យុទ្ធនាការ​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រយ័ត្ន​អំពី​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ស្រវឹង

អង្គការ​ធ្វើ​ការ​អប់រំ​ប្រ​ជា​ពលរដ្ឋ​ និង​យុវជន​មួយ​ឈ្មោះថា មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ ហៅ​កាត់​ថា ភីឌីភី (PDP) នឹង​បើក​យុទ្ធនាការ​​នៅ​តាម​មូលដ្ឋាន​ក្នុង​ខេត្ត ៤ ក្នុង​ប្រ​ទេស​អប់​រំ​ផ្សព្វ​ផ្សាយ​​អំពី​ផល​ប៉ះ​ពាល់​នៃ​​​​គ្រឿង​ស្រវឹង។
ដោយ វោហារ ជាតិ
2011-09-07
Share

យុទ្ធនាការ​នេះ ក្នុង​បំណង​​លើ​ក​កម្ពស់​ស្មារតី​ប្រជាជន​​ឲ្យ​ប្រុង​ប្រយ័ត្ន និង​យល់​ដឹង​ពី​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ស្រវឹង និង​ដើម្បី​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រៀប​ចំ​​ច្បាប់ ​គ្រប់​គ្រង​គ្រឿង​ស្រវឹង​​ឲ្យ​បាន​ឆាប់។

សមាជិក និង​សកម្ម​ជន​ របស់​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ហៅ​កាត់​ថា ភីឌីភី (PDP) ប្រមាណ​ ៥០០ នាក់​នឹង​ចុះ​ធ្វើ​យុទ្ធនាការ​នេះ នៅ​ក្នុង​ខេត្ត ៤ គឺ​ខេត្ត​សៀមរាប បាត់ដំបង បន្ទាយ​មាន​ជ័យ និង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​ ៧​ កញ្ញា ឆ្នាំ ២០១១ ដើម្បី​ជួយ​លើក​ស្ទួយ​គោល​នយោបាយ​សុខភាព​សាធារណ និង​គាំទ្រ​ផែនការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​ដែរ។

លោក យង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព មាន​ប្រសាសន៍​ថា យុទ្ធការ​នេះ​នឹង​ធ្វើ​ព្រមៗ គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ហើយ​មូលហេតុ​ដែល​ជ្រើសរើស​យក​ខេត្ត​ទាំង ៤ មក​ធ្វើ​ជា​គោលដៅ​អប់រំ គឺ​ដោយសារ​ខេត្ត​ទាំង​នោះ ជា​តំបន់​ទេសចរណ៍ និង​ជា​តំបន់​ជាប់​ព្រំដែន​ប្រទេស​ជិត​ខាង មាន​អត្រា​អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង ដែល​ផលិត​សារធាតុ​អាកុល​ច្រើន​ជាង​ខេត្ត​ក្រុង​ផ្សេងៗ។ ជាពិសេស ការ​ប្រឈម​គ្រោះថ្នាក់​របស់​ក្រុម​យុវជន ដែល​គេ​ចាត់​ទុក​ថា ជា​ទំពាំង​ស្នង​ឫស្សី ៖ «យុវជន​ភាគ​ច្រើន ដែល​​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ហ្នឹង ​គឺ​ថ្ងៃក្រោយ​ទៅ​ប្រើ​​​​​គ្រឿង​ញៀន។​ អ៊ីចឹង! បាន​គេ​ថា ​គ្រឿង​ស្រវឹង​ជា​ច្រក​ទ្វារ នៃ​ការ​ប្រើ​គ្រឿងញៀន។ នេះ​ជា​គ្រោះថ្នាក់​មួយ​ធំ​ណាស់»។

ការសិក្សា​របស់​មជ្ឈមណ្ឌល ភី.ឌី.ភី ​នៅ​ចុង​ឆ្នាំ​២០០៨ បាន​បង្ហាញ​អំពី​មូលហេតុ​​​​ដែល​នាំ​ឲ្យ​មនុស្ស​សេព​សុរា គឺ​បណ្ដាល​មក​ពី​កត្តា​ខ្លះ​ដូចជា ដោយសារ​បាយ​ឆ្ងាញ់ ​​ដោយសារ​មិត្តភ័ក្ដិ គ្រួសារ​គេ​អូសទាញ ការ​ផ្សាយ​ពាណិជ្ជកម្ម ​ឃើញ​តារា​ល្បីៗ សេព​សុរា ដោយ​សារ​ចង់​សប្បាយ ​ចង់​បំបាត់​ទុក្ខ​អផ្សុក ដោយសារ​ឃើញ​នារី​បម្រើ​ស្រា​បៀរ​ស្អាត​ជាដើម។ ចំណែក​អ្នក​សេព​គ្រឿង​ស្រវឹង​មាន​មនុស្ស​គ្រប់​ជំ​ពូក ហើយ​ទទួល​ទាន​ស្រា​ស្រា​បៀរ​ច្រើន​មុខ ទៅ​តាម​ឋានៈ បុណ្យ​ស័ក្ដិ​លុយ​កាត់​រៀង​ខ្លួន ដូច​ជា​អ្នក​ក្រ ទទួល​ទាន​ត្នោត​ជូរ ​ស្រា-ស ​ស្រា​ត្រាំ​ថ្នាំ ហើយ​អ្នក​ធូរធារ ទទួល​ទាន​ស្រា​បៀរ ស្រា​វី​ស្គី។

ប្រាក់​ចំណាយ​ទិញ​ស្រា​នៅ​តាម​ជន​បទ មាន​យ៉ាង​ហោច​ណាស់​ចាប់​ពី ១.១០០ រៀល ដល់​ ១០.០០០ រៀល ក្នុង​មួយ​ថ្ងៃ ដែល​ប៉ះពាល់​ប្រាក់​ចំណូល​​គ្រួសារ​​ប្រចាំ​ថ្ងៃ​យ៉ាង​ខ្លាំង។ ចំពោះ​អ្នក​ជនបទ ដែល​មិន​មាន​ការងារ​ធ្វើ ឬ​ពិបាក​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ចិញ្ចឹម​គ្រួសារ។

ការ​សិក្សា​បាន​បង្ហាញ​ថា ក្រៅ​ពី​ការ​ខាត​បង់​ប្រាក់​ចំណូល ឥទ្ធិពល​ស្រា​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព ពាក់ព័ន្ធ​ជំងឺ​ជាង ៦០ ប្រភេទ រួម​ទាំង​ជំងឺ​មហារីក។

ដើម្បី​កាត់​បន្ថយ​ការ​សេព​គ្រឿង​ស្រវឹង​នៅ​តាម​មូលដ្ឋាន​មជ្ឈមណ្ឌល ភី.ឌី.ភី បាន​បើក​គម្រោង​កម្មវិធី​អប់រំ​ប្រជា​ជន នៅ​ខេត្ត ៤ គឺ​សៀមរាប បាត់ដំបង បន្ទាយ​មាន​ជ័យ និង​ខេត្ត​ស្វាយរៀង។
ក្រុម​មន្ត្រី ភី.ឌី.ភី បាន​អះអាង​ថា តាម​រយៈ​ការ​អប់រំ​នេះ បាន​ផ្លាស់​ប្ដូរ​ឥរិយាបថ អ្នក​សេព​គ្រឿង​ស្រវឹង​ក្នុង​មូលដ្ឋាន​បាន​ច្រើន។

លោក ចាន់ ធីម ប្រធាន​សាខា​មជ្ឈមណ្ឌល ភី.ឌី.ភី ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​មាន​ប្រសាសន៍​ថា ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ជា​ខេត្ត​ជាប់​ព្រំដែន​ថៃ ជា​ច្រក​ឆ្លង​ដែន​ប្រមូល​ផ្ដុំ​ទៅ​ដោយ​មនុស្ស​កុះករ និង​ចរាចរ​គ្រឿង​ស្រវឹង​ច្រើន ហើយ​តម្រូវ​ការ​ទីផ្សារ​ស្រា និង​ស្រា​បៀរ មាន​កម្រិត​ខ្ពស់​បំផុត ដែល​ក្រុមហ៊ុន​លក់​អស់​ពី​ស្តុក​មុន​ថ្ងៃ​កំណត់​ជា​រៀងរាល់​ខែ។

លោក​ថា ភ្នាក់​ងារ​មជ្ឈមណ្ឌល ភី.ឌី.ភី សាខា​ខេត្ត​បាន​ចុះ​អប់រំ​អ្នក​សេព​គ្រឿង​ស្រវឹង​តាម​ភូមិ​ឃុំ​ ហើយ​បាន​កាត់​បន្ថយ​ចំនួន​អ្នក​ប្រើ​គ្រឿង​ស្រវឹង​បាន​ច្រើន៖ «យើង​ចុះ​ជា​លក្ខណៈ​ក្រុម​ជជែក​ជាមួយ​ប្រជា​ពលរដ្ឋ ហើយ​យើង​នឹង​បើក​វេទិកា​សាធារណ ឲ្យ​គាត់​វែក​ញែក​រក​ឲ្យ​ឃើញ​ថា មូលហេតុ​អី​បាន​​បង្ក​ឲ្យ​គាត់​ពិសា​ស្រា។ របៀប​គាត់​បន្ថយ​យើង ផ្សព្វផ្សាយ​ផល​ប៉ះ​ពាល់​គ្រឿង​ស្រវឹង​ ឲ្យ​គាត់​ចូល​រួម​បង្កើន​ឆន្ទៈ​នៃ​ការ​ឈប់​ប្រើ​ប្រាស់​ ពី​ការ​ប្រើ​ច្រើន កាត់បន្ថយ​មក​បន្តិច​ម្ដងៗ ហើយ​មាន​វិធី​សាស្ត្រ​អី ដើម្បី​កាត់​បន្ថយ»។

ចំណែក​ខេត្ត​ស្វាយរៀង​ជាប់​ព្រំដែន​វៀតណាម ​មន្ត្រី​មជ្ឈមណ្ឌល ភី.ឌី.ភី បញ្ជាក់​ថា អ្នក​សេព​សុរា និង​ស្រា​បៀរ និង​ចរាចរ​ស្រា​ថោកៗ ពី​ប្រទេស​វៀតណាម ហើយ​មាន​អ្នក​ទទួល​ទាន​ស្រា​ច្រើន​លើស​លប់​ដែរ។

លោក ម៉ាក់ សុជាតិ ប្រធាន​សាខា​មជ្ឈមណ្ឌល ភី.ឌី.ភី ប្រចាំ​ខេត្ត​ស្វាយរៀង មាន​ប្រសាសន៍​ថា បញ្ហា​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង និង​ខេត្ត​នានា ជាប់​ព្រំដែន​វៀតណាម​កំពុង​ប្រឈម​គ្រោះថ្នាក់​ខ្ពស់ ដោយសារ​គេ​នាំ​ចូល​មេ​ស្រា ឬ​អាកុល​បែប​ជា​ថ្នាំ​អំពូល​ពី​ប្រទេស​វៀតណាម​ មាន​តម្លៃ​ថោក យក​មក​លាយ​ទឹក​ធម្មតា​ផលិត​ជា​ស្រា​​លក់ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ទទួល​ទាន​ច្រើន​ព្រោះ​មាន​តម្លៃ​ថោក៖ «ស្រា​អំពូល​ហ្នឹង គឺ​ដូច​ថ្នាំ​អំពូល​យើង​អ៊ីចឹង គេ​ហៅ​ថា​មេ​ស្រា។ ហើយ​គេ​ត្រង​ទឹក​ស្អាត​មួយ​ពាង​បាន​ប្រហែល ៥០ ទៅ ៦០ លីត្រ​ទៅ ហើយ​គេ​ប្រើ​តែ​មួយ​អំពូល ថ្លៃ​ ៤.០០០ ទៅ ៥.០០០ រៀល​ក្នុង​មួយ​អំពូល។ ហើយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​ធ្ងន់ធ្ងរ​ជាង​ស្រា​ធម្មតា»។

លោក​ថា នៅ​ខេត្ត​ស្វាយ​រៀង​មាន​អ្នក​ញៀន​ស្រា​ច្រើន ហើយ​មាន​គ្រួសារ​ខ្លះ បាន​ដាក់​ច្រវាក់​សាច់​ញាតិ ដែល​ញៀន​ស្រា​ខាន​មិន​បាន ដើម្បី​ការពារ​សុខភាព​គាត់ និង​ឲ្យ​គាត់​កាត់​បន្ថយ​ស្រា។ អ្នក​ខ្លះ​ បាន​ស្លាប់​ដោយសារ​តែ​ញៀន​ស្រា អត់​មិនបាន ហើយ​ទទួលទាន​ស្រា​សុទ្ធ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មិន​ទទួលទាន​បាយ​ទឹក​ចំណី​អាហារ​សោះ។ លោក​ថា មជ្ឈមណ្ឌល ភី.ឌី.ភី ប្រចាំ​ខេត្ត​ស្វាយរៀង​ក៏​កំពុង​ធ្វើ​ការ​អប់រំ​ប្រជាពលរដ្ឋ​អំពី​គ្រោះថ្នាក់ និង​ផល​ប៉ះពាល់​ដោយសារ​គ្រឿង​ស្រវឹង​នេះ​ដែរ ហើយ​កំពុង​ទទួល​ជោគ​ជ័យ​ជា​បណ្ដើរៗ ហើយ​ដែរ។

ដោយ​យល់​ឃើញ​បញ្ហា​គ្រោះថ្នាក់​ដូច្នេះ ក្រុម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​លិខិត​បទដ្ឋាន ដើម្បី​គ្រប់គ្រង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ឲ្យ​បាន​ឆាប់ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​សីលធម៌​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ថា​សព្វថ្ងៃ​នេះ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​មិន​មាន​របៀបរបប ដូច​ជា ក្មេង​មិន​ទាន់​គ្រប់​អាយុ​ចេះ​ផឹក​ស្រា ឪពុក​ម្ដាយ​ប្រើ​កូន​មិន​ទាន់​គ្រប់​អាយុ​ឲ្យ​ទិញ​ស្រា ដែល​ជា​ទម្លាប់​អាក្រក់​អាច​ឲ្យ​កូន​ធ្វើ​ត្រាប់​តាម​ការ​ផ្សាយ​ពាណិជ្ជកម្ម​ស្រា និង​ស្រា​បៀរ​ខុស​របៀប។

បច្ចុប្បន្ន រដ្ឋាភិបាល​បាន​បញ្ចូល​ការ​ហាមប្រាម​ការ​ប្រើ​គ្រឿង​ស្រវឹង​បាន​បន្តិចបន្តួច ដូច​ជា​​ហាម​សេព​គ្រឿង​ស្រវឹង​ពេល​បើក​បរ​ជាដើម៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល