​កិច្ច​ប្រជុំ​ពិភាក្សា​លើ​ច្បាប់​គ្រប់គ្រង​អង្គការ​លើក​ទី​៣

កិច្ច​ប្រជុំ​ពិភាក្សា​ផ្ដល់​យោបល់​រវាង​ក្រុម​សង្គម​ស៊ីវិល និង​ក្រសួង​មហាផ្ទៃ លើ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល​លើក​ទី​៣ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា​នេះ ប៉ុន្តែ​លទ្ធផល​ស្ថិត​នៅ​ក្នុង​ភាព​ស្រពេចស្រពិល​នៅ​ឡើយ។
ដោយ សេក បណ្ឌិត
2011-03-30
Share

ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន ក្នុង​ចំណោម​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ប្រមាណ ១៥​ផ្សេង​ទៀត ដែល​បាន​ចូល​រួម​ពិភាក្សា​ផ្ដល់​យោបល់​ជាមួយ​មន្ត្រី​ក្រសួង​មហាផ្ទៃ​លើ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​កិច្ច​ពិភាក្សា​នោះ គឺ​នៅ​មាន​សេសសល់​សេចក្ដី​ស្នើ​របស់​សង្គម​ស៊ីវិល​សុំ​ឲ្យ​កែប្រែ​ប្រមាណ​ជា​ជាង ៣០% ទៀត ដែល​ក្រសួង​​មហាផ្ទៃ ពុំ​អាច​ទទួល​យក​បាន​ឡើយ។

លោក សុក សំអឿន បន្ត​ថា ចំណែក​សេចក្ដី​ស្នើ​របស់​សង្គម​ស៊ីវិល​ប្រមាណ​ជា ៧០% ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ទទួល​យក​ដើម្បី​កែ​សម្រួល​ច្បាប់​នោះ ប៉ុន្តែ​ស្ថិត​ក្នុង​ការ​ពិចារណា និង​ឆ្លង​យោបល់​ទៅ​គណៈរដ្ឋមន្ត្រី​ថែម​ទៀត ៖ «ចំណុច​លើក​ថ្ងៃ​នេះ រឿង​ពីរ​បី​ចំណុច​ដែល​គេ​អត់​យក និយាយ​រួម​ទៅ​ការ​សម្រេច​ពី​ថ្នាក់​លើ​អា​ហ្នឹង​ដឹង​តែ no question (អត់​ឲ្យ​មាន​សំណួរ) អត់​អាច​បាន។ យើង​នៅ​សល់​ដែល​យើង​ថា ដែល​អត់​សោះ​ប្រហែល ៣០% ហើយ​ដែល ok ដែល​អាច​ទទួល​យក​បាន​ប្រហែល ៤០% ហើយ​នៅ​សល់​ប្រហែល ៣០%​ទៀត ដែល​គេ​ចាំ​សម្រេច​ពី​ថ្នាក់​លើ​គេ​មួយ​តង់​ទៀត»

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណុច​ដែល​មាន​ការ​ជជែក​គ្នា​ដ៏​ចម្រូងចម្រាស និង​តឹងតែង​ខ្លាំង​នោះ គឺ​ចំណុច​ដែល​សេចក្ដី​ព្រាង​ច្បាប់ តម្រូវ​ឲ្យ​សង្គម​ស៊ីវិល​ចុះ​បញ្ជី ការ​ប្ដឹង​ឧទ្ធរណ៍ និង​ចំណុច​មួយ​ចំនួន​ទៀត ៖ «ចំណុច​ដែល​មិន​អាច​បាន ដែល​សុំ​ឲ្យ​ថា ការ​ចុះ​បញ្ជី​ជា​សេរីភាព​នោះ មាន​ន័យ​ថា បើ​ចុះ​ទទួល​បាន​ផលប្រយោជន៍​ពី​ច្បាប់ បើ​យើង​មិន​ចុះ​ក៏​ហី​ទៅ  អា​ហ្នឹង​មួយ​អត់​បាន​ទេ ត្រូវ​តែ​ចុះ​ហើយ។ ទី​២ រឿង​បញ្ហា​ប្ដឹង​ឧទ្ធរណ៍​លក្ខណៈ​បច្ចេកទេស​នឹង​គេ​អត់​ចង់​តែម្ដង គេ​មិន​ចង់​ឲ្យ​ដាក់​ថែម​អា​ឧទ្ធរណ៍​ហ្នឹង តែ​ខាង​បរទេស​យើង​ធូរ​បន្តិច»

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក នុត សាអាន ដែល​ជា​ប្រធាន​អង្គ​ប្រជុំ​ពិភាក្សា ​លើ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា នោះ​បាន​ទេ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អូ វីរៈ បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ផ្តល់​យោបល់​ចុង​ក្រោយ​លើ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​នេះ​ឡើយ។

ការ​ធ្វើ​ពហិការ​នេះ លោក អ៊ូ វីរៈ ពន្យល់​ថា ដោយសារ​លោក​មាន​ជំនឿ​ថា រដ្ឋាភិបាល​នឹង​មិន​ទទួល​យក​ការ​ស្នើ​សុំ​ពី​សង្គម​ស៊ីវិល​លើ​ចំណុច​សំខាន់ៗ ក្នុង​ការ​កែ​លម្អ​ច្បាប់​នោះ​ឡើយ ហើយ​ដែល​លោក​ហៅ​ថា ជា​ការ​ពិភាក្សា​មិន​ស្មោះត្រង់ ៖ «ការ​ប្រជុំ​នេះ​គ្រាន់​តែ​ជា​ការ​ប្រជុំ​បង្គ្រប់​កិច្ច ដើម្បី​បង្ហាញ​ថា ឲ្យ​មាន​ការ​ចូល​រួម​ពី​អង្គការ​ក្រៅ​អង្គការ​មួយ​ចំនួន»

លោក​បន្ត​ថា ច្បាប់​នេះ​ធ្វើ​ឡើង​ក្នុង​គោលដៅ​សម្រាប់​គាប​សង្កត់​លើ​សង្គម​ស៊ីវិល​ឯករាជ្យ ធ្វើការ​ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិ ការពារ​សិទ្ធិ គ្រប់គ្រង​ដីធ្លី ផ្ទះ​សម្បែង ដែល​ត្រូវ​ក្រុម​អ្នក​មាន​អំណាច​រឹបអូស​យក​នោះ។

តំណាង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ក៏​មិន​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ​នេះ​ដែរ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នឹង​មិន​មាន​ចេតនា​កែប្រែ​ច្បាប់​នេះ​តាម​ការ​ចង់​បាន​របស់​សង្គម​ស៊ីវិល​ឡើយ។ លោក​បន្ត​ថា ទីបំផុត​សង្គម​ស៊ីវិល​មាន​តែ​ទទួល​យក​ច្បាប់​នោះ​ទាំង​បង្ខំ​ចិត្ត ហើយ​បើ​ថ្ងៃ​ក្រោយ​រដ្ឋាភិបាល​ចង់​គាប​សង្កត់​លើ​អង្គការ​សមាគម​ណា​មួយ​ដោយ​ប្រើ​ច្បាប់​នេះ នៅ​ពេល​នោះ​មាន​តែ​អង្គការ​នោះ​បង្ខំ​ចិត្ត​បិទ​ទ្វារ​តែ​ប៉ុណ្ណោះ។

លោក ចាន់ សុវ៉េត បញ្ជាក់​បន្ថែម ៖ «គិត​ថា បើ​ច្បាប់​មាន​ការ​តានតឹង ហើយ​មាន​ការ​ឆក​ល្វែង​នាំ​អាទិ​ឲ្យ​មាន​បញ្ហា​អី​កើត​ឡើង​ដល់​បញ្ហា​សន្តិសុខ​អី​ហ្នឹង គឺ​យើង​គួរ​តែ​ពិចារណា និង​ត្រូវ​បញ្ឈប់​ដែរ ព្រោះ​វា​ត្រូវ​តែ​អ៊ីចឹង។ ព្រោះ​កាលណា​តានតឹង​ពេក យើង​ពិបាក​ពេក យើង​កុំ​នាំ​គ្នា​ធ្វើ ដូច្នេះ​យើង​អាច​ឈប់​បាន​អា​ហ្នឹង​ជា​សិទ្ធិ​សេរីភាព ហើយ​អង្គការ​ណា​ដែល​គេ​ធ្វើ​បាន​ឲ្យ​គេ​ធ្វើ​ទៅ​តាម​លក្ខខណ្ឌ​ហ្នឹង​ទៅ»

ប្រធាន​សមាគម​ឯករាជ្យ​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ហាក់​បី​ដូច​ជា​ប្រញាប់ប្រញាល់​ពេក​ហើយ​ក្នុង​ការ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញ​ដោល​គ្នា​លើ​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ ៖ «ពីព្រោះ​សេចក្ដី​ព្រាង​ទើប​បាន​មួយ​អាទិត្យ​មុន​នេះ អា​ព្រាង​លើក​ទី​២ ហើយ​គេ​កោះ​ប្រជុំ​ថ្ងៃ​ហ្នឹង​ហើយ​ហ្នឹង ហើយ​ថ្ងៃ​០១ ខ្ញុំ​ឮ​ព័ត៌មាន​ក្រៅ​ផ្លូវការ​ថា គេ​បញ្ជូន​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ហើយ បើ​សិន​ជា​ប្រញាប់​បែប​នេះ ខ្ញុំ​គិត​ថា ច្បាប់​នេះ​ធ្វើ​ឲ្យ​តែ​រួច ដើម្បី​បម្រើ​ឲ្យ​អ្នក​ណា​ម្នាក់ ឬ​បម្រើ​ឲ្យ​ផ្នែក ឬ​ក្រុម​ណា​មួយ​ប៉ុណ្ណោះ មិន​បាន​បម្រើ​ប្រយោជន៍​សង្គម​ទូទៅ ឬ​ប្រជាពលរដ្ឋ​ទូទៅ​នោះ​ទេ»

កិច្ច​ប្រជុំ​ពិភាក្សា​លើក​ទី​៣ ដែល​ជា​លើក​ចុង​ក្រោយ​លើ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា​នោះ មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​រួម​ស្ដាប់​កិច្ច​ពិភាក្សា​នោះ​ឡើយ។ រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​មិន​ទាន់​បាន​កំណត់​ពេល​វេលា​ច្បាស់លាស់​ជា​ផ្លូវការ ដើម្បី​បញ្ជូន​ទៅ​រដ្ឋសភា​អនុម័ត​នោះ​ទេ ប៉ុន្តែ​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា ច្បាប់​នេះ​អាច​នឹង​ចេញ​រួច​នៅ​ចុង​ឆ្នាំ​២០១១​នេះ ទោះ​បី​មិន​មាន​ការ​ព្រមព្រៀង ឬ​មាន​ការ​ពេញ​ចិត្ត​ពី​សង្គម​ស៊ីវិល​នានា​ក៏​ដោយ។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល មាន ៥៨​មាត្រា និង ១១​ជំពូក។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា មាន​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ប្រមាណ​ជា ៣.០០០​អង្គការ សមាគម កំពុង​មាន​សកម្មភាព​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ​ទៅ​តាម​វិស័យ​ផ្សេងៗ ដោយ​ទទួល​ប្រាក់​ជំនួយ​ពី​អន្តរជាតិ។ វិស័យ​ទាំង​នោះ​រួម​មាន សហគមន៍​ការពារ​ព្រៃ​ឈើ ការពារ​ភោគ​ផល​ធម្មជាតិ និង​បរិស្ថាន អង្គការ​សមាគម​ធ្វើការ​ខាង​វិស័យ​ថែទាំ និង​ព្យាបាល​សុខភាព ខាង​កសិកម្ម ខាង​សេដ្ឋកិច្ច ខាង​អប់រំ ខាង​លើក​កម្ពស់​ការ​គោរព​ច្បាប់ និង​សិទ្ធិ​មនុស្ស​ជាដើម៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល