយខ្ពស់​ណាស់ ការ​ការ​ចុះហត្ថលេខា​ ផ្តល់ការ​អនុម័ត​ឲ្យ​ច្បាប់​នេះ​ ចូល​ជា​ធរមាន»។

តាំងពីរម្លាយ​គណបក្សសង្គ្រោះជាតិ និង​​រងការថ្កោលទោស ជុំទិសពីសហគមន៍អន្តរជាតិ ក្នុង​នោះ​មាន​សហរដ្ឋអាមេរិកផង របបលោក​ ហ៊ុន សែន មិន​ស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញទេ ប៉ុន្តែត្រូវ​ចំណាយប្រាក់​រាប់​លានដុល្លារ ដើម្បី​ជួលមន្រ្តីអាមេរិក ឲ្យ​ធ្វើ​កិច្ច​ការ​បញ្ចុះបញ្ចូល ទំនង​ជាអាច​ដើម្បីរារាំង​ការដាក់ទណ្ឌកម្ម​ណាមួយ​។ ក្នុងខែ​មេសា​កន្លងទៅ លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​លោក ជុំ សុន្ទរី ឯកអគរាជទូតខ្មែរ ប្រចាំសហរដ្ឋអាមេរិក ចុះ​ហត្ថលេខា​​​ជួល​ក្រុមហ៊ុនអាមេរិកពីរ ជាទឹកប្រាក់ ១,២ លាន​ដុល្លារ​។ ប៉ុន្តែ វិធានការទណ្ឌកម្ម​របស់​អាមេរិក លើ​របបលោក ហ៊ុន សែន នៅតែ​ធ្លាក់ជាបន្តបន្ទាប់។

ក្នុងពេលជាមួយគ្នានេះ គណៈបក្ស​សង្គ្រោះជាតិនៅក្រៅប្រទេស ក៏បង្កើនសន្ទុះកិច្ចការការទូត និង​ការ​តស៊ូមតិលើឆាកអន្តរជាតិ ដើម្បីកៀរគររកការគាំទ្របន្ថែម ដើម្បីអន្តរាគមន៍ រកដំណោះស្រាយនយោបាយឲ្យបានឆាប់។ ជាងនេះ​ទៅទៀត គឺ​ការ​​បន្ត​​បំផុស​ចលនា​​មហាជន នៅ​​សហគមន៍​ខ្មែរ​នៅអាមេរិក ដើម្បីជំរុញ​សមាជិកសភា អនុម័ត​ច្បាប់​​ដាក់​សម្ពាធ​​របបលោក ហ៊ុន សែន ឲ្យ​បាន​ឆាប់។ មន្រ្តី​ជាន់​ខ្ពស់​នៃគណបក្សសង្គ្រោះជាតិ​ នៅក្រៅប្រទេសលោក ប៉ុន សៅ​រី បញ្ជាក់ថា កិច្ចការ​របស់​គណបក្ស​ប្រឆាំង​នៅពេលនេះ កាន់តែ​មាន​ច្រើនសន្ធឹក ជាពិសេរការ​ប្រមូល​​កម្លាំង​​មហាជន ដើម្បី​​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី និង មន្រ្តីបក្សនេះ ទៅកម្ពុជាវិញ៖ «យើង​នឹង​កំណត់​ឲ្យ​មានការ​ប្រជុំ​យុទ្ធ​សាស្រ្ត​ ឲ្យ​បាន​ទៀង​ទាត់​។ ក្នុង​ខែ​សីហានេះ យើង​នឹង​រៀប​ចំប្រមូល​អ្នកយុទ្ធសាស្រ្ត និង ថ្នាក់​ដឹកនាំ​កំពូល​របស់គណបក្ស​សង្គ្រោះជាតិ ដើម្បី​ពិភាក្សា​គំនិតគ្នា​ រក​វិធី​សាស្រ្ត ក្នុង​ការ​ធ្វើ​យុទ្ធនាការ​នាពេល​បន្ទាប់​។ យើង​នឹង​កោះ​ប្រជុំ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​កំណត់​ទិសដៅ ​និង​ការ​អនុវត្ត​ផែនការ​របស់​គណបក្សសង្គ្រោះជាតិ ឲ្យ​មាន​ប្រសិទ្ធភាព។ យើង​បាន​ចាប់​ផ្តើម​វគ្គ​បណ្តុះបណ្តាល​របៀប​ធ្វើ​ការ​ងារ​ការទូត និង ទំនាក់ទំនង​អន្តរជាតិ​ ដល់​មន្រ្តី​សំខាន់​ៗ​របស់​យើង​នៅ​សហរដ្ឋ​អាមេរិក​ និង​កាណាដា។ ទន្ទឹមនឹង​នោះ យើង​នឹង​ជំរុញឲ្យ​មាន​សិក្ខា​សាលា​យុវជន​នៅ​ក្រៅ​ប្រទេស​ទាំងអស់​»។

យុទ្ធនាការ​តស៊ូមតិទាំងនេះ ក៏រួមមានការធ្វើបាតុកម្ម​ធំមួយ នៅ​មុខវិមាន​រដ្ឋសភា​សហរដ្ឋអាមេរិក (the Capitol Hill) កាលពីថ្ងៃទី ១៧ ខែ កក្កដា ដើម្បីផ្ញើសា​រ​ដល់​សមាជិកព្រឹទ្ធសភា​អាមេរិក ឲ្យ​ប្រញាប់អនុម័តច្បាប់នេះ ឲ្យ​បាន​ឆាប់។

ទោះជាសម្ពាធ​អន្តរជាតិ កាន់តែ​កើនសន្ធាប់​យ៉ាង​ណាក្តី សហគមន៍អន្តរជាតិ នៅតែ​ទុក​ឱកាស​ឲ្យ​របបលោក ហ៊ុន សែន ងាកមកស្តារសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យឡើង​​វិញឲ្យ​បាន​ឆាប់​តាម​ដែលអាចធ្វើ​ទៅបាន​ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ ដែល​អាច​​ចៀសវាង​បាន​ទាំងនោះ។

ទោះជាយ៉ាងនេះក្តី របបលោក ហ៊ុន សែន ចាត់ទុកចំណាត់ការណាទាំងឡាយ​របស់​​សហគមន៍ អន្តរជាតិ​ ក្នុងការ​ដាក់សម្ពាធ​របបនេះ ឲ្យ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ថា​ជា​ការអនុវត្ត​ស្តង់ដារ​ពីរ​មកលើកម្ពុជា និង​ដាក់ទណ្ឌកម្ម​កម្ពុជា ក្រោម​ហេតុផលនយោបាយ​ ព្រោះ​របបនេះអះអាងថា គ្មានការរំលោភសិទ្ធិមនុស្ស​ និង បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​ កើត​មាន​ឡើង​នៅកម្ពុជា ដូចការ​រក​ឃើញរបស់​ប្រទេសប្រជាធិបតេយ្យ​ទាំងនោះ​ នោះឡើយ។

ប៉ុន្តែ ការបកស្រាយទាំងនេះ ទំនងជាគ្មានទម្ងន់ ក្នុង​ការ​ទប់​ស្កាត់​ទណ្ឌកម្មទាំងនោះ​ឡើយ។ ច្បាប់​ដាក់ទណ្ឌកម្ម​មន្រ្តីរបបនេះ នៅតែត្រូវ​អនុម័តជាដដែល។​ តំណាងរាស្រ្តអាមេរិកលោក ថិត យ៉ូហូ ​ដដែល​ សង្ឃឹម​ថា ច្បាប់​ដែលបាន​ចូល​​ដៃ​ព្រឹទ្ធសភា​នេះ នឹង​ធ្វើ​ឱ្យ​មេដឹកនាំ​ដូចជា​លោក ហ៊ុន សែន រៀន​គិត​ឱ្យ​វែងឆ្ងាយ​ទៅ​អនាគត ថា​តើ​គាត់​ចង់​ឱ្យ​គេ​ចងចាំ​គាត់​ថា ​ជា​មេដឹកនាំ​អាក្រក់ និង​ជា​ជន​ផ្ដាច់ការ ឬ​ជា​មេដឹកនាំ​ល្អ ដែល​គួរ​ឱ្យ​គោរព ដូច​អតីត​ប្រធាន​ធិបតី​អាមេរិក​​លោក ជច វ៉ាស៊ីនតុន (George Washington) ឬ​លោក អេប្រាហ៊ិម លិនខុន (Abraham Lincoln)។ លោក ហ៊ុន សែន ជា​អ្នក​ជ្រើសរើស​ដោយ​ខ្លួនឯង​ចុះ​ថា ​ត្រូវ​យក​មួយ​ណា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

stop the China commie repeat old trick again

We the Cambodian people inside and Cambodian around the world would like to appeal to the u.s house of representatives from both parties,may take this HR526 as serious action to against this fascist communist dictator"HS".We the Cambodian people don't want this fascist communism to repeats itself history again and again.Hun Sen is unofficial pm since he took power from his old comrade Pen Sovann in 1985"endorsed by north Hanoi communist govm't" till today.History of Cambodia-U.S 35th president"JFK-1960" friendship tough us during Sihanouk era.The first U.S helped Cambodia to built a great national route-4 ever made"highway",from Phnom Penh city to the kompongSom port"approx-380 miles",later the China communist Beijing govm't disappointed with the west.In the meantime,Sihanouk is not smarts enough with China communist leaders try to cloned,or brainwashed him hated to the west and want to kick them out from indochina region,because the China communist wants to take over indochina states"Cambodia,Laos and Vietnam as theirs".Now,we the Cambodian people seen Pol Pot/Hun Sen regime,has set the same footstep as Sihanouk era"very dangerous to Cambodia".Hun Sen fascist communist govm't didn't care anything at all,since it took the power in 1985 till today,and China communist leaders get a plan A to plan B with the same old tricked"1957-1960" to use Hun Sen rogue govm't to kick the West again,because the China commie govm't seen the U.S big oil company"Cheveron"discovered at southeastern coastline of KompongSom.that's why China communist govm't strategy had built a big oil finery with poured more cashes into that city.Our recommending to the U.S govm't must take this as an serious action with Hun Sen and China commie govm't for accountable and not let this old trick happen again"please hold this cobra's neck tightly...not strike us back".God bless Cambodia and God bless America and peace on earth.

Jul 19, 2019 07:48 PM

គេហទំព័រ​ទាំងមូល