កាលប្បវត្តិ​នៃ​ជម្លោះ​ព្រំដែន​ខ្មែរ​-ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ (ភាគ​១)

អស់​លោក​អ្នក​នាង​ជា​ទី​មេត្រី! ការ​វាយ​ប្រយុទ្ធ​គ្នា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០០៨ កន្លង​ទៅ​រវាង​កង​ទ័ព​កម្ពុជា​និង​ថៃ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ទាំង​កម្ពុជា និង​ថៃ បាន​ស្លាប់​និង​របួស ដែល​នេះ​គឺ​ជា​លទ្ធផល​នៃ​ជម្លោះ​ព្រំដែន​ជា​ប្រវត្តិសាស្ត្រ​មួយ​រវាង​ប្រទេស​ទាំង​ពីរ។
ដោយ ផាន សូផាត
2008.10.30
ទាហានខ្មែរថៃ ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។ គណៈប្រតិភូ​ខ្មែរ​គ្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ នា​ថ្ងៃ​២១ កក្កដា​ ដើម្បី​ជួប​ចរចា​ជាមួយ​ថៃ ជុំវិញ​បញ្ហា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ។
RFA Photo/Savyouth

ជា​បន្ត​ទៅ​នេះ វិទ្យុ​អាស៊ីសេរី​សូម​លើក​យក​ដំណើរ​រឿង​ត្រួសៗ​នៃ​ជម្លោះ​ចុង​ក្រោយ​បំផុត​នេះ ដែល​បាន​ចាប់​ផ្តើម​ឡើង​នៅ​លើ​ទឹក​ដី​នៃ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​មាន​ទី​តាំង​នៅ​ភូមិ​ស្វាយជ្រុំ  ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត នៅ​លើ​ជួរ​ភ្នំ​ដងរែក​ជាប់​ព្រំ​ប្រទល់​ប្រទេស​ថៃ ក្នុង​ស្រុក​ខាន់ថារ៉ាឡាក់ ខេត្ត​ស៊ីសាកេត។

ជម្លោះ​នោះ​កើត​ឡើង​នៅ​ពេល​ដែល​ប្រទេស​ថៃ បាន​ប្រកាស​ថា ទឹក​ដី​នៃ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ដែល​មាន​ទំហំ​ប្រមាណ ៤,៦​គីឡូម៉ែត្រ​ក្រឡា​នោះ នៅ​មិន​ទាន់​មាន​ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ទោះបីជា​មាន​ការ​សម្រេច​ដោយ​តុលាការ​យុត្តិធម៌​ទីក្រុង​ឡាអេ ប្រទេស​ហុល្លង់ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ ថា តំបន់​ប្រាសាទ​ព្រះវិហារ​ជា​អធិបតេយ្យ​របស់​ខ្មែរ​នោះ​ក៏ដោយ។ មិន​​តែ​ប៉ុណ្ណោះ​ទេ ឥឡូវ​នេះ​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បាន​រីក​រាល​ដាល​ម្តង​បន្តិចៗ ចាប់​តាំ​ពី​មាន​ការ​ចោទ​ប្រកាន់​ថា កង​ទ័ព​ថៃ​បាន​ចូល​កាន់​កាប់​ប្រាសាទ​និង​តំបន់​នានា ដូច​ជា​ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាមាន់​តូច និង​ប្រាសាទ​តា​ក្របី ដែល​ស្ថិត​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ខេត្ត​ឧត្តរមានជ័យ​របស់​ខ្មែរ និង​ខេត្ត​សុរិន្ទ​របស់​ថៃ។

ជាមួយ​គ្នា​នេះ​ដែរ តាម​អ្នក​ប្រវត្តិសាស្ត្រ និង​បុរាណ​វិទូ ទាំង​ខ្មែរ​និង​បរទេស​បាន​និយាយ​ថា ជម្លោះ​នេះ​អាច​នឹង​រាល​ដាល​ថែម​ទៀត​រហូត​ដល់​ប្រជុំ​ប្រាសាទ​តាម​ព្រំដែន​ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ និង​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ របស់​ថៃ គឺ​មាន​ប្រសាទ​ស្តុកកក់ធំ និង​ប្រាសាទ​ភ្នំលួញ​ជាដើម។

ដូច្នេះ​ជា​បន្ត​ទៅ​នេះ គឺ​ជា​ព្រឹត្តិការណ៍​សំខាន់ៗ នៃ​ដំណើរ​រឿង​ត្រួសៗ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០០៨ នេះ ដែល​នាំ​ឲ្យ​មាន​ជម្លោះ​រហូត​ដល់​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​បង្ហូ​ឈាម​រវាង​ខ្មែរ​និង​ថៃ អំពី​បញ្ហា​ព្រំដែន​នេះ ៖

ខែ​មករា ឆ្នាំ​២០០៨ ៖

នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០០៨ នៅ​ទីក្រុង​ភ្នំពេញ​មាន​ការ​ប្រារឰ​អង្គ​ប្រជុំ​របស់ គណៈ​កម្មាធិការ​ជាន់​ខ្ពស់ សម្រាប់​ការ​តាម​ដាន​សំណុំ​ឯកសារ នៃ​ការ​សុំ​ចុះ​ឈ្មោះ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ជា​ផ្លូវការ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ។ គណៈ​កម្មាធិការ​នេះ​មាន​លោក សុខ អាន ឧប​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដី​ការ​គណៈ​រដ្ឋមន្ដ្រី និង​លោក​ឧប​នាយក​រដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស និង​ទំនាក់​ទំនង​អន្ដរជាតិ ជា​សហ​ប្រធាន និង​មាន​សមាជិក​ដែល​ជា​សមាជិក​នៃ​គណៈ​ប្រតិភូ​តំណាង​ព្រះរាជាណាចក្រ​កម្ពុជា ចូល​រួម​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣១ របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​ទីក្រុង Christchurch ប្រទេស​ញូវហ្សេឡែន ពី​ថ្ងៃ​ទី​២៣ មិថុនា ដល់​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០០៧។

នៅ​ថ្ងៃ​ទី​២៤ មករា ២០០៨  ក្រសួង​ការពារ​ជាតិ​ថៃ បាន​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ដោយ​មិន​មាន​ការ​ឯកភាព​ពី​ប្រទេស​ថៃ​នោះ។

តាម​សារព័ត៌មាន​ថៃ បាន​ដក​ស្រង់​សម្តី​របស់​មន្រ្តី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ថៃ លោក​ឧត្តមសេនីយ៍​ទោ ភិត សៈនុ ពុជឆាកាន បាន​ថ្លែង​អំពី​លទ្ធផល នៃ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​កាពារ​ជាតិ​ថៃ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍​ឯក ប៊ុនរ៉ត សុំថាត់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ថា ការ​ប៉ុនប៉ង​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​ដោយ​ឯកតោ​ភាគី​នោះ នឹង​ធ្វើ​ឲ្យ​ថៃ​ខូច​ប្រយោជន៍​នឹង​ទឹក​ដី​ជម្លោះ​ក្បែរ​ប្រាសាទ​នោះ។

​ខែ​មិនា ឆ្នាំ​២០០៨ ៖

រហូត​ដល់​ខែ​មិនា ឆ្នាំ​២០០៨ ប្រទេស​កម្ពុជា​បាន​ជូន​ដំណឹង​ដល់​ប្រទេស​ថៃ អំពី​គម្រោង​ការ​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។

នៅ​ថ្ងៃ​ទី​៣ ខែ​មិនា ២០០៨  ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោក​នាយក​រដ្ឋមន្រ្តី​ថៃ សាម៉ាក់ ស៊ុនថរ៉ៈវ៉េត បាន​ព្រម​ព្រៀង​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​កិច្ច សហ​ការ​គាំទ្រ​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។

ខែ​មេសា ឆ្នាំ​២០០៨ ៖

នៅ​ចុង​ខែ​មេសា ប្រទេស​កម្ពុជា បាន​ពិភាក្សា​ជាមួយ​ប្រទេស​ថៃ ចុង​ក្រោយ​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។ ប្រទេស​ថៃ បាន​ស្នើ​ថា គេ​យល់​ព្រម​ឲ្យ​មាន​ការ​ដាក់​តួ​ប្រាសាទ​ជា​បេតិកភណ្ឌ​ពិភពលោក ប៉ុន្តែ​ផ្ទៃ​ដី​ជុំវិញ​ប្រាសាទ​ត្រូវ​ស្ថិត​នៅ​ក្នុង​ការ​ដោះស្រាយ​គ្នា​បន្ត​ទៀត។

ខែ​ឧសភា  ឆ្នាំ​២០០៨ ៖

រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០០៨ នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា លោក សុខ អាន ឧប​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដី​ការ​គណៈ​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ប្រជុំ​ជាមួយ​លោក វីរ៉ាសាក់ ឌីហ្វូត្រាគុល លេខាធិការ​អចិន្ដ្រៃយ៍​នៃ​ក្រសួង​ការបរទេស នៃ​ព្រះរាជាណាចក្រ​ថៃ នៅ​រាជធានី​ភ្នំពេញ។

ភាគី​ទាំង​ពីរ​បាន​ឯកភាព​អនុវត្ដ​សេចក្ដី​សម្រេច​របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣១ ដើម្បី​សម្រេច​ឱ្យ​បាន​ការ​ចុះ​បញ្ជី​ជា​ផ្លូវការ​របស់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ជា​ទី​សក្ការៈ​របស់​កម្ពុជា ដោយ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ​យូណេស្កូ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​សម័យ​ប្រជុំ​លើក​ទី​៣២ នា​ខែ​កក្កដា ឆ្នាំ​២០០៨។

ព្រះរាជាណាចក្រ​កម្ពុជា បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ចុះ​បញ្ជី​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ ជា​ទី​សក្ការៈ​ពុំ​មាន​ផល​ប៉ះ​ពាល់​ដល់​កិច្ចការ​ព្រំ​ខ័ណ្ឌ​សីមា​របស់​គណៈ​កម្មការ​ចម្រុះ​ព្រំដែន​ដី​គោក កម្ពុជា-ថៃ នោះ​ទេ រី​ឯ​ការ​កំណត់​តំបន់​ដែល​មាន​នៅ​ក្នុង​ឯកសារ​ដែល​កម្ពុជា​បាន​ដាក់​ជូន​ទៅ​អង្គការ​យូណេស្កូ ពុំ​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ខ្សែ​ព្រំដែន​នោះ​ឡើយ។

នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា  មាន​កិច្ច​ប្រជុំ​មួយ​រវាង​លោក សុខ អាន ឧប​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដី​ការ​គណៈ​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក នុបប៉ាឌន ផាតាម៉ា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ថៃ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ពិភាក្សា​ពី​ការ​ដាក់​បញ្ជូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ កិច្ច​ប្រជុំ​នោះ​មាន​ការ​ចូល​រួម​ពី​មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គការ​យូណេស្កូ​ផងដែរ។

ក្នុង​កិច្ច​ប្រជុំ​នោះ ប្រទេស​ថៃ បាន​គាំទ្រ​ការ​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​ស្នើ​ឡើង​ដោយ​កម្ពុជា។ ភាគី​កម្ពុជា​បាន​ព្រម​ទទួល​យក​ការ​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដោយ​ពុំ​មាន​តំបន់​ទ្រនាប់​នៅ​ផ្នែក​ខាង​ជើង និង​ខាង​លិច​នៃ​ប្រាសាទ​ទេ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។