អ្នក​ជំងឺ​បង្ក​ឡើង​ដោយ​ជាតិ​អាសេនិក​បារម្ភ​ពី​បញ្ហា​សុខភាព

អ្នក​ជំងឺ​ដែល​រងគ្រោះ​ដោយសារ​ការ​ប្រើប្រាស់​ទឹក​អណ្ដូង​ដែល​មាន​ជាតិ​អាសេនិក កំពុង​ស្ថិត​ក្នុង​ក្តី​កង្វល់​ពី​បញ្ហា​សុខភាព​របស់​ខ្លួន ដោយសារ​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ ពួក​គេ​មិន​ទាន់​ទទួល​បាន​ការ​ព្យាបាល​ណា​មួយ​ដែល​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។
ដោយ សេក បណ្ឌិត
2010-07-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រោគ​សញ្ញា​ដែល​បង្ក​ឡើង​​ដោយ​ជាតិ​អាសេនិក (ស្រុក​ស្អាង ខេត្ត​កណ្ដាល)
រោគ​សញ្ញា​ដែល​បង្ក​ឡើង​​ដោយ​ជាតិ​អាសេនិក (ស្រុក​ស្អាង ខេត្ត​កណ្ដាល)
RFA/Sek Bandith

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា ស្ថាប័ន​ដែល​មាន​ការ​ពាក់ព័ន្ធ​កំពុង​ខិតខំ​គិតគូរ​ទប់​ស្កាត់​មិន​ឲ្យ​ជាតិ​អាសេនិក​នេះ​រីក​រៀល​ដាល​បន្ត​ទៀត​ឡើយ។

ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រែក​ឫស្សី ឃុំ​កំពុងកុង ស្រុក​ស្អាង ខេត្ត​កណ្តាល ដែល​ទទួល​រង​ផល​ប៉ះពាល់ ដោយសារ​តែ​ការ​ប្រើប្រាស់​ទឹក​អណ្ដូង​មាន​ជាតិ​អាសេនិក​ដែល​បាន​បង្ក​ឡើង​កាល​ពី​ជិត ១០​ឆ្នាំ​មុន​នោះ កំពុង​រស់​នៅ​ក្នុង​ក្តី​ព្រួយ​បារម្ភ ខ្លាច​ជំងឺ​របស់​ពួក​គាត់​មាន​ការ​វិវត្តន៍​ទៅ​រក​ភាព​ធ្ងន់ធ្ងរ នៅ​ខណៈ​អ្នក​ជំនាញ ខាង​សុខាភិបាល​មិន​ទាន់​រក​វិធី​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ជា​សះ​ស្បើយ​បាន​នៅ​ឡើយ។

អ្នក​ភូមិ​ព្រែក​ឫស្សី អ្នក​ស្រី សៀក សុខុម អាយុ ៤៨​ឆ្នាំ ដែល​កំពុង​មាន​ជំងឺ​បង្ក​ឡើង​ដោយសារ​ការ​ប្រើ​ទឹក​អណ្ដូង​មាន​ជាតិ​អាសេនិក បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា សព្វថ្ងៃ​នេះ​ពួក​គាត់​រស់​នៅ​ទាំង​ក្ដី​ព្រួយ​បារម្ភ ខ្លាច​ជំងឺ​របស់​គាត់​មាន​ការ​វិវត្តន៍​ទៅ​មុខ​នៅ​ថ្ងៃ​ណា​មួយ ហើយ​ពុំ​មាន​វិធី​ព្យាបាល។

លោក​ស្រី​បន្ត​ថា ការ​ព្រួយ​បារម្ភ​នេះ​បន្ទាប់​ពី​កូន​របស់​គាត់ ២​នាក់​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០០០ និង​ឆ្នាំ​២០០៣ ដែល​ពួក​គេ​បាន​ប្រើប្រាស់ និង​បរិភោគ​ទឹក​អណ្ដូង​ដែល​គេ​ពិសោធ​ឃើញ​ថា មាន​ជាតិ​អាសេនិក។

អណ្ដូង​ដែល​មាន​ជាតិ​អាសេនិក​ត្រូវ​គេ​ទុក​ចោល​លែង​ប្រើប្រាស់ នៅ​ខេត្ត​កណ្ដាល។ (RFA/Sek Bandith)
អណ្ដូង​ដែល​មាន​ជាតិ​អាសេនិក​ត្រូវ​គេ​ទុក​ចោល​លែង​ប្រើប្រាស់ នៅ​ខេត្ត​កណ្ដាល។ RFA/Sek Bandith

លោកស្រី សៀក សុខុម បាន​សំណូមពរ​យ៉ាង​ដូច្នេះ ៖ «ព្រួយ​បារម្ភ នៅ​កូន​ក្រោយ​ទៀត មិន​ដឹង​យ៉ាង​ណា​យ៉ាង​ណី!  អ៊ីចឹង​បាន​ថា អង្គការ​អី​មក​ជួយ​ស្រាវជ្រាវ​រក​ថ្នាំ​មក​មើល ក្រែងលោ​យក​មក​ព្យាបាល​ទៅ​បាន​ជា!»

អ្នក​ភូមិ​ព្រែក​ឫស្សី​ម្នាក់​ទៀត អ្នក​ស្រី ម៉ន ម៉ៃ អាយុ ជាង ៣០​ឆ្នាំ ដែល​កំពុង​មាន​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​ជាតិ​អាសេនិក​នេះ​ដែរ បាន​សម្ដែង​ក្តី​ព្រួយ​បារម្ភ​ដែរ​ថា សុខភាព​របស់​គាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចេះ​តែ​ទ្រុឌ​ទ្រោម​ទៅ​ៗ ហើយ​អ្នក​ស្រី​ខ្លាច​ស្នាម​ដំបៅ​គ្រើម​នៅ​លើ​ខ្លួន និង​ដៃ​ជើង ក្លាយ​ជា​ដំបៅ​រីក​រាល​ដាល មើល​មិន​ជា​ដូច​អ្នក​ស្លាប់​មុន​ៗ។

អ្នកស្រី ម៉ន ម៉ៃ បាន​រៀបរាប់​អំពី​ស្ថានភាព​សុខភាព​ក្នុង​ខ្លួន​គាត់​សព្វ​ថ្ងៃ​យ៉ាង​ដូច្នេះ ៖ «ចេញ​ដំបូង​វា​រមាស់​ដៃ​រមាស់​ជើង​អ៊ីចឹង​ទៅ ...ដូច​ពង​ត្រី​ឆ្លាត​ចេញ​មក​ពី​ក្នុង​សាច់!»

កុមារា​ម្នាក់ អាយុ ១៦​ឆ្នាំ ដែល​កំពុង​មាន​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​ជាតិ​អាសេនិក ធ្វើ​ឲ្យ​បាត​ដៃ​បាត​ជើង​មាន​សភាព​គគ្រើម និង​ស្នាម​អុច​ៗ​ពេញ​ខ្លួន បាន​អះអាង​ថា ខ្លួន​គេ​កើត​រោគ​នេះ​ឡើង ដោយសារ​ប្រើ​ទឹក​អណ្ដូង​ដែល​គេ​ពិនិត្យ​ឃើញ​ថា មាន​ជាតិ​អាសេនិក​តាំង​ពី​នៅ​តូច ប៉ុន្តែ​ទើប​ចាប់ផ្ដើម​ចេញ​រោគ​សញ្ញា​នៅ​ពេល​គេ​មាន​អាយុ​ប្រហែល ១០​ឆ្នាំ។

ស្ត្រី​ម្នាក់​ទៀត​ដែល​អះអាង​ថា គ្រួសារ​របស់​គាត់​ចំនួន ២​នាក់​បាន​ស្លាប់​ដោយសារ​មាន​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​ជាតិ​អាសេនិក​នេះ​ដែរ បាន​អធិប្បាយ​ឲ្យ​ដឹង​ពី​ឥទ្ធិពល​នៃ​ជាតិ​អាសេនិក​ដែល​កំពុង​មាន​នៅ​លើ​ខ្លួន​លោក​ស្រី​ដែរ​ថា ៖ «ជាតិ​នេះ​ដូច​ជាតិ​ច្រែស​កាន់​ក្រហម។ ធុង ផ្តិល​អ៊ីចឹង ដាក់​ទៅ​កាន់​ក្រហម​តែម្ដង ដុះ​អត់​ជ្រះ​ទេ ហើយ​ស៊ី ផ្តិល​ខ្លះ​ស៊ី​ដុំ​ៗ​តែម្ដង ដូច​ច្រែស​អ៊ីចឹង!»

មេ​ឃុំ​កំពង់កុង លោក ហ៊ីង ហៀង បាន​ឲ្យ​ដឹង​ថា លោក​កំពុង​មាន​កង្វល់​ពី​បញ្ហា​អាសេនិក​នេះ​ដែរ ដែល​ពុំ​ទាន់​មាន​វិធី​ព្យាបាល​ណា​មួយ​អាច​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​នៅ​ឡើយ។

សព្វ​ថ្ងៃ​អ្នក​ស្រុក​បាន​ឈប់​បរិភោគ​ទឹក​អណ្ដូង​ទាំង​នោះ​ទៀត​ហើយ ប៉ុន្តែ​នៅ​មាន​គ្រួសារ​ខ្លះ​នៅ​ប្រើប្រាស់​ទឹក​អណ្ដូង​សម្រាប់​តែ​បោក​គក់​ខោ​អាវ និង​ការ​ចិញ្ចឹម​សត្វ ដោយសារ​នៅ​តំបន់​នោះ​ខ្វះ​ទឹក​ប្រើប្រាស់ និង​ខ្វះ​ថវិកា​ក្នុង​ការ​ទិញ​ទឹក​ដែល​គេ​បូម​ធ្វើ​អាជីវកម្ម​ពី​ទន្លេ​មេគង្គ មក​លក់​ក្នុង​មួយ​ម៉ែត្រ​គូប តម្លៃ ៣០០​រៀល។

តែ​ទោះ​ជា​យ៉ាង​ណា ប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ស្អាត​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក​វេជ្ជបណ្ឌិត ម៉ៅ សារាយ បាន​អះអាង​ថា កម្ពុជា​ពុំ​ទាន់​មាន​ការ​ពិសោធ​ណា​មួយ​ច្បាស់​លាស់​ថា មាន​អ្នក​ស្លាប់​ដែល​បង្ក​ឡើង​ដោយ​ជាតិ​អាសេនិក​នោះ​ទេ ប៉ុន្តែ​គេ​ទទួល​ស្គាល់​ថា តំបន់​ដែល​ពលរដ្ឋ​រង​គ្រោះ​នោះ​គេ​បាន​ពិសោធ​ឃើញ​ថា មាន​ជាតិ​អាសេនិក​ក្នុង​កម្រិត​ខ្ពស់​នៅ​ក្នុង​ទឹក​អណ្ដូង​ដែល​ពួក​គេ​បាន​ប្រើប្រាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ គឺ​នៅ​មុន​ការ​ពិសោធ​ឃើញ​ទៅ​ទៀត។

វេជ្ជបណ្ឌិត ម៉ៅ សារាយ មាន​ប្រសាសន៍​ទៀត​ថា បញ្ហា​នេះ​រដ្ឋាភិបាល​កំពុង​មាន​ក្ដី​កង្វល់ និង​មាន​វិធានការ​មួយ​ចំនួន​ក្នុង​ការ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​រីក​រាល​ដាល តាមរយៈ​កម្មវិធី​បន្សុទ្ធ​ទឹក​អណ្ដូង​កុំ​ឲ្យ​មាន​ជាតិ​អាសេនិក និង​ពង្រីក​ប្រព័ន្ធ​ចែក​ចាយ​ទឹក​ស្អាត​នៅ​តាម​ជនបទ ជា​ពិសេស​តំបន់​ដែល​កំពុង​មាន​ជាតិ​អាសេនិក​ខ្ពស់។

លោក​បន្ត​ថា ចំពោះ​អ្នក​ដែល​កើត​ជំងឺ​នោះ​ហើយ ក្រសួង​សុខាភិបាល​មាន​កម្មវិធី​ចុះ​ថែ​ទាំ​ព្យាបាល ដោយ​ផ្ដល់​ថ្នាំ​រក្សា​សុខភាព ដើម្បី​កុំ​ឲ្យ​ជំងឺ​នោះ​វិវត្តន៍​ទៅ​រក​ភាព​ធ្ងន់ធ្ងរ។

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា តំបន់​ខ្លះ​នៅ​ក្នុង​ខេត្ត​ចំនួន ៧ តាម​ដង​ទន្លេ​មេគង្គ ទន្លេ​បាសាក់ និង​តាម​ស្ទឹង​ខ្លះ រួម​មាន​ជាយ​ក្រុង​ភ្នំពេញ ខេត្ត​កណ្ដាល, កំពង់ស្ពឺ, កំពង់ចាម, ក្រចេះ, កំពង់ធំ និង​ខេត្ត​ព្រៃវែង កំពុង​មាន​ជាតិ​អាសេនិក​នៅ​តាម​ទឹក​អណ្ដូង និង​ប្រជា​ពលរដ្ឋ​ខ្លះ​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​ការ​ប្រើប្រាស់​ទឹក​ដែល​មាន​ជាតិ​អាសេនិក​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល