សារ​រំលែក​ទុក្ខ

ដោយ វិទ្យុ អាស៊ីសេរី
2016.07.10
Share on WhatsApp
Share on WhatsApp
កែម ឡី ៨៥៥ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៦។
RFA

យើង​ខ្ញុំ​ទាំង​អស់​ដែល​ជា​អ្នក​បម្រើ​ការងារ​នៅ​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី មាន​ការ​តក់ស្លុត និង​សោកស្ដាយ​ជា​ពន់ពេក​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

លោក កែម ឡី គឺ​ជា​ធនធាន​របស់​ជាតិ​ខ្មែរ​ដ៏​កម្រ​មួយ​រូប។ រាល់​ពេល​ដែល​លោក​មក​ចូលរួម​ក្នុង​កម្មវិធី​របស់​វិទ្យុ​អាស៊ីសេរី ម្ដងៗ លោក​តែង​មាន​ប្រសាសន៍​ពិត ត្រង់ និង​ចំ​ចំណុច​តែម្ដង ដើម្បី​ផ្ដល់​ជា​មូលដ្ឋាន​ក្នុង​ការ​ត្រិះរិះ​ពិចារណា​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ។

លោក​មិន​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ទេ ថ្វី​ត្បិត​តែ​លោក​ដឹង​ថា លោក​អាច​ជួប​គ្រោះភ័យ​សម្រាប់​ខ្លួន​ឯង​នៅ​ថ្ងៃ​ណា​មួយ​ក៏ដោយ។

វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី សូម​អរគុណ​លោក​បណ្ឌិត កែម ឡី ម្តង​ទៀត​ចំពោះ​ការ​ផ្ដល់​វិភាគទាន​ជា​គំនិត និង​ស្មារតី និង​ជា​ពិសេស​ចំពោះ​វីរភាព​ដ៏​ក្លាហាន​របស់​លោក។

ពី​ថ្ងៃ​នេះ​ត​ទៅ យើង​លែង​បាន​ឮ​សំឡេង​របស់​លោក​ផ្ទាល់​ទៀត​ហើយ។
យើង​ខ្ញុំ​សូម​ចូល​រួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ភរិយា និង​កូនៗ​របស់​លោក​បណ្ឌិត កែម ឡី និង​ជាមួយ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​គោរព និង​ស្រឡាញ់​រាប់អាន​លោក​បណ្ឌិត កែម ឡី។

សូម​វិញ្ញាណក្ខន្ធ​របស់​លោក​បាន​ទៅ​ដល់​សុគតិភព​កុំបីឃ្លៀងឃ្លាត!

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។