ជីវ​ប្រវត្តិ​របស់ កាំង ហ្កិចអ៊ាវ ហៅ ឌុច (ភាគ៣)

តាម​ប្រវត្តិ​រឿង​រ៉ាវ​របស់ កាំង ហ្កិចអ៊ាវ ហៅ ឌុច នៅ​ក្នុង​ភាគ​ទី​២ បាន​បង្ហាញ​ថា ឌុច ក៏​ធ្លាប់​ជា​អ្នក​ទោស​ម្នាក់​ដែរ​កាល​នៅ​ចុង​របប​សង្គម​រាស្រ្ត​និយម ហើយ​ក្រោយ​រួច​ពី​គុក ឌុច ក៏​ក្លាយ​ជា​មេគុក ម-​១៣ របស់​ខ្មែរ​ក្រហម​នៅ​ខេត្ត​កំពង់ស្ពឺ មុន​នឹង​ត្រូវ​ចាត់​តាំង​​ឲ្យ​​មក​ធ្វើ​ជា​មេ​គុក​ទួលស្លែង រយៈ​កាល​ជិត​ ៤​ឆ្នាំ ​នៃ​របប​ខ្មែរ​ក្រហម។
ដោយ មាន ឫទ្ធិ
2009-03-31
Share
ឌុច​303 អតីត​មេគុក​ទួលស្លែង​នៃ​របប​ខ្មែរ​ក្រហម កាំង ហ្កិចអ៊ាវ ហៅ ឌុច (រូប​កណ្ដាល) បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​នៃ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នា​ថ្ងៃ​ទី​១៧ កុម្ភៈ ២០០៩។
AFP Photo

មន្ទីរ​ឃុំ​ឃាំង ស-២១ ឬ​គុក​ទួល​ស្លែង​នៅ​ក្នុង​គ្រា​នោះ​មាន​បុគ្គលិក​ធ្វើ​ការ​ចំនួន ៣០០​នាក់ ដោយ​ត្រូវ​គ្រប់គ្រង​លើ​អ្នកទោស​ប្រហែល ១.៥០០​នាក់ ដែល​ត្រូវ​ចេញ​ចូល​ជា​ប្រចាំ។

អតីត​អ្នកទោស​គុក​ទួល​ស្លែង​ម្នាក់​ឈ្មោះ វ៉ាន់ ណាត ដែល​បាន​រួច​ជីវិត​ដោយសារ​តែ​មាន​ទេព​កោសល្យ​គូរ​គំនូរ​នោះ​បាន​ឲ្យ​ដឹង​ដែរ​ថា របប​ផ្គត់ផ្គង់​ទៅ​លើ​អ្នកទោស​មិន​គ្រប់​គ្រាន់​ឡើយ។ ចំពោះ​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​វិញ អតីត​អ្នកទោស​ទួល​ស្លែង​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា មាន​អ្នកទោស​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ ហើយ​អ្នក​ទោស​ដែល​នៅ​រស់​ដោយ​មាន​ជើង​ជាប់​ខ្នោះ​ទាំង​នោះត្រូវ​ដេក​ជាមូយ​សាកសព​ជាច្រើន​ថ្ងៃ​មុន​នឹង​ត្រូវ​គេ​យក​ចេញ។

លោក វ៉ាន់ ណាត បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «អ្នកទោស​ដែល​មក​មុនៗ​ហ្នឹង គេ​ស្លាប់​នៅ​ហ្នឹង ស្លាប់​ជួនកាល​បី​នាក់​ទៅ​មួយ​ខ្នោះ​យើង​ហ្នឹង ស្លាប់​ម៉ោង​៧​ព្រឹក​ទៅ ដេក​មួយ​យប់​ហ្នឹង​យើង​ស៊ី​ជាមួយ​ខ្មោច​ដេក​ជាមួយ​ខ្មោច ស្អែក​ឡើង​បាន​គេ​យក​ខ្មោច​ហ្នឹង​ចេញ​ទៅ ហើយ​កុំ​ចង្រិត​កុំ​អី​ហើ​ចូល​យប់ កន្លាត​ក៏ដោយ អី​ក៏ដោយ អត់​ទេ​ស៊ី​ទាំង​អស់ ដូច​សត្វ​នរក​អ៊ីចឹង ប៉ុន្តែ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ភ្លើង​មិន​សូវ​បាន​ហូប​នឹង​គេ​ទេ។ ដល់​ពេល​ស៊ី​ហ្នឹង កាលណា​តែ​ពួក​អ្នក​យាម​វា​ឃើញ វា​វ៉ៃ​ជ្រុះ​មក​វិញ​អស់​ហើយ វា​យក​សុទ្ធ​ស្បែក​ជើង​មក​វ៉ៃ​ក្បាល វ៉ៃ​គុម្ព​ត្រចៀក»

នៅ​ក្នុង​ឯកសារ​របស់​អ្នក​និពន្ធ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​សម​មិត្ត ឌុច មាន​អ្នក​ជាប់​ឃុំ​នៅ​មន្ទីរ ស-២១ ឬ​គុក​ទួល​ស្លែង​ចំនួន​ជិត​ពីរ​ម៉ឺន​នាក់​ត្រូវ​គេ​យក​ទៅ​សម្លាប់​ចោល ដោយ​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ថា​ជា​ភ្នាក់ងារ​ស៊ី.អាយ.អេ (C.I.A) របស់​អាមេរិក ឬ​ជា​អ្នក​យក​ការណ៍​កា.ហ្សេ.បេ (K.G.B) របស់​អតីត​សហភាព​សូវៀត ឬ​ក៏​ភ្នាក់ងារ​ស៊ើប​ការណ៍​របស់​វៀតណាម ជាដើម។

ក្នុង​ចំណោម​អ្នកទោស​ទាំង​នោះ អ្នក​ដែល​រួច​ជីវិត​ពី​ការ​សម្លាប់​មាន​ចំនួន​តែ​ប្រមាណ​៧​នាក់​ប៉ុណ្ណោះ ក្នុង​នោះ​មាន​បី​នាក់​ដែល​នៅ​សល់​ជីវិត​រហូត​ដល់​សព្វថ្ងៃ។

មុន​នឹង​ត្រូវ​យក​ទៅ​សម្លាប់ អ្នកទោស​ទាំង​នោះ​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ​ជា​ច្រើន​ខែ រហូត​ដល់​ជន​រង​គ្រោះ​ទាំង​នោះ​ព្រម​ទទួល​សារភាព។

អតីត​អ្នក​រួច​ជីវិត​ពី​ទួល​ស្លែង​ម្នាក់​ឈ្មោះ ប៊ូ ម៉េង បាន​ឲ្យ​ដឹង​ថា រូប​គាត់​ត្រូវ​គេ​យក​ទៅ​វាយ​សួរ​ចម្លើយ​នៅ​ពេល​ថ្ងៃ​ក្នុង​ផ្ទះ​មួយ​ក្បែរ​មន្ទីរ​ឃុំ​ឃាំង​នោះ។ ការ​សួរ​ចម្លើយ​លើ​រូប​គាត់​មាន​រយ:​ពេល​រហូត​ដល់​មួយ​អាទិត្យ។

លោក ប៊ូ ម៉េង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «សួរ​ចម្លើយ​ហ្នឹង​ដល់​ពេល​ថ្ងៃ​យក​ទៅ​វ៉ៃ​សួរ​ចម្លើយ​បែក​ពេញ​ខ្នង។ ច្រើន​ដង មួយ​ថ្ងៃ​ពីរ​ដង វា​វ៉ៃ​ខ្ញុំ វា​យក​ឈើ​រុក ចុះ​ខ្ញុំ​ឈឺ​ពេក​សន្លប់ ដេក​ផ្ងារ​អ៊ីចឹង ដេក​ផ្ងារ​អ៊ីចឹង​វា​យក​ឈើ​ឫស្សី​រំពាត់​ហ្នឹង​រុក​ខ្នង​ខ្ញុំ​ខ្ទេច បែក​ខ្ទេច​ខ្ទី​អស់​ហើយ»

ជុំ ម៉ី អតីត​អ្នក​ទោស​នៅ​ទួល​ស្លែង​ម្នាក់​ទៀត​បាន​ឲ្យ​ដឹង​ថា រូប​គាត់​ត្រូវ​គេ​យក​ទៅ​សួរ​ចម្លើយ​រហូត​ដល់​ទៅ ១២​ថ្ងៃ ១២​យប់​ឯណោះ ហើយ​ជា​រៀង​រាល់​លើក​គាត់​តែង​ទទួល​រង​ទារុណកម្ម​ជា​ច្រើន ដូច​ជា​ការ​ប្រើ​ខ្សែ​ភ្លើង​ឆក់ ដក​ក្រចក និង​វាយ​ដំ​លើ​រូប​គាត់​ជាដើម ៖ «សួរ​ចម្លើយ​មាន​ដាក់​ខ្សែ​ភ្លើង វ៉ៃ​បាក់​ដៃ​បាក់​អី មិន​ឃើញ​ទេ? វ៉ៃ​បាក់​ដៃ​នេះ។ ហើយ​ក្រចក​ជើង​នេះ​ដក ក្រចក​មេ​ជើង​ដក​ទាំង​អស់។អា​នេះ​វ៉ៃ​ឈឺ​ពេក​ខ្ញុំ​រង យក​ដៃ​រង​ទៅ​បាក់​កូន​ដៃ»

បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​គ្រប់​គ្រាន់​ហើយ អ្នក​ទោស​ទាំង​នោះ​គឺ​ត្រូវ​គេ​យក​ទៅ​កម្ទេច​ចោល​ទាំង​អស់​នៅ​ឯ​បឹង​ជើង​ឯក​ជាយ​ក្រុង​ភ្នំពេញ។

ក្នុង​ឯកសារ​របស់​អ្នក​និពន្ធ នីក ដងឡុប ដដែល​បាន​សរសេរ​ថា កម្ពុជា​ប្រជាធិបតេយ្យ​គ្រប់​គ្រង​ប្រទេស​បាន ១.៣៦៤​ថ្ងៃ ហើយ​ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ១.៤៦៦​នាក់។

នៅ​ពេល​ដែល​កងទ័ព​វៀតណាម ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ ក្នុង​ខែ​មករា ឆ្នាំ ១៩៧៩ សម​មិត្ត ឌុច និង​​សហការី ដែល​នៅ​សេស​សល់​បាន​ភៀស​ខ្លួន​ទៅ​កាន់​ព្រំដែន​ខ្មែរ-​ថៃ។ សម​មិត្ត ឌុច បាន​ជួប​ជុំ​ជាមួយ​ប្រពន្ធ និង​កូន​របស់​គាត់​នៅ​ចំណុច​ច្រក​ទ្វារ​ព្រំដែន​លេខ ៤០៤ ហើយ​ទី​នោះ​ក៏​ជា​ទី​បញ្ជា​ការ​របស់ នួន ជា ផង​ដែរ។ នួន ជា ហៅ​សម​មិត្ត នួន បាន​ដក​តំណែង​របស់​អតីត​មេ​បញ្ជាការ​គុក​ទួល​ស្លែង​រូប​នេះ ដោយសារ​តែ​មាន​កំហុស​មិន​បាន​កម្ទេច​ចោល​ភស្តុតាង​ទាំង​ឡាយ​នៅ​មន្ទីរ ស-២១។ បន្ទាប់​មក​ទៀត ឌុច ត្រូវ​សម​មិត្ត នួន ផ្តល់​តួនាទី​ឲ្យ​ក្នុង​ឋាន:​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​ដឹក​ជញ្ជូន​វិញ។

នៅ​ព្រំដែន​ខ្មែរ-​ថៃ សម​មិត្ត ឌុច បាន​ប្រឹង​ប្រែង​រៀន​ភាសា​ថៃ និង​ភាសា​អង់គ្លេស។ នៅ​ពេល​បាន​មក​រស់​នៅ​ក្នុង​ជំរំ​បរ៉ៃ ឌុច បាន​ក្លាយ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស និង​គណិត​វិទ្យា​ម្នាក់។ បន្ទាប់​មក​ទៀត​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ ១៩៨៦ ឌុច ត្រូវ​បាន សុន សេន ហៅ​សម​មិត្ត ខៀវ បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន ក្នុង​ឋានៈ​ជា​ជំនាញ​ការ​បង្រៀន​ភាសា​ខែ្មរ​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ប៉េកាំង។

ក្នុង​មុខ​នាទី​ជា​អ្នក​បង្រៀន​ភាសា​ខ្មែរ​ដល់​ជន​ជាតិ​ចិន នៅ​វិទ្យាស្ថាន​នោះ សម​មិត្ត ឌុច ប្រហែល​ជា​បាន​បង្រៀន​ពួក​បុគ្គលិក​ស៊ើប​ការណ៍ និង​ពួក​ទីប្រឹក្សា​ចិន ទាំង​នោះ មុន​ពេល​ដែល​ពួក​គេ​ត្រូវ​បញ្ជូន​ទៅ​កាន់​ព្រំដែន​ខ្មែ-​ថៃ ដោយ​ហេតុ​ថា​នៅ​ពេល​នោះ ជម្លោះ​ប្រឆាំង​វៀតណាម បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត។

ដើម​ឡើយ​ចិន មិន​បាន​ដឹង​ថា ឌុច ជា​នរណា​នោះ​ឡើយ។ នៅ​ពេល​ដឹង​ថា ឌុច គឺ​ជា​អតីត​សម​មិត្ត​ម្នាក់ ដែល​មាន​តួនាទី​ធំ​នៅ​គុក​ទួល​ស្លែង ពួក​គេ​បាន​បញ្ចប់​កិច្ចសន្យា​ជាមួយ ឌុច ហើយ​បញ្ឈប់​ទិដ្ឋាការ​របស់​គាត់​ថែម​ទៀត​ផង។ ឌុច បាន​ត្រឡប់​មក​កាន់​ព្រំដែន​កម្ពុជា-​ថៃ វិញ។

ក្រោយ​ពេល​ត្រឡប់​មក​ពី​ប្រទេស​ចិន វិញ នៅ​ឆ្នាំ ១៩៨៦ ឌុច បាន​ប្តូរ​ឈ្មោះ​ទៅ​ជា ហង់ ពិន ហើយ​ក៏​បាន​ទៅ​ធ្វើ​ការ​នៅ​ច្រក​ទ្វារ​លេខ​៥០៥ ក្នុង​ទឹក​ដី​កម្ពុជា ជាប់​ព្រំដែន​ជាមួយ​ថៃ។ ទី​នោះ គឺ​ជា​លេខាធិការដ្ឋាន​ផ្ទាល់​របស់ ប៉ុល ពត ហើយ​នៅ​ទី​នោះ លោក ហង់ ពិន ឬ​សម​មិត្ត ឌុច ក៏​មាន​តួនាទី​ខ្ពស់​ដែរ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល