ជីវ​ប្រវត្តិ​របស់ កាំង ហ្កិច​អ៊ាវ ហៅ ឌុច (ភាគ១)

សាក្សី​និង​ភស្តុតាង​ដែល​នៅ​សល់​ក្រោយ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩ បាន​បង្ហាញ​ថា គុក​ទួលស្លែង ឬ​មន្ទីរ​សន្តិសុខ ស​-២១ គឺ​ជា​គុក​សម្ងាត់​បំផុត​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​គ្រប់គ្រង​ដោយ​អតីត​គ្រូ​បង្រៀន​ម្នាក់ ឈ្មោះ កាំង ហ្កិច​អ៊ាវ ហៅ​សមមិត្ត ឌុច។
ដោយ មាន ឫទ្ធិ
2009-02-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​មេគុក​ទួលស្លែង​នៃ​របប​ខ្មែរ​ក្រហម កាំង ហ្កិចអ៊ាវ ហៅ ឌុច (រូប​កណ្ដាល) បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​នៃ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នា​ថ្ងៃ​ទី​១៧ កុម្ភៈ ២០០៩។
អតីត​មេគុក​ទួលស្លែង​នៃ​របប​ខ្មែរ​ក្រហម កាំង ហ្កិចអ៊ាវ ហៅ ឌុច (រូប​កណ្ដាល) បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​នៃ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នា​ថ្ងៃ​ទី​១៧ កុម្ភៈ ២០០៩។
AFP Photo

ព័ត៌មាន​ដែល​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ​មួយ​មាន​ចំណង​ជើង​ថា «ពេជ្ឈ​ឃាដ​បាត់​ខ្លួន» របស់​អ្នក​និពន្ធ នីក ដងឡុប ដែល​ធ្លាប់​បាន​ជួប​សម្ភាស​ជាមូយ កាំង ហ្កិចអ៊ាវ ហើយ​ដែល​សៀវភៅ​នេះ ត្រូវ​បាន​ប្រែ​សម្រួល​ដោយ​លោក ហេង ហាំងខេង នោះ បាន​កត់ត្រា​ថា កាំង ហ្កិច​អ៊ាវ កើត​ក្នុង​គ្រួសារ​ក្រីក្រ​មួយ នា​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៤២ នៅ​ភូមិ​ពៅវើយ ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ក្នុង​ខ្ទម​មួយ​ក្បែរ​មាត់​ស្ទឹង​ស្ទោង។ ឪពុក កាំង ហ្កិច​អ៊ាវ ឈ្មោះ កាំង គី និង​មាន​ម្តាយ​ឈ្មោះ កាំង គីមស៊ីវ។

កាំង ហ្កិច​អ៊ាវ គឺ​ជា​កូន​ច្បង ហើយ​ក៏​ជា​កូន​ប្រុស​តែ​មួយ​គត់​នៅ​ក្នុង​គ្រួសារ​មួយ ដែល​មាន​សមាជិក​ប្រាំ​នាក់។ នៅ​ពេល កាំង ហ្កិច​អ៊ាវ មាន​អាយុ ៩​ឆ្នាំ ក្រុម​គ្រួសារ​កុមារា​រូប​នេះ​បាន​ត្រូវ​បង្ខំ​ឱ្យ​ផ្លាស់ប្តូរ​ផ្ទះ​សម្បែង​ទៅ​រស់នៅ​លើ​ដី​ជីដូន​របស់​គាត់​វិញ ដោយសារ​តែ​បញ្ហា​ទំនាស់​ដី​ធ្លី។

ក្រោយ​មក​ឪពុក​របស់​កុមារា កាំង ហ្កិច​អ៊ាវ ទទួល​បាន​ការងារ​ធ្វើ​ក្នុង​ឋាន:​ជា​ស្មៀន​នៅ​ក្រុមហ៊ុន​នេសាទ​ត្រី​មួយ​របស់​ចិន ដោយសារ​តែ​គាត់​ចេះ​និយាយ​ភាសា​ចិន។ ចំណែក​ម្តាយ​របស់​កុមារា​រូប​នេះ​វិញ បាន​ខិតខំ​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​បន្ថែម​ទៀត ដោយ​លក់​នំ​ក្រូច​និង​ចេក​ចៀន​នៅ​ផ្សារ។

កុមារា កាំង ហ្កិច​អ៊ាវ បាន​ចាប់​ផ្តើម​ចូលរៀន​ក្នុង​សាលា​ពោធិ៍​អណ្តែត ដែល​ស្ថិត​ក្នុង​វត្ត​ក្បែរ​ភូមិ​ដែល​គាត់​រស់នៅ។ បន្ទាប់​មក​ទៀត កាំង ហ្កិច​អ៊ាវ បាន​ផ្លាស់​ទៅ​រៀន​នៅ​សាលា​បឋម​សិក្សា​កំពង់​ចិន​វិញ ដែល​ស្ថិត​នៅ​ក្បែរ​សាលា​ចាស់​នោះ​ដែរ។ កាំង ហ្កិច​អ៊ាវ ជា​មនុស្ស​ដែល​ញៀន​នឹង​ការ​អាន​សៀវភៅ ហើយ​កម្រ​ចេញ​ពី​ផ្ទះ​ណាស់។

តាមរយ: លាម សារុន អតីត​ព្រះសង្ឃ​គង់​នៅ​វត្ត​ឧណ្ណាលោម ហើយ​ក៏​ជា​អតីត​មិត្ត​ជិត​ស្និទ្ធ​របស់ កាំង ហ្កិច​អ៊ាវ ដែល​ទស្សនាវដ្តី​ស្វែង​រក​ការ​ពិត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លេខ​៦ ខែ​មិថុនា ឆ្នាំ​២០០០ បាន​ដក​ស្រង់​នោះ ឱ្យ​ដឹង​ថា កាំង ហ្កិច​អ៊ាវ ជា​សិស្ស​ម្នាក់​ដែល​រៀន​ពូកែ​ខ្លាំង​ណាស់ ៖ «រៀន​នៅ​កំពង់ធំ​ល្បី​វា​រៀន​ពូកែ​ខាង​គណិត​វិទ្យា គឺ​លេខ​១ រហូត ប្រឡង​ទូទាំង​ប្រទេស​គឺ​វា​ជាប់​លេខ​១​ទៀត។ ដល់​វា​រៀន​ជាប់​បាក់អង ទៅ​ប្រឡង​ធ្វើ​សាស្ត្រាចារ្យ​ជាប់​ទៀត។ ដល់​ពេល​ចេញ​មក​វិញ រៀន​យក​សញ្ញាបត្រ​ជាមួយ​ខ្ញុំ​ខាង​អក្សរសាស្ត្រ​នៅ​សកល​វិទ្យាល័យ​ភ្នំពេញ​វិញ អត់​យក​គណិត​វិទ្យា​ទេ»

នៅ​ឆ្នាំ​១៩៦១ ពេល​ដែល​ពេញ​វ័យ ១៩​ឆ្នាំ យុវជន កាំង ហ្កិច​អ៊ាវ បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ ហើយ​រូប​គាត់​ក៏​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​សូរ្យ​វរ្ម័ន​ទី​២ ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប។ ការ​សិក្សា​នៅ​ឯ​ខេត្ត​សៀមរាប យុវជន កាំង ហ្កិច​អ៊ាវ បាន​ប្រឡង​ជាប់​មធ្យម​សិក្សា​បត្រ​ភាគ​ទី​១។

ក្នុង​ឆ្នាំ​១៩៦២ យុវជន កាំង ហ្កិច​អ៊ាវ  បាន​មក​បន្ត​ការ​សិក្សា​ថ្នាក់​ទី​បញ្ចប់​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ រហូត​ប្រឡង​ជាប់​មធ្យម​សិក្សា​បត្រ​ភាគ​ទី​២ ផ្នែក​គណិត​សាស្ត្រ​ដោយ​ទទួល​បាន​និទ្ទេស​ល្អ​ទៀត​ផង។

នៅ​ក្នុង​ទស្សនាវដ្តី​ស្វែងរក​ការ​ពិត​លេខ​ដដែល បាន​ឱ្យ​ដឹង​ថា នៅ​ភ្នំពេញ កាំង ហ្កិច​អ៊ាវ ស្នាក់​នៅ​កុដិ​លេខ​៣ ក្នុង​វត្ត​ឧណ្ណាលោម។

លាម សារុន អតីត​ព្រះសង្ឃ​គង់​នៅ​វត្ត​ឧណ្ណាលោម​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា កាំង ហ្កិចអ៊ាវ មាន​ឈ្មោះ​ហៅ​ក្រៅ​មួយ​ទៀត​ថា គៀវ។ គៀវ ជា​មនុស្ស​កើត​ក្នុង​ឆ្នាំ​មមី មាន​ចរិត​ស្លូត​បូត និង​មិន​ដែល​តប​ត​ជាមួយ​អ្នក​ណា​ឡើយ។ ក្រៅ​ពី​មាន​បុគ្គលិក​លក្ខណ:​រាបសារ គៀវ ក៏​មិន​និយម​ការ​ផឹក​ស៊ី​លេង​បៀ​ប៉ោ​ឡើយ តែ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ជាប់​ចិត្ត​នឹង​បារី ៖ «បើ​ចរិត​វា គឺ​បើ​វា​ខឹង អត់​ដែល​មាន​ត​នឹង​អ្នក​ណា​ទេ។ គេ​ប្រមាថ​វា គេ​ជេរ​វា​យ៉ាង​ម៉េច​ក៏​វា​អត់​ត ចិត្ត​ធ្ងន់។ រួច​បើ​ដឹង​តែ​គេ​កាទី​កាទើ រក​វ៉ៃ វា​បែរ​ជា​លួង​លោម​ទៅ​វិញ។ គ្មាន​ផឹក គ្មាន​ស៊ី។ បារី បើ​ថា​វា​ជក់ មួយ​ថ្ងៃ​ហ្នឹង គឺ​អុជ​បន្ត​រហូត​អស់​ពីរ​កញ្ចប់​ក៏​មាន បី​កញ្ចប់​ក៏​មាន ហើយ​ល្បែង​អត់​មាន​ទេ នៅ​ម៉ា​កុដិ អា​ណា​លេង​អី ក៏​វា​អត់​លេង​ដែរ»

ឆ្នាំ​១៩៦៤ យុវ​សិស្ស កាំង ហ្កិច​អ៊ាវ បាន​ចូល​រៀន​នៅ​វិទ្យាស្ថាន​គរុកោសល្យ​ដើម្បី​យក​វិញ្ញា​បន​បត្រ​ធ្វើ​ជា​សាស្ត្រាចារ្យ។ វិទ្យាស្ថាន​នេះ គ្រប់គ្រង​ដោយ​សាស្ត្រាចារ្យ​គណិត​សាស្ត្រ មក​ពី​ទីក្រុង​ប៉ារីស​ម្នាក់​ឈ្មោះ សុន សេន ដែល​ក្រោយ​មក​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​១៩៦៥ កាំង ហ្កិច​អ៊ាវ បាន​ទទួល​វិញ្ញា​បន​បត្រ​គ្រូ ហើយ​ត្រូវ​បាន​ចាត់​តាំង​ឱ្យ​ទៅ​បង្រៀន​នៅ​អនុវិទ្យាល័យ​ស្គន់ ដែល​ជា​ស្រុក​មួយ​របស់​ខេត្ត​កំពង់ចាម។

នៅ​ក្នុង​ទស្សនាវដ្តី​ស្វែងរក​ការ​ពិត​លេខ​ដដែល បាន​ឱ្យ​ដឹង​ថា ក្នុង​ឋាន:​ជា​អ្នក​បង្រៀន លោកគ្រូ កាំង ហ្កិចអ៊ាវ មាន​សិស្ស​ជា​ច្រើន​គោរព​ស្រឡាញ់​គាត់ ដែល​ខុស​ប្លែក​ពី​សាស្ត្រាចារ្យ​ដទៃ​ទៀត។

គឹម សួរ អតីត​សិស្ស​របស់ កាំង ហ្កិចអ៊ាវ បាន​ឱ្យ​ដឹង​ថា គាត់​ជា​គ្រូ​បង្រៀន​ម្នាក់​ដែល​ធ្វើ​ឱ្យ​សិស្ស​ជា​ច្រើន​និយម​ចូល​ចិត្ត​គាត់ ៖ «គាត់​ចូល​ចិត្ត​ជាមួយ​សិស្ស ស្និទ្ធ​ស្នាល​ជាមួយ​កូន​សិស្ស​ណាស់ ហើយ​កូន​សិស្ស​ហាក់​ដូចជា​ស្រឡាញ់​គាត់​ហ្នឹង​តែ​ម្តង។ ហើយ​ពេល​ហ្នឹង​គឺ​ថា សាស្ត្រាចារ្យ​ខ្លះ​គេ​ធ្វើ​ឫក​ធំ ធ្វើ​ឱ្យ​កូន​សិស្ស​ខ្លាច​ដល់​គ្រូ។ កាំង ហ្កិច​អ៊ាវ នេះ គឺ​មិន​ធ្វើ​ឱ្យ​កូន​សិស្ស​ខ្លាច​ទេ គាត់​ធ្វើ​ឱ្យ​កូន​សិស្ស​ស្រឡាញ់​រហូត​ដល់​កូន​សិស្ស​ឱប ឬ​ក៏​ចាប់​លើក​បោះ​អ៊ីចឹង ភាគ​ច្រើន​គឺ​កូន​សិស្ស​ស្រឡាញ់​គាត់​ណាស់»

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​សិក្សា​របស់ កាំង ហ្កិច​អ៊ាវ តែង​តែ​បាន​ទទួល​ការ​ជួយ​ជ្រោមជ្រែង​ទាំង​លុយ​កាក់ និង​ការ​លើក​ទឹក​ចិត្ត​ពី​គ្រូ​របស់​គាត់​ឈ្មោះ កែ គីមហួត ជា​និច្ច។

កែ គីមហួត ជា​អ្នក​ប្រឆាំង​រាជានិយម​ដ៏​ស្រួច​ស្រាល់​បំផុត ហើយ​តាមរយ:​ការ​ណែនាំ​របស់​គាត់ កាំង ហ្កិច​អ៊ាវ ប្រាកដ​ជា​បាន​អាន​កាសែត​ដែល​និយាយ​អំពី​ចលនា​រំដោះ​នៅ​ទូទាំង​ពិភពលោក​នា​សម័យ​កាល​នោះ​ជាក់​ជា​មិន​ខាន។

ទ្រឹស្តី​មហា​លោត​ផ្លោះ​របស់​ប្រធាន ម៉ៅ សេទុង នៃ​ប្រទេស​ចិន តែងតែ​បាន​ជ្រាប​ចូល​ទៅ​ក្នុង​ផ្នត់​គំនិត​របស់ កាំង ហ្កិច​អ៊ាវ ហើយ​រូប​គាត់​តែង​តែ​និយាយ​ទិតៀន​ប្រឆាំង​ទៅ​នឹង​សក្តិ​ភូមិ រាជា​និយម អ្នក​មាន និង​របប​គ្រប់គ្រង​ថា បាន​ជិះជាន់​ប្រជាជន​ក្នុង​សង្គម​នោះ​ជា​និច្ច។

គួរ​រំឭក​ផង​ដែរ​ថា ក្នុង​ពេល​កំពុង​សិក្សា​នៅ​ខេត្ត​កំពង់ធំ កាំង ហ្កិច​អ៊ាវ មាន​មិត្ត​ជា​ច្រើន ដែល​ខ្លះ​នៅ​មាន​ជីវិត​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ក្នុង​នោះ​មាន​ដូចជា សុខ ឃាង, សុម៉ាលី និង ហូ ងី ជា​ដើម ហើយ ហូ ងី ដែល​ប្រហែល​ជា​ស្លាប់​នៅ​ឆ្នាំ​១៩៧០ គឺ​ជា​មិត្ត​ជិត​ដិត​បំផុត​របស់ កាំង ហ្កិច​អ៊ាវ៕

ព័ត៌មាន (0)
Share

អត្ថបទ​ដែល​ទាក់ទង

An error occurred while generating this part of the page. (log)
An error occurred while generating this part of the page. (log)
គេហទំព័រ​ទាំងមូល