បុព្វហេតុ​របស់​សមាគម​អ្នក​ប្រជាធិបតេយ្យ

ក្រសួង​មហាផ្ទៃ​បាន​អនុញ្ញាត​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១០ ឲ្យ​លោក ម៉ម សូណង់ដូ បង្កើត​សមាគម​អ្នក​ប្រជាធិបតេយ្យ​ក្នុង​នាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ។
ដោយ មឿង ទុម
2011.01.19

លោក ម៉ម សូណង់ដូ បច្ចុប្បន្ន​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ មាន​ប្រសាសន៍​ថា សមាគម​អ្នក​ប្រជាធិបតេយ្យ​ហៅ​ជា​ភាសា​អង់​គ្លេស​ថា Democratic Association (DA) បាន​ចាប់​ផ្តើម​រៀបចំ​រចនាសម្ព័ន្ធ​សមាគម​ជា​បណ្តើរៗ តាំង​ពី​ខែ​កក្កដា ឆ្នាំ​មុន​នេះ​មក ដោយ​ជ្រើស​រើស​បុគ្គលិក​សកម្ម និង​ស្ម័គ្រចិត្ត ដើម្បី​ប្រតិបត្តិ​ការងារ​របស់​សមាគម​ឲ្យ​បាន​ហ្មត់ចត់។

លោក ម៉ម សូណង់ដូ មាន​ប្រសាសន៍​ថា ៖ «សមាគម​នេះ​ជា​សមាគម​មិន​មែន​ជា​គណបក្ស​នយោបាយ​ទេ ហើយ​សមាគម​នេះ​ក៏​មិន​នៅ​ក្រោម​ក្លៀក​គណបក្ស​នយោបាយ​ណា​មួយ​ដែរ។ អ្វី​ដែល​សមាគម​ធ្វើ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ក្រដាស​ស្នាម​បំពេញ​លក្ខណៈ​ជា​ប្រជាពលរដ្ឋ​ខ្មែរ ១០០% ហើយ​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត នេះ​ជា​កិច្ចការ​របស់​សមាគម។ ខ្ញុំ​សូម​បញ្ជាក់​ថា ការ​ដែល​ខ្ញុំ​បង្កើត​សមាគម​អ្នក​ប្រជាធិបតេយ្យ​មក​នេះ គឺ​មិន​មែន​ប្រកួតប្រជែង​ជាមួយ​រដ្ឋាភិបាល ក៏​មិន​ប្រកួត ហើយ​ក៏​មិន​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ណា​ដែរ គឺ​សម្រួល​កិច្ច​ការងារ​របស់​អាជ្ញាធរ​ទៅ​វិញ​ទេ ធ្វើ​យ៉ាង​ដូច​ម្តេច​ឲ្យ​អាជ្ញាធរ​មាន​ក្រដាស​ស្នាម»

លោក ម៉ម សូណង់ដូ មាន​ប្រសាសន៍​ថា តាំង​ពី​ឆ្នាំ​១៩៩៣​មក មាន​ប្រជាពលរដ្ឋ​ខ្មែរ​ពី ១០ ទៅ ៣០% នៅ​ស្ទើរ​តែ​គ្រប់​ខេត្ត​ក្រុង ពុំ​មាន​ឯកសារ​ច្បាប់​ត្រឹមត្រូវ ដូចជា​ប័ណ្ណ​គ្រួសារ អត្តសញ្ញាណ​ប័ណ្ណ និង​សំបុត្រ​កំណើត​ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ពុំ​អាច​បំពេញ​លក្ខខណ្ឌ​ច្បាប់​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​បាន។

លោក​បញ្ជាក់​ថា សមាគម​អ្នក​ប្រជាធិបតេយ្យ​មាន​គោលការណ៍​ច្បាស់លាស់​ដើម្បី​សហការ​ជាមួយ​ក្រុម​អ្នក​ច្បាប់ ក្នុង​ការ​ជួយ​បំពេញ​ចំណុច​ខ្វះខាត អាច​ចូល​រួម​បោះ​ឆ្នោត​បាន​នៅ​ពេល​ខាង​មុខ ៖ «ខ្ញុំ​មាន​បំណង​បង្កើត​ជួល​មេធាវី ដើម្បី​ដោះស្រាយ​ពី​បញ្ហា​នេះ​ដែរ។ អ្វី​ដែល​ខ្ញុំ​ធ្វើ​នេះ គឺ​ធ្វើ​ទៅ​តាម​ច្បាប់។ ត្រូវ​ខ្ញុំ​ទាក់ទង​ទៅ​ខាង​ក្រសួង​មហាផ្ទៃ ក៏​ដូច​ជា គ.ជ.ប. ដែរ។ ថ្មីៗ​នេះ កាល​ពី​ថ្ងៃ​៥ ខ្ញុំ​នៅ​ស្រុក​បារាំង ខ្ញុំ​មើល​តាម​កាសែត មើល​តាម​សារព័ត៌មាន ឮ​ថា លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប. បាន​ប្រកាស​បដិសេធ​ប្រជាពលរដ្ឋ ១​សែន​នាក់​ដែល​គ្មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ ហើយ​ដែល​ធ្លាប់​បោះ​ឆ្នោត តែ​ត្រូវ​គេ​លុប​ឈ្មោះ​ទៅ​វិញ»

លោក ជា បំរ៉ុង ដែល​ជា​អនុ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដំណើរការ​នៃ​ជំហាន​ដំបូង​របស់​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​ចងក្រង​រចនាសម្ព័ន្ធ​អ្នក​គ្រប់គ្រង និង​សមាជិក​នៅ​តាម​៦ ខេត្ត ក្រុង ៖ «គោលការណ៍​របស់​យើង​គេ​អនុញ្ញាត​ម្តង ៦​ខេត្ត។ យើង​ចាប់​ផ្ដើម​ខេត្ត​កណ្ដាល ព្រៃវែង កំពង់ចាម តាកែវ កំពង់ស្ពឺ និង​កំពង់ឆ្នាំង។ ខេត្ត​ក្រៅ​ពី​នេះ​គឺ​មាន​រៀបចំ​ខ្លះ​ដែរ។ សកម្មភាព​ជាក់​ស្ដែង​គឺ​មាន​ទទួល​សមាជិក​ដែល​ចូល​រួម​សមាគម និង​តែងតាំង​រចនាសម័្ពន្ធ​មាន​ភូមិ​ឃុំ​ស្រុក​ខេត្ត​ឲ្យ​មាន​ពេញ​លេញ​ទៅ។ តែ​ឥឡូវ​នៅ​មិន​ទាន់​មាន​គ្រប់​រចនាសម័្ពន្ធ​ទាំង ៦​ខេត្ត​នោះ​នៅ​ឡើយ​ទេ។ គ្រាន់​តែ​យើង​រៀបចំ​បណ្តើរៗ ព្រោះ​ប្រជាពលរដ្ឋ​លោក​នៅ​មិន​ទាន់​យល់​នៅ​ឡើយ​ទេ គាត់​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់»

ចំណែក​លោក ចាន់ យ៉ាង តំណាង​សមាគម​អ្នក​ប្រជាធិបតេយ្យ​ប្រចាំ​ខេត្ត​ព្រៃវែង មាន​ប្រសាសន៍​ថា ក្រុម​លោក​កំពុង​រៀបចំ​រចនាសម្ព័ន្ធ​សមាគម ដោយ​ទទួល​បាន​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​ចំនួន​ជិត ៥​ម៉ឺន​នាក់​ហើយ​នៅ​ទូទាំង​ខេត្ត​ព្រៃវែង ៖ «ឥឡូវ​រៀប​បាន​ប្រមាណ ៩០% ហើយ។ សមាជិក​សកម្ម​មាន​គ្រប់ ១៣​ស្រុក»

មឿង ទុម ៖ តើ​ក្នុង​ស្រុក​មួយៗ​មាន​ចំនួន​ប៉ុន្មាន​នាក់? ម៉ម សូណង់ដូ ៖ មួយ​ស្រុក​មាន​គ្នា ៥​នាក់។ មឿង ទុម ៖ តើ​ស្រុក​អ្វី​ខ្លះ សូម​លោក​រៀបរាប់​ផង​បាន​ទេ?  ម៉ម សូណង់ដូ ៖ ស្រុក​ពារាំង ស្រុក​កំពង់លាវ ស្រុក​មេសាង ស្រុក​កំពង់ត្របែក ស្រុក​ពាមរ ស្រុក​ពាមជ ស្រុក​ព្រះស្ដេច។

លោក ម៉ម សូណង់ដូ មាន​ប្រសាសន៍​ដោយ​សង្ឃឹម​ថា នៅ​បន្ទាប់​ពី​សមាគម​ដំណើរការ សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស រួម​ទាំង​ម្ចាស់​ជំនួយ​អន្តរជាតិ​ផង អាច​នឹង​ជួយ​នូវ​ថវិកា និង​សម្ភារៈ​ដល់​សមាគម​អ្នក​ប្រជាធិបតេយ្យ​ឲ្យ​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ ដែល​ពុំ​មាន​ឯកសារ​ស្រប​ច្បាប់​អាច​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​បាន។ លោក​ចាត់​ថា កិច្ចការ​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចូល​រួម​គាំទ្រ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។