អាជីវករ​លក់ដូរ​តាម​ដង​ផ្លូវ​ផ្សារ​សិនជូរី ផ្លាហ្សា មិន​ទាន់​ទទួល​បាន​ទីតាំង​លក់​ថ្មី​ដូច​ការ​សន្យា

ដោយ សុ ជីវី
2019-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​តវ៉ារបស់​​ក្រុម​អាជីវករ​លក់ដូរ​តាម​ចិញ្ចើមថ្នល់ និង​ដងផ្លូវ នៅ​ម្ដុំ​ផ្សារ​សិនជូរី ផ្លាហ្សា (Century Plaza) ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ បាន​នាំ​គ្នា​តវ៉ា កាល​ពី​ព្រឹក​ថ្ងៃទី​២៦ វិច្ឆិកា ២០១៩។
សកម្មភាព​តវ៉ារបស់​​ក្រុម​អាជីវករ​លក់ដូរ​តាម​ចិញ្ចើមថ្នល់ និង​ដងផ្លូវ នៅ​ម្ដុំ​ផ្សារ​សិនជូរី ផ្លាហ្សា (Century Plaza) ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ បាន​នាំ​គ្នា​តវ៉ា កាល​ពី​ព្រឹក​ថ្ងៃទី​២៦ វិច្ឆិកា ២០១៩។
Photo Provided

ក្រុម​អាជីវករ​លក់ដូរ​តាម​ដង​ផ្លូវ នៅ​ម្ដុំ​មុខ​ផ្សារ​សិនជូរី ផ្លាហ្សា (Century Plaza) ដែល​តម្រូវ​ឱ្យ​ប្ដូរ​ទីតាំង​លក់​បណ្ដោះអាសន្ន ទៅ​ម្ដុំ​សួន​កុមារ​ពោធិចិនតុង ប្រាប់​ថា ពួក​គាត់​មិន​ទាន់​ទទួល​បាន​កន្លែង​ថ្មី​ទេ ដោយសារ ខ្វះ​តូប និង​ស្ទួន​ឈ្មោះ​គ្នា ក្នុង​ការ​ទទួល​បាន​តូប​ថ្មី​បណ្ដោះអាសន្ន។ អាជ្ញាធរ​ខណ្ឌ ប្រាប់​ថា កំពុង​ដោះស្រាយ​បញ្ហា​នេះ​ហើយ។

អាជីវករ​លក់ដូរ​តាម​ដង​ផ្លូវ មុខ​ផ្សារ សិនជូរី ផ្លាហ្សា ម្នាក់ លោកស្រី ឆិល រ៉េន ឱ្យ​ដឹង​ថា តំណាង​ផ្សារ និង​អាជ្ញាធរ បាន​ចុះទៅ​ចែក​តូប ដូច​ការ​សន្យា​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី២៧ វិច្ឆិកា នៅ​ម្ដុំ​សួរ​កុមារ​ពោធិចិនតុង តែ​ស្ថានភាព​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​ទាំងស្រុង ដោយសារ​ការចែក​តូប​នោះ​ខ្វះ បណ្ដាល​មក​ពី​អ្នក​ជួល​តូប មាន​ចំនួន​ច្រើនជាង​ចំនួន​តូប។ លោកស្រី ឱ្យ​ដឹងថា អាជីវករ​លក់ដូរ​តាម​ដងផ្លូវ នៅ​ម្ដុំ​មុខ​ផ្សារ​សិនជូរី ផ្លាហ្សា ភាគច្រើន គឺជា​អ្នក​ជួល​កន្លែង​ត​ពី​ម្ចាស់​គេ ដែល​ទទួល​បាន​កម្មសិទ្ធិ លើ​ដង​ផ្លូវ​នោះ ម្ល៉ោះហើយ ពេល​ដែល​ប្ដូរ​ឱ្យ​ទៅ​ទីតាំង​ថ្មី តំណាង​ផ្សារ ចែក​តូប​ថ្មី​ឱ្យ​តែ​ម្ចាស់​ទីតាំង​ទេ ចំណែក​អាជីវករ​ជួល​កន្លែង​លក់ ត្រូវ​បន្ត​ជួល​ដដែល​។

លោកស្រី​បន្ត​ថា វិធី​ចែក​តូប គឺ​តំណាង​ផ្សារ ឱ្យ​អាជីវករ​រក្សា​ទម្រង់​ចាស់ ដោយ​យក​ទីតាំង​តូប​ក្បែរៗ​គ្នា​ដូច​មុន តែ​ខ្វះ​តូប​ប្រហែល​២០​តូប ទើប​មិនទាន់​ត្រូវរ៉ូវ​គ្នា​ទាំងស្រុង​។ លោកស្រី ថា អ្នក​ទទួល​បាន​តូប ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​លក់​បាន តែ​អ្នក​មិនទាន់​ទទួល​បាន ត្រូវ​រង់ចាំ​ការ​ដោះស្រាយ​បន្ត៖ «ចាប់​កន្លែង​ចាប់​អ្វី​ហើយ​បង គ្រាន់​ថា អ្នកខ្លះ​បាន អ្នកខ្លះ បាន​អត់​ទាន់​គ្រប់​អ៊ីចឹង​ទៅ​ណា​បង។ ខុស​កន្លែង ខុស​អ្វី អ្នកខ្លះ ឈ្មោះ​មួយ​កន្លែង ចាប់​២​កន្លែង អ្នកខ្លះ​ឈ្មោះ​គេ​មាន ២​កន្លែង ចាប់​២​កន្លែង​អត់​បាន​ហើយ ចាប់​មួយ​កន្លែង​អត់​បាន​ទៀត។ ដណ្ដើម​គ្នា​រញ៉េរញ៉ៃ​ពេញ​ហ្នឹង អត់​ទាន់​សម្រេច​ទេ​បង​។ នៅ​ប្រជុំ​ថ្ងៃស្អែក​ទៀត​ណា បន្ត​ទៀត​បង ព្រោះថា មិនទាន់​ច្បាស់លាស់​គ្រប់គ្នា ម្នាក់ៗ​អត់​ទាន់​យល់ស្រប​គ្រប់គ្នា​។ គាត់​ថា អ្នកណា​លក់​ជិត​អ្នកណា​គេ ឱ្យ​ឈរ​តាម​លេខ​រៀង ដល់ពេល​ឈរៗ​អ៊ីចឹង​ទៅ វា​មាន​ខុស​កន្លែង​បួន ដប់​កន្លែង​អ៊ីចឹង​ទៅ។ មិន​ឈរ​តាម​លេខ​រៀង ចេះតែ​ឈរ​ផ្ដេសផ្ដាស​អ៊ីចឹង​ណា​បង​។ អ្នក​ចែក​កន្លែង​ហ្នឹង គាត់​អត់​ដឹង​ថា អ្នកណា​លក់​ជិត​អ្នកណា អ្នកណា​ទេ ឱ្យ​តែ​គាត់​ឈរ​ចំ​កន្លែង​គឺ គាត់​ឱ្យ​អ្នក​ហ្នឹង​អ៊ីចឹង​។ អ្នក​ដែល​អត់​កន្លែង បួន ដប់ ម្ភៃ​នាក់​ដែរ មិន​តិច​ទេ»

ក្រុម​អាជីវករ ជាង​២​រយ (២០០)​នាក់ លក់ដូរ​តាម​ដង​ផ្លូវ​ម្ដុំ​មុខ​ផ្សារ​សិនជូរី ផ្លាហ្សា ដល់​ម្ដុំ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែង ត្រូវ​បាន​អាជ្ញាធរ​តម្រូវ​ឱ្យ​ប្ដូរ​ទីតាំង​ទៅ​លក់​នៅ​ម្ដុំ​សួន​កុមារ​ពោធិចិនតុង​វិញ ដើម្បី​រៀបចំ​បុក​គ្រឹះ​អភិវឌ្ឍ​ជា​ផ្សារ​ទំនើប សិនជូរី ផ្លាហ្សា។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ចុះទៅ​ធ្វើ​ពិធី​កាត់​ខ្សែបូ​បើក​ការដ្ឋាន​សម្ពោធ​ផ្សារ​ទំនើប នៅ​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា។ អាជីវករ អះអាង​ថា អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ​នៅ​ម្ដុំ​ផ្សារ​សិនជូរី ផ្លាហ្សា មាន​គ្នា​ប្រមាណ​ជាង ៧​រយ​តូប ប៉ុន្តែ​មានការ​តម្រូវ​ឱ្យ​ប្ដូរ​ទីតាំង​លក់​បណ្ដោះអាសន្ន តែ​ជាង ២​រយ (២១៨) តូប ខាងមុខ​ផ្សារ​ទេ រីឯ​អ្នកលក់​នៅ​ជុំវិញ​ផ្សារ អាជ្ញាធរ​អនុញ្ញាត​ឱ្យ​នៅ​លក់​បន្ត។

ជុំវិញ​ការចែក​តូប មិនទាន់​ត្រូវរ៉ូវ​គ្នា​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អនុប្រធាន​គណៈកម្មការ​ផ្សារ​សិនជូរី ផ្លាហ្សា លោក វ៉ែន វណ្ណា បាន​ទេ នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ដោយសារ​លោក​មិន​ទទួល​ទូរស័ព្ទ។ ប៉ុន្តែ អភិបាលខណ្ឌ​ពោធិសែនជ័យ លោក ហែម ដារិទ្ធិ ប្រាប់​អាស៊ីសេរី​ថា ទោះជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ផ្សារ​សិនជូរី ផ្លាហ្សា ក៏ដោយ ក៏​នៅតែ​ស្ថិតក្រោម​ការ​សម្របសម្រួល និង​ពិនិត្យ​របស់​អាជ្ញាធរ​ដែរ។ លោក​ថា អាជ្ញាធរ​ខណ្ឌ បាន​ចូលរួម​ក្នុង​ការចែក​តូប នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា ហើយ​ស្ថានភាព​មិន​ត្រូវរ៉ូវ​គ្នា ដោយ​ត្រូវ​ដោះស្រាយ ជា​បន្តបន្ទាប់។អភិបាល​ខណ្ឌ​រូប​នេះ ថា​លោក​នឹង​ដោះស្រាយ​ជូន​អាជីវករ មិន​ឱ្យ​មាន​ភាព​លំបាក​ទេ៖ «ប៉ុន្តែ​គ្រាន់​ថា យើង​ដំបូង​បន្តិច​អ៊ីចឹង​ទៅ វា​រាង​ពិបាក​។ ធម្មតា​យើង​ដឹង​ហើយ ដូច​កៀងគោ​ចូល​ក្រោល​អ៊ីចឹង វា​រាង​ពិបាក​ហើយ​ដំបូង ប៉ិន​ដល់ពេល​បន្ទាប់​ទៅ​វា​នឹង​ស្រួល​វិញ ដោយសារ​បច្ចុប្បន្ន​នេះ យើង​យក​ទៅ​អ្នក​ខ្លះ ត​ទឹក​ត​ភ្លើង អ៊ីចឹង​ជាង​វា​មាន​តិច វា​មិន​អាច ទៅ​ត​បាន​១​រយ ២​រយ ៥​រយ​តូប​ហ្នឹង​ភ្លាមៗ​ទេ វា​នៅ រខេករខាក​ខ្លះ​។ ប៉ុន្តែ​អាជ្ញាធរ យើង​ខិតខំ​សម្របសម្រួល​ឱ្យ​បាន​ស្រួល កុំ​ឱ្យ​បងប្អូន គាត់​លំបាក​ណា​។ ការងារ​ហ្នឹង មិនមែន​ថា ក្រុមហ៊ុន​សិនជូរី គ្រុប គាត់​ទទួល​បាន​សិទ្ធិ​ម៉ៅការ គាត់​លេង​មួយ​អស់ដៃ​បាន​ទេ គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​យើង​ដដែល​ទេ»

ទីតាំង​ផ្សារ​សិនជូរី ផ្លាហ្សា ត្រូវ​បាន​អាជ្ញាធរ​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ជា​ផ្សារ​ទំនើប កម្ពស់​៥​ជាន់ ប៉ុន្តែ មិន​ទាន់​មាន​ការ​បង្ហាញ​គម្រោង​វិនិយោគ​នោះ​ជា​សាធារណៈ​ឡើយ​។ ក្រុម​អាជីវករ លក់ដូរ​តាម​ដង​ផ្លូវ​ប្រាប់​ថា ពួកគេ​មិន​ទទួល​បាន​ព័ត៌មាន​ផ្លូវការ​ពី​អាជ្ញាធរ និង​គណៈកម្មការ​ផ្សារ​នៅឡើយ​ទេ តែ​លេច​លឺ​ថា គម្រោង​វិនិយោគ​ជា​ផ្សារ​ទំនើប​នេះ ជា​របស់​ក្រុមហ៊ុន​ចិន​។

ផ្សារ​សិនជូរី ផ្លាហ្សា ចែក​ជា​៣​ផ្នែក គឺ​ផ្នែក​ផ្សារ​របស់​រដ្ឋ ផ្នែក​ផ្សារ​ឯកជន និង​ផ្នែក​លក់ដូរ​តាម​ដង​ផ្លូវ​។ ក្នុង​កិច្ចប្រជុំ ជាមួយ​អភិបាលរង​រាជធានី​ភ្នំពេញ លោក នួន ផារ័ត្ន កាល​ពី​ខែ​សីហា ក្រុម​អាជីវករ​ទាំង​៣​ផ្នែក បង្ហាញ​ការ​ក្ដី​បារម្ភ និង​មិន​ពេញចិត្ត ចំពោះ​គម្រោង​សាងសង់​ទៅជា​ផ្សារ​ទំនើប​នោះ​ទេ ដោយសារ ខ្លាច​រង​ការ​បណ្ដេញ​ចេញ និង​ប៉ះពាល់​ដល់​មុខរបរ​របស់​ពួកគាត់៕

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល