មេធាវី​លោក មឿង សុន ទាមទារ​ឲ្យ​សាលាឧទ្ធរណ៍​លើក​លែង​ការ​ចោទ

មេធាវី​ការពារ​ក្ដី​របស់​ប្រធាន​អង្គការ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​ជំរុញ​ឲ្យ​សាលាឧទ្ធរណ៍​លើក​លែង​ការ​ចោទ​ប្រកាន់​កូន​ក្ដី​របស់​លោក​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​សំអាង​ថា ការ​កាត់​ទោស​កូន​ក្ដី​លោក​ដោយ​សាលា​ដំបូង​កន្លង​មក​មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់​ឡើយ។
ដោយ តាំង សារ៉ាដា
2011-05-11
Share

លោក សុក សំអឿន មេធាវី​របស់​លោក មឿង សុន ប្រធាន​អង្គការ​ទ្រទ្រង់​អរិយធម៌​ខ្មែរ បាន​បក​ស្រាយ​ច្បាប់​ព្រហ្មទណ្ឌ​ខ្មែរ​ក្នុង​បរិបទ​បណ្ដឹង​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៩ បាន​ផ្ដន្ទាទោស​លោក មឿង សុន ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន ៧​លាន​រៀល​នោះ​ថា មិន​បាន​ផ្អែក​លើ​អំណះអំណាង​ផ្លូវ​ច្បាប់ និង​ភស្តុតាង​គ្រប់គ្រាន់​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០០៩ លោក មឿង សុន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​សិក្សា និង​ពិចារណា​សា​ជា​ថ្មី​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន ស៊ូ ជីង ដាក់​បន្តុប​ភ្លើង​ហ្វា​លើ​ថ្ម​ថែវ​ប្រាសាទ​អង្គរវត្ត​ដែល​ជា​សម្បត្តិ​អច្ឆរិយ​វត្ថុ​ទី​៧ លើ​ពិភពលោក ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ខូច​ទ្រង់ទ្រាយ និង​គុណភាព​ដើម​នៃ​ប្រាសាទ។

លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​គួរ​ប្ដឹង​លោក មឿង សុន ដោយ​គ្រាន់​តែ​លោក​បាន​លើក​អំពី​ការ​ព្រួយ​បារម្ភ​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ដែល​ខ្លាច​ខូចខាត ឬ​បាត់បង់​សម្បត្តិ​បូរាណ​ដ៏​អស្ចារ្យ​របស់​ខ្មែរ​នោះ​ឡើយ។

កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០០៩ មេធាវី​របស់​រាជ​រដ្ឋាភិបាល លោក ប៉ាល់ ច័ន្ទតារា បាន​ផ្ញើ​ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ចេញ​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជូន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ក្រុង​ភ្នំពេញ ប្ដឹង​លោក មឿង សុន ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​បាន​រៀបរាប់​ថា ក្រោយ​ពី​អាជ្ញាធរ​អប្សរា​បាន​រៀបចំ​សន្និសីទ​កាសែត​មួយ​បំភ្លឺ​អំពី​មូលហេតុ​បច្ចេកទេស​នៃ​ការ​ដាក់​ភ្លើង​ហ្វា​នៅ​ប្រាសាទ​អង្គរវត្ត កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០០៩ មក ស្រាប់​តែ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០០៩ លោក មឿង សុន បាន​យក​ករណី​ដដែល​នេះ​មក​បក​ស្រាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ខេត្ត​សៀមរាប​ថា មាន​ការ​ដាប់​ថ្ម​ប្រាសាទ​ដាក់​អំពូល​ភ្លើង​ហ្វា​ដោយ​ក្រុមហ៊ុន​ឯកជន ស៊ូ ជីង តាម​ថែវ​ប្រាសាទ​ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​អប្សរា។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ក្នុង​សវនាការ​កំបាំង​មុខ​នៅ​សាលាឧទ្ធរណ៍ លោក​មេធាវី សុក សំអឿន បាន​ធ្វើការ​ជំទាស់​នៅ​នឹង​បណ្ដឹង​របស់​មេធាវី​រាជរដ្ឋាភិបាល​ថា គន្លឹះ​ដែល​ធ្វើ​ឲ្យ​មេធាវី​របស់​រដ្ឋាភិបាល​ប្ដឹង​មក​លើ​លោក មឿង សុន នោះ គឺ​ពាក្យ​ថា "ការ​ដាប់​ថ្ម"។

លោក​បាន​ពន្យល់​ថា ទាំង​លិខិត​របស់​លោក មឿង សុន ដែល​ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ការ​ឆ្លើយ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន លោក​មិន​ដែល​ប្រើ​ពាក្យ​ថា ដាប់​ថ្ម​នោះ​ឡើយ។

លោក សុក សំអឿន បង្ហាញ​ថា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០០៩ លោក មឿង សុន មិន​បាន​ស្ថិត​ក្នុង​ខេត្ត​សៀមរាប នោះ​ឡើយ។

នៅ​ក្នុង​លិខិត​នោះ លោក មឿង សុន បាន​បង្ហាញ​អំពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​នៃ​ការ​ចាប់​ភ្លើង​ហ្វា​បំភ្លឺ​ប្រាសាទ ប្រសិន​បើ​កម្លាំង​ភ្លើង​ហ្វា​ជាង ១​ពាន់​វ៉ាត់ អាច​ចាំង​ទៅ​លើ​ថ្ម​ដែល​មាន​ជាតិ​សំណើម​ជា​ប្រចាំ​នោះ ធ្វើ​ឲ្យ​ថ្ម​ប្រាសាទ​ងាយ​ប្រេះស្រាំ និង​បាត់បង់​ភាព​រឹងមាំ​នៃ​ដុំ​ថ្ម​ប្រាសាទ អាច​បង្ក​ឲ្យ​មាន​ភាព​ពុក​ផុយ និង​អាច​បាត់​អាយុកាល​វែង​របស់​ថ្ម​ជាដើម។

លោក សុក សំអឿន បាន​ជំទាស់​ថា គ្រាន់តែ​ពលរដ្ឋ​ខ្មែរ​ដ៏​ស្លូត​ត្រង់​ម្នាក់​សម្ដែង​ការ​បារម្ភ​ខ្លាច​ខូចខាត​ប្រាសាទ​បូរាណ​ខ្មែរ​ពី​កម្ដៅ​ភ្លើង​ហ្វា​ចាំង​ទៅ​លើ​ថ្ម​ប្រាសាទ​អង្គរវត្ត​នោះ តើ​អាច​បង្ក​ឲ្យ​មាន​កើត​កោលាហល​ប៉ះពាល់​ដល់​សន្តិសុខ​សាធារណៈ​ដល់​កម្រិត​ណា?

សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៩ បាន​ផ្ដន្ទាទោស​លោក មឿង សុន ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន ៧​លាន​រៀល ហើយ​សង ៨​លាន​រៀល​ទៀត​ទៅ​រាជ​រដ្ឋាភិបាល​ដែល​មាន​មេធាវី​លោក ប៉ាល់ ច័ន្ទតារា ជា​តំណាង។ ការ​សម្រេច​សេចក្ដី​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​មាត្រា ៦២ នៃ​ច្បាប់​ព្រហ្មទណ្ឌ​សម័យ​អន្តរកាល ឬ​ហៅ​ថា​ច្បាប់​អ៊ុនតាក់។

លោក សុក សំអឿន បាន​ជំរុញ​ឲ្យ​តុលាការ​សាលាឧទ្ធរណ៍​លើក​លែង​ការ​ចោទ​ប្រកាន់​កូន​ក្ដី​របស់​លោក ព្រោះ​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​នៃ​ច្បាប់​របស់​អ៊ុនតាក់ ត្រូវ​បាន​និរាករណ៍ ឬ​លុប​ចោល​ដោយ​គ្មាន​មាត្រា​នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី​ណា​ប្រហាក់ប្រហែល​ជំនួស​នោះ​ទេ។

យោង​តាម​មាត្រា ៦៧១ នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី​ដែល​ទើប​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ​នេះ បាន​ចែង​ថា រាល់​បទប្បញ្ញត្តិ​ព្រហ្មទណ្ឌ​នៃ​បទប្បញ្ញត្តិ​ស្ដីពី​ប្រព័ន្ធ​តុលាការ ច្បាប់​ព្រហ្មទណ្ឌ និង​នីតិវិធី​ព្រហ្មទណ្ឌ​សម្រាប់​អនុវត្ត​នៅ​ប្រទេស​កម្ពុជា ក្នុង​សម័យ​អន្តរកាល​ចុះ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​១៩៩២ ដែល​ហៅ​ថា ច្បាប់​អ៊ុនតាក់ ត្រូវ​បាន​បាត់​អនុភាព​ចាប់​ពី​ក្រមព្រហ្មទណ្ឌ​ថ្មី​ចូល​ជា​ធរមាន។

លោក មឿង សុន ដែល​កំពុង​រស់​នៅ​និរទេស​ក្នុង​ប្រទេស​ថៃ ពី​ការ​ភ័យ​ខ្លាច​ការ​តាម​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​កម្ពុជា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សវនាការ​កំបាំង​មុខ​ក្នុង​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា កន្លង​ទៅ​នេះ បាន​ផ្ដល់​ឲ្យ​មេធាវី​របស់​លោក​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​បង្ហាញ​ភស្តុតាង​តាម​រយៈ​ការ​បកស្រាយ​អង្គហេតុ និង​អង្គច្បាប់។

ទោះ​ជា​យ៉ាង​ក៏ដោយ មេធាវី​របស់​រដ្ឋាភិបាល​លោក ប៉ាល់ ច័ន្ទតារា ឲ្យ​ដឹង​ថា ព័ត៌មាន​​ដែល​​លោក មឿង សុន បាន​ផ្សព្វផ្សាយ​បាន​បង្ក​ឱ្យ​មាន​ចលាចល​​​ពេញ​ផ្ទៃ​​​ប្រទេស ព្រោះ​ពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប​ស្រឡាញ់​ប្រាសាទ​អង្គរវត្ត ម្យ៉ាង​ទៀត​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​បញ្ហា​បំផ្លាញ​ប្រាសាទ​អង្គរវត្ត អាច​នាំ​ឲ្យ​មាន​បញ្ហា​ធំ​កើត​ឡើង។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រដ្ឋាភិបាល​មិន​គួរ​ប្ដឹង​ចោទ​ប្រកាន់​ករណី​របស់​លោក មឿង សុន ទៅ​តុលាការ​ឲ្យ​មាន​ទោសពៃរ៍​នោះ​ទេ។ លោក​ថ្លែង​ថា តុលាការ​សាលាឧទ្ធរណ៍​ត្រូវ​តែ​ផ្តល់​យុត្តិធ៌ម ឬ​លើក​លែង​ទោស​ដល់​លោក មឿង សុន ឲ្យ​មាន​សេរីភាព​បាន​វិល​ចូល​ស្រុក​ឡើង​វិញ។

តុលាការ​សាលាឧទ្ធរណ៍​នឹង​ប្រកាស​សាលក្រម​អំពី​ករណី​លោក មឿង សុន នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ខាង​មុខ ខណៈ​លោក មឿង សុន បាន​អំពាវនាវ​ឲ្យ​សាលាឧទ្ធរណ៍​ផ្ដល់​យុត្តិធម៌ និង​ធ្វើការ​លើកលែង​ទោស​ដល់​រូប​លោក​ឲ្យ​បាន​វិល​ត្រឡប់​មក​ជួប​ជុំ​គ្រួសារ និង​បំពេញ​កិច្ចការ​របស់​លោក​ឡើង​វិញ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល