ទស្សនៈ​លើ​សេចក្ដី​ព្រាងច្បាប់​កំណត់​ចំណុច​ប្រសព្វ​ព្រំដែន

រដ្ឋ​សភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា បាន​ប្រកាស​លើក​ពេល​ពិភាក្សា និង​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​​អនុម័ត​​​លើ​អនុ​សញ្ញា​រវាង​​​ប្រទេស​កម្ពុជា លាវ និង វៀតណាម ស្តីពី​ការ​កំណត់​ចំណុច​ប្រសព្វ​​នៃ​ខ្សែ​បន្ទាត់​​ព្រំដែន​ប្រទេស​ទាំង​បី។
ដោយ ដែន អយុធ្យា
2011-05-12
Share

លោក យឹម សុវណ្ណ សមាជិក​សភា​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា សមាជិក​សភា​បក្ស​នេះ​នឹង​មិន​គាំទ្រ​ចំពោះ​​សេចក្ដី​ព្រាង​ច្បាប់​​ស្តីពី​​ការ​កំណត់​ចំណុច​​ប្រសព្វ​​នៃ​ខ្សែ​ព្រំដែន​កម្ពុជា-​វៀតណាម និង លាវ ដែល​រដ្ឋ​សភា​នឹង​លើក​យក​មក​ពិភាក្សា និង​អនុម័ត​ក្នុង​​​ពេល​ឆាប់ៗ​នេះ​ទេ។

លោក យឹម សុវណ្ណ បាន​ប្រាប់​ពី​មូលហេតុ​នាំ​ឲ្យ​សមាជិក​សភា​របស់​ខ្លួន​មិន​គាំទ្រ​អនុសញ្ញា​​​នេះ ព្រោះ​យល់​ថា ការ​បោះ​បង្គោល​​​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម និង លាវ កន្លង​មក បាន​បោះ​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​តាម​ខេត្ត​ជាប់​ព្រំដែន​ជា​​​ច្រើន​ករណី មិន​ទាន់​បាន​ដោះស្រាយ​ជូន​ពលរដ្ឋ​បាន​សម​ស្រប​​នៅ​ឡើយ។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ៖ «សុំ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​រដ្ឋ​សភា​ពិសេស ដើម្បី​ត្រួត​ពិនិត្យ​ការ​បោះ​បង្គោល​ព្រំដែន​រួម មាន​គណបក្ស​ទាំង​អស់​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា ដើម្បី​ចុះ​ទៅ​ពិនិត្យ និង​ដោះ​ស្រាយ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ។ ដូច្នេះ​ការ​បោះ​បង្គោល​ព្រំដែន​ដែល​បាន​ចែង​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់ គឺ​មិន​ទាន់​មាន​ការ​ចូល​រួម​ពី​សង្គម​ស៊ីវិល ឬ​ក៏​អង្កេត​ការណ៍​ណា​មួយ​ទេ»

លោក​បន្ថែម​ថា រាល់​សេចក្ដី​ព្រាង​ច្បាប់​អ្វី​ដែល​ទាក់ទង​បញ្ហា​ព្រំដែន ដែល​ចងក្រង​ឡើង​ដោយ​​​​មិន​អនុញ្ញាត​ឲ្យ​សាធារណជន មន្ត្រី​បក្ស​ប្រឆាំង ឬ​មន្ត្រី​សង្គម​ស៊ីវិល​បាន​ចូល​រួម​ផ្ដល់​ជា​យោបល់ គណបក្ស សម រង្ស៊ី នឹង​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា ឬ​មិន​ចូល​រួម​អនុម័ត​នោះ​ទេ។

ស្រដៀង​គ្នា​ដែរ លោក យ៉ែម បុញ្ញាឫទ្ធិ សមាជិក​សភា​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស ក៏​បាន​ឲ្យ​ដឹង​ពី​គោលជំហរ​បក្ស​របស់​ខ្លួន​ថា សមាជិក​​សភា​បក្ស​សិទ្ធិ​មនុស្ស​ទាំង​បី​រូប​មិន​ចូល​រួម ឬ​មិន​គាំទ្រ​ដាច់ខាត​រាល់​គ្រប់​អនុសញ្ញា​ទាក់ទង​ព្រំដែន​ដែល​ផ្ទុយ​ពី​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ យក​មក​​ធ្វើ​ជា​មូលដ្ឋាន​នោះ។

លោក​បន្ត​ថា កន្លង​មក​មាន​ពលរដ្ឋ​រាប់​រយ​គ្រួសារ​មាន​លំនៅឋាន​ជាប់​ព្រំដែន​ មាន​ដូច​ជា​នៅ​ខេត្ត​រតនគិរី ស្វាយរៀង កំពង់ចាម តាកែវ ជាដើម បាន​ត្អូញត្អែរ​ពី​ការ​បាត់បង់​ដី​ស្រែ​ចម្ការ​របស់​ខ្លួន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​មិន​បាន​រក​ដំណោះស្រាយ​​​សមស្រប​ជូន​ពួកគាត់​​​នោះ​ទេ។

លោក យ៉ែម បុញ្ញាឫទ្ធិ បន្ថែម ៖ «យើង​មិន​គាំទ្រ​ទេ​នូវ​អនុសញ្ញា​ណា​ទាក់ទង​ព្រំដែន​ដែល​មិន​យក​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ធ្វើ​ជា​មូលដ្ឋាន។ ទី​១ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​តំបន់​ព្រំដែន គាត់​តែង​​​​តែ​រង​គ្រោះ​ដោយសារ​បាត់បង់​ដី​ស្រែ​ចម្ការ​របស់​គាត់​ដែល​គាត់​ទាមទារ​ជា​ញឹកញាប់»

តាម​លោក យ៉ែម បុញ្ញាឫទ្ធិ សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ គឺ​បាន​ធានា​ពី​ឯករាជភាព ​អធិបតេយភាព និង​បូរណភាព​ទឹក​ដី​របស់​ប្រទេស​កម្ពុជា។ លើស​ពីនេះ​​ រាល់​អនុសញ្ញា​ទាំង​ឡាយ​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​មុន​សន្ធិ​សញ្ញា​​​ទីក្រុង​ប៉ារីស​ចន្លោះ​ពី​ឆ្នាំ​១៩៧៩ មក​ដល់​ឆ្នាំ​១៩៩១ ត្រូវ​សើរើ​ឡើង​វិញ ឬ​ចាត់​ទុក​ជា​មោឃៈ។

ទាក់ទង​បញ្ហា​នេះ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​ប្រទេស​​មួយ​ត្រូវ​តែ​មាន​កំណត់​ព្រំដែន​ឲ្យ​បាន​ច្បាស់លាស់ ប៉ុន្តែ​សំខាន់​ការ​បោះ​បង្គោល​ព្រំដែន​ទាំង​នោះ ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​ពី​មហាជន ឬ​អ្នក​ពាក់ព័ន្ធ​ឲ្យ​បាន​​ទូលំទូលាយ ជៀស​វាង​ធ្វើ​​​ឡើង​​​របៀប​អាថ៌កំបាំង។

លោក អ៊ូ វីរៈ ឲ្យ​ដឹង​ដូច្នេះ ៖ «សំខាន់​តែ​យើង​ប្រើ​ផែនទី​មួយ​ណា​ជា​រឿង​មួយ​សំខាន់​ណាស់ ព្រោះ​បើ​យើង​ប្រើ​ផែន​ទី​ខុស គឺ​យើង​អាច​ខាត​ដី»

ចំណែក​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ថ្លែង​ថា រដ្ឋ​សភា​មុន​នឹង​ពិភាក្សា ឬ​អនុម័ត​ទៅលើ​អនុសញ្ញា​ទាក់ទង​ព្រំដែន ត្រូវ​គិត​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជា​ធំ ជៀស​វាង​​សភា​គ្រាន់តែ​ជា​អ្នក​ប្រថាប់ត្រា ហើយ​មិន​បាន​ការពារ​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​របស់​ខ្លួន​នោះ។

លោក រ៉ុង ឈុន ដែល​ធ្លាប់​ត្រូវ​បាន​តុលាការ​ចាប់​ដាក់គុក​ដោយសារ​ហ៊ាន​សម្ដែង​មតិ​ទិតៀន​រដ្ឋាភិបាល​ទាក់ទង​បញ្ហា​ព្រំដែន​នោះ​ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ពីព្រោះ​យើង​មើល​ឃើញ​កន្លង​មក​សភា​អត់​មាន​យក​ចិត្ត​ទុក​ដាក់ គឺ​គ្រាន់​តែ​ប្រថាប់ត្រា​ទៅ​តាម​រដ្ឋាភិបាល»

រដ្ឋ​សភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១១ ខែ​ឧសភា បាន​បើក​កិច្ច​ប្រជុំ​​របស់​ខ្លួន​ដោយ​គ្រោង​លើក​យក​របៀបវារៈ​ចំនួន ៤ មក​ពិភាក្សា និង​អនុម័ត។ ក្នុង​នោះ​​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​៣ ​ត្រូវ​បាន​រដ្ឋ​សភា​​អនុម័ត​នៅ​​ថ្ងៃ​ទី​១១ ខែ​ឧសភា មាន​ដូច​ជា សេច​​ក្តី​ព្រាង​ច្បាប់​ស្តីពី​របប​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​​​​ច្បាប់​​ស្តីពី​ការ​​បោះ​ឆ្នោត​ជ្រើសរើស​​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​​ជ្រើស​​​រើស​​​តំណាងរាស្ត្រ។

ដោយ​ឡែក​របៀបវារៈ​ទី​៤ នៃ​កិច្ចពិភាក្សា​​សេចក្ដី​ព្រាង​ច្បាប់​អនុសញ្ញា ​រវាង​​កម្ពុជា លាវ និង ​វៀតណាម ស្តីពី​ការ​កំណត់​ចំណុច​ប្រសព្វ​​​នៃ​ខ្សែ​ព្រំដែន​ប្រទេស​ទាំង​បី រដ្ឋ​សភា​នៅ​មិន​ទាន់​លើក​យក​មក​ពិភាក្សា និង​អនុម័ត​នៅ​ឡើយ ដោយសារ​តំណាង​មក​ពី​រដ្ឋាភិបាល​ជា​អ្នក​ការពារ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ជាប់​រវល់។

ប្រតិកម្ម​ចំពោះ​ការ​លើក​ឡើង​របស់​សមាជិក​គណបក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មកា​​បោះ​បង្គោល​ព្រំដែន​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ថា គ្មាន​ហេតុ​​​ផល​ដែល​ត្រូវ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង ឬ​មន្ត្រី​សង្គម​ស៊ីវិល មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​អនុសញ្ញា​​​​​កំណត់​ចំណុច​​ប្រសព្វ​នៃ​ខ្សែ​ព្រំដែន​រវាង​ប្រទេស​ទាំង​បី កម្ពុជា វៀតណាម និង លាវ នោះ​ទេ។

លោក​​មាន​ប្រសាសន៍​បន្ថែម ៖ «ពី​គណបក្ស​ខ្លះ​គេ​មិន​សប្បាយ​ចិត្ត​នូវ​ការ​បោះ​បង្គោល​នៅ​កន្ទុយ​យ៉ាង​ច្បាស់​លាស់​ហើយ​មិន​សប្បាយ​ចិត្ត​ទៀត។ ឥឡូវ​គេ​ចង់​បាន​អី​ទៀត? ខ្ញុំ​ដូច​ជា​មិន​ដឹង​ថា គេ​ចង់​បាន​អី ​មែន​ទែន​ទៅ!»

យ៉ាង​នេះ​ក្ដី មន្ត្រី​មក​ពី​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​​ពាក់ព័ន្ធ​​​បញ្ហា​ព្រំដែន រដ្ឋាភិបាល​គួរ​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួម​យោបល់​ពី​បក្ស​ប្រឆាំង សង្គម​ស៊ីវិល ឬ​ក៏​សាធារណជន​ទូទៅ​ឲ្យ​បាន​ទូលំទូលាយ និង​មាន​ឯកភាព​ជាតិ​ជា​មុន មុន​នឹង​លើក​ទៅ​ជជែក​ពិភាក្សា​ឈាន​ដល់​ធ្វើ​ការ​​អនុម័ត។

មន្ត្រី​បក្ស​ប្រឆាំង​បញ្ជាក់​ថា បក្ស​កាន់​អំណាច​ត្រូវ​លើក​យក​សំណើ​របស់​មហាជន ជាពិសេស​ពលរដ្ឋ​​រងគ្រោះ​បាត់​បង់​ដី​ស្រែ​ចម្ការ​កើត​ពី​ការ​បោះ​តាម​ព្រំដែន ក៏​ដូច​ជា​សំណើ​របស់​គណបក្ស​​មាន​សំឡេង​ភាគ​តិច​ក្នុង​រដ្ឋ​សភា យក​ទៅ​ពិនិត្យ​ និង​ពិចារណា​ផង​ដែរ។

ទោះ​ជា​បែប​នេះ​ក្ដី លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មកា​​បោះ​បង្គោល​ព្រំដែន​កម្ពុជា បាន​ថ្លែង​ថា សេចក្ដី​​ព្រាង​​ច្បាប់​ស្ដីពី​​អនុសញ្ញា​​​កំណត់​ចំណុច​ប្រសព្វ​ខ្សែ​ព្រំដែន​​កម្ពុជា-​វៀតណាម និង លាវ នឹង​ជំរុញ​​ឲ្យ​កិច្ចការ​​​បោះ​បង្គោល​ព្រំដែន​គោក​​​ចប់​ឲ្យ​បាន​មុន​ឆ្នាំ​​​​​​២០១២ ប្រយោជន៍​ប្រែក្លាយ​តំបន់​ប្រសព្វ​​​​​ព្រំដែន​ប្រទេស​ទាំង​បី ឲ្យ​ក្លាយ​ទៅ​ជា​​ព្រំដែន​​មិត្តភាព​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល