បេសកកម្ម​និង​សកម្មភាព​របស់​វិទ្យុ​អាស៊ីសេរី​ភាសា​ខ្មែរ

ថ្ងៃ​ទី​២៩ កញ្ញា ឆ្នាំ​២០០៩ គឺ​ជា​ខួប​ទី​១២ របស់​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ ហើយ​ក្នុង​ឱកាស​នេះ លោក សាន សុវិទ្យ សូម​ជូន​សេចក្តី​រាយការណ៍​អំពី​បេសកកម្ម​និង​សកម្មភាព​របស់​វិទ្យុ ដើម្បី​សេរីភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ។
ដោយ សាន សុវិទ្យ
2009.09.29
ភាពក្រីក្រ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្ភាស​គ្រួសារ​ក្រីក្រ​មួយ​នៅ​ក្នុង​ខែត្រ​តាកែវ។
RFA File Photo

យោង​តាម​និយមន័យ​របស់​ខ្លួន វិទ្យុ​អាស៊ី​សេរី គឺ​ជា​សាជីវកម្ម​ឯកជន​មិន​រក​ប្រាក់​កម្រៃ ដែល​ផ្សព្វ​ផ្សាយ​ដំណឹង និង​ព័ត៌មាន​ជា​ភាសា​ជន​ជាតិ​ដើម​ក្នុង​តំបន់​អាស៊ី​ខាង​កើត ចំនួន​ ៩​ភាសា ដូច​ជា​ភាសា​ខ្មែរ ចិន យៀកណាម លាវ ។ល។ ដល់​អ្នក​ស្ដាប់​ដែល​មិន​មាន​លទ្ធភាព​ទទួល​បាន​ការ​ផ្សាយ​ដំណឹង​យ៉ាង​ពេញ​លេញ​ឥត​លម្អៀង ទាន់​ពេល​វេលា​និង​ដោយ​ឥត​គិត​ថ្លៃ។​ ដោយ​ពិត​ទៅ​វិទ្យុ​អាស៊ី​សេរី​បាន​ចាប់​ផ្តើម​ផ្សាយ​លើក​ដំបូង​ពី​ទីក្រុង​វ៉ាស៊ីនតោន ជា​ភាសា​ចិន​កុកងឺ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៩៦ គឺ​១​ឆ្នាំ​មុន​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ​ចាប់​កំណើត។

តើ​ក្នុង​រយៈពេល​១២​ឆ្នាំ​មក​នេះ វិទ្យុ​អាស៊ីសេរី​ផ្នែក​ភាសា​ខ្មែរ បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ណា​ខ្លះ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ទាំង​នៅ​ក្នុង​ស្រុក ទាំង​នៅ​បរទេស?

លោក គិម អូន មន្ត្រី​នៃ​អង្គការ​កម្មវិធី​ស្បៀង​ពិភពលោក ប្រចាំ​នៅ​ខេត្ត​សៀមរាប មាន​ប្រសាសន៍​ថា ៖ «វា​ទាន់​ចិត្ត ហើយ​វា​ច្រើន​និយាយ​ការ​ពិត ដែល​គេ​គាំទ្រ​ហ្នឹង»

ចំពោះ​លោក ខៀវ បូរិន្ទ ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ការ​ចិញ្ចឹម​សត្វ​និង​កសិកម្ម លោក​កត់​សម្គាល់​ថា ៖ «គិត​ថា​ព័ត៌មាន​វា​ឯករាជ្យ ហើយ​ផ្ដល់​ព័ត៌មាន​ទាន់​ពេល​វេលា​ច្បាស់ៗ»

លោក ចៀប គិមហ៊ាង អគ្គលេខាធិការ​សមាគម​អ្នក​និពន្ធ​ខ្មែរ នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ថា បើ​ប្រៀប​ទៅ​នឹង​បណ្តាញ​វិទ្យុ​ក្នុង​ស្រុក វិទ្យុ​អាស៊ី​សេរី មាន​សេរីភាព​ខាង​ការ​និយាយ​ស្តី​ច្រើន​ជាង ៖ «ខ្មែរ​យើង​ខ្វះ​ការ​ពិត វិទ្យុ​ក្នុង​ស្រុក​អាច​មិន​ហ៊ាន​និយាយ​នូវ​អ្វី​ដែល​ប៉ះពាល់​ដល់​សង្គម ឬ​ប៉ះពាល់​ដល់​អ្នក​កាន់​អំណាច។ ខ្ញុំ​ឃើញ​វិទ្យុ​អាស៊ី​សេរី មាន​សេរីភាព​ច្រើន​ជាង ព្រោះ​យើង​មាន​ទំនៀម​ទម្លាប់ យើង​ស្គាល់​របៀប​រស់​នៅ​ស្រុក​គេ យើង​និយាយ​ដូច​ជា​ភាសា​របស់​យើង ភាសា​របស់​គេ»

ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្សាយ​១២​ឆ្នាំ​មក​នេះ វិទ្យុ​អាស៊ីសេរី​ផ្នែក​ភាសា​ខ្មែរ បាន​ពង្រឹង​​ពង្រីក ព្រម​ទាំង​ដុស​ខាត់​បច្ចេកទេស និង​កម្មវិធី​ផ្សាយ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់ ដោយ​បាន​ទទួល​យក​គំនិត សេចក្តី​ណែ​នាំ និង​សំណើ​ពី​អ្នក​ស្តាប់ តាម​ការ​ផ្តល់​មតិ​ដោយ​អ៊ីមែល និង​សំបុត្រ និង​តាម​រយៈ​ទូរស័ព្ទ មិន​សូវ​ខកខាន​ឡើយ។

ក្រៅ​ពី​ជូន​ព័ត៌មាន​ពិត​និង​ទាន់​ពេល​វេលា​ដល់​អ្នក​ស្តាប់​របស់​ខ្លួន ទាំង​ក្នុង​ប្រទេស ទាំង​នៅ​ប្រទេស​នានា ដែល​មាន​អាណិកជន​កម្ពុជា រស់​នៅ​គ្រប់​ទ្វីប​គ្រប់​តំបន់ ហើយ​វិទ្យុ​អាស៊ី​សេរី ក៏​មាន​តួនាទី​ជា​អ្នក​ស្វះស្វែង តាម​ជជីក​រក​បញ្ហា​សង្គម​មក​លាត​ត្រដាង​ក្នុង​នាទី​ប្រចាំ​ថ្ងៃ និង​ប្រចាំ​សប្តាហ៍​របស់​ខ្លួន ដូច​ជា​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​មន្ត្រី​រដ្ឋាភិបាល នាទី​អ្នក​ស្តាប់​ប្រចាំ​សប្តាហ៍ ដែល​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ទទួល​ខុស​ត្រូវ និង​ប្រជាពលរដ្ឋ​ជា​ទូទៅ សេចក្តី​រាយការណ៍​អំពី​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង ដើម្បី​យក​ដី​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​នៅ​បឹងកក់ ឬ​នៅ​ភូមិ​សម្បុក​ចាប ក្រុង​ភ្នំពេញ ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ​តោក​យ៉ាក និង​ជីវភាព​យ៉ាប់យ៉ឺន​របស់​អ្នក​ស្រុក អ្នក​ភូមិ​ខ្លះ​និង​ជន​ដែល​ត្រូវ​ការ​ជំនួយ​សង្គ្រោះ ក្នុង​នោះ​រួម​មាន​កុមារី​ដែល​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ពេស្យាកម្ម​លក់​ខ្លួន​ ឬ​យុវនារី ជីតា ដែល​ឪពុក​ម្តាយ​កើត​ជំងឺ​អេដស៍​នោះ​ជាដើម។

កញ្ញា ជីតា បាន​ថ្លែង​តាម​រយៈ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​ដូច្នេះ ៖ «គេ​ថា​កូន​នេះ​ម៉ែ​ឈឺ​កើត​អេដស៍ ហើយ​ថា​ម៉ែ​វា​បន្តិច​ទៀត​ងាប់​ហើយ ហើយ​គេ​ជេរ​ទៀត​ថា មី​កូន​ម៉ែ​កើត​អេដស៍ គេ​និយាយ​អ៊ីចឹង​កាល​ពី​ខ្ញុំ​រៀន​ថ្នាក់​ទី​៥ ទី​៦...»

មិត្ត​អ្នក​ស្តាប់​ម្នាក់​ឈ្មោះ គ្រីយ៉ា អ្នក​ភូមិ​ជ័យសេនា ក្នុង​ខេត្ត​កំពត ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​នឹង​ក្រុម​ទាហាន បាន​ថ្លែង​អំណរ​គុណ​ចំពោះ​វិទ្យុ ដោយ​បញ្ជាក់​ថា បើ​គ្មាន​ការ​ផ្សាយ​ពី​វិទ្យុ​អាស៊ី​សេរី ឲ្យ​គេ​បាន​ដឹង​បាន​ឮ​អំពី​រឿង​ជម្លោះ​ដី​រវាង​ទាហាន និង​ប្រជាជន​នៅ​ទី​នោះ​ទេ ក៏​នឹង​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​​ដោះ​ស្រាយ​បញ្ហា​នេះ​ជា​បណ្តើរៗ​នោះ​ឡើយ ៖ «អាស៊ី​សេរី​ផ្ដល់​ព័ត៌មាន​ដល់​គ្រប់​ស្ថាប័ន ដោយ​មាន​ការ​ពាក់ព័ន្ធ​ប្រជាពលរដ្ឋ​យើង​អ្នក​ក្រីក្រ ផ្ដល់​ឲ្យ​ដឹង​ដំណឹង​ថា​អ្វី​ដែល​ធ្វើ​ល្អ ហើយ​អ្វី​ដែល​ថា​មិន​ល្អ ជា​អំពើ​មួយ​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​បទ​ល្មើស ពួក​អ្នក​មាន​អំណាច​សង្កត់​សង្កិន​មក​លើ​អ្នក​ក្រីក្រ អ្នក​ស្លូត​ត្រង់ វា​ជា​លក្ខណៈ​មួយ​ល្អ​ណាស់។ ឧទាហរណ៍​ដូច​ជា​នៅ​ចំណុច​អន្លង់​ក្រោម ដែល​ពី​មុន​មក​មិន​ទាន់​បាន​ដឹង​ខាង​អាស៊ី​សេរី ដល់​ពេល​មាន​រឿង​កើត​ឡើង ដី​ចំណុច​អន្លង់​ក្រោម...»

ទោះ​ជា​​យ៉ាង​នេះ​ក៏​ដោយ សេចក្តី​រាយការណ៍​របស់​វិទ្យុ​អាស៊ី​សេរី បាន​ត្រូវ​អ្នក​ស្តាប់​ខ្លះ​កត់​សម្គាល់​ថា​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​​ខ្លះៗ​ដែរ។

លោក ថន ចំរើន អ្នក​គ្រប់គ្រង​ការ​នាំ​ចូល​សារធាតុ​គីមី​នៃ​ក្រុមហ៊ុន​លៀង ហេងស្រេង ក្រុង​ភ្នំពេញ ស្នើ​ឲ្យ​មាន​ការ​ផ្សាយ​ព័ត៌មាន​ផ្សេងៗ​គ្នា​ក្នុង​កម្មវិធី​ផ្សាយ​ទាំង​២​ពេល​របស់​វិទ្យុ​អាស៊ី​សេរី ៖ «អាស៊ី​សេរី​ផ្សាយ​ពីរ​ដង ពេល​យប់​និង​ពេល​ព្រឹក ប៉ុន្តែ​ព័ត៌មាន​ពីរ​ហ្នឹង​វា​ជាន់​គ្នា។ ឧបមា​ថា​ខ្ញុំ​ស្ដាប់​ពេល​ល្ងាច​និង​ពេល​ព្រឹក​វា​ដូច​គ្នា អាច​ខុស​បន្តិច​បន្តួច។ យើង​ចង់​បាន​ព័ត៌មាន​ផ្សេង​គ្នា ពេល​ព្រឹក​និង​ពេល​យប់»

លោក Sydney Liang (ស៊ីដនី លាង) នៃ​មជ្ឈមណ្ឌល​សុខភាព​សហគមន៍​ឡូវែល រដ្ឋ​ម៉ាសាឈូសេត ស្នើ​ឲ្យ​វិទ្យុ​អាស៊ី​សេរី ចុះ​ផ្សាយ​អំពី​ឧទាហរណ៍​នៃ​ការ​ធ្វើ​មុខ​របរ​ខ្នាត​តូច​និង​មធ្យម​ដែល​បាន​ទទួល​ជោគជ័យ​ឲ្យ​បាន​ច្រើន។

លោក ស៊ីដនី លាង សំណូមពរ​ដូច្នេះ ៖ «ព័ត៌មាន​ហ្នឹង​វា overlap ច្រើន យើង​អត់​មាន​ទាក់​ទង profile ឬ success story ឬ​មួយ​ក៏​រឿង​នៅ​តាម​ខេត្ត អ៊ីចឹង​ខ្ញុំ​ជឿ​ថា​បើ​យើង​ផ្សាយ​ប្រាប់​គេ​ឲ្យ​ដឹង​ថា នេះ​ជា​រឿង​មួយ​ដែល​យើង​យក​ទាក់ទង ដូច​ថា​បើក​ជំនួញ​មួយ​នៅ​ស្រុក​ខ្មែរ ដើម្បី​ឲ្យ​ជោគជ័យ​ត្រូវ​ធ្វើ​ម៉េច ហើយ​យក​ឧទាហរណ៍ ហើយ​យើង​យក​រឿង​ហ្នឹង​រយៈ​ពេល ២​ថ្ងៃ ឬ​មួយ​ក៏​៣​ថ្ងៃ​ជាប់​គ្នា»

ចំពោះ​សំំណួរ​ពី​មិត្ត​អ្នក​ស្តាប់ ដែល​ថា​តើ​វិទ្យុ​នេះ​នឹង​ត្រូវ​បិទ​ទ្វារ​ទៅ​វិញ​ទេ ព្រោះ​ថា​បើ​យោង​តាម​​ក្រម​នៃ​បទ​បញ្ជា​សហព័ន្ធ លេខ​៦២០៨ ស្តីពី​ការ​បង្កើត​វិទ្យុ​អាស៊ី​សេរី វិទ្យុ​នេះ​ត្រូវ​ដាក់​កំហិត​ថ្ងៃ​អស្តង្គត គឺ​ត្រូវ​បិទ​ទ្វារ​នៅ​ថ្ងៃ​ទី​៣០ កញ្ញា ឆ្នាំ​២០០៩ នេះ។

សូម​ជម្រាប​ថា ដោយសារ​តែ​មាន​ការ​ចាប់​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ពី​មិត្ត​អ្នក​ស្តាប់​ខ្ពស់ មិន​ថា​តាម​រយៈ​វិទ្យុ​ផ្សាយ​សំឡេង​លើ​រលក​ធាតុ​អាកាស ឬ​តាម​រយៈ​ប្រព័ន្ធ​អ៊ិនថឹណិត​នោះ ទើប​គណៈកម្មការ​គ្រប់គ្រង​ការ​ផ្សាយ​សំឡេង​វិទ្យុ ទូរទស្សន៍​សហរដ្ឋ​អាមេរិក បាន​សម្រេច​បន្ត​សកម្មភាព​វិទ្យុ​នេះ ដោយ​នឹង​ធ្វើ​ការ​ពិនិត្យ​ថា​គួរ​តែ​មាន​ទៀត ឬ​ត្រូវ​បិទ​មួយ​ឆ្នាំ​ម្តងៗ។

សម្រាប់​លោក ស៊ីដនី ខ្មែរ​អាមេរិកាំង​នៃ​ក្រុង​ឡូវែល លោក​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ជឿ​ថា​ត្រូវ​តែ​មាន​ទៀត ព្រោះ​យើង​ឃើញ​ថា​បង​ប្អូន​ខ្មែរ​យើង​គាត់​ស្ដាប់​ច្រើន​ណាស់​នៅ​ទីក្រុង​ឡូ ក៏​ដូច​នៅ​កន្លែង​ផ្សេង។ វា​សំខាន់​ណាស់ ខ្ញុំ​ជឿ​ថា​ត្រូវ​តែ​មាន​ទៀត»

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។