សមាជិកព្រឹទ្ធសភាអាមេរិក ស្នើ​ច្បាប់​ជំរុញ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

លោក មួង ណារ៉េត
2019-05-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបពីឆ្វេងទៅស្តាំ៖ សមាជិកព្រឹទ្ធសភាអាមេរិកលោក លិនស៊ី ហ្ក្រាហែម (Linsey Graham) លោក ឌិក ឌើប៊ិន (Dick Durbin) និង លោក ម៉ាកូ រូប៊ីអូ (Marco Rubio)
រូបពីឆ្វេងទៅស្តាំ៖ សមាជិកព្រឹទ្ធសភាអាមេរិកលោក លិនស៊ី ហ្ក្រាហែម (Linsey Graham) លោក ឌិក ឌើប៊ិន (Dick Durbin) និង លោក ម៉ាកូ រូប៊ីអូ (Marco Rubio)
គេហទំព័ររបស់ព្រឹទ្ធសភាអាមេរិក

សមាជិកព្រឹទ្ធសភាអាមេរិកបីរូប រួមគ្នាស្នើច្បាប់ថ្មីមួយ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឲ្យ​បាន​ពេញលេញ។ សេចក្តីស្នើច្បាប់នេះ ត្រូវដាក់ស្នើ កាលពីថ្ងៃទី១៤ ខែ​ឧសភា តែ​ទើប​តែ​ត្រូវ​បាន​លេច​ចេញ​ជា​សាធារណ: នៅ​ថ្ងៃ​នេះ។

សមាជិកព្រឹទ្ធសភាទាំងបីរូបនោះ មួយរូបមកពីខាងគណបក្សសាធារណរដ្ឋលោក លិនស៊ី ហ្ក្រាហែម (Linsey Graham) ជាអ្នកផ្តួចផ្តើមស្នើច្បាប់នេះ និង គាំទ្រដោយសមាជិកព្រឹទ្ធសភាអាមេរិកពីររូបទៀត គឺលោក ឌិក ឌើប៊ិន (Dick Durbin) ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ខាងគណបក្សសាធារណរដ្ឋ។

ច្បាប់ថ្មីនេះ មានឈ្មោះថា S.1468 ដែលទាមទារឲ្យរបបលោក ហ៊ុន សែន ចាត់វិធានការ​ឲ្យមានប្រសិទ្ធភាព ដើម្បី​ការពារ​សន្តិសុខ​ក្នុង​តំបន់ ការពារអធិបតេយ្យភាពរបស់កម្ពុជា កុំឲ្យលុះតាមឥទ្ធិពលរបស់ចិនកុម្មុយនីស្ត និង​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា គោរព​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ និង​ការ​ទទួល​ខុស​ត្រូវ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។

ច្បាប់នេះ តម្រូវឲ្យរបបលោក ហ៊ុន សែន ដោះលែងប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ដោះលែង​អ្នក​ទោស​នយោបាយ និង​សកម្មជនគណបក្ស សង្គ្រោះ​ជាតិ ទាំង​អស់ ព្រម​​ទាំង​​មន្រ្តី​​អង្គការ​​សង្គម​ស៊ីវិល​​ផង ហើយទម្លាក់ចោលរាល់បទចោទប្រកាន់លើ​ពួកគាត់។ ទម្លាក់​ចោល​រាល់ការ​ចោទ​ប្រកាន់ ដោយហេតុ​ផល​នយោបាយ លើ​មេ​ដឹក​នាំ​ផ្សេង​ទៀត របស់​បក្ស​ប្រឆាំង ដូចជា លោក សម រង្ស៊ី និង​ទម្លាក់​ចោល​បទ​ចោទ​លើ​​អតីត​​អ្នក​​យក​ព័ត៌មាន​​អាស៊ី​​សេរី​​ពីរ​​រូប​​ផង គឺ​លោក អ៊ួន ឈិន និង​​លោក យាង សុធារិន្ទ​។

ម្យ៉ាងទៀត របបលោក ហ៊ុន សែន ត្រូវតែលុបចោលច្បាប់វិសោធនកម្ម ស្តីពី​គណបក្ស​នយោបាយ ដើម្បី​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​បើក​ដំណើរ​ការ​ឡើង​វិញ និង​ផ្តល់​នីតិសម្បទា ដល់​មន្រ្តី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ទាំង​អស់ ដែល​​រង​​បម្រាម​​សិទ្ធិ​នយោបាយ​ពី​​សំណាក់​របប​នេះ។

ក្នុងករណីរបបនេះ មិនអនុវត្តតាម​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ត្រូវ​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​របប​នេះ រួម​​មាន ទីមួយ គឺ​បង្កក​ទ្រព្យ​សម្បត្តិ​មន្រ្តី​ទាំង​នោះ។ ទីពីរ គឺ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP និង​​ទី​បី គឺ​​មិន​​បន្ធូរ​​បន្ថយ​​ចំពោះ​​ការ​​ជំពាក់​​បំណុល​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល