គ្រួសារ​ចាត់​ទុក​ការ​ឃាត់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្តបាត់ដំបង​ថា ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ

ដោយ ច័ន្ទ ដារ៉ូ
2024.05.14
គ្រួសារ​ចាត់​ទុក​ការ​ឃាត់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្តបាត់ដំបង​ថា ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ លោក ភូ សុវណ្ណថា ​កាល​លោក​នៅ​ជា​ប្រធាន​ប្រតិបត្តិ​បក្ស​ភ្លើង​ទៀន ថ្លែង​សារ​ក្នុង​កម្មវិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាជាប់ឆ្នោត និងរចនាសម្ព័ន្ធគណបក្ស ភ្លើងទៀន នៅ​ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី២៧ ខែសីហា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន និង​លោក កន សាវាង្ស

គ្រួសារ និង​មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា លោក ភូ សុវណ្ណថា ជា​មនុស្ស​ស្អាតស្អំ ហើយ​ចាត់​ទុក​ចំណាត់​ការ​របស់​តុលាការ​ខេត្តបាត់ដំបង​ថា ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ និង​បំបិទ​មាត់​ពលរដ្ឋ​នៅ​មុន​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។ មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​តុលាការ​ដោះ​លែង​សមាជិក​បក្ស​ជំទាស់​រូប​នេះ ដើម្បី​បើក​លំហ​សេរីភាព​របស់​ពលរដ្ឋ​ឡើង​វិញ។

គ្រួសារ និង​គណបក្ស​ប្រឆាំង​ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង លោក ភូ សុវណ្ណាថា មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ តែ​ករណី​នេះ ជា​រឿង​នយោបាយ ដោយសារ​គាត់​មិន​ព្រម​ធ្វើ​តាម​ការ​អូសទាញ​ពី​សំណាក់​អាជ្ញាធរ ឱ្យ​ចូលរួម​ជាមួយ​បក្ស​កាន់​អំណាច។ ពួក​គេ​ទាមទារ​តុលាការ​ឱ្យ​ដោះ​លែង​លោក​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ប្រពន្ធ​របស់​លោក ភូ សុវណ្ណថា គឺ​លោកស្រី ជា ផាន់ដាវ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៤ ខែឧសភា​ថា មក​ដល់​ពេល​នេះ មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឱ្យ​លោកស្រី​ចូល​ជួប​ប្តី នៅ​ក្នុង​ពន្ធនាគារ​ខេត្តបាត់ដំបង​នៅ​ឡើយ​បណ្ដាល​ឱ្យ​លោកស្រី​ព្រួយ​បារម្ភ​អំពី​សុខ​ទុក្ខ ជាពិសេស សុវត្ថិភាព​ប្ដី​ជា​ខ្លាំង។ លោកស្រី​ឱ្យ​ដឹង​ថា ពីរ​ថ្ងៃ​មុន​ពេល​ឃាត់​ខ្លួន មាន​គេ​ទូរស័ព្ទ​ហៅ​ប្ដី​លោកស្រី​ទៅ​ជួប​ចរចា ដើម្បី​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច តែ​ប្ដី​លោកស្រី​បាន​បដិសេធ​ដោយ​សុខ​ចិត្ត​ចូល​ទៅ​បំភ្លឺ​តាម​ដីកា​កោះហៅ​របស់​តុលាការ។ លោកស្រី​អះអាង​ថា ប្ដី​លោកស្រី​ជា​មនុស្ស​ស្អាតស្អំ មាន​ក្រម​សីលធម៌​ក្នុង​ការ​បញ្ចេញ​មតិ ទាំង​ការ​រស់នៅ​គ្រួសារ និង​ក្នុង​រឿង​បញ្ហា​នយោបាយ។ ដូច្នេះ លោកស្រី​ចាត់​ទុក​ការ​ចាប់​ខ្លួន​ប្ដី​នៅ​ពេល​នេះ​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​ប្ដី​លោកស្រី ដែល​ជា​អ្នក​នយោបាយ ដោយ​មិន​បាន​ប្រព្រឹត្ត​ទោស​កំហុស​នោះ​ទេ។

សមត្ថកិច្ច​ឃាត់​ខ្លួន​អតីត​ប្រធាន​ប្រតិបត្តិ​បក្ស​ភ្លើង​ទៀន និង​ជា​បេក្ខជន​ក្រុម​ប្រឹក្សា​ខេត្ត​លេខ​រៀង​ទី១ របស់​បក្ស​ឆន្ទៈ​ខ្មែរ គឺ​លោក ភូ សុវណ្ណថា កាល​ពី​ថ្ងៃ​ទី១៣ ខែឧសភា បន្ទាប់​ពី​លោក​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្តបាត់ដំបង​ពី​បទ «បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តប​តាម​បណ្ដឹង​លោក ឌឹម សារឿន ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​នេះ​ជា​បណ្ដោះអាសន្ន។

តុលាការ​ខេត្តបាត់ដំបង​អះអាង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ការ​ឃាត់​ខ្លួន​មន្ត្រី​បក្ស​ជំទាស់​រូប​នេះ គឺ​អនុវត្ត​តាម​ច្បាប់ និង​ផ្អែក​តាម​ភស្តុតាង​ត្រឹមត្រូវ ដោយ​សំអាង​ថា លោក ភូ សុវណ្ណថា បាន​យក​រូបថត​លោក ឌឹម សារឿន ទៅ​បង្ហោះ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​សរសេរ​សារ​ក្នុង​ចេតនា​ញុះញង់​ឱ្យ​មាន​រើសអើង ស្អប់ខ្ពើម គុំកួន​ដល់​ដើម​បណ្ដឹង។

ផ្ទុយ​ពី​ការ​អះអាង​របស់​តុលាការ​នេះ មន្ត្រី និង​សកម្មជន​ប្រឆាំង​ចាត់​ទុក​ការ​លើក​ឡើង​របស់​តុលាការ​ថា មិន​ត្រឹមត្រូវ និង​សម្រេច​ក្រោម​រូបភាព​ហេតុផល​នយោបាយ។ ពួក​គេ​បញ្ជាក់​ថា ដើម​ហេតុ​ពិត​ពាក់ព័ន្ធ​រឿង​នេះ គឺ​ផ្ដើម​ចេញ​ពី​លោក ឌឹម សារឿន បាន​ចាក​ចេញ​ពី​គណបក្ស​ភ្លើង​ទៀន​ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ដោយ​និយាយ​ជេរ​ប្រមាថ វាយប្រហារ​លើ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ខេត្តបាត់ដំបង រួម​ទាំង​លោក ភូ សុវណ្ណថា នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​សារ​នោះ​ដែរ។ ពួក​គេ​ថា ប្រសិនបើ​តុលាការ​ពិត​ជា​កាត់​ក្ដី​ដោយ​យុត្តិធម៌ ត្រូវ​ចាត់​វិធានការ ទៅ​លើ​មន្ត្រី​បក្ស​កាន់​អំណាច​រូប​នេះ​ដែរ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្តបាត់ដំបង​លោក ភី កុសល ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៤ ខែឧសភា។

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី កត់​សម្គាល់​ថា ដើម​បណ្ដឹង​ជា​អតីត​សមាជិក​បក្ស​ប្រឆាំង ដែល​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច បន្ទាប់​មក​ភាគី​ទាំង​ពីរ​បង្ហោះ​សារ​ប៉ះ​ពារ​ពាក្យ​សម្ដី​គ្នា នៅ​លើ​បណ្ដាញ​សង្គម។ លោក​បញ្ជាក់​ថា ករណី​នេះ គឺ​ជា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​អ្នក​នយោបាយ​ក្នុង​ការ​ឆ្លើយឆ្លង​គ្នា ដូច្នេះ តុលាការ​មិន​គួរ​យក​សំណុំរឿង​នេះ មក​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​លោក ភូ សុវណ្ណថា បែប​នេះ​ទេ ស្រប​ពេល​ដែល​ភាគី​ម្ខាង​ទៀត មិន​ត្រូវ​បាន​តុលាការ​យក​មក​អនុវត្ត​ច្បាប់​ដែរ​នោះ។ ប៉ុន្តែ​យ៉ាង​ណា​ក្ដី ក៏​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​មើល​ឃើញ​ថា ការ​ចាប់​ខ្លួន​មន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​មក​នេះ ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​ប្រតិកម្ម ហើយ​ចាត់​ទុក​រឿង​នេះ​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ ជាង​ការ​អនុវត្ត​ច្បាប់។

ទន្ទឹម​នឹង​នេះ ករណី​ចាប់​ខ្លួន​លោក ភូ សុវណ្ណថា នេះ​ដែរ អាជ្ញាធរ​ខេត្តសៀមរាប​វិញ បាន​ចាប់​សកម្មជន​បក្ស​កម្លាំង​ជាតិ​ម្នាក់​ទៀត នៅ​ស្រុកប្រាសាទ​បាកង នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែឧសភា។

បច្ចុប្បន្ន ការ​ចាប់​ខ្លួន​អ្នក​នយោបាយ អ្នក​ការពារ​សិទ្ធិមនុស្ស មេ​សហជីព និង​អ្នក​បញ្ចេញ​មតិ​រិះគន់ បាន​កើន​ឡើង​ដល់​ចំនួន​ជាង ៦០នាក់​ហើយ។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​នោះ ចំនួន ៣០នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​គុក ក្រោម​អំណាច​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត រយៈ​ពេល​ជិត ១០ខែ​មក​នេះ។ ក្រៅពី​នេះ ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ទៀត បាន​ទទួល​នូវ​ការ​គំរាម​កំហែង បំភិតបំភ័យ និង​រត់​គេច​ខ្លួន ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ការ​ចាប់​ខ្លួន​ទាំង​នេះ ក្នុង​ទិសដៅ​បង្ក្រាប​សំឡេង​ប្រជាពលរដ្ឋ និង​សំឡេង​បក្ស​ប្រឆាំង​នៅ​មុន​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​អាទិត្យ ទី២៦ ខែឧសភា​នេះ។ ពួក​គេ​ទាមទារ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​ងាក​មក​គិតគូរ​អំពី​ផល​ប្រយោជន៍​ជាតិ ដោយ​បញ្ឈប់​ការ​យក​ប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់​លើ​សំឡេង​ប្រឆាំង ហើយ​ដោះលែង​សកម្មជន និង​អ្នក​នយោបាយ​ប្រឆាំង​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។