សមាជិកសភាតំណាងរាស្រ្តគណបក្សសមរង្ស៊ីនៃប្រទេសកម្ពុជា បានទាមទារឲ្យរដ្ឋាភិបាលខ្មែរដាក់ពាក្យបណ្ដឹងជាបន្ទាន់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) ដើម្បីធានានូវបូរណភាពទឹកដីខ្មែរ ។
ការទាមទារនេះធ្វើឡើងនៅក្រោយពីមានការអះអាងរបស់នាយករដ្ឋមន្ត្រីថៃ លោក សាម៉ាក់ ស៊ុនថរៈវេដ ថា ទឹកដីត្រង់តំបន់វត្តកែវសិក្ខាគិរីស្វរៈ ឬវត្តប្រាសាទព្រះវិហារ គឺជាទឹកដីថៃ មិនមែនជាទឹកដីកម្ពុជានោះឡើយ ។
នៅថ្ងៃ១៩ កក្កដា នោះដែរទាំងប្រទេសកម្ពុជានិងថៃ បានបង្កើនកម្លាំងទ័ពនិងមានការប្រឈមមុខដោយអាវុធធុនធ្ងន់ផងនៅតំបន់មានជម្លោះនោះ ទោះបីមានការប្រកាសពីដំណើរការចរចារវាងរដ្ឋមន្រ្តីការពារប្រទេសខ្មែរ គឺលោក ទៀ បាញ់ និងអគ្គមេបញ្ជាការកងទ័ពថៃ នៅថ្ងៃទី ២១ ខែកក្កដា ២០០៨ នោះក៏ដោយ។
នៅថ្ងៃដដែលនោះដែរមានព័ត៌មានស្តីពីប្រទេសកម្ពុជាបានដាក់សំណើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីកោះប្រជុំអំពីបញ្ហាជម្លោះព្រំដែននេះ។
អតីតព្រះមហាក្សត្រខ្មែរដែលឈ្នះក្តីលើប្រទេសថៃ និងបានបង្ខំឲ្យរដ្ឋាភិបាលក្រុងបាងកក ប្រគល់ប្រាសាទព្រះវិហារមកខ្មែរវិញកាលពីឆ្នាំ១៩៦២ បានមានបន្ទូលប្រាប់មន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំងថា ប្រាសាទព្រះវិហារគឺជាប្រាសាទខ្មែរដែលប្រទេសថៃតែងតែប្រាថ្នាចង់បាន។
មន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំង លោក អ៊ុំ តារាវុធ បានមានប្រសាសន៍រំឭកបន្ទូលអតីតព្រះមហាក្សត្រយ៉ាងនេះថា ៖ «[ព្រះមហាវីរក្សត្រ]លោកមានព្រះរាជតម្រិះមួយ គឺលោកថា រឿងនេះមិនអាចចប់អ៊ីចឹងទេ វាត្រូវតែមានការបន្ត ព្រោះភាគីថៃតែងតែលួចគយគន់មកលើប្រទេសកម្ពុជាយើង កុំថាឡើយត្រឹមប្រាង្គប្រាសាទព្រះវិហារ សូម្បីតែខេត្តដែលព្រះមហាវីរក្សត្រលោកទាមទារបានក្នុងឆ្នាំ១៩៤៧ ក៏ព្រះរាជាណាចក្រថៃ…»។
ចូលដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៨ មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋាភិបាលកម្ពុជា មិនបានសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិ (អ.ស.ប.) ឬភាគីទី៣ណាក្នុងករណីទាហានថៃ កំពុងតែឈរជើងនៅក្នុងដែនដីរបស់កម្ពុជានោះទេ។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ដូច្នេះ ៖ «មិនដូចអ្វីដែលកាសែតនៅខាងក្រៅ ដែលបាននិយាយថា កម្ពុជាសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិ។ ព្រោះកន្លងមកនេះ យើងគ្រាន់តែឲ្យស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ធ្វើលិខិតដើម្បីជម្រាបជូនអំពីសភាពការណ៍នេះទៅប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បីជម្រាបជូនអំពីសភាពការណ៍និងមូលហេតុនៃទំនាស់រវាងកម្ពុជានិងថៃ លើបញ្ហាតំបន់ជិតព្រំដែនព្រះវិហារនេះ ប៉ុន្តែគ្រាន់តែជូនដំណឹង និងសុំឲ្យផ្ញើលិខិតនេះ ចែកលិខិតផ្លូវការជូនសមាជិកតែប៉ុណ្ណឹងទេ គឺមិនបានសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិទេ»។
នៅថ្ងៃទី២១ ខែកក្កដា រដ្ឋមន្រ្តីការពារប្រទេសខ្មែរលោក ទៀ បាញ់ និងអគ្គមេបញ្ជាការកងទ័ពថៃ លោក ប៊ុនស្រាង នីបប្រាឌីត បានបើកកិច្ចចរចាគ្នានៅស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែលពុំបានទទួលលទ្ធផលអ្វីឡើយ ក្រៅពីការឯកភាពមិនវាយប្រយុទ្ធគ្នាប៉ុណ្ណោះ។
នៅថ្ងៃដដែលនេះដែរ ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានអំពាវនាវឲ្យភាគីខ្មែរនិងថៃ មានការអត់ធ្មត់ឲ្យបានអតិបរមាចំពោះបញ្ហាប្រឈមមុខដាក់គ្នាផ្នែកយោធានៅតំបន់ប្រាសាទព្រះវិហារ។
ប្រធានសមាគមអាស៊ាន លោក George Yeo ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី បានសម្ដែងសេចក្ដីបារម្ភចំពោះការប្រឈមមុខផ្នែកយោធានោះ ហើយក៏បានអំពាវនាវឲ្យភាគីទាំងសងខាងដោះស្រាយបញ្ហាដោយមិត្តភាពក្នុងស្មារតីសាមគ្គីភាពអាស៊ាន និងភាពជាអ្នកជិតខាងល្អនឹងគ្នា។
នៅថ្ងៃទី២២ កក្កដា ប្រទេសថៃ បានបដិសេធការចូលរួមជួយដោះស្រាយជម្លោះពីបណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដើម្បីដោះស្រាយជម្លោះព្រំដែននោះ។
ការប្រកាសរបស់ប្រទេសថៃនោះ គឺស្របពេលដែលមានការបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅប្រទេសសិង្ហបុរី។
អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) លោក បាន គីមូន បានអំពាវនាវដល់កម្ពុជានិងថៃ ឲ្យរក្សាភាពអត់ធ្មត់ និងសង្ឃឹមថា ការដោះស្រាយបញ្ហានៅតំបន់ប្រាសាទព្រះវិហារ នឹងធ្វើតាមការចរចាដោយសន្តិវិធី និងការទូត និងការបញ្ចៀសរាល់អំពើហិង្សា។
នៅថ្ងៃដដែលនោះ ស្ថានភាពប្រឈមមុខគ្នាដោយកម្លាំងយោធារវាងកម្ពុជានិងថៃ នៅតែមានសភាពគួរឲ្យកត់សម្គាល់ជាដដែល ក្រោយការចរចារវាងគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ មិនបានសម្រេច។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសកម្ពុជា លោក ទៀ បាញ់ បានមានប្រសាសន៍ថា ការចរចាបានជាប់គាំងនៅត្រង់ចំណុចមួយ ដែលថៃស្នើឲ្យសើរើខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃសាឡើងវិញ ប៉ុន្តែការសើរើនោះ មិនបានផ្អែកតាមសន្ធិសញ្ញាព្រំដែនខ្មែរសៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលអន្តរជាតិបានទទួលស្គាល់នោះឡើយ។
យោងតាមឯកសាររបស់ថៃ ការស្នើឲ្យសើរើព្រំដែនខ្មែរថៃ ប្រវែង៨០៥គីឡូម៉ែត្រតាមតែការចង់បានរបស់ថៃនោះនឹងអាចធ្វើឲ្យកម្ពុជា បាត់បង់ប្រាសាទព្រះវិហារដែលបានទាមទារពីថៃមកវិញតាមរយៈក្តីតុលាការអន្តរជាតិក្រុងឡាអេ នាឆ្នាំ១៩៦២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់ប្រទេសថៃថា បានបំពានដោយខុសច្បាប់ ក្នុងការបញ្ជូនទ័ពមកកាន់ទឹកដីដែលមានជម្លោះនៅក្នុងតំបន់ប្រាសាទព្រះវិហារ។ នៅក្នុងលិខិតមួយច្បាប់ដែលបានផ្ញើទៅឲ្យអង្គការយូណេស្កូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ការបញ្ជូនទ័ពនោះ គឺជាការគំរាមកំហែងចំពោះសន្តិភាពក្នុងតំបន់ ។ ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលបានជូនដំណឹងដល់ប្រជាជនខ្មែរទូទាំងប្រទេសឲ្យដឹងថា ប្រទេសថៃកំពុងតែធ្វើការឈ្លានពានលើអធិបតេយ្យជាតិខ្មែរហើយ៕