សកម្មជន៖ ច្បាប់​ស្ដី​ពី​សមាគម មាន​លក្ខណៈ​ផ្ទុយ​រដ្ឋធម្មនុញ្ញ

ក្រុម​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​អភិវឌ្ឍន៍​សង្គមកិច្ច នីតិរដ្ឋ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​បាន​ព្រមាន​ថា​ការ​រួម​ចំណែក​របស់​ពលរដ្ឋ​ក្នុង​ការ​កសាង​សហគមន៍ ខាង​ផ្នែក​សេដ្ឋកិច្ច វប្បធម៌ អក្សរសាស្រ្ត កីឡា រហូត​ដល់​កិច្ចការ​អន្តរជាតិ​របស់​កម្ពុជា​នឹង​អាច​បាត់បង់​ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​បង្កើត​ច្បាប់​ដើម្បី​គ្រប់គ្រង​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​របស់​ខ្លួន។
ដោយ តាំង សារ៉ាដា
2011-05-02
Share

ក្រុម​សកម្មជន​ឃ្លាំមើល​ដំណើរ​ការ​សង្គមកិច្ច សេដ្ឋកិច្ច និង​នយោបាយ​នៅ​កម្ពុជា បាន​បក​ស្រាយ​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស។

ក្រុម​នេះ​ក៏​បាន​ឲ្យ​ពិន្ទុ​ដល់​រដ្ឋាភិបាល​កម្ពុជា​លេខ​ហ្សេរ៉ូ (០) ដែល​គ្មាន​ចក្ខុ​វិស័យ​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​លើក​ស្ទួយ និង​ទ្រទ្រង់​ដល់​សង្គម​ស៊ីវិល​ឲ្យ​មាន​សេរីភាព​ក្នុង​បំពេញ​ភារកិច្ច ដើម្បី​ជួយ​ដល់​វិស័យ​អភិបាល​កិច្ច និង​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​សង្គម​នោះ។

លោក បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​នីតិរដ្ឋ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ផ្ដួចផ្ដើម​របស់​រដ្ឋាភិបាល​ខ្មែរ​ក្នុង​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល​នេះ អាច​ធ្វើ​ឲ្យ​សង្គម​កាន់​តែ​មាន​លក្ខណៈ​តូច​ចង្អៀត និង​ជា​ទស្សនៈ​វិស័យ ឬ​ជា​ចក្ខុ​វិស័យ​មួយ​ដ៏​សូន្យ​សុង​មិន​អាច​ធ្វើ​ឲ្យ​កម្ពុជា​ឈាន​ទៅ​រក​ការ​អភិវឌ្ឍន៍​អ្វី​ជា​ដុំ​កំភួន​បាន​នោះ​ឡើយ។

លោក ថ្លែង​ថា សេចក្ដី​ព្រាង​ច្បាប់​គ្រប់​គ្រង​សង្គម​ស៊ីវិល​នេះ គឺ​ប្រាស់​ចាក​ទាំង​ស្រុង​ទៅ​នឹង​ស្មារតី​នៃ​ច្បាប់​កំពូល​របស់​ប្រទេស «តើ​ថ្នាក់​ដឹក​នាំ​ចង់​បាន​សង្គម​ខ្មែរ​បែប​ណា? ជា​សង្គម​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​រួម​ចង​បាច់​គ្នា ចង​ក្រង​ធ្វើ​ជា​សមាគម ឬ​ធ្វើ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ចូល​រួម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ឬ​សិទ្ធិ​សេរីភាព​របស់​ប្រជាជន?»

នៅ​ក្នុង​មាត្រា ៤២ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ខ្មែរ​ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​សមាគម និង​គណបក្ស​នយោបាយ ហើយ​ពលរដ្ឋ​ទាំងឡាយ​អាច​ចូលរួម​ក្នុង​អង្គការ​មហាជន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ការពារ​សមិទ្ធផល​ជាតិ និង​សណ្ដាប់​ធ្នាប់​សង្គម។

លោក ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា សមាគមន៍ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល គឺ​ជា​ថ្នាល​សម្រាប់​បណ្ដុះបណ្ដាល​ឲ្យ​ពលរដ្ឋ​មាន​ភាព​ស្ម័គ្រ​ចិត្ត ឬ​ចូលរួម​ក្នុង​ជីវភាព​របស់​សង្គម ហើយ​ក៏​ថ្នាល​បណ្ដុះបណ្ដាល​ភាព​ប៉ិន​ប្រសប់​នៃ​ការ​រួបរួម​គ្នា​ក្នុង​សហគមន៍។ លោក​ថ្លែង​ថា កិច្ចការ​របស់​សមាគម​មិនមែន​ជា​ឧបសគ្គ​សម្រាប់​រដ្ឋាភិបាល​នោះ​ឡើយ។

លោក ឡៅ ម៉ុងហៃ ៖ «មាន​អ្នក​ប្រាជ្ញ​គេ​ថា ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ក្នុង​សង្គម គឺ​ទាមទារ​ឲ្យ​មាន ​សិល្បៈ​ក្នុង​ការ​ចងក្រង​គ្នា​ជា​សមាគម។ សមាគម​ស្ម័គ្រ​ចិត្ត ឬ​ជា​ក្រុមហ៊ុន ហ្នឹង​ក៏​ជា​សមាគម​មួយ​បែប​ដែរ។ ហួស​ពី​ហ្នឹង​ទៅ​ក៏​អាច​ចងក្រង​គ្នា ជា​សង្គម​ជាតិ​ធំ​ផង​ដែរ ដែល​ខ្ញុំ​យល់​ថា មាន​សារៈសំខាន់។ យើង​មិន​គួរ​រឹតត្បិត ធ្វើ​ការ​លំបាក​ទេ ហើយ​ច្បាប់​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​សោកស្ដាយ​ដែរ ឱ្យ​គេ​យល់​ថា ឬ​ក៏​ជា​ការ​ពិត​មែន ជា​ច្បាប់​ដែល​ត្រួតត្រា ក្ដោបក្ដាប់​សិទ្ធិ​សេរីភាព ឬ​ក៏​មិន​បាន​សម្រួល ឬ​ជួយ​បណ្ដុះបណ្ដាល​សិល្បៈ​នៃ​ភាព​ប៉ិន​ប្រសប់ ក្នុង​ការ​ចងក្រង​គ្នា​ធ្វើ​ជា​ក្រុម ឬ​ធ្វើ​ជា​សហគមន៍»។

សេចក្ដីព្រាង​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មាន ១១ ជំពូក និង ៥៨ មាត្រា។ សេចក្ដីព្រាង​ច្បាប់​នេះ​បាន​កំណត់​ថា ការ​ចុះ​បញ្ជី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ជាមួយ​សមត្ថកិច្ច​របស់​ក្រសួង​មហា​ផ្ទៃ ហើយ​តម្រូវ​ឲ្យ​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ត្រូវ​រៀបចំ​លក្ខន្តិកៈ​របស់​ខ្លួន ដាក់​របាយការណ៍​សកម្មភាព និង​របាយការណ៍​ហិរញ្ញវត្ថុ មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ការ​កំណត់​ថ្លៃ​ចុះ​បញ្ជី​ផង​ដែរ។

ប្រធាន​អង្គការ​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុខ សំអឿន មាន​ប្រសាសន៍​ថា ការ​កំណត់​របស់​រដ្ឋាភិបាល​ឲ្យ​សង្គម​ស៊ីវិល​ទាំង​អស់​ចុះ​បញ្ជី​ជាមួយ​ក្រសួង​មហា​ផ្ទៃ​មុន​ពេល​បង្កើត ឬ​ធ្វើ​សកម្មភាព​របស់​ខ្លួន គឺ​ជា​ចំណុច​មួយ ដែល​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​សេរីភាព ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នោះ​ឡើយ។

លោក សុខ សំអឿន ៖ «ហេតុ​ដូច្នេះ បើ​ក្នុង​ករណី​បែប​ហ្នឹង វា​លែង​ទៅ​ជា​មាន​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម ឬ​អង្គការ​ហើយ​មិន​អញ្ចឹង? ហើយ​ក្នុង​ចំណុច​នេះ គឺ​វា​ផ្ទុយ​ទៅ​ហ្នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ។ ក្នុង​ចំណុច​នេះ យើង​បាន​លើក​ពន្យល់​ដល់​រដ្ឋាភិបាល​ដែរ តែ​គេ​ថា​វា​មិនមែន​ជា​ការ​ខុស​នឹង​រដ្ឋធម្មនុញ្ញ​អ្វី​នោះ​ទេ។ ពីព្រោះ​រដ្ឋធម្មនុញ្ញ​គេ ចែង​ពី​សេរីភាព​នៃ​ការ​ចុះ​បញ្ជី​មែន តែ​ត្រូវ​កំណត់​ក្នុង​ច្បាប់​មួយ។ ដូច្នេះ ការ​យល់​ឃើញ​នោះ​វា​ខុស​គ្នា​ហើយ សង្គម​ស៊ីវិល​របស់​យើង យើង​យល់​ឃើញ​បែប​ទូលាយ។ យើង​យល់​បែប​លទ្ធិ​ប្រជាធិបតេយ្យ គឺ​មាន​ន័យ​ថា ការ​បក​ស្រាយ​មាន​ភាព​ទូលំទូលាយ គឺ​មាន​ន័យ​ថា ដែល​ហៅ​ថា​សេរីភាព​ទាល់​តែ​ធ្វើ​អ្វី​មិន​ចាំបាច់​សុំ​អនុញ្ញាត​នរណា​អ្វី​ជា​មុន។ ប៉ុន្តែ រដ្ឋាភិបាល​យល់​ឃើញ​ថា សេរីភាព​មិន​សេរីភាព​ទាល់​តែ​ច្បាប់​អនុញ្ញាត​ជា​មុន​ទើប​មាន​សេរីភាព»។

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​និយាយ​ថា គោល​បំណង​នៃ​ការ​បង្កើត​ច្បាប់​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​មាន​តម្លាភាព និង​គណនេយ្យភាព​ដល់​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ទាំងឡាយ ហើយ​ថា ច្បាប់​នេះ​នឹង​អាច​ជួយ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​អស់​ឲ្យ​កាន់​តែ​ទទួល​បាន​ការ​គោរព​ពី​ប្រជា​ពលរដ្ឋ។

ក្រសួង​មហា​ផ្ទៃ​របស់​កម្ពុជា ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ ហើយ​កន្លង​មក​ក្រសួង​មហាផ្ទៃ​បាន​ជួប​ពិភាក្សា​គ្នា​ពីរ​លើក​ជាមួយ​តំណាង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ការ​រក​ភ្លើង​ខៀវ​ណា​មួយ ដើម្បី​បញ្ជូន​សេចក្ដីព្រាង​ច្បាប់​នោះ​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ ប៉ុន្តែ សេចក្ដី​ព្រាង​ច្បាប់​នេះ នៅ​ជាប់​គាំង​ត្រឹម​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ ដោយសារ​មាន​ការ​រិះគន់ និង​មិន​ពេញ​ចិត្ត​ពី​ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​សហគមន៍​អន្តរជាតិ ថា​សេចក្ដីព្រាង​ច្បាប់​នេះ អាច​នឹង​ដាក់​សម្ពាធ ឬ​រឹតត្បិត​ដល់​កិច្ចការ​របស់​ពួក​គេ។

អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ពិភពលោក (Global Witness) កាល​ពី​ដើម​ខែ​មេសា​កន្លង​ទៅ​នេះ​បាន​រិះគន់​ថា សេចក្ដីព្រាង​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ គួរ​បោះបង់​ចោល​ជា​បន្ទាន់​ពីព្រោះ​ច្បាប់​នេះ​អាច​បំផ្លាញ​ជា​ជាង​លើក​កម្ពស់​ការងារ​របស់​សង្គម​ស៊ីវិល​ក្នុង​ស្រុក ដែល​បម្រើ​ផល ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ។ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ លោក ជាម យៀប ដែល​ជា​តំណាងរាស្ត្រ​យូរ​ឆ្នាំ​របស់​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា ប្រសិន​បើ​សេចក្ដីព្រាង​ច្បាប់​នោះ​ធ្លាក់​ដល់​ដៃ​រដ្ឋសភា​ជាតិ​នោះ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​សិទ្ធិ​ពិនិត្យ​លើ​ធម្មនុញ្ញភាព​នៃ​សេចក្ដីព្រាង​ច្បាប់​នោះ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា​រដ្ឋសភា​មិន​មែន​ធ្វើ​អ្វី​តាម​ការ​ចង់​បាន​រដ្ឋាភិបាល​នោះ​ឡើយ «រដ្ឋសភា​ក៏​ត្រូវ​ពិនិត្យ​មើល​ដែរ មិន​មែន​ចេះ​តែ​រុញ​ទូក​បណ្ដោយ​ទឹក​តាម រដ្ឋាភិបាល​នោះ​ទេ។ ដូច្នេះ ទាំង​គេ​ទាំង​ខ្ញុំ យើង​និយាយ​អ៊ីចឹង​តែ​ម្ដង​ទៅ។ យ៉ាង​ណាៗ គឺ​យើង​អាច​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​មើល​លើ​ធម្មនុញ្ញភាព​នៃ​ច្បាប់​នោះ​ថា តើ​វា​ខុស​រដ្ឋធម្មនុញ្ញ​យ៉ាង​ណា​យ៉ាង​ណី​នោះ។ អ៊ីចឹង​ទេ​សូម​អង្គការ​សង្គម​ស៊ីវិល​កុំ​មាន​ការ​ព្រួយ​បារម្ភ​ថា​ច្បាប់​វា​មាន​ខុស​នឹង​រដ្ឋធម្មនុញ្ញ​នោះ»។

ក៏​ប៉ុន្តែ លោក ជាម យៀប ហាក់​មាន​ទស្សនៈ​ស្រប​ក្នុង​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល​នេះ ហើយ​លោក​បញ្ជាក់​ថា ដោយសារ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​ចំនួន​ច្រើន​នៅ​កម្ពុជា។ ដូច្នេះ ប្រទេស​កម្ពុជា​គួរ​មាន​ច្បាប់​មួយ ដើម្បី​ការពារ និង​គ្រប់គ្រង​ឲ្យ​មាន​សណ្ដាប់​ធ្នាប់។

លោក ជាម យៀប ៖ «បើ​យើង​និយាយ​ពី NGO ឬ​អង្គការ​សង្គម​ស៊ីវិល​ នៅ​កម្ពុជា​វា​មាន​ជាង ២០០០។ ដូច្នេះ ជាង ២ ពាន់​នេះ គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​ច្បាប់​មួយ ដើម្បី​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ប្រសើរ។ ធ្វើ​ច្បាប់​ហ្នឹង គឺ​ដើម្បី​ការពារ​ទាំង​អស់ មិន​មែន​ការពារ​ត្រឹម  NGO  ហ្នឹង​ទេ គឺ​សម្រាប់​អ្នក​គ្រប់គ្រង  NGO  ផង ដែល​មាន​រាជ​ រដ្ឋាភិបាល និង​ជា​ទូទៅ​ផង។»

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គ្មាន​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​ឡើយ។ ប៉ុន្តែ បែរ​ជា​ប្រឹងប្រែង​ចំណាយ​ពេល​វេលា​ក្នុង​ការ​រឹតត្បិត​ដល់​សង្គម​ស៊ីវិល ដែល​ជា​អ្នក​ជួយ​សម្រាល​បន្ទុក​របស់​ខ្លួន​នោះ​ទៅ​វិញ។

លោក អ៊ូ វីរៈ ៖ «ច្បាប់​នេះ បើ​តាម​ខ្ញុំ​ពិនិត្យ​មើល​ទៅ គឺ​ជា​ការ​គិត​ខ្លី​របស់​រដ្ឋាភិបាល។ ការ​គិត​ខ្លី​នេះ  គឺ​ដោយ​សារ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ធ្វើ​ការ​គាប​សង្កត់ និង​រិះគន់​ដល់​គាត់​អ៊ីចឹង។ ដូច្នេះ គាត់​ត្រូវ​តែ​ធ្វើ​ច្បាប់​មួយ ដើម្បី​រឹតត្បិត​កុំ​ឲ្យ​គេ​រិះគន់​ដល់​ពួក​គាត់»។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ប្រសិន​បើ​សេចក្ដីព្រាង​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្លាយ​ទៅ​ជា​ច្បាប់​មែន​នោះ ស្ថានភាព​នៅ​កម្ពុជា​អាច​ធ្លាក់​ទៅ​ក្នុង​ភាព​វឹកវរ។

ពូក​គេ​បារម្ភ​ថា រដ្ឋាភិបាល​នឹង​មាន​បន្ទុក​កាន់​តែ​ធំ ប្រសិន​បើ​សង្គម​ស៊ីវិល​ទាំង​អស់ បោះបង់​ការងារ​របស់​ពួក​គេ ហើយ​ម្ចាស់​ជំនួយ​ក៏​បញ្ឈប់​ជំនួយ ដោយ​សារ​ តែ​មិន​អាច​ស៊ូ​ទ្រាំ​នឹង​ការ​រឹតត្បិត​បាន ហើយ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ជាង​គេ គឺ​ប្រជា​ពលរដ្ឋ​ខ្មែរ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល