ក្រុម​យោធិន​ពិការ​នៅ​ឃុំ​ក្រយា​ប្រឈម​នឹង​ការ​ខ្វះ​ស្បៀង

ក្រុម​យោធិន​ពិការ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ខែត្រ​កំពង់ធំ​បណ្ដេញ​ចេញ​ពី​ភូមិ​បន្ទាយរងៀង​ទៅ​នៅ​ទីតាំង​ថ្មី​ក្នុង​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា​នោះ កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ស្បៀង​ដោយសារ​ពួក​គេ​មិន​មាន​ដី​ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ដូច​មុន​ទៀត។
ដោយ ទីន ហ្សាការីយ៉ា
2010-01-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៥-មករា-២០១០: កូនៗ​របស់​យោធិន​ពិការ​ហូប​បាយ​ជាមួយ​នឹង​សម្ល​ដែល​ស្ល​ពី​ស្លឹក​ឈើ នៅ​ក្នុង​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ខែត្រ​កំពង់ធំ។
១៥-មករា-២០១០: កូនៗ​របស់​យោធិន​ពិការ​ហូប​បាយ​ជាមួយ​នឹង​សម្ល​ដែល​ស្ល​ពី​ស្លឹក​ឈើ នៅ​ក្នុង​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ខែត្រ​កំពង់ធំ។
RFA/Tin Zakariya

លោក ប៉ាន់ ប៉ា ជា​យោធិន​ពិការ​ដែល​ធ្លាប់​តែ​រស់​នៅ​អាស្រ័យ​លើ​ការ​ប្រមូល​ផល​កសិកម្ម​ដើម្បី​ចិញ្ចឹម​ជីវិត​រស់​នៅ​ក្នុង​កម្រិត​ជីវភាព​ខ្វះ​មុខ​ខ្វះក្រោយ ហើយ​អាច​មាន​សង្ឃឹម​ក្នុង​មួយ​ឆ្នាំ​ម្តង​ក្នុង​ការ​ប្រមូល​ផល​ពី​ដំឡូង​មី​ដែល​ខ្លួន​បាន​ធ្វើ​នោះ ឥឡូវ​នេះ​ការ​ប្រមូល​ផល​កសិកម្ម​របស់​គាត់​លែង​បាន​ដូច​កាល​ពី​មុន​ទៀត​ហើយ បន្ទាប់​ពី​បាន​ទៅ​រស់​នៅ​លើ​ដី​ថ្មី​នៅ​ភូមិ​ថ្មសំលៀង ហើយ​កាប់​រាន​ដី​សា​ជា​ថ្មី។

ជីវិត​ក្រ​លំបាក​ខ្វះ​ស្បៀង​ហូប​ប្រចាំ​ថ្ងៃ​របស់​លោក​បាន​វិល​ទៅ​រក​ដូច​កាល​ពី​ជិត ១០​ឆ្នាំ​មុន ដែល​លោក​បាន​ក​វែង​ក​ឆ្នាំង​កាប់​រាន​ដី​ព្រៃ​ដើម្បី​ធ្វើ​ចម្ការ​ល្មម​បាន​ផល​ពី​ចម្ការ ហើយ​សង្ឃឹម​ថា អាច​មាន​ជីវភាព​សមរម្យ រស់​នៅ​ជា​គ្រួសារ​កសិករ​ដូច​គេ​ឯង ប៉ុន្តែ​ក្តី​សង្ឃឹម​បាន​រលាយ​ទៅ​វិញ​ក្នុង​រយៈពេល​ខ្លី ដោយសារ​អាជ្ញាធរ​ខែត្រ​បាន​យក​ដី​ចម្ការ​របស់​ពួក​គេ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ដាំ​ដើម​កៅស៊ូ​ទៅ​វិញ។

លោក ប៉ាន់ ប៉ា ជា​អតីត​យោធិន​ពិការ​ជើង​ម្ខាង​នៅ​សមរភូមិ ទាំង​ប្រពន្ធ​ក៏​ពិការ​ដែរ​នោះ អង្គុយ​នៅ​ក្រោម​រោង​ដំបូល​ប្រក់​តង់​ក្រោម​ថ្ងៃ​ក្តៅ​ហែង បន្ទាប់​ពី​មាន​ការ​បណ្តេញ​ចេញ​ពី​តំបន់​បន្ទាយរងៀង បាន​ត្អូញត្អែរ​ថា ពួក​គេ​បាន​មក​រស់​នៅ​ដី​ថ្មី​កាល​ពី​ចុង​ខែ​វិច្ឆិកា ហើយ​អាជ្ញាធរ​ឲ្យ​ពួក​គេ​ជា​ជន​ពិការ​រស់​នៅ​ជាប់​នឹង​ផ្លូវ​ខាង​មុខ។ ប៉ុន្តែ​ឥឡូវ​នេះ​អាជ្ញាធរ​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ដី​នោះ បាន​បណ្តេញ​ពួក​គេ​ឲ្យ​មក​រស់​នៅ​ខាង​ក្រោយ​ដែល​មាន​ព្រៃ​របោះៗ​ទៅ​វិញ ហើយ​ថា ដី​នៅ​ជាប់​ផ្លូវ​នោះ​ជា​ដី​របស់​ពួក​គេ។

លោក ប៉ាន់ ប៉ា បាន​ឲ្យ​ដឹង​ថា ៖ «កាល​ពី​ដើម​នឹក​ឃើញ​ថា ជាតិ​វា​លិច​លង់ នាំ​គ្នា​តស៊ូ​ដើម្បី​រំដោះ​ទឹក​ដី​ពី​ខ្មាំង​សត្រូវ​ដែល​វា​ឈ្លានពាន​យក​នោះ។ តស៊ូ​ដើម្បី​ជាតិ ចុង​ក្រោយ​ជាតិ​មាន​អំណោយ​ផល​ឯ​ណា! មាន​តែ​ជាន់​ពន្លិច ហើយ​តាម​រដ្ឋាភិបាល​គាត់​ប្រកាស​ថា កាត់​បន្ថយ​ភាព​ក្រីក្រ មាន​កាត់​បន្ថយ​ឯ​ណា មាន​តែ​ជាន់​ពន្លិច​ថែម!»

លោក ប៉ាន់ ប៉ា បាន​អះអាង​ទៀត​ថា ក្រោយ​ពី​បាន​មក​រស់​នៅ​តំបន់​ថ្មី ថ្មសំលៀង អាជ្ញាធរ​ខែត្រ​មិន​បាន​គិតគូរ​ដល់​ពួក​គេ​ដូច​ដែល​ខ្លួន​បាន​អះអាង​កាល​ពី​មុន​នោះ​ទេ អ្វី​ដែល​ក្រុម​យោធិន​ពិការ​ទទួល​បាន​ពី​អាជ្ញាធរ​ខែត្រ​កន្លង​មក ក្នុង​មួយ​គ្រួសារ​បាន​អង្ករ​ចំនួន ២៥​គីឡូក្រាម។

លោក ប៉ាន់ ប៉ា បាន​បញ្ជាក់​ថា ៖ «អភិបាល​ខែត្រ​និង​អភិបាល​ស្រុក​គាត់​ថា ឲ្យ​តែ​ពិការ​មក​នៅ​ជួប​ជុំ​គ្នា ប្រហែល​ជា​ខែ​១ ខែ​២ គេ​នឹង​អភិវឌ្ឍ​ធ្វើ​ផ្ទះ​ធ្វើ​សម្បែង​ឲ្យ​ពួក​ពិការ​នៅ ហើយ​ពួក​ខ្ញុំ​នេះ​រង់ចាំ​មើល​គេ មិន​ដឹង​គេ​ធ្វើ​ឲ្យ​ឬ​មិន​ធ្វើ​ឲ្យ!»

មិន​មាន​តែ​គ្រួសារ​លោក ប៉ាន់ ប៉ា តែ​មួយ​នោះ​ទេ ដែល​ខ្វះ​ស្បៀង​នោះ​គឺ​មាន​ក្រុម​យោធិន​ពិការ​ប្រមាណ ៦០០​គ្រួសារ​ផ្សេង​ទៀត​ក៏​បាន​ត្អូញត្អែរ​អំពី​ការ​ទៅ​រស់នៅ​លើ​ដី​ថ្មី​នៅ​ថ្មសំលៀង ហើយ​ខ្វះ​ស្បៀង​ដូចៗ​គ្នា​ដែរ ៖ «រាល់​ថ្ងៃ​នេះ​គ្មាន​ទេ វេទនា​ណាស់! រស់​តែ​ទិញ​ស្អី​ហូប​ក៏​មិន​បាន​ដែរ! អង្ករ​ថា​បើក​ឲ្យ អត់​បើក​ឲ្យ​ទេ វេទនា​ណាស់ ខ្ញុំ​រាស់​ថ្ងៃ​ដើរ​ច្រូត​ស្បូវ​គេ ក្រង​បាន​លក់​ទិញ​ម្ហូប​ទិញ​អី​ស៊ី គ្មាន​អី​ហូប​ទេ​រាល់​ថ្ងៃ​នេះ! សុំ​គេ​ឲ្យ​បាន​ហូប​សិន រត់​ទៅ​ណា​មិន​រួច ផ្ទះ​ក៏​មិន​ទាន់​បាន​នៅ»

តំបន់​បន្ទាយរងៀង​ស្ថិត​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខែត្រ​កំពង់ធំ ជា​ដី​ព្រៃ​របស់​រដ្ឋ​ដែល​យោធិន​ពិការ​ជិត ១​ពាន់​គ្រួសារ បាន​ទៅ​កាប់​រាន​ធ្វើ​ចម្ការ​តាម​រយៈ​សមាគម​អភិវឌ្ឍ​យោធិន​ពិការ​អស់​រយៈពេល​ជិត ១០​ឆ្នាំ​មក ហើយ​បាន​ធ្វើ​ចម្ការ​នៅ​លើ​ដី​នោះ។

ទោះ​បី​ជា​តំបន់​នោះ​នៅ​ដាច់​ស្រយាល​ពី​គេ​មាន​ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ​ពី​ផ្លូវ​ជាតិ​ក៏​ដោយ ក៏​ពួក​គេ​បាន​ជម្នះ​គ្រប់​ឧបសគ្គ ខំ​ធ្វើ​ចម្ការ​រស់​នៅ​អាស្រ័យ​លើ​កម្លាំង​ញើស​ឈាម​របស់​ខ្លួន​ជាជាង​ការ​ដើរ​សុំ​ទាន​គេ។

ប៉ុន្តែ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៩​កន្លង​ទៅ អាជ្ញាធរ​ខែត្រ​បាន​ដាក់​វិធានការ​តឹងតែង​ចំពោះ​ពួក​គេ ដោយ​បង្ខំ​ឲ្យ​ពួក​គេ​ចាកចេញ​ពី​ដី​បន្ទាយរងៀង ហើយ​ឲ្យ​ទៅ​រស់​នៅ​លើ​ដី​ថ្មី​នៅ​ភូមិ​ថ្មសំលៀង ដែល​អាជ្ញាធរ​បាន​រៀបចំ​ទំហំ​ដី​ក្បាល ២០​ម៉ែត្រ​គុណ​នឹង ៤០​ម៉ែត្រ ជា​ថ្នូរ​នឹង​ដី​ទំហំ​ក្បាល ១០០​ម៉ែត្រ បណ្តោយ ៥០០​ម៉ែត្រ ដែល​ពួក​គេ​បាន​ដាំ​ដំណាំ​ដូច​ជា​ខ្នុរ ដូង ស្វាយចន្ទី និង​ដំឡូង​មី ជាដើម ប្រមូល​ផល​ក្នុង​មួយ​ឆ្នាំ​ម្តង ប៉ុន្តែ​អាជ្ញាធរ​អះអាង​ថា យោធិន​ពិការ​ទាំង​នោះ​រស់​លើ​ដី​របស់​រដ្ឋ​ខុស​ច្បាប់ ហើយ​រដ្ឋាភិបាល​បាន​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ តាន់បៀន។

ស្រ្តី​ជា​ប្រពន្ធ​យោធិន​ពិការ​ម្នាក់​និយាយ​ទាំង​ក្តី​ក្តុកក្តួល​ថា ពួក​គេ​គ្មាន​ជម្រើស​ក្រៅពី​ទទួល​យក​គោល​នយោបាយ​របស់​អាជ្ញាធរ​ខែត្រ​ដែល​បាន​ផ្តល់​ដី​ប្លង់​ផ្ទះ​ឲ្យ​ពួក​គេ​ដែល​មិន​អាច​ដាំ​អ្វី​បាន ហើយ​ការ​ទទួល​យក​ដី​ថ្មី​គឺ​យក​ទាំង​បង្ខំ​ចិត្ត រីឯ​ផ្ទះ​និង​របស់​របរ​នៅ​លើ​ដី​ចាស់​ត្រូវ​បាន​អាជ្ញាធរ​ដុត​ចោល​គ្មាន​សល់។

ស្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «មក​ហ្នឹង​គេ​បង្ខំ​ទេ គេ​ដុត​គេ​អី​អ៊ីចឹង​ទៅ ហើយ​ខ្ញុំ​មាន​អី​នៅ ក៏​ចេះ​តែ​មក​តាម​គេ តាម​ឯង​ទៅ​ណា៎! ខ្នុរ​អី​គេ​កាប់​គេ​ឈូស ចេក ដំឡូង គ្មាន​សល់​អី​ទេ!»

កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ដោយ​ដាក់​បទបញ្ជា​ទៅ​គ្រប់​ស្ថាប័ន​ឲ្យ​សហការ​រក​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​ទុក​សម្រាប់​ផ្តល់​ជូន​អតីត​កង​កម្លាំង​ប្រដាប់​អាវុធ​ចូល​និវត្តន៍​និង​គ្រួសារ​យោធិន​ពិការ​ផងដែរ។

លោក​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា ៖ «ពិការ ពលី​និង​មរណៈ បាន​ចូល​ទៅ​ក្នុង​សង្គម​ជាតិ​វិញ ដើម្បី​ឲ្យ​ពួក​គេ​អាច​រស់នៅ​បាន​ក្នុង​ជីវភាព​ជា​ជន​ស៊ីវិល ប្រកប​ដោយ​ភាព​សុខដុម​រមនា​ជាមួយ​នឹង​គ្រួសារ​ក្នុង​សហគមន៍។ ដើម្បី​សម្រេច​គោលដៅ​នេះ រាជ​រដ្ឋាភិបាល​នឹង​មាន​វិធានការ​ជា​ប្រព័ន្ធ​គ្រប់​ជ្រុងជ្រោយ ដោយ​លើក​ផែនការ​រៀបចំ​ភូមិ​ឋាន​សម្រាប់​ការ​តាំង​ទី​លំនៅ និង​ការ​ប្រកប​របរ​អាជីវកម្ម»

អភិបាល​រង​ខែត្រ​កំពង់ធំ លោក អ៊ុត សំអន ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ទៅ​រស់​នៅ​លើ​ដី​ថ្មី​នោះ បាន​មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ មករា លោក​បាន​យក​អង្ករ​ទៅ​ចែក​ជូន​យោធិន​ពិការ​និង​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ទី​នោះ​ក្នុង​មួយ​គ្រួសារ​ចំនួន ១៥​គីឡូក្រាម។

លោក​បាន​បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ដឹង​អំពី​បញ្ហា​ដែល​ថា អាជ្ញាធរ​បាន​បណ្តេញ​យោធិន​ពិការ​នៅ​លើ​ដី​ថ្មី ហើយ​ឲ្យ​ទៅ​នៅ​ខាង​ក្រោយ​គេ​នោះ​ទេ។ លោក​នឹង​ស៊ើប​អង្កេត​អំពី​បញ្ហា​នេះ។

ក្រុម​យោធិន​ពិការ​ដដែល​បាន​បញ្ជាក់​ទៀត​ថា ពួក​​គេ​គ្មាន​ការងារ​ធ្វើ​ព្រោះ​គ្មាន​ដី​ធ្វើ​ចម្ការ ហើយ​អភិបាល​ខែត្រ​សន្យា​ថា ផ្តល់​ដី​ឲ្យ​ក្នុង​មួយ​គ្រួសារ មួយ​ហិកតា គឺ​មិន​ទាន់​បាន​នៅ​ឡើយ​រហូត​មក​ទល់​ពេល​នេះ។

លោក អ៊ុត សំអន បាន​បញ្ជាក់​ថា គណៈកម្មាការ​ខែត្រ​កំពុង​តែ​ធ្វើការ​ពិភាក្សា​គ្នា​អំពី​ដី​ចម្ការ​នេះ ថា​តើ​នឹង​ត្រូវ​ដកហូត​ដី​នៅ​កន្លែង​ណា​ពី​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​មិន​ស្រប​ច្បាប់​នោះ ដើម្បី​យក​មក​ឲ្យ​ក្រុម​យោធិន​ពិការ។

លោក ចាន់ សុវ៉េត មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សិទ្ធិ​មនុស្ស អាដហុក និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម ដែល​បាន​ឃ្លាំ​មើល​រឿង​នេះ​រហូត​មក បាន​អះអាង​ថា នៅ​មាន​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​ទៀត​មិន​ទាន់​ទទួល​បាន​ដី​ថ្មី​នៅ​ថ្មសំលៀង​នៅ​ឡើយ ហើយ​លោក​សុំ​ឲ្យ​អាជ្ញាធរ​គិតគូរ​ដល់​ពួក​គេ​ទាំង​នោះ និង​ធនា​ចំពោះ​ពួក​គេ​ក្នុង​ការ​រស់នៅ​លើ​ដី​ថ្មី ចៀសវាង​ការ​បណ្តេញ​ចេញ​បន្ត​ទៀត។

បច្ចុប្បន្ន​នេះ​ទាំង​គ្រួសារ​លោក ប៉ាន់ ប៉ា និង​ក្រុម​យោធិន​ពិការ​ជា​ច្រើន​ទៀត ដែល​ទទួល​រង​នូវ​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ឋាន​ដែល​ធ្លាប់​រស់នៅ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ខ្វះ​ស្បៀង​ជា​ចាំបាច់ ដោយសារ​ពួក​គេ​គ្មាន​ដី​ធ្វើ​ចម្ការ​ដូច​កាល​ពី​មុន ហើយ​ពួក​គេ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ជួយ​គិតគូរ​ដល់​ពួក​គេ​ឲ្យ​មាន​ការ​រស់នៅ​សមរម្យ ជា​សិទ្ធិ​ជន​ពិការ​ផងដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល