អបិយ​ជំនឿ​របស់​ពលរដ្ឋ​លើ​ឧបទ្ទវហេតុ​ស្លាប់​មនុស្ស​នៅ​ស្ពាន​កោះ​ពេជ្រ

បន្ទាប់​ពី​ប្រទេស​កម្ពុជា បាន​ជួប​ឧបទ្ទវហេតុ​ស្លាប់​មនុស្ស​ជាង ៣៤០​នាក់ និង​របួស​ជិត ៤០០​នាក់ កាល​ពី​រាត្រី​ថ្ងៃ​​ទី​​២២ ខែ​វិច្ឆិកា នៅ​ស្ពាន​កោះ​ពេជ្រ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង រាជ​ធានី​ នៅ​ទូទាំង​​​ប្រទេស បាន​ធ្វើ​ពិធី​បួងសួង​ទៅ​តាម​ជំនឿ​រៀងៗ​ខ្លួន ដើម្បី​សុំ​សេចក្ដី​សុខ​សប្បាយ និង​ឧទ្ទិស​កុសល​ដល់​​វិញ្ញាណក្ខន្ធ​​​អ្នក​ស្លាប់។
ដោយ ដែន អយុធ្យា
2010-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មិន​ថា តែ​ប្រជាពលរដ្ឋ​រស់​នៅ​ទីក្រុង​ភ្នំពេញ​នោះ​ទេ ដែល​បាន​អុជ​ធូប​បន់ស្រន់ ឬ​សែនព្រេន​នំ​ចំណី ឧទ្ទិស​កុសល​​ជូន​ដល់​អ្នក​​​​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​លើ​ស្ពាន​កោះ​ពេជ្រ​នោះ សូម្បី​ពលរដ្ឋ​រស់​​នៅ​តាម​បណ្តា​ខេត្ត ក្រុង​ដទៃ​ទៀត ក៏​បាន​ធ្វើ​ពិធី​បន់​ស្រន់​ដូច​គ្នា​ដែរ ទៅ​តាម​ជំនឿ​របស់​ពួកគេ។

ស្ត្រី​វ័យ​ជាង ៦០​ឆ្នាំ ឈ្មោះ រួស ចៅ រស់​នៅ​ឃុំ​ក្រួស ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា មួយ​ថ្ងៃ​​បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​ស្លាប់​មនុស្ស​នៅ​ស្ពាន​កោះ​ពេជ្រ កាល​ពី​រាត្រី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​មក ពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ ក្រៅ​ពី​បាន​​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​បង្សុកូល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់។ លើស​ពី​នេះ ពលរដ្ឋ​ក៏​បាន​​បួងសួង​ទៅ​តាម​ជំនឿ​ផ្សេងៗ មាន​ដូច​ជា​ការ​គោះ​ត្រដោក ទូង​ស្គរ អុជ​ធូប​បន់ស្រន់ ដើម្បី​សុំ​សេចក្ដី​សុខ ព្រោះ​បារម្ភ​ខ្លាច​គ្រោះ​ចង្រៃ ឬ​មាន​ព្រាយ​​​​​​​​បិសាច​មក​រំខាន​ការ​រស់​នៅ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ឲ្យ​ដឹង​ថា នៅ​ពេល​រាត្រី​ចូល​មក​ដល់ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​ស្វាយជ្រំ បាន​នាំ​គ្នា​គោះ​ត្រដោក អុជ​ធូប ​ទៀន បួង​សួង​សុំ​សេចក្ដី​សុខ​ជាប់ៗ​គ្នា​ចំនួន ៣​យប់ និង​គ្រោង​ធ្វើ​ពិធី​នេះ​រយៈ​ពេល ១​សប្ដាហ៍។

កាល​ពី​រាត្រី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ស្ត្រី​វ័យ​ចំណាស់​ឲ្យ​ដឹង​ដូច្នេះ ៖ «សូម​ឲ្យ​បាន​សេចក្ដី​សុខ​ចម្រើន កុំ​ឲ្យ​មាន​គ្រោះ​ភ័យ សត្រូវ ឲ្យ​កូន​​​​ចៅ​ខ្ញុំ គ្រួសារ​ខ្ញុំ​សុខ​ទាំង​អស់ ដូច​សុំ​សែន​ព្រេន​ហ្នឹង»

បុរស​ម្នាក់​ទៀត​ឈ្មោះ កូវ គឹមហេង បាន​ឲ្យ​ដឹង​ពី​មូលហេតុ​នៃ​ការ​បួងសួង​ទៅ​តាម​ជំនឿ​អ្នក​ភូមិ​រស់​នៅ​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​ដូច្នេះ ៖ «អ្នក​ខ្លះ​គេ​គោះ​ត្រដោក ត្រដោក​ឫស្សី​យើង​ហ្នឹង។ គោះ​ហ្នឹង​កុំ​ឲ្យ​មាន​ខ្មោច​ហ្វូង​ហ្នឹង​មក​ទាមទារ​យក​អាយុ​ជីវិត​សង្ខារ​គេ មាន​ពាក្យ​ចចាមអារ៉ាម​ឮ​តៗ​គ្នា​មក»

ប្រហាក់ប្រហែល​ការ​អះអាង​ខាង​លើ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ចាស់​ព្រឹទ្ធាចារ្យ​រស់​នៅ​ភូមិ​ពោធិ​ជ្រៃ ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង ក៏​​បាន​លើក​ឡើង​ពី​ការ​សែនព្រេន​តាម​ជំនឿ​អ្នក​ស្រុក មាន​ពលរដ្ឋ​ខ្លះ​បាន​ជឿ​ទៅ​តាម​ពាក្យ​ចចាមអារ៉ាម​​ថា ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​​​គេ​មិន​មាន​រាសី​ល្អ តម្រូវ​ឲ្យ​ពួកគេ ​ដើរ​សុំ​ទាន​ជា​លុយ ឬ​សុំ​អង្ករ​ពី​មនុស្ស​នៅ​តាម​ទី​សាធារណៈ​ជាដើម ដើម្បី​សុំ​សេចក្ដី​សុខ​​សប្បាយ។

គណៈកម្មការ​អាចារ្យ​វត្ត​ពោធិវង្ស លោក​ព្រឹទ្ធាចារ្យ កៀន លៀង មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​ថា ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ពោធិវង្ស ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ព្រៃវែង ក្រៅ​ពី​បាន​អុជ​ធូប​សែនព្រេន​នំ​ចំណី​នៅ​ពេល​រាត្រី ព្រមទាំង​បាន​បួងសួង​សុំ​ឲ្យ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ស្ពាន​កោះ​ពេជ្រ​បាន​ទៅ​ចាប់​កំណើត​ថ្មី។ បន្ថែម​លើស​នេះ ពល​រដ្ឋ​ក៏​បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​បង្សុកូល និង​ប្រោះព្រំ​ទឹក​មន្ត​តាម​ផ្ទះ​នីមួយៗ ដើម្បី​បណ្ដេញ​គ្រោះ​ចង្រៃ​​​ផង​ដែរ។

លោក​​ថា នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៦ ខែ​វិច្ឆិកា​នេះ ព្រះសង្ឃ​ចំនួន ៦​អង្គ ត្រូវ​បាន​ប្រជាពលរដ្ឋ​និមន្ត​ឲ្យ​ប្រោះព្រំ​ទឹក​មន្ត​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​នីមួយៗ ដើម្បី​បណ្ដេញ​ព្រាយ​បិសាច​ដែល​ពលរដ្ឋ​និយាយ​តៗ​គ្នា​ថា បាន​ចុះ​មក​យក​ព្រលឹង​ពលរដ្ឋ​បន្ថែម​ទៀត ៖ «ខ្ញុំ​បាន​និមន្ត​ព្រះសង្ឃ​សូត្រ​រលាស់​គ្រប់​ខ្នង​ផ្ទះ​ទាំង​អស់ ដើម្បី​រំដោះ​គ្រោះ​នៅ​ក្នុង​ចំណុះ​ជើង​វត្ត​ហ្នឹង»

ព្រះ​​សង្ឃ​ព្រះនាម អង្គ ភាព គង់​នៅ​វត្ត​ទួល​សន្តិវ័ន្ត ហៅ​វត្ត ទួល​អស់​លោក ស្ថិត​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ មាន​ថេរ​ដីកា​ថា ពុទ្ធ​បរិស័ទ​ទូទៅ​ពុំ​គួរ​មាន​អបិយ​ជំនឿ​ជ្រុល​ហួស​ហេតុ​នោះ​ទេ ជំនឿ​ណា​គួរ​ជឿ​ចាំ​ជឿ។ ព្រះ​អង្គ​បាន​ស្នើ​ដល់​ពុទ្ធ​បរិស័ទ​សូម​កុំ​ជឿ​ទៅ​លើ​ពាក្យ​ចចាមអារ៉ាម ឬ​ជំនឿ​ទាំង​ឡាយ​ណា​ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ច្របូក​​​​ច្របល់​ក្នុង​សង្គម។

ព្រះអង្គ​បន្ត​ថា បន្ទាប់​ពី​កើត​មាន​ព្រឹត្តិការណ៍​ស្លាប់​មនុស្ស​នោះ ស្ពាន​កោះ​ពេជ្រ មាន​ពុទ្ធ​បរិស័ទ​យ៉ាង​ហោច​ណាស់​ក៏​ជិត ១​ពាន់​នាក់​ដែរ បាន​ទៅ​សុំ​ឲ្យ​ព្រះអង្គ​ស្រោច​ទឹក​ប្រោះ​ព្រំ​សុំ​សេចក្ដី​សុខ​សប្បាយ ដែល​ភាគ​ច្រើន​នៃ​ពលរដ្ឋ​ទាំង​នោះ មាន​ការ​ភ័យ​​​ខ្លាច​ មាន​ទឹក​មុខ​ស្លេកស្លាំង ឬ​ខ្លាច​ផ្ទះ​ខ្លួន​ឯង មិន​ហ៊ាន​រស់​នៅ​ជាដើម។

ព្រះ​តេជគុណ​ព្រះនាម អង្គ ភាព មាន​ថេរ​ដីកា​បន្ថែម ៖ «ពាក្យ​ចចាមអារ៉ាម​ទាក់ទង​រឿង​ខែ​ឆ្នាំ​ដែល​គេ​ផ្អើល​ថ្ងៃ​ទី​១​នោះ គឺ​គេ​ឲ្យ​ធ្វើ​អង្ករ​ដាក់​អំបិល ទិញ​ចេក​ទិញ​អី​ហ្នឹង វា​ជា​ចំណុច​មួយ​គួរ​សម សម​ទៅ​តាម​វិញ្ញាណ​អ្នក​ស្លាប់។ ប៉ុន្តែ​ចំពោះ​ហេតុការណ៍​ទី​២​ថា ប៉ះ​អ្នក​​កើត​ឆ្នាំ​ជូន ឆ្នាំ​វក ឆ្នាំ​ខាល ឲ្យ​ទិញ​ម្រះ​​ញាត់​ដាក់​សាច់​ជ្រូក មាន ដុំ​ឈាម​ជ្រូក​អី​ហ្នឹង គឺ​មិន​ជាក់​ស្តែង​ទេ ជា​គ្រាន់​តែ​​ជា​ការ​​និយាយ​តៗ​គ្នា​តែ​មនុស្ស​យើង​ដែល​មាន​ការ​ភិតភ័យ​ផង​ចេះ​តែ​រួម​ផ្សំ​គ្នា​ទៅ»

ព្រះ​​តេជគុណ​ព្រះនាម អង្គ ភាព មាន​ថេរ​ដីកា​បន្ថែម​ទៀត​​ថា ព្រះអង្គ​មិន​ហាម​ឃាត់​ពុទ្ធ​បរិស័ទ​ក្នុង​ការ​ជឿ​ជំនឿ​ផ្សេងៗ​នោះ​ទេ ប៉ុន្តែ​​​សូម​ឲ្យ​ការ​ជឿ​ជំនឿ​នោះ​មាន​មូលដ្ឋាន​ពិត​ប្រាកដ​ផង​ដែរ។

មន្ត្រី​រដ្ឋាភិបាល​បាន​ចេញ​របាយការណ៍​ផ្លូវការ​លើក​ដំបូង​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា លើ​ករណី​ឧបទ្ទវហេតុ​ស្ពាន​កោះ​ពេជ្រ បាន​ឲ្យ​ដឹង​ថា នៅ​ខេត្ត​ព្រៃវែង មាន​ប្រជាពលរដ្ឋ​ចំនួន ៣៧​​​នាក់ បាន​ស្លាប់ និង​ខេត្ត​ស្វាយ​​​រៀង មាន​ប្រជាពលរដ្ឋ​ចំនួន ២៦​​​​នាក់​បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​កាល​ពី​រាត្រី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា។

ទាក់ទង​ឧបទ្ទវហេតុ​នេះ​ដែរ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខណ្ឌ​ទាំង​៨ ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​ពលរដ្ឋ​មាន​លំនៅឋាន​​ជាយ​ក្រុង នៅ​ពេល​​​​​រាត្រី​​ចូល​មក​ដល់​បាន​រៀបចំ​នំ​ចំណី​ម្ហូប​អាហារ ឬ​ផ្លែ​ឈើ អុជ​ធូប​ទៀន​ដាក់​នៅ​ពី​មុខ​ផ្ទះ​ធ្វើ​ការ​បន់​ស្រន់​​បញ្ជូន​កុសល​​​​​​​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ក៏​ដូច​ជា​សុំ​សេចក្តី​សុខ​រៀងៗ​ខ្លួន។

ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ការ​សែន​ព្រេន​នេះ​សម្រាប់​ជូន​ដំណើរ​ដល់​ព្រលឹង​សាកសព​ដែល​បាន​ស្លាប់​នៅ​ស្ពាន​កោះ​ពេជ្រ​កុំ​ឲ្យ​វិលវល់ ឬ​មាន​ការ​ស្រេកឃ្លាន ក្រៅ​ពី​នេះ​ក៏​ដើម្បី​​សុំ​សេចក្ដី​សុខ​ពី​ព្រលឹង​សព​ទាំង​នោះ ឲ្យ​ជៀស​​ផុត​ពី​ឧបទ្រព​ចង្រៃ​ផង​ដែរ។ 

ពលរដ្ឋ​នៅ​ភ្នំពេញ មាន​ប្រសាសន៍​ដូច្នេះ ៖ «ឧទ្ទិស​កុសល​ទៅ​ឲ្យ​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅ​ឧបទ្ទវហេតុ​លើ​ស្ពាន​ពេជ្រ គេ​ហៅ​ស្ពាន​កោះ​ពេជ្រៗ នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក មាន​សែន​បាយ​សម្ល​ឲ្យ​មាន​ផ្លែ​ឈើ​នំ​ចំណី​ផ្សេងៗ ឧទ្ទិស​ទៅ​ឲ្យ​អ្នក​ស្លាប់។ ថ្ងៃ​ដំបូង​គេ​ដាក់​ចេក ដាក់​អំបិល ដាក់​អង្ករ​នៅ​មុខ​ផ្ទះ សែន​ផ្លែ​ឈើ​ជាដើម។ ផ្ទះ​ខ្លះ​គេ​សែន​បាយ​សម្លៗ​អ៊ីចឹង​ទៅ។ ថ្ងៃ​នេះ​ដើរ​សុំ​អង្ករ​យក​ទៅ​ដាក់​នៅ​ផ្លូវ​បំបែក ដើម្បី​បញ្ចៀស ឮ​ពាក្យ​ចចាមអារ៉ាម​ត​គ្នា​តែ​មិន​ដឹង​ស្អី​មក​យក​ទេ»

របាយការណ៍​ឲ្យ​ដឹង​ថា ក្នុង​ឧបទ្ទវហេតុ​ស្លាប់​មនុស្ស​នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​រាត្រី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា មាន​ប្រជាពលរដ្ឋ​ភ្នំពេញ​ស្លាប់​ចំនួន ៦៦​នាក់។

បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​ស្លាប់​មនុស្ស​នៅ​ស្ពាន​កោះ​ពេជ្រ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​រួច​មក គឺ​បាន​លេច​ឮ​នូវ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​កើត​ចេញ​ពី​ឧបទ្ទវហេតុ​នេះ។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ត្រឹមតែ​​​រយៈពេល​២ ទៅ ៣​ម៉ោង​ប៉ុណ្ណោះ​ ផ្លែ​ចេក​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទិញ​អស់​​​ទីផ្សារ​នានា​ក្នុង​រាជធានី​​ភ្នំពេញ ដោយសារ​តែ​​តម្រូវការ​ខ្ពស់​​ តម្លៃ​ផ្លែ​ចេក​បាន​ឡើង​ថ្លៃ​យ៉ាង​ខ្ពស់ គឺ​​ក្នុង​១​សិន្ទ​ពី​មុន​មាន​តម្លៃ ១.៥០០​រៀល បាន​ឡើង​ថ្លៃ​រហូត​ដល់​ជិត ៤​ម៉ឺន​រៀល៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល