ផល​ប៉ះពាល់​នៃ​ការ​ដំឡើង​តម្លៃ​អគ្គិសនី

តម្លៃ​អគ្គិសនី​នឹង​បន្ត​ឡើង​ថ្លៃ​ទៀត​ហើយ​ចាប់​ពី​ខែ​ក្រោយ​នេះ នៅ​គ្រា​ដែល​តម្លៃ​ទំនិញ​សព្វ​សារពើ ដូច​ជា​ម្ហូប​អាហារ​និង​សាំង​កំពុង​តែ​ឡើង​ថ្លៃ​ស្រាប់​នោះ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល។
ដោយ គឹម ពៅ
2010.01.27

មនុស្ស​ជា​ច្រើន​ដូច​ជា​កសិករ គ្រូ​បង្រៀន និង​មន្ត្រី​រាជការ ដែល​កំពុង​តែ​មាន​ប្រាក់​បៀវត្សរ៍​ស្តួចស្តើង​ស្រាប់ បាន​ត្អូញ​ថា ការ​ឡើង​ថ្លៃ​នោះ​នឹង​នាំ​ឲ្យ​ជីវភាព​អ្នក​ក្រីក្រ​ជា​ច្រើន​នាក់​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​កាន់​តែ​ដុនដាប​ទៅ។

គ្រូ​បង្រៀន​នៅ​សាលា​បាក់ទូក​មាន​ប្រសាសន៍​ថា ប្រាក់​បៀវត្សរ៍​សព្វថ្ងៃ​ដែល​ជា​មធ្យម​ប្រហែល ៥០​ដុល្លារ​ក្នុង​មួយ​ខែ ទិញ​ម្ហូប​ស្ទើរតែ​មិន​គ្រប់​ផង ចុះ​ទម្រាំ​ភ្លើង​ឡើង​ថ្លៃ​ទៀត​នោះ​តើ​ក្រុម​គ្រូ​បង្រៀន​នឹង​ត្រូវ​រស់​របៀប​ម៉េច។

លោក​គ្រូ​បាន​បញ្ជាក់​ថា ៖ «ឥឡូវ​ហ្នឹង​សាំង​ក៏​ឡើង ទំនិញ​នៅ​ទីផ្សារ​ក៏​ឡើង ឥឡូវ​ឮ​សូរ​ថា ភ្លើង​ឡើង​ថ្លៃ​ទៀត អ៊ីចឹង​ចប់​បាត់​ហើយ ប្រាក់​ខែ​មួយ​ខែ​មិន​បាច់​យក​ទៅ​ចាយ​អី គ្រាន់​តែ​បង់​ភ្លើង ហើយ​និង​ទឹក​ហ្នឹង គឺ​អត់​គ្រាន់​តែម្ដង។ មាន​ប្រសាសន៍​អ៊ីចឹង​ក៏​បាន​ដែរ​ថា ត្អូញ​អី​តែ​នៅ​កម្ពុជា ចុះ​នៅ​ប្រទេស​ដទៃ​ម៉េច​ក៏​គេ​មិន​ត្អូញ តែ​យើង​ត្រូវ​ពិនិត្យ​មើល​ប្រាក់​បៀវត្សរ៍​គ្រូ​បង្រៀន​នៅ​កម្ពុជា និង​គ្រូ​បង្រៀន​នៅ​បរទេស។ គ្រូ​ង្រៀន​នៅ​កម្ពុជា​នេះ យើង​ធ្វើ​គ្រូ​បង្រៀន​មួយ​ខែ បើ​គិត​ទៅ​មិន​ស្មើ​គេ​បង្រៀន​ក្នុង​មួយ​ថ្ងៃ​ផង​ហ្នឹង ដូច្នេះ​គេ​អត់​មាន​ចោទ​ទេ កុំ​ថា​សាំង​ឡើង ៤៣០០​រៀល ឬ​ក៏​ភ្លើង ១​គីឡូវ៉ាត់​តម្លៃ ៧៥០ ទៅ ១០០០​រៀល គិត​ជា​លុយ​ខ្មែរ គេ​អត់​មាន​បញ្ហា​ទេ ព្រោះ​ប្រាក់​ខែ​គេ​មួយ​ខែៗ​រាប់​ពាន់​ដុល្លារ​ឯ​ណោះ!»

ក្រុម​គ្រូ​បង្រៀន​ផ្សេង​ទៀត​ថ្លែង​យ៉ាង​ដូច្នេះ ៖ «រាល់​ថ្ងៃ​ស៊ី​មិន​ចង់​គ្រប់​ផង ចំណី​ឆ្ងាញ់​អត់​សូវ​ហ៊ាន​ប៉ះពាល់​ទេ ហើយ​នៅ​កូន​មួយ​កំពុង​តែ​រៀន​ទៀត ពិបាក​ណាស់! ម៉្លោះ​ហើយ​វា​យ៉ាប់! លេង​តែ​ម៉្លឹងៗ​ងាប់​ហើយ! សព្វ​ថ្ងៃ​ឡើង​ទាំង​អា​មាន​ពន្ធ​ម៉ូតូ មាន​កាតគ្រី​ម៉ូតូ មាន​ក្រដាស​ស្អី​ឯ​ណា! ខ្ញុំ​យល់​ថា ឡើង​ហ្នឹង​ហាក់​ដូច​ជា​ជ្រុល​ហើយ ៥០%។ ឡើង​នេះ​អត់​មាន​គិត​ថា យ៉ាង​ម៉េចៗ​ទេ ព្រោះ​ដូច​ជា​រដ្ឋ​រកស៊ី​ទៅ ដូច​គាត់​គិត​តែ​រឿង​ខាង​ឡើង​ហ្នឹង​តែ​ម្ដង។ ហូប​ចុក​ក៏​វា​មិន​បាន​គ្រប់គ្រាន់ យើង​ទៅ​បង្រៀន​ចាក់​តែ​សាំង​ហើយ​មក​វិញ​ហ្នឹង​គឺ​មិន​ចង់​គ្រប់​ផង និយាយ​ទៅ​អត់​គ្រប់​តែម្ដង ប្រាក់​កម្រៃ​ដែល​រក​បាន​ប្រចាំ​ថ្ងៃ​ហ្នឹង​គឺ​វា​អត់​គ្រប់គ្រាន់... តែ​ធ្វើ​យ៉ាង​ម៉េច​អា​នេះ​វា​ត្រូវ​អ៊ីចឹង​ហើយ ចេះ​តែ​ទៅ​ហើយ!»

កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​២៥​កន្លង​ទៅ មន្រ្តី​ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល បាន​ប្រកាស​ថា តម្លៃ​អគ្គិសនី​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ក្រុង​មួយ​ចំនួន​ទៀត ដូច​ជា ខេត្ត​កណ្តាល, ខេត្ត​​កំពង់ស្ពឺ, ខេត្ត​តាកែវ, ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពង់ចាម តម្លៃ​អគ្គិសនី​នឹង​ឡើង​ថ្លៃ​ពី ១៨% ទៅ ៥៦%។ ចំពោះ​អ្នក​ប្រើ​អគ្គិសនី​ដែល​ក្រោម ៥០​គីឡូ​វ៉ាត់​ក្នុង​មួយ​ម៉ោង តម្លៃ​អគ្គិសនី​នឹង​កើន​ឡើង​ចំនួន ៥០% រី​ឯ​អ្នក​ប្រើ​លើស ៥០​គីឡូ​វ៉ាត់​ក្នុង​មួយ​ម៉ោង តម្លៃ​អគ្គិសនី​នឹង​កើន​ឡើង​ចំនួន ១៨% ចាប់​ពី​ខែ​ក្រោយ​នេះ។

ការ​ដំឡើង​ថ្លៃ​អគ្គិសនី​ត្រូវ​គេ​អះអាង​ថា រដ្ឋាភិបាល​បាន​ខាតបង់​ជា​ច្រើន​ក្នុង​ការ​លក់​តម្លៃ​អគ្គិសនី ៣៥០​រៀល​ក្នុង ១​គីឡូវ៉ាត់ ឯ​តំបន់​ខ្លះ ៣៩០​រៀល ដោយសារ​តែ​រដ្ឋាភិបាល​បាន​បញ្ចេញ​លុយ​ចំនួន ២៧​លាន​ដុល្លារ​សម្រាប់​ឧបត្ថម្ភ​ទប់ទល់​នឹង​តម្លៃ​សាំង​ដែល​ឡើង​ថ្លៃ​ក្នុង​ពិភពលោក​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក។ ដូច្នេះ​នៅ​ក្នុង​ឆ្នាំ​២០១០​នេះ ការ​លក់​អគ្គិសនី​ត្រូវ​គេ​ស៊ើរើ​ឡើង​វិញ។

ការ​ឡើង​ថ្លៃ​អគ្គិសនី​ត្រូវ​បាន​អតីត​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​កម្ពុជា លោក ចាន់ វុទ្ធី អត្ថាធិប្បាយ​ថា វា​នឹង​ផ្តល់​ការ​ប៉ះពាល់​ទៅ​ដល់​មនុស្ស​រាប់​លាន​នាក់​ដែល​មាន​ជីវភាព​ក្សត់​ខ្សោយ ហើយ​ក៏​អាច​នាំ​មាន​ការ​រាំង​ស្ទះ​ទៅ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ផងដែរ ដូច​ជា​ក្រុម​អ្នក​វិនិយោគ​ផ្នែក​ឧស្សាហកម្ម​និង​សហគ្រាស។

លោក ចាន់ វុទ្ធី បាន​អះអាង​ថា ៖ «ព្រោះ​អី​យើង​ត្រូវការ​ប្រើ​ភ្លើង​ចាំបាច់​ធ្វើ​ការងារ​ទូទៅ​ផ្សេងៗ។ អ្វី​ដែល​ប៉ះពាល់​ខ្លាំង​គឺ​ផ្នែក​ខាង​ឧស្សាហកម្ម»

ម្ចាស់​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង​ភ្នំពេញ​បញ្ជាក់​ថា ភ្លើង​បច្ចុប្បន្ន ១​គីឡូ​វ៉ាត់​ថ្លៃ ៦១០​រៀល នៅ​រកស៊ី​មិន​ចំណេញ ចុះ​ទម្រាំ​តម្លៃ​ភ្លើង​ឡើង​ថ្លៃ​បន្ថែម​ទៀត ការ​រកស៊ី​របស់​លោក​នឹង​កាន់​តែ​ប្រឈម​មុខ​ត​ទៅ​ទៀត ៖ «មាន​ការ​បារម្ភ​ដូច​គ្នា ដោយសារ​តម្លៃ​ភ្លើង​ឡើង តែ​យើង​លក់​ឲ្យ​អតិថិជន​នៅ​តម្លៃ​ដដែល!»

លោក អ៊ិត ប្រាង មន្រ្តី​រដ្ឋាភិបាល​ទទួល​បន្ទុក​ការងារ​អគ្គិសនី បាន​បិទ​ទូរស័ព្ទ​នៅ​ពេល​ដែល​សាកសួរ​អំពី​ការ​ឡើង​ថ្លៃ​អគ្គិសនី។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​មិន​បកស្រាយ​ថា តើ​ហេតុ​អ្វី​បាន​ជា​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​ថ្លៃ​នោះ​ទេ ក៏​ប៉ុន្តែ​លោក យឹម សុវណ្ណ តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី ដែល​មាន​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ដែរ​នោះ បាន​បញ្ជាក់​ថា ការ​ឡើង​ថ្លៃ​អគ្គិសនី​មក​ពី​រដ្ឋាភិបាល​បាន​ចេញ​ច្បាប់​ធានា​ឲ្យ​ក្រុមហ៊ុន​ចិន​រកស៊ី​ផ្តាច់​មុខ គ្មាន​ការ​ប្រកួត​ប្រជែង ដូច្នេះ​ហើយ​បាន​ជា​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​គ្រប់​ទី​កន្លែង​មិន​ចេះ​ចុះ​ថោក។

លោក​តំណាង​រាស្ត្រ​ពិពណ៌នា​ថា ខណៈ​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​តែ​រងគ្រោះ​ដោយសារ​តែ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក ការ​ដំឡើង​ថ្លៃ​អគ្គិសនី​កំពុង​តែ​ជាន់​ក​ប្រជារាស្ត្រ​ខ្មែរ​ថែម​ទៀត​ហើយ។

លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​អត់​គាំទ្រ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ដំឡើង​ថ្លៃ​អគ្គិសនី​ទេ។ ទី​១ រដ្ឋាភិបាល​ទើប​តែ​ដំឡើង​ពន្ធ​រថយន្ត​សម្រាប់​ឆ្នាំ​២០១០។ រដ្ឋាភិបាល​ទើប​តែ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​បង់​ពន្ធ​ផ្ទះ បង់​ពន្ធ​ដី​សម្រាប់​ថវិកា​ឆ្នាំ​២០១០ ហើយ​ឥឡូវ​នេះ​មក​ធ្វើ​សេចក្ដី​សម្រេច​ដំឡើង​ថ្លៃ​អគ្គិសនី​ដល់​ទៅ ៥០%​ថែម​ទៀត។ នេះ​ជា​សេចក្ដី​សម្រេច​មួយ​ដែល​គណបក្ស​សមរង្ស៊ី​សុំ​ជំទាស់ ពីព្រោះ​ថា នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច ឥឡូវ​នេះ​មិន​ទាន់​ងើប​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​នៅ​ឡើយ​ទេ ការ​ដាក់​ពន្ធ​បន្ថែម ឬ​ដំឡើង​ពន្ធ ត្រូវតែ​ចៀសវាង ការ​ដាក់​បន្ទុក​បន្ថែម​ទៅ​លើ​ប្រជាពលរដ្ឋ ត្រូវតែ​ចៀសវាង។ អ្នក​ណា​ក៏​ប្រើ​ភ្លើង​អគ្គិសនី​ដែរ នៅ​ពេល​ដែល​ខ្លួន​ដំឡើង​ថ្លៃ​អគ្គិសនី​រហូត​ដល់​ទៅ ៥០% មិន​មែន​ត្រឹម​តែ​ប៉ះពាល់​ទៅ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បន្ថែម​បន្ទុក​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​ថែម​ទៀត វា​ថែម​ទាំង​បង្ក​គ្រោះថ្នាក់​ទៅ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​ប្រទេស​ជិត​ខាង​យើង តម្លៃ​អគ្គិសនី តម្លៃ​សាំង​របស់​គេ​ថោក​ជាង​យើង ហើយ​តម្លៃ​អគ្គិសនី​ថោក​ជាង​យើង​ពី ៥ ទៅ ១០​ដង»

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​រូប​នេះ​បាន​បញ្ជាក់​ថា តម្លៃ​ទំនិញ​ប្រាកដ​ជា​នឹង​ឡើង​ថ្លៃ​បន្ថែម​ទៀត ហើយ​ក្រុម​អ្នក​វិនិយោគ​ផ្នែក​ឧស្សាហកម្ម ដូច​ជា​វិស័យ​កាត់​ដេរ​និង​កសិកម្ម​ជាដើម នឹង​ដក​ថយ ដោយ​ងាក​ទៅ​រក​ការ​វិនិយោគ​នៅ​ប្រទេស​វៀតណាម​ឬ​ថៃ ដែល​តម្លៃ​អគ្គិសនី​មាន​តម្លៃ​ទាប​ជាង គឺ​មាន​តម្លៃ​ប្រហែល ២៥០​រៀល​ក្នុង ១​គីឡូវ៉ាត់ នៅ​ក្នុង​ប្រទេស​វៀតណាម និង ១៥០​រៀល​នៅ​ប្រទេស​ថៃ។

ជាមួយ​គ្នា​នេះ​ដែរ លោក យឹម សុវណ្ណ ផ្តល់​យោបល់​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​គួរតែ​ចាប់​យក​ការ​អនុវត្ត​ច្បាប់​ពុក​រលួយ ប្រមូល​ពន្ធ​ដែល​បាត់​រាប់​រយ​លាន​ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួយ​បំពេញ​ការ​ខាតបង់ មិន​គួរ​ដំឡើង​ថ្លៃ​អគ្គិសនី​ផ្ទួនៗ​គ្នា​នឹង​ការ​ដំឡើង​ពន្ធ​អាករ​គ្រប់​ប្រភេទ ស្រប​ពេល​នឹង​ការ​ដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច​នោះ​ឡើយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។