ផលវិបាក​បណ្ដាល​មក​ពី​កង​កម្លាង​ប្រដាប់​អាវុធ​មិន​ឯករាជ្យ និង​មិន​អព្យាក្រឹត

ដោយ មាន ឫទ្ធិ
2018.07.04
លឺ ឡាយស្រេង ៦២២ លោក លឺ ឡាយស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី​ពី​ខាង​គណបក្ស​ ហ៊្វុនស៊ិនប៉ិច និង​ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រួប ក្នុង​បន្ទប់​ផ្សាយ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី៣ ខែ​កក្កដា ជជែក​អំពី៖ «ផលវិបាក​បណ្ដាល​មក​ពី​កង​កម្លាង​ប្រដាប់​អាវុធ​មិន​ឯករាជ្យ និង​មិន​អព្យាក្រឹត»។ វាគ្មិនកិត្តិយស៖ ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អ្នក​នយោបាយ​ជើង​ចាស់ និង​លោក សោ ចាន់ដេត សមាជិក​ព្រឹទ្ធសភា​ជាប់​ឆ្នោត​មក​ពី​គណបក្ស សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​របប​លោក ហ៊ុន សែន រម្លាយ​ចោល។

នៅ​មិន​ដល់​មួយ​ខែ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស នៅ​ថ្ងៃ​ទី២៩ ខែកក្កដា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដំឡើង​តំណែង​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​មក​កាន់​តំណែង​កំពូល​ជា​នាយ​សេនាធិការ​ចម្រុះ​ស្តីទី និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក​ស្តីទី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដែល​ជា​មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​មាន​ការ​បង្ហើប​ព័ត៌មាន​ស្តីពី​ការ​ប៉ុនប៉ង​ដំឡើង​ឋានន្តរស័ក្តិ​លោក ហ៊ុន ម៉ាណែត ដែល​បច្ចុប្បន្ន​ជា​ឧត្តមសេនីយ៍ឯក​ផ្កាយមាស ៣ ឲ្យ​ឡើង​ទៅ​ជា​នាយឧត្តមសេនីយ៍​ផ្កាយ​មាស ៤ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ការ​កាន់កាប់​មុខ​តំណែង និង​ឋានន្តរស័ក្តិ​ទាំង​នេះ សុទ្ធតែ​ជា​មុខ​តំណែង​កំពូល​ជិត​ផុត​លេខ​ក្នុង​ជួរ​យោធា គឺ​នៅ​សល់​តែ​មួយ​កាំ​ទៀត​ប៉ុណ្ណោះ នៅ​ពី​ក្រោម​តំណែង​ជា​នាយករដ្ឋមន្ត្រី ដែល​ជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៥ ផុត​លេខ។

អ្នកវិភាគ​នយោបាយ​ធ្លាប់​ព្រមាន​ថា ការ​ប៉ុនប៉ង​ដំឡើង​ផ្កាយ​កូន​ប្រុស​ច្បង​បង្កើត​លោក ហ៊ុន សែន ក្នុង​ជួរ​កំពូល​យោធា​យ៉ាង​ឆាប់​រហ័ស​បែប​នេះ អាច​ឈាន​ទៅ​រក​ការ​ធ្វើ​រដ្ឋប្រហារ ឬ​បក្ស​ប្រហារ ព្រោះ​លោក ហ៊ុន សែន គិត​ប្រយោជន៍​គ្រួសារ​ខ្លួន ច្រើន​ជាង​គិតគូរ​ពី​គុណសម្បត្តិ​របស់​មន្ត្រី​ជាន់​ខ្ពស់​យោធា​ចាស់​វស្សា​ដទៃ​ទៀត ដែល​ជា​សម​មិត្ត​រួម​អាវុធ​ជាមួយ​លោក។

ការតម្លើងតំណែង​នេះ ស្របពេល​ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែនរ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញ​ផ្សាយ​នូវ​របាយការណ៍​ថ្មី​មួយ ស្ដីពី «​បុគ្គល​នាយ​ឧត្ដមសេនីយ៍​មាន​បាតដៃ​កខ្វក់ ១២​រូប​របស់​កម្ពុជា ដែល​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​យូរអង្វែង និង​គាំទ្រ​បក្ស​កាន់​អំណាច គឺ​គណបក្ស ប្រជាជន​កម្ពុជា។

អង្គការ​នេះ ជំរុញ​ឲ្យ​មាន​ការ​បើក​ការស៊ើប​អង្កេត​ទៅលើ​ក្រុម​បុគ្គល​ដែល​មាន​ឈ្មោះ​ក្នុង​របាយការណ៍​នេះ ដើម្បី​កាត់ទោស​ពួកគេ​តាមច្បាប់​អន្តរជាតិ និង​ជំរុញ​ឲ្យ​មានការ​ធ្វើ​កំណែ​ទម្រង់​ទាំង​ស្រុង​លើ​វិស័យ​សន្តិសុខ​នៅ​កម្ពុជា ដើម្បី​ធានា​ឲ្យ​បាន​នូវ​កងកម្លាំង​សន្តិសុខ​ប្រកបដោយ​វិជ្ជាជីវៈ និង​មាន​ឯករាជ្យ​ដាច់​ស្រឡះ​ពី​ការត្រួតត្រា​របស់​គណបក្ស​កាន់អំណាច ដែល​ពិត​ជា​មាន​សារៈសំខាន់​បំផុត ដើម្បី​បញ្ចប់​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ និង​បង្កើត​បាន​ស្ថាប័ន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។